Saturday, May 16, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមករណីចាប់ជំរិតសម្លាប់ក្មួយស្រី តុលាការដាក់គុក ២នាក់ប្តីប្រពន្ធ

ករណីចាប់ជំរិតសម្លាប់ក្មួយស្រី តុលាការដាក់គុក ២នាក់ប្តីប្រពន្ធ

ខេត្តកណ្តាល ៖ ករណីចាប់ជ់រិតក្មេងស្រី អាយុ៥ឆ្នាំ ទារប្រាក់១ម៉ឺនដុល្លារ នៅស្រុកស្អាង ខេត្តកណ្តាល ដែលបណ្តាលឱ្យក្មេងស្រីរងគ្រោះ បាត់បង់ជីវិតនោះ កម្លាំងជំនាញបានស្រាវជ្រាវឃាត់ខ្លួនស្ត្រីវ័យ២៧ឆ្នាំ ម្នាក់ទៀត ដែលត្រូវជាប្រពន្ធជនសង្ស័យជាឃាតករ និងជាម្តាយមីងបង្កើត របស់ក្មេងស្រីរងគ្រោះ ហើយជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ ត្រូវបានតុលាការសម្រចចោទប្រកាន់ និងឃុំខ្លួននៅពន្ធនាគារ ជាបណ្តោះអាសន្ន។

ជនត្រូវចោទ ទាំង២នាក់ប្តីប្រពន្ធ ទី១-ឈ្មោះគឹម វណ្ណា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ (ជាប្តី-ឃាត់ខ្លួន) និងទី២-ឈ្មោះធី ណារ៉ុង ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ (ជាប្រពន្ធ-ឃាត់ខ្លួន)។

តាមប្រភពពីអង្គភាពការពារកុមារ CPU បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ថា យោងតាមលទ្ធ ផលនៃការស៊ើបអង្កេតបន្ត សមត្ថកិច្ចបានកំណត់អត្តសញ្ញាណនិងចោទប្រកាន់ជនសង្ស័យទីពីរ ម្នាក់ទៀត ពាក់ព័ន្ធនឹងករណីឃាតកម្ម ផ្តើមឡើងពីការជំរិតទារប្រាក់ ទៅលើកុមារអាយុ ៥ឆ្នាំម្នាក់ ក្នុងខេត្តកណ្តាល។ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនបន្ថែមនេះ គឺជាស្ត្រីអាយុ ២៧ឆ្នាំ ត្រូវជាប្រពន្ធរបស់ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងករណីចាប់ជំរិតទារប្រាក់ និងឈានដល់ការសម្លាប់ក្មួយស្រីបង្កើត។ ការឃាត់ខ្លួននេះ គឺជាលទ្ធផលនៃកិច្ចប្រតិបត្តិការយ៉ាងសកម្មនិងហ្មត់ចត់ របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយអង្គភាពជំនាញពាក់ព័ន្ធ។

អង្គភាពការពារកុមារ CPU បានបន្តថា ដើម្បីឈានដល់ការចាប់ខ្លួនបន្ថែមនេះ សមត្ថកិច្ចជំនាញបានបន្តពិនិត្យនិងវិភាគយ៉ាងល្អិតល្អន់ ទៅលើភ័ស្តុតាង និងអង្គហេតុ ជុំវិញការស្លាប់របស់ជនរងគ្រោះ។ ជនសង្ស័យជាស្ត្រីនេះ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីអនុវត្តតាមនីតិវិធី។

ដោយឡែក យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកណ្តាល ស្តីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធករណីចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់ មានស្ថានទម្ងន់ទោស ឃាតកម្មដែលមានស្ថានទម្ងន់ ទោសទាក់ទងនឹងអាយុជនរងគ្រោះ បានបញ្ជាក់ថា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ សាលាដំបូងខេត្តកណ្តាល បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ លេខ ១១០១ អក ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ដែលមានជនត្រូវចោទចំនួន ២នាក់ ៖ ១-ឈ្មោះគឹម វណ្ណា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួន) ត្រូវចោទប្រកាន់ពីបទ ៖ ចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់ មានស្ថានទម្ងន់ទោស ឃាតកម្មដែលមានស្ថានទម្ងន់ទោសទាក់ ទងនឹងអាយុជនរងគ្រោះ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា២៥៤ និងមាត្រា២០២ នៃក្រមព្រហ្មទណ្ឌ។ ២-ឈ្មោះធី ណារ៉ុង ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួន) ត្រូវចោទប្រកាន់ពីបទ ៖ សមគំនិតក្នុងអំពើចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់ មានស្ថានទម្ងន់ទោស ឃាតកម្មដែលមានស្ថានទម្ងន់ ទោសទាក់ទងនឹងអាយុជនរងគ្រោះ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា២៩ មាត្រា២៥៤ និងមាត្រា ២០២ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅចំណុចផ្ទះរបស់ជនត្រូវចោទ ឈ្មោះ គឹម វណ្ណា និងឈ្មោះ ធី ណារ៉ុង ស្ថិតនៅភូមិកូនជ្រៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។បន្ទាប់ពីបានពិនិត្យលើឯកសារនិងភ័ស្តុតាងនានាដែលមានក្នុងសំណុំរឿង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន លើជនត្រូវចោទ ១-ឈ្មោះគឹម វណ្ណា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ២-ឈ្មោះធី ណារ៉ុង ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ នៅពន្ធនាគារខេត្តកណ្តាល ដើម្បីបន្តកិច្ចស៊ើបសួរតាមនីតិវិធីច្បាប់…។

គួររំលឹកថា កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ មានករណីចាប់ជំរិត បង្ខាំងធ្វើទារុណកម្មក្មេងស្រី រហូតដល់ស្លាប់ បានកើតឡើងនៅចំណុចភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ដោយក្មេងស្រីវ័យ ៥ឆ្នាំម្នាក់ ត្រូវបានពូសាច់ថ្លៃ លួងលោមចាប់យកទៅឃុំទុកនៅក្នុងផ្ទះ ដើម្បីជំរិតទារលុយពីឪពុកម្តាយក្មេងស្រីរងគ្រោះ ចំនួន១ម៉ឺនដុល្លារ ដោយជនសង្ស័យបានចងរុំដៃស្លាបសេក ចងជើងនិងបិទមាត់ក្មេងស្រីរងគ្រោះ ដោយរុំនឹងស្កុត ហើយញាត់ក្រោមពូក យ៉ាងសាហាវព្រៃផ្សៃ រហូតដល់ក្មេងស្រីដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។

ក្មេងស្រីរងគ្រោះ ដែលត្រូវជនដៃដល់ចាប់ជំរិតសម្លាប់ ឈ្មោះ រតនា ម៉េងស៊ីម អាយុ៥ឆ្នាំ មានឪពុកឈ្មោះ ទេព រតនា អាយុ៣០ឆ្នាំ មុខរបរលក់ដូរ ម្តាយឈ្មោះជឿន ស៊ីនួន អាយុ២៩ឆ្នាំ មុខរបរលក់ដូរ និងមានលំនៅ ភូមិកំពង់សំណាញ់ទី១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកជនសង្ស័យ មានឈ្មោះគឹម វណ្ណា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ ចំពោះវត្ថុតាងចាប់យក រួមមាន ទូរស័ព្ទដៃ ចំនួន២គ្រឿង (ម៉ាកណូគា អិនចុចពិល ពណ៌ខៀវ និងម៉ាក oppo ពណ៌ខ្មៅ)។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ក្រុមគ្រួសារជនរងគ្រោះ រាល់ថ្ងៃសៅរ៍-អាទិត្យ តែងតែនាំគ្នាទៅលេងស្រុកកំណើត នៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ហើយកន្លងមក ជនសង្ស័យឈ្មោះគឹម វណ្ណា បានឆាតខ្ចីលុយឈ្មោះ ជឿន ស៊ីនួន ដែលត្រូវជាម្តាយក្មេងស្រី រងគ្រោះ ជាញឹកញាប់ ហើយឈ្មោះ ជឿន ស៊ីនួន ចូលមើលឆាត តែមិនឆ្លើយតបទេ ។ ពេលនោះ ជនសង្ស័យ ឈ្មោះគឹម វណ្ណា ក៏បានលុបឆាតចោលវិញ។ លុះមកដល់វេលាម៉ោង ៨និង២៥នាទីព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ក្មេងស្រីរងគ្រោះ ឈ្មោះ រតនា ម៉េងស៊ីម និងបងស្រីឈ្មោះ រតនា ពេជ្ររ៉ា អាយុ៩ឆ្នាំ បាននាំគ្នាទៅលេងនៅដីឡូត៍ មួយកន្លែង របស់ឈ្មោះ ថាច មករា ដែលស្ថិតនៅខាងមុខជិតផ្ទះ។

ប្រភពដដែល បន្តថា ក្រោយមក ជនសង្ស័យឈ្មោះ គឹម វណ្ណា ក៏បានដើរមកនិយាយលួងលោមក្មេងស្រីរងគ្រោះ ឈ្មោះ រតនា ម៉េងស៊ីម ឱ្យទៅញ៉ាំអំពៅ នៅក្នុងផ្ទះរបស់ខ្លួន។ ពេលទៅដល់ ជនសង្ស័យបានចាប់បីក្មេងស្រីរងគ្រោះ ឡើងលើផ្ទះ និងឱ្យតុក្កតាលេង។ បន្ទាប់មក ជនសង្ស័យបានធ្វើសកម្មភាពយកស្កុតសថ្លា ចាប់ចងរុំដៃជើង និងរុំបិទមាត់ក្មេងស្រីរងគ្រោះ ហើយលើកដាក់ចូលទៅក្នុងគ្រែប្រអប់ និងដាក់ពូកសង្កត់ពីលើ។ ពេលនោះ ឈ្មោះ ធី ណារ៉ុង ត្រូវជាប្រពន្ធរបស់ជនសង្ស័យ បានជិះម៉ូតូមកពីផ្សារ ស្រែកសួរទៅជនសង្ស័យជាប្តី ឈ្មោះគឹម វណ្ណា ថានៅលើផ្ទះ កំពុងធ្វើអី? ជនសង្ស័យឆ្លើយថា កំពុងធ្វើបង្អួចផ្ទះ វាខូច។ ដោយមិនបានចាប់ អារម្មណ៍ ឈ្មោះធី ណារ៉ុង ក៏បានធ្វើម្ហូបនៅផ្ទះបាយ ខាងក្រោម ហើយបានហៅជនសង្ស័យ ហូបបាយ។ ពេលហូបបាយរួច ជនសង្ស័យបានជិះម៉ូតូចេញទៅខាងក្រៅបាត់។

ប្រភពខាងលើ បានឱ្យដឹងបន្តថា លុះមកដល់វេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃដដែល ឈ្មោះ ជឿន ស៊ីនួន ត្រូវជាម្តាយរបស់ក្មេងស្រីរងគ្រោះ បានដើររកកូន ដើម្បីមកហូបបាយ តែរកមិនឃើញ។ បន្ទាប់មក ឈ្មោះ ជឿន ស៊ីនួន បានឆែកកាមេរ៉ាសុវត្ថិភាព មើលឃើញកូនស្រីរបស់ខ្លួន ដើរទៅជាមួយជនសង្ស័យ ស្រាប់តែដល់ម៉ោង ១១និង៣៩នាទីព្រឹក ថ្ងៃដដែល ក៏មានសារមួយ បានឆាតមកក្នុងទូរស័ព្ទរបស់ឈ្មោះ ជឿន ស៊ីនួន (ម្តាយក្មេងស្រីរងគ្រោះ) ដោយសរសេរថា “កូនអ្ហែង នៅក្នុងឡានអញ ចង់បានកូនមកវិញ ឱ្យអញ មួយម៉ឺនដុល្លារមុនមក អញទុកពេលឱ្យ មួយម៉ោង បើលើសមួយម៉ោង ចាំយកសពកូនអ្ហែងទៅ ដាក់លុយតាមវីង មក 0978309128 អញប្រាប់ឱ្យហើយ តែដឹងឮដល់ប៉ូលិស និងអ្នកជិតខាង ប្រយ័ត្នអត់បានជួបកូន…”។ ពេលមើលសាររួចហើយ ឈ្មោះ ជឿន ស៊ីនួន ក៏បានមកប្តឹងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល ដើម្បីឱ្យជួយស្រាវជ្រាវ។ ពេលទទួលបានព័ត៌មានភ្លាម កម្លាំងព្រហ្មទណ្ឌស្រុកស្អាង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋ បាលព្រែកអំបិល បានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញា ឃាត់ខ្លួនជនសង្ស័យបាន យកមកធ្វើការសាកសួរ តែជនសង្ស័យមិនព្រមសារភាព។ លុះដល់ម៉ោង ៤និង២៥នាទីរសៀល ថ្ងៃដដែល សមត្ថកិច្ចបានធ្វើការឆែកឆេរផ្ទះជនសង្ស័យ ទើបប្រទះឃើញសពក្មេងស្រីរងគ្រោះ នៅក្នុងគ្រែប្រអប់ ក្រោមពូក។

ក្រោយមក ទើបជនសង្ស័យឆ្លើយសារភាពថា ខ្លួនពិតជាធ្វើសកម្មភាពចាប់ជំរិតក្មេងស្រីរងគ្រោះ ទារប្រាក់ ប្រាកដមែន ដោយធ្វើតែម្នាក់ឯង មិនពាក់ព័ន្ធនឹងឈ្មោះ ធី ណារ៉ុង ជាប្រពន្ធ ឡើយ។

សូមបញ្ជាក់ថា ម្តាយជនរងគ្រោះ និងឈ្មោះ ធី ណារ៉ុង (ប្រពន្ធជនសង្ស័យ) ត្រូវជាបងប្អូនជីដូនមួយ។យ៉ាងណា ក្រោយសមត្ថកិច្ចជំនាញបើកការស៊ើបអង្កេត ស្រាវជ្រាវយ៉ាងល្អិតល្អន់រួចមក ក៏កំណត់បានថា ស្ត្រីឈ្មោះ ធី ណារ៉ុង ត្រូវជាប្រពន្ធរបស់ជនសង្ស័យឈ្មោះ គឹម វណ្ណា ក៏មានជាប់ពាក់ព័ន្ធនឹងករណីនេះផងដែរ ពោលគឺពាក់ព័ន្ធនឹងបទសមគំនិតក្នុងអំពើចាប់ឃុំឃាំង និង បង្ខាំងដោយខុសច្បាប់ មានស្ថានទម្ងន់ទោស ឃាតកម្មដែលមានស្ថានទម្ងន់ទោសទាក់ទងនឹងអាយុជនរងគ្រោះ និងត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅតុលាn ការ ដើម្បីចាត់ការតាមច្បាប់ផងដែរ៕

RELATED ARTICLES