Sunday, November 23, 2025
Homeព័ត៌មានជាតិពូចេះតែនឹកឃើញ... ផឹកសុីខ្លាចចាញ់ស្រីៗមែន?

ពូចេះតែនឹកឃើញ… ផឹកសុីខ្លាចចាញ់ស្រីៗមែន?

ភ្នំពេញ ៖ បុរសម្នាក់បាននាំមិត្តភក្តិស្រីៗចំនួន៣នាក់ចូលផឹកស៊ី ដោយចេះតែលើកដាច់ៗព្រោះខ្លាចចាញ់ស្រីៗ ដឹងអី! ក្រោយពីស្រវឹងធ្លាក់ភ្នែកឡើងឡានបម្រុងបើកចេញពីហាង ក៏ស្រាប់តែជ្រុលទៅបុករះម៉ូតូជាច្រើនគ្រឿង  រួចបុកចូលតូបលក់ទឹកត្នោតជូរធ្វើឱ្យភ្ញៀវដែលកំពុងអង្គុយផឹកស៊ីភ័យស្លន់ស្លោ នាំគ្នារត់គេចទាំងព្រលឹងចុងសក់។

ហេតុការណ៍បុករុះខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ នៅម្តុំរោងលក់ទឹកត្នោតជូរ យីហោឆេងលៀង១៦៨ មានទីតាំងនៅខាងលិចជាប់សួនកាណាឌីយ៉ា ស្ថិតក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

រថយន្តបង្កម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខកំពង់ឆ្នាំង 2B-3799 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែក។

តាមសម្តីបុរសជាអ្នកបើកបររថយន្តបានរៀបរាប់ប្រាប់ ដោយសុំមិនបញ្ចោញឈ្មោះថា នៅមុនពេលកើតហេតុ គាត់បានបើករថយន្តដឹកមិត្តភក្តិស្រី៣ចំនួន៣នាក់មកចូលផឹកស៊ីនៅហាងមួយកន្លែង ដែលមានទីតាំងនៅទល់មុខឆៀងខាងស្តាំ២០ម៉ែត្រ ពីគ្នាពីហាងរងគ្រោះ។  លុះពេលចូលទៅផឹកស៊ី ដោយសារតែមិត្តភក្តិស្រីៗចេះតែបង្ខំឱ្យលើកដាច់ ទើបគាត់ព្យាយាមលើកដាច់គ្រប់កែវ ដើម្បីកុំឱ្យចាញ់ចិត្តស្រីៗ ដឹងអី! លើកដាច់ចុ់ឡើះង ក៏ស្រវឹងទន់ខ្លួនតែម្តង។

បុរសខាងលើបន្តថា ក្រោយពេលស្រវឹងធ្លាក់ភ្នែក គាត់ក៏គិតលុយចេញមកមុន រួចឡើងទៅបើករថយន្តរ៉ឺយ៉ែរថយក្រោយ និងបង្វែរក្បាលរថយន្តសំដៅទៅខាងកើត និងអែបកៀនដើម្បីឱ្យមិត្តភក្តិដែលផឹកស៊ីជាមួយគ្នាឡើងរថយន្ត បំណងត្រឡប់ទៅផ្ទះទាំងអស់គ្នា លុះមិត្តភក្តិគាត់មិនទាន់ទាំងបានឡើងផង ស្រាប់តែគាត់ងោកមួយភាំងក៏ជ្រុលជាន់ហ៊្គែររថយន្ត បណ្តាលឱ្យរថយន្តស្ទុះទៅមុខយ៉ាងលឿន ហើយក៏រេចង្កូតមកខាងឆ្វេងបុកចូលរោងលក់សាច់ក្លែម  និងភេសជ្ជៈគ្រប់មុខយីហោ ឆេងលៀង១៦៨  រួចបុករះនិងកិនម៉ូតូសរុប៨គ្រឿង ក្នុងនោះមានមួយគ្រឿងខូចខាតធ្ងន់ធ្ងរ គឺម៉ាកស្កុបពី ស៊េរីឆ្នាំ២០២០ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HT-1424 រងការខូចខាតមួយកំណាត់មុខស្ទើរតែទាំងស្រុង ដែលម្ចាស់ម៉ូតូបានបញ្ជាក់ប្រាប់ថា ទើបតែនឹងទិញបាន៣ថ្ងៃប៉ុណ្ណោះ។

ប្រភពពីកន្លេងកើតហេតុ បានឱ្យដឹងដែរថា ហេតុការណ៍បុរសស្រវឹងបើកឡានបុករះនោះ  បានធ្វើឱ្យម៉ូតូជាច្រើនគ្រឿងរងការខូចខាត ចំណែករថយន្តបង្កខូចខាតមួយកំណាត់មុខតិចតួច ដែលហេតុការណ៍នេះបានបង្កឱ្យមានការភ័យ ខ្លាចដល់ភ្ញៀវដែលអង្គុយហូបក្នុងកន្លែងកើតហេតុ ភ័យស្លន់ស្លោរត់ចែកជើងគ្នាទាំងព្រលឹងចុងសក់។

ក្រោយកើតហេតុ បុរសជាអ្នកបើកបររថយន្តបង្កត្រូវបានប្រជាពលរដ្ឋចាប់ឃាត់ប្រគល់ឱ្យសមត្ថកិច្ចនាំខ្លួនយកទៅប៉ុស្តិ៍នគរបាលចោមចៅ១ រង់ចាំប្រគល់ឱ្យទៅការិយាល័យចរាចរណ៍ជើងគោកស្នងការក្រុងភ្នំពេញ យកទៅពិនិត្យជាតិអាល់កុល ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES