Sunday, November 23, 2025
Homeព័ត៌មានជាតិចំថ្ងៃស៊យ... ទម្លាក់ចោលម៉ូតូជនរងគ្រោះ រួចរត់រកប្រះអាយុ

ចំថ្ងៃស៊យ… ទម្លាក់ចោលម៉ូតូជនរងគ្រោះ រួចរត់រកប្រះអាយុ

ភ្នំពេញ ៖ យុវជនម្នាក់ទើបនឹងចេញមកពីហូបអី ក៏ជិះម៉ូតូជូនមិត្តភក្តិត្រឡប់ទៅផ្ទះវិញ ស្រាប់តែដល់ពាក់កណ្តាលផ្លូវ ក៏ត្រួវជនសង្ស័យ១ក្រុមស្ទាក់វាយប្លន់ម៉ូតូបានសម្រេច តែក្រុមចោរចេញប្លន់ប៉ះចំថ្ងៃស៊យក៏ត្រូវអ្នកដំណើរម្នាក់ប្រទះឃើញបើករថយន្តប្រដេញតាមបំបុក ធ្វើឱ្យជនសង្ស័យជិះរត់គេចមិនរួចភ័យស្លន់ស្លោក៏ផ្តួលម៉ូតូដែលប្លន់បាននោះចោល រួចឡើងជិះម៉ូតូបក្ខពួករត់គេចតាំងព្រលឹងចុងសក់។

ករណីប្លន់ម៉ូតូខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅត្រង់ចំណុចក្បែរខារ៉ាអូខេអ៊ិមផើរៀល ស្ថិតតាមបណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

យុវជនរងគ្រោះដែលត្រូវចោរស្ទាក់វាយប្លន់ម៉ូតូ មានឈ្មោះវ៉ាន់ ចាន់រិទ្ធ អាយុ១៩ឆ្នាំ ជាបុគ្គលិកក្រុមឯកជន ស្នាក់នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកម៉ូតូដែលជនសង្ស័យវាយប្លន់ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ 1HI-1902។

តាមសម្តីយុវជនរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុរូបគេទើបនឹងចេញមកពីហូបអីនៅក្បែរស្ពានអាកាសផ្សារដីហុយ ហើយក៏ជិះម៉ូតូជូនមិត្តភក្តិម្នាក់ទៀតដែលជិះម៉ូតូមួយគ្រឿងផ្សេងត្រឡប់ទៅផ្ទះវិញនៅម្តុំត្រឡោកបែក។ ដោយពួកគេទាំង២នាក់បានជិះម៉ូតូបណ្តើរគ្នាតាមបណ្តោយផ្លូវ១៩៨៦ ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ មិត្តភក្តិក៏បានជិះវ៉ាម៉ូតូរបស់ខ្លួនទៅមុន ស្រាប់តែភ្លាមនោះក៏លេចមុខក្រុមជនសង្ស័យ១ក្រុម ជិះម៉ូតូចំនួន៣គ្រឿង ក្នុងនោះមានមួយគ្រឿងម៉ាកអ៊ិចសាយទ័រ ពណ៌ស គ្មានស្លាកលេខ និង២គ្រឿងទៀតមិនចាំម៉ាក បានជិះមកតាមពីក្រោយរួចធ្វើសកម្មភាពធាក់ផ្តួលម៉ូតូរបស់ខ្លួនបណ្តាលឱ្យដួល ភ្លាមនោះរូបគេភ័យស្លន់ស្លោក៏បានដកសោម៉ូតូចេញពីម៉ូតូ រួចក៏រត់យករួចខ្លួនចូលទៅក្នុងផ្ទះជាពលរដ្ឋដែលនៅក្បែរនោះ។

យុវជនរងគ្រោះបន្តថា ខណៈដែលឃើញឱកាសល្អក្រុមជនសង្ស័យទាំងនោះក៏បានធ្វើសកម្មភាពលើកម៉ូតូរបស់ខ្លួនជិះសណ្តោងគ្នារត់គេចខ្លួនចេញពីកន្លែងកើតហេតុ។ ប៉ុន្តែស្របពេលនោះក៏មានបុរស២នាក់ដែលធ្វើដំណើរតាមដងផ្លូវ បានឃើញហេតុការណ៍ក៏បានបើករថយន្តម៉ាកឡិចស៊ីស RX-300 មួយគ្រឿង ដេញតាមពីក្រោយក្រុមជនសង្ស័យ រហូតទៅដល់ចំណុចក្បែរបុរីប៉េងហួត ស្ថិតតាមបណ្តោយផ្លូវ៥៩៨កែងនិងផ្លូវ១៩៦៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ធ្វើឱ្យក្រុមជនសង្ស័យភ័យស្លន់ស្លោ ក៏ផ្តួលម៉ូតូរបស់ជនរងគ្រោះចោល រួចទ្បើងជិះម៉ូតូរបស់ បក្ខពួកគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយមកក៏មានប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចឱ្យចុះមកជួយធ្វើការអន្តរាគមន៍ផងដែរ។ ប៉ុន្តែដោយមិនឃើញមានសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុ ជនរងគ្រោះក៏លើម៉ូតូរបស់ខ្លួនជិះត្រឡប់ទៅផ្ទះវិញ ដោយមិនរំខានដល់សមត្ថកិច្ចនោះទេ៕

RELATED ARTICLES