ភ្នំពេញ ៖ បុរសម្នាក់មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វីដោះស្រាយមិនចេញ បែរជាព្យាយាមបញ្ចប់ជីវិតខ្លួនឯងម្តងរួចមកហើយ ប៉ុន្តែសំណាងល្អត្រូវប្រពន្ធប្រទះឃើញជួយទាន់ពេល លុះឆ្លៀតពេលប្រពន្ធកំពុងជាប់ដៃលក់បាញ់ឆែវ និងនំបញ្ចុក ដោយសារតែមានភ្ញៀវចេញចូលមិនដាច់ ស្រាប់តែបុរសជាប្តីឃើញឱកាសល្អ ក៏ឡើងឡៅតឿចងកសម្លាប់ខ្លួនរហូតដល់សម្រេចបំណង។

ករណីចងកសម្លាប់ខ្លួនខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង១៥នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចតូបលេខ DO5 ក្នុងផ្សារដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

បុរសគិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះគុណ ភក្តី អាយុ៣៨ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅចំណុចកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិទួលបារាយណ៍ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

តាមសម្តីស្ត្រីជាប្រពន្ធជនរគ្រោះបានឱ្យដឹងថា ប្តីរបស់គាត់មានវិបត្តិផ្លូវចិត្តនិងមានជំងឺសរសៃប្រសាទប្រចាំកាយ ហើយកន្លងមក ប្តីរបស់គាត់នេះធ្លាប់បានចងកសម្លាប់ខ្លួនម្តងរួចមកហើយ ប៉ុន្តែសំណាងល្អត្រូវគាត់ប្រទះឃើញក៏ជួយឃាត់ទាន់ពេល។ ស្រាប់តែមកដល់ថ្ងៃកើតហេតុ ខណៈដែលគាត់កំពុងជាប់ដៃលក់នំបញ្ចុកនិងបាញ់ឆែវនៅខាងក្រោម ហើយកំពុងតែមានភ្ញៀវច្រើនចេញចូលមិនឈប់ រកដកឃ្លាមិនបាន ស្រាប់តែប្តីរបស់គាត់ក៏ឆ្លៀតឱកាសដែលគាត់ភ្លេចខ្លួន លបឡើងទៅលើឡៅតឿ ហើយក៏យកក្រមានិងខ្សែនីឡុងចងកជាប់ចម្រឹងដែកនៅលើជាន់ឡៅតឿសម្លាប់ខ្លួនតែម្តង។

ស្ត្រីជាប្រពន្ធជនរងគ្រោះបន្តថា លុះបន្តិចក្រោយមកដោយសារបាត់មិនឃើញប្តីនៅជួយលក់ដូរគាត់ ទើបគាត់នឹកឆ្ងល់ លុះសម្លឹងមើលទៅលើជាន់ឡៅតឿ ស្រាប់តែប្រទះឃើញប្តីចងកបាត់ទៅហើយ ក៏ស្រែកឆោឡោផ្អើលអ្នកជិតខាងជួយឡើងទៅស្រាយចំណងដាក់ប្តីចុះមកក្រោម ក្រែងអាចសង្គ្រោះទាន់ពេល តែអកុសលប្តីរបស់គាត់បានស្លាប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបច្ចេកទេសខណ្ឌមានជ័យ បានចុះមកធ្វើកោសល្យវិច្ច័យយសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនឯងប្រាកដមែន រួចក៏ប្រគល់សាកសពទៅឱ្យសាច់ញាតិដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕