Thursday, May 21, 2026
Homeសង្គម និងជីវិតជួយសង្រ្គោះសត្វក្តាន់ ១ក្បាល រត់ចូលភូមិ ផ្អើលឆ្កែដេញ

ជួយសង្រ្គោះសត្វក្តាន់ ១ក្បាល រត់ចូលភូមិ ផ្អើលឆ្កែដេញ

ខេត្តក្រចេះ ៖ សត្វក្តាន់ឈ្មោល មួយក្បាល ទម្ងន់ប្រហែល ៤០គីឡូក្រាម បានរត់ចេញពីដែនជម្រកសត្វ តំបន់ដីសើម និងជម្រកវាលស្មៅ នៅពីក្រោយផ្ទះអ្នកភូមិម្នាក់ ក្នុងភូមិក្បាលជូ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ហើយត្រូវបានឆ្កែអ្នកស្រុក ដេញតាម វាបានព្យាយាមរត់គេចខ្លួន ឡើងលើផ្លូវជាតិ ចូលទៅក្នុងផ្ទះអ្នកភូមិ ក្បែរនោះ។ នៅទីបំផុត សត្វក្តាន់នេះ បានរត់ទៅជាប់នៅក្នុងរបងលួស របស់ផ្ទះអ្នកស្រុក។ បន្ទាប់មក អ្នកភូមិ បានជូនដំណឹងដល់មន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តក្រចេះ និងអង្គការ WWF សហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើការចាប់សត្វក្តាន់ និងនាំយកមកកន្លែងសុវត្ថិភាព ដើម្បីធ្វើការសង្រ្គោះ។

ក្រុមមន្រ្តីជំនាញ បានពិនិត្យឃើញថា សត្វក្តាន់ឈ្មោលនេះ មានស្នាមរបួសលើខ្លួន ដែលអាចបណ្តាលមកពីការរត់គេចក្នុងហេតុការណ៍ខាងលើ។ ក្រុមការងារ បានជួយសង្គ្រោះសត្វព្រៃនោះ ហើយបានទាក់ទងក្រុមអង្គការ Cambodia Wildlife Care (CWC) ដើម្បីដឹកសត្វក្តាន់ ទៅកាន់មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ នៅរាជធានីភ្នំពេញ ដើម្បីព្យាបាលឱ្យបានជាសះល្បើយរបួសឡើងវិញ។ បន្ទាប់ពីជាសះស្បើយ សត្វក្តាន់នេះ នឹងត្រូវដោះលែងត្រឡប់ទៅជម្រកធម្មជាតិ របស់វាវិញ។

សូមបញ្ជាក់ថា ក្តាន់ កំពុងស្ថិតបញ្ជីក្រហមនៃអង្គការសហភាពអន្តរជាតិ សម្រាប់ការពារធម្មជាតិ (IUCN) ដែលជាប្រភេទសត្វជិតផុតពូជបំផុត នៅលើពិភពលោក ហើយនៅកម្ពុជា ការសិក្សា នាពេលកន្លងទៅ មានវត្តមានក្តាន់ ប្រមាណ ១០០ក្បាលប៉ុណ្ណោះ កំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃ ព្រែកប្រសព្វ ខេត្តក្រចេះ  និងតាមតំបន់ការពារធម្មជាតិ មួយចំនួនទៀត នៃភូមិសាស្រ្តខេត្តកោះកុង។

ដើម្បីពង្រីកវត្តមានសត្វនេះ នៅលើទឹកដីកម្ពុជា ក្រសួងបរិស្ថាន សហការជាមួយដៃគូអភិវឌ្ឍន៍នានា រៀបចំផែនការសកម្មភាពសម្រាប់ការអភិរក្សនិងស្តារសត្វក្តាន់ ២០២៥-២០៣៥ ស្របទៅនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភ៣ គឺភាពស្អាត ភាពបៃតង និងចីរភាព។ យុទ្ធសាស្រ្តជំរុញការការពារប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជ និងជាសម្បត្តិធម្មជាតិ ដ៏មានតម្លៃរបស់កម្ពុជា និងពិភពលោក។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា ក្តាន់ គឺជាប្រភេទថនិកសត្វដែលគួរឱ្យស្រលាញ់ ស្លូត រស់នៅតំបន់ដីសើម និងវាលស្មៅ នៅតាមតំបន់ការពារធម្មជាតិ។ ជាក់ស្តែងនៅកម្ពុជា ជាពិសេស ក្នុងខេត្តក្រចេះ និងកោះកុង បន្ទាប់ពីមានការរកឃើញវត្តមានរស់នៅក្នុងពេលកន្លងទៅ។ ការរកឃើញសត្វក្តាន់ រត់ចូលភូមិនេះ ជាសញ្ញាថ្មី បង្ហាញថា ប្រភេទនេះ នៅមានវត្តមាននៅក្នុងព្រៃ របស់កម្ពុជា ព្រោះប្រភេទសត្វព្រៃ ជិតផុតពូជបំផុត នៅក្នុងពិភពលោកផងដែរ។ ការរកឃើញឡើងវិញនៃវត្តមានសត្វក្តាន់ នៅខេត្តក្រចេះ ក៏បានក្លាយជាក្តីសង្ឃឹមថ្មី សម្រាប់ការរស់រានមានជីវិតរបស់ពួកគេ និងត្រូវរួមសហការគ្នាការពារ និងអភិរក្សធនធានធម្មជាតិ ជាពិសេស សត្វព្រៃ ឱ្យបានល្អថែមទៀត។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានអំពាវនាវឱ្យមានការការផ្ដល់គម្លាតសុវត្ថិភាព និងចៀសវាងការដេញបាញ់ ឬធ្វើបាបវា នៅពេលសត្វព្រៃ រត់ចូលភូមិ ព្រោះវាអាចនឹងភ័យស្លន់ស្លោ រហូតបង្កគ្រោះថ្នាក់ និងអាចបណ្តាលឱ្យសត្វព្រៃ ងាប់ បាត់បង់ធនធានជីវៈចម្រុះ និងសម្បត្តិវប្បធម៌កម្រនិងជិតផុតពូជ របស់មនុស្សជាតិ។ ប្រសិនបើមានសត្វព្រៃ ជាពិសេសប្រភេទសត្វមានដោយកម្រ ដូចជា ដំរីអាស៊ី ជាដើម ឬសត្វដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត សូមរាយការណ៍ជាបន្ទាន់ ទៅអាជ្ញាធរមូលដ្ឋាន ឬមន្ត្រីបរិស្ថាន ឬជំនាញពាក់ព័ន្ធ ដើម្បីចុះមកអន្តរាគមន៍ និងជួយសង្គ្រោះ យកវាទៅព្រៃធម្មជាតិវិញ ដោយសុវត្ថិភាព៕ ខៀវទុំ

RELATED ARTICLES