Sunday, November 23, 2025
Homeព័ត៌មានជាតិរត់តាំងពីសក់ខ្មៅ រហូតដល់សក់ស នៅតែសមត្ថកិច្ចចាប់ខ្លួនបានដដែល

រត់តាំងពីសក់ខ្មៅ រហូតដល់សក់ស នៅតែសមត្ថកិច្ចចាប់ខ្លួនបានដដែល

ខេត្តត្បូងឃ្មុំ ៖ បុរសល្មោភកាមម្នាក់បានធ្វើសកម្មភាពចាប់រំលោភកូនក្រមុំអ្នកភូមិម្នាក់ រហូតដល់បានសម្រេច រួចក៏ព្យាយាមរត់គេចខ្លួនចោលស្រុកអស់រយៈពេល១២ឆ្នាំ នឹកស្មានថាបានរួចទោសទណ្ឌ ក៏លបវិលចូលភូមិស្រុកវិញ ទីបំផុតក៏ត្រូវបានសមត្ថកិច្ចប្រទះឃើញក៏ចាប់ឃាត់ខ្លួនជនសង្ស័យតាមដីកាតុលាការ។

ការចាប់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅត្រង់ចំណុចភូមិជាចជើង ឃុំចុងជាច ស្រុកតំបែរ ដោយសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជននេះពីបទរំលោភសេពសន្ថវៈ។

ជនជាប់ចោទដែលត្រូវសមត្ថកិច្ចចាប់ខ្លួនតាមដីកា មានឈ្មោះស្រី សំណាង ភេទប្រុស អាយុ៤៧ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ការឃាត់ខ្លួននេះគឺអនុវត្តតាមដីកាលេខ១០១៥ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ចេញដោយលោកខៀវ សន ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ចាម បង្គាប់ឱ្យចាប់ខ្លួនជនជាប់ចោទពីបទរំលោភសេពសន្ថវៈ ប្រព្រឹត្តកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៧ ត្រង់ចំណុចភូមិជាចជើង ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

គួររំលឹកថា កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៧កន្លងទៅ ជនសង្ស័យខាងលើបានធ្វើសកម្មភាពចាប់រំលោភកូនក្រមុំគេម្នាក់ ដែលរស់នៅក្នុងភូមិជាមួយគ្នារហូតដល់បានសម្រេច បន្ទាប់មកក៏ព្យាយាមរត់គេចខ្លួនចេញពីស្រុកកំណើត ដោយមិនដឹងថាសម្ងំលាក់ខ្លួននៅឯណានោះទេ។ ទីបំផុតដូចពាក្យចាស់ថា “កុកភ្លេចជង់ តែជង់មិនភ្លេចកុក” នោះទេ ជាក់ស្តែងជនសង្ស័យដែលបានគេចខ្លួនអស់រយៈពេល១២ឆ្នាំមកហើយ ក៏បានលបវិលចូលស្រុកកំណើតវិញ និងត្រូវបានសមត្ថកិច្ចប្រទះឃើញក៏ឈានដល់ការចាប់ខ្លួនតាមដីកាតុលាការតែម្តង។

ក្រោយឃាត់ខ្លួន ជនជាប់ចោទត្រូវបានឃាត់និងនាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកតំបែរ ដើម្បីកសាងសំណំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី”

RELATED ARTICLES