Sunday, November 23, 2025
Homeព័ត៌មានជាតិលោកគួច ខេវិន ស្នើសុំសម្ដេចហ៊ុន សែន កម្ចាត់មន្ត្រីល្ងីល្ងើ ចាត់ទុករាស្ត្រល្ងង់ខ្លៅ

លោកគួច ខេវិន ស្នើសុំសម្ដេចហ៊ុន សែន កម្ចាត់មន្ត្រីល្ងីល្ងើ ចាត់ទុករាស្ត្រល្ងង់ខ្លៅ

ដោយមិនអាចទ្រាំនៅស្ងៀមតទៅទៀតបាន អ្នកផលិតកម្មវិធីទូរទស្សន៍ជាន់ខ្ពស់ល្បីឈ្មោះម្នាក់ ដែលអ្នកសិល្បៈនិងមហាជនធ្លាប់ទទួលស្គាល់ស្នាដៃលោកនោះ គឺលោកគួច ខេវិន បានចេញមុខស្នើសុំដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា សុំឲ្យលោកកម្ចាត់មន្រ្ដីក្បត់សម្បថមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍ប្រជាជននិងជាតិ។

លោកខេវិន បានឲ្យដឹងថា ”មានរឿងហួសចិត្តនិងក្ដៅក្រហាយជាច្រើន ដែលពួកមន្រ្ដីល្ងីល្ងើ លីលាមួយចំនួន បានធ្វើនូវអំពើថោកលាមកមកលើរាស្រ្ដ ដោយសារពួកគេយល់ថា រាស្រ្ដល្ងិតល្ងង់ហើយខ្លៅជាងខ្លួនគេទៅទៀត ទើបបានជាបោះឆ្នោតឲ្យដឹកនាំតាមតួនាទី មិនត្រឹមតែស៊ីប្រាក់ខែរាស្រ្ដប៉ុណ្ណោះទេ តែថែមទាំងយកអំណាចមកបិទបាំងប្រព្រឹត្តអំពើតិរច្ឆានសម្លាប់រាស្រ្ដដោយប្រយោលថែមទៀត តួយ៉ាងដូចជាការផលិតទឹកភេសជ្ជៈក្លែងក្លាយលក់ឲ្យរាស្រ្ដ ដើម្បីកើបលុយចំណេញ និងការបើកឲ្យនាំកាកសំណល់ឧស្សាហកម្មមកចាក់ចោលនៅស្រុកខ្មែរជាដើម។ ខ្មែរអ្នកគោរពព្រះពុទ្ធសាសនា ប្រទេសមានច្បាប់ បើទោះជាអ្នកប្រព្រឹត្តអំពើតិរច្ឆាន លាមក ថោកទាបនោះ ត្រូវទទួលទោសក៏ដោយចុះ ក៏អំពើបាបនេះនៅតែត្រូវរងនូវបណ្ដាសាងាប់គ្មានសាកសពចុះនរក៩ជាន់ អស់ទាំង៧សណ្ដាន ជាក់ជាមិនខាន! រាស្រ្ដក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន សូមគោរពស្នើសុំដោយទទួចសូមឲ្យសម្ដេចមេត្តា កំចាត់មន្រ្ដីក្បត់សម្បថ ក្បត់ជំនឿររាស្រ្ដ ដើម្បីភាពយុត្តិធម៌ នៅក្នុងសង្គមជាតិយើង”។

ប្រតិកម្មរបស់លោកគួច ខេវិន នៅពេលនេះកើតមានឡើងបន្ទាប់ពីថ្មីៗនេះ មានការបង្រ្កាបទីតាំងសិប្បកម្មផលិតទឹកក្រូចក្លែងក្លាយ យីហោលឹម ភ័ណ្ឌ​ នៅអាសយ​ដ្ឋាន ក្រុមទី 33 ភូមិប្រិយប្រលិ​ច ចង្កាត់អាចារ្យលក្ខ ខេត្តកំពង់ធំ ដែលរកឃើញទឹកក្រូចជាច្រើនប្រភេទផលិតដាក់មេលាយទឹកសម្រាប់ចែកចាយពេញខេត្តកំពង់ធំ និងបណ្ដាខេត្តផ្សេងៗទូទាំងប្រទេស។

ដោយឡែក ថ្មីៗនេះមានករណីនៅខេត្តព្រះសីហនុ ត្រូវបានគេនាំកាកសំណល់ប្លាស្ទិកចំនួន៨៣កុងតឺន័រ មានទម្ងន់ប្រមាណ១៦០០តោន ដែលនាំចូលពីអាមេរិក និងកាណាដា ត្រូវបានសមត្ថកិច្ចបង្ក្រាបនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ផងដែរ៕

RELATED ARTICLES