ខេត្តក្រចេះ ៖ បុរសជាជាងជួសជុលម៉ូតូម្នាក់បានកើតមានទំនាស់ពាក្យសម្តីជាមួយនឹងបុរសម្នាក់រស់នៅក្នុងភូមិជាមួយគ្នា លុះក្រោយមកខណៈដែលបុរសជាជាងម៉ូតូកំពុងអង្គុយជួសជុលម៉ូតូនៅតូបមុខផ្ទះរបស់ខ្លួន ក៏ស្រាប់តែត្រូវគូទំនាស់ទាញដំបងឈើជ្រុងដេញវាយ បង្កឱ្យមានការផ្អើលឆោឡោពេញភូមិ។ ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល។

បុរសរងគ្រោះមានឈ្មោះប៉ាង សុភា អាយុ២៦ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនបង្ក មានឈ្មោះឈឿន រុំ អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិជាមួយគ្នា។
តាមសម្តីរបស់ជនរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ខ្លួននិងជនបង្កធ្លាប់កើតមានទំនាស់ពាក្យសម្តីនឹងគ្នា ប៉ុន្តែមិនឈានដល់ការប្រើអំពើហិង្សានោះទេ ហើយខ្លួនក៏មិននឹកស្មានថា ជនបង្កបានចងគំនុំបែបនេះឡើយ។ លុះមកដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ខណៈដែលរូបគេកំពុងតែអង្គុយជួលជុលម៉ូតូនៅនឹងតូបខាងមុខផ្ទះ ក៏ស្រាប់តែលេចមុខជនបង្កកាន់ដំបងជ្រុង ស្ទុះចូលមកដេញវ៉ៃរូបគេ ប៉ុន្តែសំណាងល្អមិនបណ្តាលឱ្យរងបួសនោះទេ ដោយសារតែរូបគេបានឃើញទាន់ក៏រត់គេចចេញ និងត្រូវជនសង្ស័យដេញតាមវ៉ៃផ្អើលភូមិ រហូតត្រូវអ្នកភូមិជួយឃាត់។

ក្រោយកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យនាំយកទៅចាត់ការតាមច្បាប់៕