ភ្នំពេញ ៖ ដោយទទួលបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នៅអាកាសយាន្តដ្ឋានអន្តរជាតិតេជោ មន្ត្រីក្រសួងទេសចរណ៍ បានទទួលបដិសណ្ឋារកិច្ច ពោរពេញដោយភាពកក់ក្តៅបំផុត ជូនដល់ប្រតិភូព្រះសង្ឃវត្តសៅលីញ ចំនួន ១៦អង្គ ដែលបាននិមន្តមកដល់ទឹកដីអច្ឆរិយកម្ពុជា ដើម្បីត្រៀមចូលរួមសម្តែងក្នុង «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» (Cambodia-China Martial Arts Performance) ដែលនឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នាបរិវេណខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប។

ព្រឹត្តិការណ៍នេះ នឹងនាំមកនូវការសម្តែងរួមគ្នាដ៏អស្ចារ្យ រវាងក្បាច់គុនបុរាណខ្មែរ ៖ គុនល្បុក្កតោ យុទ្ធគុនខម និងប្រដាល់គុនខ្មែរ ជាមួយក្បាច់គុនចិន ៖ កុងហ្វូសៅលីញ (Shaolin Kung Fu) និងថៃជី (Tai Chi) ដោយរំពឹងថានឹងមានភ្ញៀវជាតិ-អន្តរជាតិ ចូលរួមទស្សនាដោយផ្ទាល់ និងដោយសេរី ប្រមាណជាង ១០០០នាក់។

គួររំលឹកដែរថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍ រួមជាមួយរដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលខេត្តហឺណាន ក៏ធ្លាប់បានរៀបចំព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍ «When Shaolin Meets Bokator At Angkor» ដោយមានការបង្ហាញក្បាច់គុនល្បុក្កតោ និងក្បាច់គុនសៅលីញ ដែលជាក្បាច់គុនអត្ដសញ្ញាណរបស់ប្រទេសទាំងពីរ នៅខាងជើងប្រាសាទបាយ័ន ផងដែរ ។

គោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះឡើង គឺដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នា រវាងខេត្តហឺ ណាន និងខេត្តសៀមរាប ដែលព្រឹត្តិការណ៍នេះ មានការចូលរួមពីថ្នាក់ដឹកនាំកម្ពុជា-ចិន សមាគមទេស ចរណ៍ អ្នកសារព័ត៌មាន និងស្ថាប័នពាក់ព័ន្ធជាច្រើន ចំនួនជាង ៥០០នាក់ ហើយតាមរយៈការរៀបចំព្រឹត្តិការណ៍ «មហោ ស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» (Cambodia-China Martial Arts Performance) នៅពេលនេះ ក្រសួងទេសចរណ៍ ក៏ដូចជាអាជ្ញាធរខេត្តសៀមរាប សង្ឃឹមថា នឹងមានកំណើនទេសចរចិន កាន់តែច្រើនបន្ថែមទៀត មកកាន់កម្ពុជា៕ ខៀវទុំ









