ឱក សុគន្ធកញ្ញា នឹងដឹកដៃប្រុសកំពូលស្នេហ៍ប្អូនថៅកែហង្សមាស លោកអ៊ឹង សុខលី ចូលរោងការនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះហើយ ដែលកម្មវិធីមង្គលការនិងជប់លៀងធំរៀបចំនៅសណ្ឋាគាសុខាភ្នំពេញ ត្រើយម្ខាង។

ការសម្រេចចិត្តលាភាពនៅលីវរបស់ឱក សុគន្ធកញ្ញា នៅពេលនេះ ក្រោយពេលដែលបានភ្ជាប់ពាក្យជាមួយអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស លោកអ៊ឹង សុខលី ដែលជាប្អូនថ្លែថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ក្រោយនេះពួកគេបានស្វែងយល់ចិត្តគ្នា អស់រយៈពេល៨ឆ្នាំមកហើយ។

តារាសិល្បៈ និងមហាជនជាច្រើនបានចាប់អារម្មណ៍ចំពោះមង្គលការតារាចម្រៀងឱក សុគន្ធកញ្ញា និងប្អូនថៅកែហង្សមាស នេះ ព្រោះពួកគេយល់ថា តារាចម្រៀងល្បីប៉ះអ្នកដឹកនាំកម្មវិធីសិល្បៈល្បី ប្រាកដជាមានការរៀបចំយ៉ាងអស្ចារ្យជាមិនខានឡើយ។

ប៉ុន្ដែអ្វីដែលគ្រប់គ្នាផ្ដោតខ្លាំងនោះ គឺគេសន្និដ្ឋានថា ក្រោយពេលសុគន្ធកញ្ញា ក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាស ជាផ្លូវការនោះ ច្បាស់ជាតារាចម្រៀងរូបនេះកាន់តែមានអំណាចខ្លាំងនៅហង្សមាស ថែមទៀតជាមិនខានឡើយ ព្រោះថា ពេលនេះមិនទាន់ទាំងរៀបការផង ស្រាប់តែមានបុគ្គលិករបស់ទូរទស្សន៍ហង្សមាស មួយចំនួន បានហៅសុគន្ធកញ្ញា ថា ជា “នាយិការ” ឬ ”មេស្រីៗ” ទៅហើយ។

ការផ្ដល់រហស្សនាមថ្មីដល់សុគន្ធកញ្ញា នៅពេលនេះ មិនមែននៅក្រោមការបញ្ជារបស់តារាចម្រៀងរូបនេះឡើយតែបុគ្គលិករបស់ទូរទស្សន៍ហង្សមាស បានចាត់ទុកលោកសុខលី ជាមេរបស់ពួកគេ ហេតុនេះហើយបានជាត្រូវហៅអនាគតភរិយាលោកសុខលី ថា ជាមេដែរ៕



