ខេត្តកណ្តាល៖ គូស្នេហ៍វ័យក្មេង១គូ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីពួកគេទាំង២បានជួញដូរនូវសារធាតុញៀន និងឧបករណ៍សម្ភារៈវេចខ្ចប់ប្រើប្រាស់មួយចំនួន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី ថ្អៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចរោងដេករបស់នារីជាជនសង្ស័យ ស្ថិតក្នុងភូមិចុងកោះគ ឃុំស្វាយប្រទាល ស្រុកស្អាង។

គូស្នេហ៍១គូនេះ ខាងប្រុសមានស៊ិន សម្ភស្ស ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ ចុងកោះគរ ឃុំស្វាយប្រទាល ស្រុកស្អាង (ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល រយៈពេល០១ឆ្នាំ ពីបទ អំពើ លួចម៉ូតូ កាលពីឆ្នាំ២០១៨)។ ចំណែកខាងស្រីមានឈ្មោះ ភិន យ៉ន ហៅកា ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ ព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង អ្នកទាំង២ជាសង្សារនឹងគ្នា។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង១០និង៣០នាទី ថ្អៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ មានប្រជាពលរដ្ឋម្នាក់បានមករាយការណ៍ប្រាប់សមត្ថកិច្ចថា នៅចំណុចកើតហេតុខាងលើ មានមនុស្សប្រុសស្រី២នាក់ កំពុងជួញដូរគ្រឿងញៀន។ ភ្លាមៗនោះ កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល បានចុះដល់ចំណុចរោងកើតហេតុ ធ្វើការត្រួតពិនិត្យឆែកឆេរជនសងស្៧យទាំង២ រកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន០៣កញ្ចប់តូច រួចឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងប្រុសបានសារភាពថា រូបគេបានទិញគ្រឿងញៀន(ម៉ាទឹកកក) ពីបុរសម្នាក់មិនស្គាល់ឈ្មោះ ចំនួន០១កញ្ចប់ធំ តម្លៃ១០០,០០០៛ ដើម្បីយកមកវេចខ្ចប់លក់បន្ត ក្នុង០១កញ្ចប់តូច តម្លៃ២០,០០០៛ ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងឃុំខ្លួនជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញដើម្បីបន្ដអនុវត្ដតាមនីតិវីធី៕

