Sunday, November 23, 2025
Homeព័ត៌មានជាតិនៅក្នុងផ្ទះសំណាក់ផ្អើលតែម្តង... ពេលបងស្រីរបស់គាត់មកដល់

នៅក្នុងផ្ទះសំណាក់ផ្អើលតែម្តង… ពេលបងស្រីរបស់គាត់មកដល់

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងបន្ទប់ផ្ទះសំណាក់១កន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចបន្ទប់លេខ១១៥ ជាន់ឡៅតឿ ផ្ទះសំណាក់ហ្វឺប៉ារីស ស្ថិតនៅផ្ទះលេខ៤១E0 ផ្លូវលេខ៨៦ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

សាកសពបុរសរងគ្រោះ មានឈ្មោះលីម សេលី (LIM SE LY) ភេទប្រុស អាយុ៥៩ឆ្នាំ ជាជនជាតិខ្មែរ សញ្ជាតិបារាំង មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ 14DR97589 ស្នាក់នៅផ្ទះសំណាក់ខាងលើ។

តាមការបំភ្លឺពីឈ្មោះខាត់ ខ្លឹម ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរបុគ្គលិកផ្ទះសំណាក់ និងឈ្មោះលីម អាដឺលីន ភេទស្រី អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិបារាំង មុខរបរទេសចរណ៍ ត្រូវជាបងបង្កើតសព បានឱ្យដឹងថា នៅមុនពេលកើតហេតុកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ គាត់បានទទួលទូរស័ព្ទប្អូនថ្លៃ (ប្រពន្ធសព) ពីប្រទេសបារាំង ប្រាប់ថាឈ្មោះ លីម សេលី (LIM SE LY) មិនសូវស្រួលខ្លួន (ឈឺ) នៅទីតាំងកើតហេតុ។

ក្រោយពីទទួលបានដំណឹងខាងលើរួច គាត់បានធ្វើដំណើរមកដល់ទីតាំងកើតហេតុបានបើកទ្វារចូលឃើញប្អូនប្រុសឈ្មោះលីម សេលី កំពុងមានអាការស្លេកស្លាំងពិបាកដកដង្ហើម ក៏ហៅបុគ្គលិកផ្ទះសំណាក់ មកជួយសង្គ្រោះជាបឋមនិងហៅរថយន្តសង្គ្រោះដើម្បីដឹកទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗដែរ តែអកុសលពេលដឹកទៅដល់ក្រុមគ្រូពេទ្យបានធ្វើការពិនិត្យរួចប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ហើយ។ មូលហេតុដោយសារគាំងបេះដូង (បណ្តាលមកពីជំងឺលើសឈាម)។

បច្ចុប្បន្នសពត្រូវបានដឹកយកទៅតម្កល់ទុកនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត រង់ចាំក្រុមគ្រួសារមកធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES