ខេត្តកណ្តាល៖ បុរសជាប្តីម្នាក់ព្រោះតែខឹងស្ត្រីជាប្រពន្ធមិនឲ្យកូនប្រុសទៅរាំឡកម៉ុងសាយ បានស្ទុះទៅទាញដំបងឬស្សីវាយ និងកំផ្លៀងបណ្តាលឲ្យរងរបួសធ្ងន់ លុះទ្រាំមិនបានទង្វើដ៏ឃោរឃៅរបស់ប្តី ស្ត្រីជាប្រពន្ធបានរត់ទៅប្តឹងប៉ូលិសឃាត់ខ្លួនបុរសជាប្តីទៅសាកសួរ។

ហេតុកាណ៍អំពើហិង្សាក្នុងគ្រួសារននេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល។

ស្ត្រីជាប្រពន្ធមានឈ្មោះ សៀម វណ្ណី ភេទស្រី អាយុ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរត្បាញសូត្រ របួសស្នាមហើមជាំកំភួនដៃខាងស្តាំ ០១កន្លែង ។ ចំណែកជនសង្ស័យជាប្តីមានឈ្មោះ ស្រ៊ិន ស្រៀន ភេទ ប្រុស អាយុ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ូតូ។ អ្នកទាំង២ សព្វថ្ងៃរស់នៅភូមិ-ឃុំកើតហេតុ ខាងលើ។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា កន្លងមកជនសង្ស័យជាប្តីមានជំងឺសរសៃប្រសាទ ទោះជាខំព្យាបាលយ៉ាងណានៅតែមិនជា ហើយតែងតែប្រើហិង្សាវាយប្រពន្ធ និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បតិនៅក្នុងផ្ទះជាច្រើនដងមកហើយ។ លុះកាលពីម៉ោង២នាទីរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ជនសង្ស័យបានធ្វើសកម្មភាពយកញញួរទៅវាយឆ្នាំងខូចខាតចំនួន០៤។

ប្រភពពីប្រជាពលរដ្ឋបានបន្តថា មុនពេលកើតហេតុ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៩ កូនប្រុសម្នាក់ឈ្មោះ ស្រៀន ម៉េងលី បានសុំស្ត្រីជាម្តាយទៅរាំឡកម៉ុងសាយ តែម្តាយមិនព្រមឲ្យទៅ ភ្លាមនោះជនសង្ស័យជាប្តីបានដើរទៅបើកទ្វារឲ្យកូនចេញទៅ ហើយត្រូវស្ត្រីជាប្រពន្ធរត់ទៅចាប់កូនមិនឲ្យទៅ លុះឃើញប្រពន្ធចាប់កូនបែបនេះ ជនសង្ស័យជាប្តីបានស្ទុះទៅចាប់ប្រពន្ធហើយយកដំបងឬស្សីវាយចំកំភួនដៃខាងស្តាំ ១ដំបង និងទះកំផ្លៀង១ដៃទៀត ដោយមិនទាន់អស់កំហឹង ជនសង្ស័យបានស្ទុះទៅយកដំបងឬស្សី វាយធុងស្ពេត្រូបែកអស់ចំនួន១។

ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះជាប្រពន្ធបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពុកឬស្សី ភ្លាមនោះកម្លាំងប៉ុស្តិ៍ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ និងប្រមូលយកភស្តុតាង ដូចជាញញួរចំនួន ដំបងឬស្សី ១កំណាត់ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕