Sunday, November 23, 2025
Homeព័ត៌មានជាតិស្រែកហៅម្តាយមិនឮឆ្លើយ... តាមពិតគាត់ចឹងសោះ

ស្រែកហៅម្តាយមិនឮឆ្លើយ… តាមពិតគាត់ចឹងសោះ

ខេត្តកណ្តាល ៖ ស្ត្រីវ័យចំណាស់ម្នាក់ត្រូវកូនចៅអះអាងថា បានកើតមានជំងឺសរសៃប្រសាទជាច្រើនឆ្នាំមកហើយ និងធ្លាប់ប៉ុនប៉ងសម្លាប់ខ្លួនជាច្រើនដងដែរតែមិនបានសម្រេច ត្រូវកូនចៅរួមនឹងអ្នកជិតខាងប្រទះឃើញជួយសង្គ្រោះទាន់ពេលរហូត លុះក្រោយមកខណៈដែលកូនចៅរវល់មានការចេញទៅខាងក្រៅផ្ទះតែមួយភ្លែត ស្រាប់តែស្ត្រីរងគ្រោះបានចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ខាងក្រោមផ្ទះ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១១និង០៥នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចក្នុងបន្ទប់ក្រោមផ្ទះរបស់ស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិបឹងអញ្ចាញ ឃុំទួលព្រេជ ស្រុកអង្គស្នួល។

ស្ត្រីគិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះស៊ឹម ណាត អាយុ៥៣ឆ្នាំ មុខរបរកសិករ ជាស្រីមេម៉ាយ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីបុរសឈ្មោះថន គន្ធា អាយុ៣៦ឆ្នាំ មុខរបរកសិករ ត្រូវជាកូនប្រុសបង្កើតរបស់ស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ថា ម្តាយរបស់គាត់ (ស្ត្រីរងគ្រោះ) បានកើតមានជំងឺសរសៃប្រសាទជាយូរឆ្នាំមកហើយ ហើយកន្លងមកគាត់ធ្លាប់មានបំណងចងកជាច្រើនដងមកហើយដែរតែមិនបានសម្រេច ព្រោះតែត្រូវពួកគាត់ជាកូនចៅរួមនឹងអ្នកស្រុកភូមិប្រទះឃើញជួយទាន់រហូត។

បុរសជាកូនប្រុសស្ត្រីរងគ្រាះបានបន្តថា លុះមកដល់ថ្ងៃកើតហេតុ គាត់រវល់ចេញទៅក្រៅក៏បានផ្តាំទៅកូនស្រីរបស់គាត់ថា មើលយាយឯងផង ក្រោយមកកូនស្រីគាត់ក៏ចេញទៅយកប្អូនចេញពីរៀន។ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ គាត់ក៏បានមកដល់ផ្ទះវិញ ឃើញបន្ទប់បិទទ្វារជាប់ ក៏ស្រែកហៅម្តាយ តែមិនឮម្តាយឆ្លើយតបសោះ ទើបគាត់បានដើរទៅបើកបង្អួច តែដាក់គន្លឹះជាប់ទៀត បន្ទាប់មក គាត់ក៏មើលតាមប្រឡោះជញ្ជាំងបន្ទប់ ស្រាប់តែឃើញម្តាយរបស់គាត់ចងក ទើបស្រែកឆោឡោហៅអ្នកជិតខាងមកជួយនាំគ្នាទម្លាយទ្វារ ចូលទៅស្រាយចំណងទម្លាក់ម្តាយរបស់គាត់ចុះក្រោយ ហើយក៏ប្រញាប់ដឹកយកទៅពេទ្យបង្អែកឃុំ ពេលនោះលោកគ្រូពេទ្យបានធ្វើចលនាសង្គ្រោះមួយសន្ទុះធំនៅតែមិនដឹងខ្លួន ទើបលោកគ្រូពេទ្យបានប្រាប់ថា ម្តាយរបស់គាត់បានស្លាប់បាត់ទៅហើយ ទើបដឹកសាកសពត្រឡប់មកផ្ទះវិញរួចរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញចុះពិនិត្យ។

ក្រោយកើតហេតុ សមត្ថកិច្ចផ្នែកពិនិត្យ វិភាគកន្លែងកើតហេតុស្រុកអង្គស្នួល បានចុះមកដល់កន្លែងកើតហេតុដោយមានចូលរួមពីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំទួលព្រេជ លោកក្រុមប្រឹក្សាឃុំ គ្រូពេទ្យ មេភូមិ និងកូនបងប្អូននៃសពបានធ្វើការពិនិត្យលើសពជនរងគ្រោះឃើញថា ពុំមានស្លាកស្នាមអ្វីផ្សេងទៀតឡើយ។

តាមការសន្និដ្ឋានរបស់លោកគ្រូពេទ្យ និងសមត្ថកិច្ចជំនាញជនរងគ្រោះស្លាប់ដោយសារការធ្វើអត្តឃាត (ចងក)ប្រាកដមែន។

សាកសពស្ត្រីរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES