ខេត្តស្វាយរៀង ៖ ស្ត្រីម្នាក់នេះមានវាសនាអភ័ព្វខុសគេមានប្តីមិនសមបំណង ទើបនឹងសម្រាលកូនទី២បានប៉ុន្មានថ្ងៃ ស្រាប់តែប្តីកំហូចបានរត់ចោលផ្ទះបាត់ទៅសម្ងំរួមរស់នឹងស្រីថ្មី ទុកឱ្យប្រពន្ធសរសៃខ្ចីយំរហូតដល់ងងឹតភ្នែកទាំងគូ រស់នៅលំបាកវេទនាចិញ្ចឹមកូន២នាក់ទាំងត្រដាបត្រដួសក្នុងខ្ទមបាក់បែកជញ្ជាំងពុកផុយធ្លុះធ្លាយ។

ស្ត្រីអភ័ព្វខាងលើមានឈ្មោះចិន ហឿន អាយុ២៦ឆ្នាំ រស់នៅភូមិព្រៃចម្ការ ឃុំធ្មា ស្រុករំដួល ត្រូវប្តីរត់ចោលបាត់ សព្វថ្ងៃរស់នៅជាមួយកូនប្រុស២នាក់ ក្នុងនោះកូនច្បងអាយុ៤ឆ្នាំ ចំណែកកូនពៅអាយុ៣ឆ្នាំ។
តាមសម្តីនាងចិន ហឿន បានរៀបរាប់ទាំងអស់សង្ឃឹមនិងឈឺចាប់ថា ក្រោយពីនាងសម្រាលកូនទី២ ក្នុងអំឡុងឆ្នាំ២០១៦ បានតែ៣ខែ ព្រោះតែនាងយំខ្លាំងពេកដោយសារប្តីផិតក្បត់រត់ទៅរួមរស់ជាមួយស្រីថ្មីចោលប្រពន្ធកូន ទើបធ្វើឱ្យភ្នែករបស់នាងស្រវាំងព្រិលៗ មើលអ្វីមិនសូវច្បាស់នោះទេ រហូតមកដល់បច្ចុប្បន្ននេះ រូបនាងគឺងងឹតភ្នែកមើលលែងឃើញតែម្តង។

នាងចិន ហឿន បន្តថា កាលពីនាងមិនទាន់ងងឹតភ្នែក គឺនាងបានបម្រើការងារជាកម្មករិនីរោងចក្រ ប៉ុន្តែឥឡូវពុំអាចធ្វើអ្វីបាននោះទេ ហើយបញ្ហាដែលសំខាន់ជាងនេះទៅទៀតនោះ គឺត្រូវមើលថែកូនទាំង២នាក់ដែលនៅតូចៗ ធ្វើឱ្យនាងជួបការលំបាកយ៉ាងខ្លាំងថែមទាំងពុំអាចធ្វើការរកស៊ីអ្វីបានទៀត។ និយាយពីប្តីរបស់នាងវិញ គឺជាមនុស្សគ្មានទំនួលខុសត្រូវអ្វីទាល់តែសោះ ដោយរៀបការរួមរស់នឹងគ្នារហូតបានកូន២នាក់ហើយ បែរជាបែកគំនិតមានស្រីថ្មី រហូតភ្លេចប្រពន្ធកូន និងថែមទាំងវេចបង្វេចរត់តាមស្រីថ្មីបាត់ទុកឱ្យនាងយំដល់ខ្សោះខ្លួន ធ្លាក់ខ្លួនពិការភ្នែកមើលអ្វីលែងឃើញ រស់នៅខំប្រឹងទាំងត្រដាបត្រដួស ដើម្បីចិញ្ចឹមកូន២នាក់ ដែលខ្វះខាតសូម្បីតែសម្លៀកបំពាក់ឱ្យកូន។

ជាចុងក្រោយ ស្ត្រីកម្សត់រូបនេះបានអំពាវនាវដល់សប្បុរសជនជិតឆ្ងាយមេត្តាជួយឧបត្ថម្ភដល់ក្រុមគ្រួសាររបស់នាងផង ដែលកំពុងតែជួបនូវទុក្ខវេទនារស់នៅពឹងអាស្រ័យទៅលើឪពុកម្តាយបង្កើតដែលទីទ័លក្រ ផ្តល់បាយទឹកឱ្យហូបទាំងត្រដាបត្រដួស ហើយកន្លងមកក៏ធ្លាប់មានអាជ្ញាធរមូលដ្ឋានខាងកាកបាទក្រហមស្រុក ក្រុមយុវជនគណបក្សប្រជាជនកម្ពុជាស្រុក បានជួយឧបត្ថម្ភនិងសម្រាលដល់ការខ្វះខាតរបស់នាងបានមួយកម្រិត ដែលនាងមិនបំភ្លេចបានទេនូវចិត្តសប្បុរធម៌ទាំងនេះ៕