យុវជនម្នាក់បានខឹងនឹងអ្នកភូមិផងរបងជាមួយមិនឲ្យទៅភ្នំពេញ ក៏បានដោះខ្សែក្រវ៉ាត់វាយបណ្តាលឲ្យបែកមួកសុវត្ថិភាព ដោយទ្រាំមិនបាននឹងទង្វើអសីលធម៌បែបនេះ ជនរងគ្រោះបានរត់ទៅប្តឹងសមត្ថកិច្ចឃាត់ខ្លួនជនបង្កមកសាកសួរ។
ហេតុការណ៍អំពើហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នៅចំណុចភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង។

ជនបង្កមានឈ្មោះ ធូ សុខថេត ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិប្រាកដ។ ចំណែកជនរងគ្រោះមានឈ្មោះនាង សំណាង ភេទប្រុស អាយុ ៤០ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ។ អ្នកទាំង២រស់នៅភូមិឃុំកើតហេតុខាងលើ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ជនរងគ្រោះបានមកពីទិញល្ហុងនៅឯភូមិទួលស្ពឺ ពេលនោះជនសង្ស័យបានសុំជនរងគ្រោះទៅលក់ល្ហុងនៅភ្នំពេញដែរ ប៉ុន្តែជនរងគ្រោះមិនឲ្យទៅ ព្រោះមានល្ហុងតិច។

ប្រភពពីសមត្ថកិច្ចបានបន្តទៀតថា លុះដល់វេលាម៉ោងកើតខាងលើ ជនរងគ្រោះបានបើករុឺម៉កដឹកល្ហុងចេញពីផ្ទះទៅលក់នៅភ្នំពេញ ពេលមកដល់ត្រឹមមុខផ្ទះឈ្មោះតាកន ជនសង្ស័យក៏បានដោះខ្សែក្រវាត់វាយទៅលើជនរងគ្រោះ បណ្តាលឲ្យបែកមួកសុវត្ថិភាពចំនួន១ និងរងរបួសហើមខ្នងជើងខាងឆ្វេង។
ប្រភពពីសមត្ថកិច្ចបានឲ្យបញ្ជាក់ថា លុះនៅវេលាម៉ោង៧នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ ភ្លាមនោះ កម្លាំងសមត្ថកិច្ចបានកោះហៅជនសង្ស័យមកសាកសួរនិងចាត់ការតាមនីតិវិធី។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានដកហូតវត្ថុតាង ដូចជា មួកសុវត្ថិភាពចំនួន១ (បែក) និងខ្សែក្រវ៉ាត់ពណ៌ខ្មៅ ក្បាលធ្វើអំពីដែក ចំនួន០១៕