Friday, May 2, 2025
Homeកីឡាអន្ដរជាតិFIFA ភ្លេច Messi ក្នុងបញ្ជីបេក្ខភាព​ប្រជែង​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ

FIFA ភ្លេច Messi ក្នុងបញ្ជីបេក្ខភាព​ប្រជែង​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ

សម្រាប់ការប្រជែងពានរង្វាន់កីឡាករឆ្នើម ប្រចាំឆ្នាំ ២០១៨ សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានមើលរំលងទៅលើកីឡាករ ម្ចាស់ពានរង្វាន់បាល់មាស៥សម័យកាល Messi ខ្សែប្រយុទ្ធឆ្នើមចាស់វស្សារបស់ក្រុមជម្រើសជាតិអាហ្សង់ទីន និងក្លឹបអ្នកមានបុណ្យ Barcelona  ដោយមិនបានបញ្ចូលឈ្មោះក្នុងបញ្ជីសម្រាំងបេក្ខភាពចុងក្រោយបីរូបនោះទេ។ ជាងនេះទៅទៀតFIFA​ក៏ មិនបានបញ្ចូលវត្តមានកីឡាករក្រុមជម្រើសជាតិបារាំង​ ដែលជាម្ចាស់ពានបាល់ទាត់ពិភពលោកណាម្នាក់ ក្នុងបញ្ជីនេះដែរ។

អ្នកឈ្នះពានរង្វាន់ខាង​លើ នឹង​ត្រូវប្រកាស​លទ្ធផលនៅថ្ងៃទី២៤ ខែកញ្ញា ខាង​មុខ​នេះ ​តាមរយៈការ​បោះ​ឆ្នោត​ចេញ​ពី​អ្នក​គាំទ្រ អ្នក​កាសែត គ្រូ​បង្វឹក​ និង​ប្រធាន​ក្រុម​ជម្រើស​ជាតិ។

បេក្ខភាព3រូបចុងក្រោយដែលត្រូវប្រជែងគ្នាសម្រាប់ពានរង្វាន់កីឡាករល្អបំផុតរួមមាន ៖

1-កីឡាករ Cristiano Ronaldo មកពីក្លឹប Juventus

2- Luka Modric មកពីក្លឹប Real Madrid

3-Mohamed Salah មកពីក្លឹបLiverpool

សមិទ្ធផលធំៗរបស់កីឡាករទាំងបីរូប

-កីឡាករ Ronaldo ម្ចាស់ពានកីឡាករឆ្នើម២០១៦និង ២០១៧ ធ្លាប់លើកពានឆេមពានលីក៥ដង ជាមួយ Real Madrid មុនពេលផ្លាស់ទៅ សេះបង្កង់​ Juventus កាលពីខែឧសភា ឆ្នាំ២០១៨ ក្នុងតម្លៃខ្លួនជាង១២៧លាន​ដុល្លារ។

-កីឡាករខ្សែបម្រើល Luka Modric ម្ចាស់ពានកីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក២០១៨ នៅប្រទេសរុស្ស៊ី ដែលបានជួយឲ្យក្រុមជម្រើសជាតិក្រូអាស៊ី ឡើងដល់វគ្គផ្តាច់ព្រ័ត្តតែចាញ់បារាំង​ដោយលទ្ធផល ៤-២។

-ខ្សែប្រយុទ្ធឆ្នើមតែមួយគត់របស់អេហ្ស៊ីប Mohamed Salah  រកគ្រាប់បាល់ឲ្យហង្សក្រហមLiverpool បាន ៤៤គ្រាប់ ក្នុងមួយរដូវកាល និងជួយឲ្យក្លឹបនេះ ឡើងដល់វគ្គផ្តាច់ព្រ័ត្រឆេមពាលលីក តែចាញ់ Real Madrid ដោយលទ្ធផល 3- 1 ។

ក្រៅ​ពី​ប្រកាស​ពី​បេក្ខភាពទាំង3រូបសម្រាប់ប្រជែងយក​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត FIFA ក៏​បាន​បញ្ចេញ​បញ្ជីឈ្មោះ ​បេក្ខភាព​ពាន​រង្វាន់សម្រាប់​អ្នក​ចាំ​ទីឆ្នើម និង​គ្រូ​បង្វឹក​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​ផង​ដែរ៖

ពាន​រង្វាន់​អ្នក​ចាំ​ទី​ល្អ​បំផុត៖

១.អ្នក​ចាំ​ទីសញ្ជាតិប៊ែលហ្ស៊ិក  Thibaut Courtois អតីតក្លឹប Chelsea ដែលទើបផ្ទេរទៅក្លឹប Real Madrid។

២.អ្នក​ចាំ​ទីបារាំង Hugo Lloris របស់ក្លឹបមាន់ខ្នាយមាស Tottenham។

៣.អ្នក​ចាំ​ទីដាណឺម៉ាក Kasper Schmeichel របស់ក្លឹប Leicester ។

ពាន​រង្វាន់​គ្រូ​បង្វឹកគ្រូបង្វឹកឆ្នើមបំផុត ៖

១. លោក Zlatko Dalic គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ក្រូអាស៊ី។

២. លោក Didier Deschamps គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បារាំង។

៣. លោក Zinedine Zidane អតីត​គ្រូបង្វឹកក្លឹប Real Madrid។

RELATED ARTICLES