ភ្នំពេញ ៖ ស្រីស្អាត សឹម ស្រីនិច្ច វាចាទាំងតូចចិត្ត កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ថា គេនាំគ្នាយល់សប្ដិឃើញពស់ ជួបគួ តែនាងវិញ បែរជាយល់សប្ដិឃើញត្រីរ៉សធំខ្លាំង ហើយមានព្រះអង្គ បាចស្រោចទឹកឲ្យ ក្នុងវត្តទៀត ហើយនាងកាត់យល់សប្ដិនោះ ដោយខ្លួនឯងថា នឹងមិនជួបគួទេ ព្រោះចិត្តដល់ព្រះធម៌ហើយ ។

តាមការអះអាងរបស់សឹម ស្រីនិច្ច បញ្ជាក់ថា នាងចង់បានគួជីវិត ដូចគេ ទាស់តែត្រង់ថា គេយល់សប្ដិឃើញពស់ តែនាងបែរជាយល់សប្ដិឃើញត្រីរ៉ស់ ទៅវិញ ទើបធ្វើឲ្យលទ្ធផលនៃកាត់យល់សប្ដិនោះ មិនដូចគ្នាឡើយ ។ ប៉ុន្ដែអ្នកលេងបណ្ដាញសង្គម លើកឡើងថា ស្រីស្អាតដូចសឹម ស្រីនិច្ច បើចង់បានគួជីវិត គឺងាយដូចបកចេក ព្រោះគ្រាន់តែបើកបេះដូង ទទួលយកគូសង្សារ ពេលណា នឹងបានពេលហ្នុងភ្លាមតែម្ដង ។ ប៉ុន្តែបញ្ហាធំដែលចោទនោះ គឺនាងបិទបេះដូងនោះហើយ ដែលធ្វើឲ្យប្រុសលង់សម្រស់នាង មិនដឹងជារកវិធីណាដើម្បីក្លាយជាម្ចាស់បេះដូងនាងបាន។ ចំណែកអ្នកខ្លះទៀតថាពួកគេហាក់ច្របូកច្របល់ចិត្តខ្លាំង និងពិបាកបែងចែកណាស់ ព្រោះស្រីនិច្ច ធ្លាប់ប្រកាសកាលពីខែតុលា ឆ្នាំ២០២៥ ថានាងនឹងមិនយកប្ដីជារៀងរហូត ចុះម៉េចបានជាពេលនេះ នាងប្ដូរចិត្តចង់បានគួជីវិតទៅវិញ?

សឹម ស្រីនិច្ច ថ្លែងនៅថ្ងៃដដែលនោះដែរថា នាងចង់មានស្នេហា អត់កែប្រែ អត់ទ្រាំ អត់ក្បត់ អត់ចោលគ្នា អត់បែកថ្នាំ ម្ដងនៅ ម្ដងទៅ ។ នាងថា មនុស្សដែលជាទីពឹងខ្លួនឯងដូចនាង ពិបាក ព្រោះកាចពេក គេចាប់កំហុស ស្លូតពេក គេជាន់ តបខ្លះ ស្ងប់ខ្លះ គេថាមនុស្សអត់ទៀងត្រង់ ។

គួរបញ្ជាក់ថា សឹម ស្រីនិច្ច មួយរយៈចុងក្រោយនេះ នាងមិនសូវបង្ហាញភាពផ្អែមល្ហែមជាមួយប្រុសរូបសង្ហា ពិធីករ សុខ សាន់នី ដូចមុនទេ ហើយសុខៗ នាងស្រាប់តែប្រកាសថាបុរសរូបនេះ គ្រាន់តែជាដៃគូហាត់ប្រាណរបស់នាងម្នាក់ប៉ុណ្ណោះ ។ ប៉ុន្ដែក្រៅពីលោកសាន់នី សីស្រស់រូបនេះ មិនដែលទុកចិត្តប្រុសណាម្នាក់ឡើយ ក្រោយនាងចែកផ្លូវជាមួយអតីតសង្សារជាអ្នករកស៊ីផ្នែកអចលនទ្រព្យ កាលពីឆ្នាំ២០២៣ ។ តារាដែលចូលចិត្តធ្វើឲ្យមិត្តភក្ដិជុំវិញខ្លួនសប្បាយ ពេលថតរឿងជុំគ្នា រូបនេះ មានពេលខ្លះ នាងក៏ចេះអង្គុយយំតែម្នាក់ឯងដែរ និងថាខ្លួនរឹងមាំពេក ទើបឯកោបែបនេះ ។ ប៉ុន្ដែការតាំងចិត្តថា មិនយកប្តី របស់ស្រីនិច្ច នៅតែធ្វើឲ្យប្រុសៗមិនតិចនាក់ទេ ស្ដាយសម្រស់ និងមិនយល់ពីផែនការនាង ដែលពួកគេថែមទាំងចង់ឲ្យនាងលុបចោលគំនិតនេះវិញទៀតផង។

សឹម ស្រីនិច្ច ប្រសិនបើមិនប្ដូរចិត្តជាបន្ទាន់ រឿងអត់យកប្ដីនោះ គេជឿថា នាងនឹងឈឺក្បាលខ្លាំងជាងនេះទ្វេ ដង ជាមិនខាន នាពេលខាងមុខនេះ ព្រោះប្រាកដជាមានក្រុមស្រីស្រលាញ់ស្រី (Lesbian )តាមរំខានរហូត ដល់ដេកមិនលក់។ ប៉ុន្ដែគេអាចយល់បានថា បរាជ័យស្នេហាទី១នោះហើយ ជាដើមហេតុដែលធ្វើឲ្យស្រីនិច្ច ខ្លាចក្នុងការទទួលស្នេហាថ្មីពីបុរសណាម្នាក់ ព្រោះខ្លាចដើរជាន់ដានចាស់ម្ដងទៀត ហេតុនេះហើយបានជានាងសុខចិត្តរស់នៅឯកោ និងពេលខ្លះ បែរជាតូចចិត្តរឿងចាញ់បោកយល់សប្ដិ ។

សឹម ស្រីនិច្ច បានសាងស្នាដៃធំចុងក្រោយ រឿង «អប្សរាមហាអង្គរ» ដែលថតចប់កាលពីចុងឆ្នាំ២០២៥ មិនទាន់ដាក់បញ្ចាំង ។ ភាពយន្ដដែលមានការនិពន្ធនិងដឹកនាំដោយលោកហ្វៃ សំអាង នេះ នឹងធ្វើឲ្យស្រីនិច្ច លេចធ្លោ ថែមទៀត ព្រោះនាងលេងតួដល់ទៅ៣ ក្នុងរឿងតែ១ ហើយនាងថែមទាំងបានចាប់ដៃសម្ដែងជាមួយតារាក្នុងដួងចិត្ត (Idol) របស់ខ្លួន ដល់ទៅ ៣ដួង គឺ អម្ពរ ទេវី, នារីរ័ត្ន គន្ធា និងលោកទេព រិនដារ៉ូ ។ ប៉ុន្តែស្រីនិច្ច លេងតួឯក ជាង៥០រឿងកន្លងមក នាងមិនដែលហ៊ានលេងឈុតស្នេហាក្ដៅសាច់ខ្លាំងនោះទេ៕
