ខេត្តកណ្តាល ៖ យុវជនម្នាក់បានទៅចូលរួមពិធីខួបកំណើតក្មួយរបស់ខ្លួន លុះក្រោយពីស្រវឹងធ្លាក់ភ្នែកចេញមកវិញក៏ឡើងទៅជិះម៉ូតូរបស់គេ លុះម្តាយមីងស្រែកឃាត់ស្រាប់តែច្រឡោតខឹងស្រែកជេរបញ្ចោរប្រមាថគេឯងយ៉ាងក្រពុលមុខ រួចក៏ហូតខ្សែក្រវាត់ស្ទុះទៅវិញវាយបងស្រីជីដូនមួយរបស់ខ្លួន បណ្តាលឱ្យរងរបួស និងត្រូវសមត្ថកិច្ចចាប់វាយខ្នោះនាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចខាងមុខផ្ទះម្តាយជនរងគ្រោះ ស្ថិតក្នុងភូមិកំពង់សំបួរលើ ឃុំព្រែកថ្មី ស្រុកកោះធំ។
ជនបង្កហេតុ ដែលហូតខ្សែក្រវាត់វ៉ៃបងស្រីជីដូនមួយរបស់ខ្លួននិងត្រូវសមត្ថកិច្ចចាប់វាយខ្នោះ មានឈ្មោះគាត បូ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះមានឈ្មោះសាយ ពុយ ភេទស្រី អាយុ២៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានលំនៅក្នុងភូមិជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា រវាងជនរងគ្រោះនិងជនសង្ស័យគឺជាបងប្អូនជីដូនមួយនឹងគ្នា ហើយកន្លងមកក៏ពុំដែលមានទំនាស់អ្វីនឹងគ្នានោះទេ។ លុះមកដល់ល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ជនរងគ្រោះឈ្មោះសាយ ពុយ និងជនសង្ស័យឈ្មោះគាត បូ បានទៅចូលរួមពិធីខួបកំណើតក្មួយស្រីរបស់ពួកគេនៅចំណុចផ្ទះឈ្មោះពា ច្រឹប (ម្តាយជនរងគ្រោះ)។ រហូតមកដល់វេលាម៉ោង៩យប់ថ្ងៃដដែល ខណៈពេលដែលភ្ញៀវត្រឡប់ទៅវិញ ជនរងគ្រោះក៏បានជូនដំណើរភ្ញៀវ ចំណែកជនសង្ស័យដែលស្ថិតក្នុងសភាពស្រវឹងស្រាជោគជាំ ក៏បានទៅវិញដែរ ប៉ុន្តែបានឡើងជិះលើម៉ូតូរបស់គេ ឃើញបែបនេះឈ្មោះពា ច្រឹប បានឃាត់កុំឱ្យចេះតែយកម៉ូតូរបស់គេជិះយ៉ាងដូច្នេះ ស្រាប់តែជនសង្ស័យបានទៅជិះកង់វិញ និងបានស្រែកជេរប្រមាថទៅលើឈ្មោះពា ច្រឹប និងអ្នកនៅទីនោះថែមទៀត ភ្លាមនោះជនសង្ស័យបានរុញកង់ផ្តួលចោល និងបានហូតយកខ្សែក្រវាត់ពីចង្កេះ ទៅវាយលើជនរងគ្រោះឈ្មោះសាយ ពុយ ចំនួន២ខ្សែក្រវាត់ចំខ្នង បណ្តាលឱ្យជនរងគ្រោះដួលផ្កាប់មុខទៅដី រងរបួសត្រង់ខ្នង និងក្បាលជង្គង់ចេញឈាម។ ចំណែកជនសង្ស័យត្រូវបានបងប្អូននៅទីនោះចាប់ឃាត់ចេញ និងរាយការណ៍មកកាន់សមត្ថកិច្ចនគរបាល ប៉ុស្តិ៍ព្រែកថ្មីតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះគាត បូ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្ត ចាត់ការតាមនីតិវិធី៕