Friday, May 1, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប៉ូលិសជក់បារីអេឡិចត្រូនិក ជ្រុះស័ក្តិកន្លះ 

ប៉ូលិសជក់បារីអេឡិចត្រូនិក ជ្រុះស័ក្តិកន្លះ 

ភ្នំពេញៈ បន្ទាប់ពីប្រតិកម្មយ៉ាងខ្លាំងក្លាពីមហាជន ក្រសួងមហាផ្ទៃ បានចាត់វិធានការលើមន្ត្រីនគរបាលម្នាក់ ដែលជក់បារីអេឡិចត្រូនិក (Vape) ដោយបន្ថយស័ក្តិ ពីស័ក្តិ៥ មកនៅត្រឹមស័ក្តិ៤កន្លះ។ ក្រៅពីបន្ថយស័ក្តិ មន្ត្រីនគរបាលឈ្មោះខៀវ សុងច័ន្ទសុធា ក៏តម្រូវឱ្យពិនិត្យរកសារធាតុញៀនផងដែរ តែលទ្ធផលគឺមិនមានសារធាតុ ញៀនទេ។

គួររំលឹកថា កាលពីវេលាម៉ោង ១១និង៤៩នាទីយប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចររថយន្តបើកបុករថយន្តចតនៅលើផ្លូវសាធារណៈ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ជិតភោជនីយដ្ឋានឫស្សីស្រស់ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ខៀវ សុងច័ន្ទសុធា មានតួនាទីជាអនុប្រធាននាយកដ្ឋានមួយ ចំណុះគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គជបជ) នៃក្រសួងមហាផ្ទៃ បានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងលើឥរិយាបថរបស់លោក ដែលគំរាមវាយខ្នោះប្រជាពល រដ្ឋ និងឈរជក់បារីអេឡិចត្រូនិក ដែលត្រូវបានហាមឃាត់។

គួរបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កដោយរថយន្ត ១គ្រឿង ម៉ាក Chevrolet ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BY-9942 បើកបរដោយបុរសម្នាក់ ទើបនឹងចេញពីហុបចុក និងពិសាគ្រឿងស្រវឹងផង បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ លុះមកដល់ត្រង់ចំណុចកើតហេតុ ជ្រុលទៅបុករថយន្ត ១គ្រឿង ម៉ា កកាមរី ស៊េរីឆ្នាំ២០០៧ ពណ៌ស្ករ ពាក់ស្លាកលេខ នគរបាល 2-0798 ដែលកំពុងឈប់ចតនៅលើចិញ្ចើមផ្លូវជាតិលេខ១ បណ្តាលឱ្យរថយន្តពាក់ស្លាកលេខ នគរបាល រងការខូចខាត បែកស្តុប និងកាងក្រោយ ផ្នែកខាងឆ្វេង។ ចំណែករថយន្តបង្កហេតុ ម៉ាក Chevrolet ខូចខាតផ្នែកខាងមុខ ចំហៀងខាងស្តាំយ៉ាងដំណំផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍ និងទុកពេលឱ្យភាគីទាំងសងខាង ធ្វើការសម្រប សម្រួលគ្នា  ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជននៅទីនោះហួសចិត្ត គឺនៅពេលដែលភាគីទាំងសងខាង ចុះមកចរចាគ្នា ស្រាប់តែម្ចាស់រថយន្តស្លាកលេខ នគរបាល ដែលគេស្គាល់ថា ជាមន្ត្រីនគរបាលស័ក្តិ៥ និងមានតួនាទីជាអនុ ប្រធាននាយកដ្ឋានមួយ មិនបានប្រើវិធីដោះស្រាយដោយសន្តិវិធី ឬផ្អែកលើច្បាប់ចរាចរណ៍ផ្លូវគោកនោះទេ ប៉ុន្តែបែរជាប្រើពាក្យសម្តីខ្លាំងៗ គំរាមវាយខ្នោះ និងបញ្ជូនភាគីអ្នកបើកបររថយន្តបង្កហេតុ ទៅដាក់គុកទៀតផង។

បន្ថែមពីលើនេះ មន្ត្រីនគរបាលរូបនោះ ថែមទាំងឈរជក់បារីអេឡិចត្រូនិក (Vape) ដែលច្បាប់ហាមឃាត់ទៀតផង ធ្វើឱ្យមានមតិរិះគន់ថា ខណៈពេលដែលរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច កំពុងដុតដៃដុតជើងយ៉ាងខ្លាំងក្លាក្នុងការចុះបង្ក្រាបនិងទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក (Vape) នៅទូទាំងប្រទេស បែរជាមន្ត្រីនគរបាលស័ក្តិ៥ រូបនេះ ជក់បារីអេឡិចត្រូនិក យ៉ាងព្រងើយ កណ្តាលចំណោមមហាជននិងសមត្ថកិច្ចដែលចុះមកអន្តរាគមន៍ ដោយមិនខ្វល់ពីបម្រាម ឬវិន័យកងកម្លាំងទាល់តែសោះ។

យ៉ាងណា ពាក់ព័ន្ធទៅនឹងរឿងចរាចរណ៍ខាងលើនេះ ត្រូវបានបញ្ចប់គ្នាហើយ ក្រោយពីមានការសម្របសម្រួលដោយនគរបាលរាជធានីភ្នំពេញ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥កន្លងទៅ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជា ចំនួន២ទំព័រ ពាក់ព័ន្ធការនឹងវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។

បទបញ្ជាដែលមានចំនួន ៩ចំណុចនោះ ក្នុងចំណុចទី៩ សម្តេច ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាថា គ្រប់ក្រ សួង ស្ថាប័ន និងថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការដាក់ទណ្ឌកម្មរដ្ឋបាលចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរ បាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ដែលជក់ ឬពាក់ព័ន្ធនឹងបារីអេឡិចត្រូនិក ឬស៊ីស្សា។សម្តេចប្រមុខរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ឬអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវអនុវត្តបទបញ្ជានេះ ឱ្យបានម៉ឺងម៉ាត់បំផុត និងមានប្រសិទ្ធភាពខ្ពស់៕

RELATED ARTICLES