ភ្នំពេញ៖ បន្ទាប់ពីកម្លាំងសមត្ថកិច្ចចុះប្រតិបត្តិការបង្ក្រាប និងដកហូតថ្នាំញៀនផងនោះ ឯកឧត្តម ហ៊ុន ជា ដែលត្រូវជាក្មួយប្រុសសម្តេចតេជោហ៊ុន សែន បានជំរុញនិងលើកទឹកសមត្ថកិច្ចឲ្យស្រាវជ្រាវរកមុខម្ចាស់ក្លឹបកម្សាន្ត ដើម្បីមកផ្តន្ទាទោសតាមច្បាប់។

យោងតាមគណនីហ្វេសប៊ុក “HC ហ៊ុន ជា ដើម្បីខ្មែរ” ដែលគេស្គាល់ថា ជារបស់ឯកឧត្តមហ៊ុនជា បានបង្ហោះសារថា “Good morning Cambodia ប្រាប់ហើយថាកុំអាងអរគុណបងសំលាញ់ រកមេវាអោយឃើញ ហើយចាប់អោយបានបង (ភ្លៀងទៀតហើយ បាទ)”។

គួរបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ៤រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយឧត្តមសេនីយ៍ឯក ស ថេត បានបើកប្រតិបត្តិការចុះឆែកឆេរក្លឹបកម្សាន្ត “លុច្សសារី” ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៤ កែងផ្លូវ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។

ក្នុងប្រតិបត្តិការចុះឆែកឆេរក្លឹបកម្សាន្តខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រីប្រមាណ៤០០នាក់ ភាគច្រើន ជនជាតិចិន និងវៀតណាម រួមជាមួយថ្នាំញៀនមួយចំនួនផងដែរ។

បន្ទាប់ពីធ្វើការឆែកឆេររួចរាល់ សមត្ថកិច្ចបានបិទក្លឹបកម្សាន្តនេះជាបណ្តោះអាសន្ន។ ចំណែកមនុស្សប្រុសស្រីប្រមាណជា៤០០នាក់នោះ ត្រូវបានសមត្ថកិច្ចដាក់ឡានមកកាន់ស្នងការរាជធានីភ្នំពេញ ៕
