Sunday, April 19, 2026
Homeព័ត៌មានជាតិលោកព្រុំ​ សុខា ចេញផ្សាយវណ្ណកម្មថ្មីដំបូង “រដ្ឋមន្រ្តីកូវីដ”

លោកព្រុំ​ សុខា ចេញផ្សាយវណ្ណកម្មថ្មីដំបូង “រដ្ឋមន្រ្តីកូវីដ”

ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តី ព្រុំ សុខា អនុប្រធានប្រចាំការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អតីតរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានចេញផ្សាយសៀវភៅ “រដ្ឋមន្រ្តីកូវីដ” ដែលជាវណ្ណកម្មថ្មីដំបូងរបស់លោក និងបានចំណាយពេលសរសេរអស់រយៈពេលជាង៣ឆ្នាំ ក្នុងពេលធ្វើជារដ្ឋមន្រ្តី ចំពេលដែលប្រទេសជាតិរងការរាតត្បាតដោយជំងឺកូវីដ-១៩ ។

ពិធីសម្ពោធសៀវភៅ “រដ្ឋមន្រ្តីកូវីដ” បានប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា កាលពីព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២៦ ដោយមានការនិមន្ត អញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ និស្សិត លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ ព្រមទាំងមានវត្តមានលោកខៀវ កាញារីទ្ធ ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាសមាជិករដ្ឋសភា និងលោកជំទាវ, លោកអៀង មូលី ទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងអេដស៍ និងលោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀតផងដែរ ។

កម្មវិធីសម្ពោធសៀវភៅនោះ រួមមាន ការប្រកាសពីវត្ថុបំណងសំខាន់នៃការបោះពុម្ពផ្សាយជាសាធារណៈសៀវភៅ “រដ្ឋមន្រ្តីកូវីដ”, ការអានជីវប្រវត្តិអ្នកនិពន្ធ , ការពោល ស្មូតកំណាព្យ ក្រោមចំណងជើង “រដ្ឋមន្រ្តីបីឆ្នាំ ឬបីឆ្នាំចាំមិនភ្លេច”, មតិរបស់អ្នកនិពន្ធ និងសំណួរ-ចម្លើយ និងការថ្លែងអំណរគុណ នៅចុងក្រោយកម្មវិធី ។

ទាក់ទងនឹងវត្ថុបំណងសំខាន់នៃការបោះពុម្ពផ្សាយជាសាធារណៈសៀវភៅ «រដ្ឋមន្ត្រីកូវីដ» បានបង្ហាញថា អ្នកនិពន្ធចំណាយពេល៣ឆ្នាំ ដើម្បីចងក្រងសំណេរកំណត់ត្រាជាសៀវភៅអក្សរសិល្ប៍មានកម្រាស់រាប់រយទំព័ររៀបរាប់ពីជីវិតការងាររបស់មន្ត្រីសាធារណៈម្នាក់ដែលបានបំពេញភារកិច្ចបម្រើជាតិ មាតុភូមិនិងប្រជាជនអស់រយៈពេល៤៧ឆ្នាំកន្លងមក ជាអាទិ៍ អំឡុងពេលធ្វើជារដ្ឋមន្ត្រី៣ឆ្នាំក្នុងកាលៈទេសៈពិសេសនៃការរាតត្បាតជំងឺឆ្លងជាសាកលកូវីដ១៩ (២០២០-២០២៣)។

ស្មេរសៀវភៅ “រដ្ឋមន្ត្រីកូវីដ” ខិតខំប្រមូលផ្តុំពិសោធន៍ការងារជាឧត្តមានុវត្តន៍ ដោយបានឆ្លងកាត់វិញ្ញាសាសាកល្បងបំពេញភារកិច្ចជាក់ស្ដែងលើវិស័យរដ្ឋបាលសាធារណៈនៅកម្ពុជា ដែលឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គម នយោបាយ និងសេដ្ឋកិច្ច ពីមរតកប្រវត្តិសាស្ត្របន្សល់ទុកមកដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍ ព្រមទាំងពីបញ្ហាទាំងឡាយនាពេលបច្ចុប្បន្ន ដែលបណ្ដាលមកពីការប្រជែងគ្នាយ៉ាងក្តៅគគុកដណ្តើមឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់មហាអំណាចពិភពលោក។

ការបញ្ចប់សម័យកាលកូវីដ១៩ បានផ្តល់មេរៀនពិសោធសម្រាប់ប្រទេសនីមួយៗនៅលើភពផែនដី។ ការរាតត្បាតជំងឺកូវីដ១៩ បានបង្ហាញពីករណីសិក្សាសំខាន់មួយសម្រាប់ពិភពលោកទាំងមូល (The Covid-19 presented an important case study on a global scale) ។ កូវីដ-១៩ ជាវិញ្ញាសាសាកល្បងសកលចំពោះអភិបាលកិច្ច និងភាពធន់សង្គម (Covid-19 is a worldwide test of governance and social resilience)។ ពេលនោះ កម្ពុជាដែលស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់អតីតនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បានបង្កើតប្រវត្តិជោគជ័យនៃសង្គ្រាមដណ្តើមជីវិតពលរដ្ឋពីមាត់ជ្រោះមរណៈកូវីដ-១៩។

សៀវភៅ “រដ្ឋមន្ត្រីកូវីដ” ចូលរួមចំណែករំលឹកឡើងវិញនូវព្រឹត្តិការណ៍ចលនាសាមគ្គីជាតិ តស៊ូប្រយុទ្ធឈ្នះកូវីដ-១៩ ដែលជាមេរៀនពិសោធសម្រាប់កូនខ្មែរគ្រប់ស្រទាប់សង្គមតរៀងមក។

ថ្មីៗនេះ ការប្រយុទ្ធដ៏អង់អាចក្លាហានរបស់វីរកងទ័ពកម្ពុជា តទល់នឹងការរំលោភបំពានដ៏គឃ្លីនរបស់កងទ័ពសៀ នៅតាមបណ្ដោយព្រំដែនប្រទេសទាំងពីរ ចាប់តាំងពីការប៉ះទង្គិចដោយអាវុធដ៏គ្រោះថ្នាក់៥ថ្ងៃ ក្នុងរយៈពេល៥ខែកន្លងទៅ មកដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ បានក្លាយមកជាសង្គ្រាមដែលសៀមឈ្លានពានព្រំដែនកម្ពុជា យ៉ាងពេញបន្ទុក។ នេះជាសង្គ្រាមស្នេហាជាតិដ៏ស្រួចស្រាល់ មោះមុត អត់ធ្មត់របស់ប្រជាជនកម្ពុជាទាំងមូល ដើម្បីការពារបូរណភាពទឹកដី សម្បត្តិវប្បធម៌ជាតិ និងសេចក្តីសុខក្សេមក្សាន្តជាផ្លែផ្កានៃសន្តិភាពដែលយើងទទួលបានក្នុងអំលុងពេល២៧ឆ្នាំចុងក្រោយនេះ ពោលគឺចាប់តាំងពីក្រោយឆ្នាំ១៩៩៨ មកទល់បច្ចុប្បន្ន។

លោកទេសរដ្ឋមន្រ្តីព្រុំ សុខា បានបញ្ជាក់នៅក្នុងវត្ថុបំណងនោះថា ទោះបីមិនបានកាន់អាវុធផ្ទាល់ចូលរួមក្នុងការតស៊ូប្រយុទ្ធប្រឆាំងនឹងឧបាយកលអនុត្តរមហិច្ឆតាសាមាន្យយ៉ាងគឃ្លើន និងអំពើឈ្លានពានដ៏យង់ឃ្នង ឫស្យា អមនុស្សធម៌របស់កងទ័ពសៀម មកលើព្រលឹងជាតិ ទឹកដី និងប្រជាជនកម្ពុជា លោក ក៏ដូចជាស្មេរ កវីនិពន្ធ សិល្បករ និងយុទ្ធជនស្មារតីដទៃទៀតបានប្រើដងប៉ាកការួមចំណែកលើកទឹកចិត្តចលនាស្នេហាជាតិ កសាងខឿនការពារជាតិ ការពារប្រទេសដើម្បីអត្ថិភាព ភាពស្ថិតស្ថេរគង់វង្ស និងអនាគតយូរអង្វែងរបស់ស្រទាប់មនុស្សកម្ពុជាគ្រប់ជំនាន់តទៅមុខទៀត។

ដោយធ្លាប់របួស រងគ្រោះ ឈឺចាប់ដោយសារសង្គ្រាម ប្រជាជនកម្ពុជាស្អប់ខ្ពើមសង្គ្រាម ស្រឡាញ់សន្តិភាព ដឹងគុណសន្តិភាព និងត្រូវតស៊ូប្ដូរផ្តាច់ថែរក្សាការពារសន្តិភា ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសទិវាជាតិអ្នកនិពន្ធ ឆ្នាំ២០២៥ ក្រោមប្រធានបទ “អ្នកនិពន្ធគឺជាទូតសុឆន្ទៈក្នុងការអភិរក្សនិងអភិវឌ្ឍវប្បធម៌ដើម្បីសន្តិភាពព។ ជាការគាប់ជួនគ្នា កម្ពុជាកំណត់យកថ្ងៃទី៧ ខែធ្នូ រៀងរាល់ឆ្នាំ ជា “ទិវាជាតិអ្នកនិពន្ធ”។ ឆ្លើយតបតាមស្មារតីនៃសារលិខិតរបស់សម្តេចហ៊ុន” លោកសូមចូលរួមអបអរសាទរគាំទ្រយ៉ាងក្លៀវក្លានិងប្តេជ្ញាបន្តបង្កើតស្នាដៃ ដើម្បីរួមចំណែកលើកកម្ពស់គុណតម្លៃនៃវប្បធម៌ “ប៉ាកកាសន្តិភាព” ពេញមួយជីវិត។

ស្របតាមតម្លៃស្មារតី (The Spiritual Value) ដ៏ថ្លៃថ្លាខាង ដែលស្ថិតនៅយ៉ាងជ្រាលជ្រៅ ដិតដាមជាប់ជានិច្ចក្នុងឧត្តមគតិជាមរតកវប្បធម៌របស់សម្តេចហ៊ុន សែន លោកទេសរដ្ឋមន្រ្តី សូមគូសបញ្ជាក់នូវទស្សនៈ ផ្នត់គំនិត និងបំណងប្រាថ្នារបស់ខ្លួន ដូចតទៅ៖

មួយគឺ ចូលរួមចំណែកយ៉ាងសកម្មតាមរយៈអាវុធប៉ាកកាសន្តិភាពក្នុងចលនាកសាងខឿនការពារជាតិ ប្រយុទ្ធប្តូរផ្តាច់ការពារអធិបតេយ្យ បូរណភាពទឹកដី រក្សាឱ្យបានស្ថិតស្ថេរគង់វង្សនូវសុខសន្តិភាពរបស់មាតុភូមិជាទីស្នេហា ដោយខិតខំអស់លទ្ធភាពបំផុសដល់គ្រប់ស្រទាប់ក្នុងសង្គមនូវស្មារតីស្នេហាជាតិមាតុភូមិនិងប្រជាជន ។

ពីរគឺ ចូលរួមចំណែកលើកកម្ពស់មនសិការជាតិ បំផុសលើកទឹកចិត្តឧត្តមគតិស្នេហាជាតិនិងស្មារតីម្ចាស់ការដ៏បរិសុទ្ធ សំដៅពង្រឹងឆ្លងសាមគ្គីផ្ទៃក្នុងប្រជាជាតិទាំងមូល ដើម្បីការពារបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជាដ៏ថ្លៃថ្លា ឱ្យបានស្ថិតស្ថេរគង់វង្សរាប់ជំនាន់តរៀងទៅ។

បីគឺ ប្តេជ្ញារក្សា ការពារដាច់ខាត ជ្រោងខ្ពស់ជានិច្ចនូវឧត្តមគតិដ៏ឧត្តុង្គឧត្តម ដើម្បីបុព្វហេតុសុខសន្តិភាពវឌ្ឍនភាព និងវិបុលភាពរបស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ក្នុងពេលបច្ចុប្បន្ន ជារៀងដរាបតទៅអនាគត។

វត្ថុបំណងរបស់អ្នកនិពន្ធ បានបញ្ជាក់បន្តថា តាំងពីដើមរៀងមក យើងទាំងអស់គ្នាជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស នៅតែមានជំនឿស្មោះស្ម័គ្រ និងជឿជាក់យ៉ាងមាំដាច់ខាត លើមគ្គុទ្ទេសភាពដឹកនាំដ៏ក្លៀវក្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលធ្លាប់ដឹកនាំជាតិបញ្ចប់សង្គ្រាមផ្ទៃក្នុងកម្ពុជា នៅឆ្នាំ១៩៩៨ នាំមកនូវសន្តិភាពពេញបរិបូណ៌ ជូនមាតុភូមិ និងប្រជាជន និងថ្មីៗនេះ នៅឆ្នាំ២០២៣ បានប្រយុទ្ធឈ្នះបិសាចឥតស្រមោល កូវីដ១៩ (Invisible Covid-19) ដើម្បីបន្តរក្សាការពារសុខសន្តិភាពជូនប្រជាជនកម្ពុជា ។ ហេតុនេះ លើកនេះ ទោះបីប្រឈមមុខនឹងវិញ្ញាសាថ្មីមួយយ៉ាងលំបាកសាកល្បងម្ដេចម្ដា កម្លាំងសាមគ្គីជាតិជាធ្លុងមួយរបស់យើងទាំងអស់គ្នា ក្រោមមគ្គុទ្ទេសភាពថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាកដជានឹងដណ្តើមបានជ័យជម្នះលើពួកខ្មាំងសៀមឈ្លានពាន ដែលប្រៀបដូច “កូវីដ១៩មានស្រមោល (Visible Covid-19)” ជាក់ជាមិនខាន ដើម្បីសេចក្តីសុខក្សេមក្សាន្ត វឌ្ឍនភាព និងវិបុលភាពរបស់មាតុភូមិជាទីស្នេហានៃយើងដរាបតរៀងទៅ។

សរុបមក ស្មេរមានបំណងប្រាថ្នាដ៏ទទូចយ៉ាងស្មោះសរ ឥតងាករេ និងទៀងត្រង់ ដូចតទៅ៖

១. ចង់រៀបចំពិធីសម្ពោធសៀវភៅ “រដ្ឋមន្ត្រីកូវីដ” នៅឱកាសណាមួយតាំងពីមុនពេលឆ្លងឆ្នាំ២០២៥មកម្ល៉េះ។ តែជាអកុសល សង្គ្រាមការពារជាតិរបស់យើងប្រយុទ្ធប្រឆាំងខ្មាំងសត្រូវសៀមឈ្លានពានដែលផ្ទុះឡើងជាថ្មីយ៉ាងក្តៅគគុក បានបង្កបរិយាកាសជ្រួលច្របល់ ខ្វល់ខ្វាយ ល្អក់កករ ដែលបានអូសបន្លាយការប្រារព្ធពិធីបែបនេះ។

២. ទោះបីប្រឈមនឹងស្ថានភាពបែបនេះក្តី អ្នកនិពន្ធថ្មីថ្មោងដូចរូបលោកនេះ នៅតែមានបំណងដ៏មោះមុត ជ្រះថ្លា ខ្វារក ចង់ឱ្យការបោះពុម្ពផ្សាយជាសាធារណៈនូវស្នាដៃដំបូងបំផុតរបស់ខ្លួនឱ្យបានឆាប់បំផុត ដើម្បីអាចចូលរួមចំណែកកាន់តែផុលផុស ជិតស្និទ្ធ និងជាក់ស្តែងជាមួយចលនាជាតិប្រយុទ្ធការពារអធិបតេយ្យ បូរណភាពទឹកដី ក្នុងបុព្វហេតុសុខសន្តិភាព និងវិបុលភាពរបស់មាតុភូមិជាទីស្នេហានៃយើង។

៣. អាស្រ័យហេតុនេះ ក្នុងពេលរង់ចាំដោយអន្ទះសា នូវឱកាសដ៏សមស្របណាមួយសម្រាប់ការប្រារព្ធពិធីសម្ពោធជាផ្លូវការនៅពេលខាងមុខ លោកមានគម្រោងរៀបចំដំណើរការកិច្ចការនេះជាបណ្ដើរៗ ដោយចាប់ផ្តើមពីបទសម្ភាសផ្ទាល់របស់ស្មេរ ការផ្សាយតាមបណ្តាញយូធូប (YouTube Channel) និងតាមមធ្យោបាយផ្សេងទៀត ដើម្បីចែកផ្សាយសៀវភៅ “រដ្ឋមន្ត្រីកូវ៉ឹង” ។

“រដ្ឋមន្រ្តីកូវីដ” ភាគទី២ ជំពូក១ ចាប់ពីដើមរឿងរហូតដល់ដំណាច់ឆ្នាំ២០២១ មាននិយាយអំពី៖

១. ភាពធន់ (Resilience/ Résilience) នៃរដ្ឋបាលសាធារណៈ ពេលមានការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩: ថ្ងៃរះ ឬថ្ងៃលិច?(Sunrise or Sunset?), ពិភពលោកដែលអត់សណ្ដាប់ធ្នាប់ ប្រឈមនឹងកូវីដ១៩, កូវីដ១៩ មកដល់កម្ពុជា (When Covid-19 Reached Cambodia), កូវីដ១៩ គំរាមសុខភាពសាធារណៈ (Covid-19: A Threat to Public Health), កម្ពុជា រួមគ្នាប្រយុទ្ធប្រឆាំងកូវីដ១៩ (When Cambodia Pulled Together), ការរង់ចាំដោយកណ្ដោចតែឯង អង្វែង និងថប់បារម្ភ (A Long Nerve-Wracking Wait in Solitude), កូវីដ១៩ សម្លាប់ក្តីសង្ឃឹមរបស់មនុស្សគ្រប់រូប? (Did Covid-19 Break Our Spirit?), ខំធ្វើការបន្លប់ទុក្ខកង្វល់ (Burying My Pain in Work), អរុណោទ័យនៃក្តីសង្ឃឹម (The Dawn of Hope), អំណរសប្បាយល្បាយទុក្ខសោក (Between Joy and Sorrow), រៀនធ្វើជារដ្ឋមន្ត្រី (Learning What It Means to Be a Minister) ។

២. ទិនទិវារាត្រីរបស់រដ្ឋមន្ត្រីកូវីដ : ភាពជាអ្នកដឹកនាំ និងការងារជាក់ស្ដែង (Days and Nights of the Covid Minister: Leadership & Fieldwork): ការដឹកនាំប្រកបដោយនវានុវត្តន៍ (Innovative Leadership), បណ្តុះកសាងឥទ្ធិពលសម្រាប់ការដឹកនាំ (Cultivating the Influence to Lead), ចុះមូលដ្ឋាន ដើម្បីបានជាគំនិត ដឹកនាំជាក់ស្តែង (Finding Leadership Lessons in the Grassroots), ចូលឆ្នាំថ្មីប្រពៃណីជាតិ តាមរបៀបថ្មី ខណៈពេលកូវីដ (Khmer New Year in the Shadow of Covid), យកការងារធ្វើជាគ្រូ (Work Became My Teacher), បាតុកម្មសិប្បនិម្មិត ប្រឆាំងរដ្ឋមន្ត្រីថ្មី (Facing My First Orchestrated Strike), តស៊ូសាធារណមតិ ប្រឈមមុខច្បូក (Confronting Three Public Challenges), មេរៀនពិសោធ(Lessons I Truly Learned), បញ្ញារាក់ទាក់ (Learning Emotional Strength), រាល់កិច្ចការអន្ទោលដោយបញ្ហា (Successes Shadowed by Failures), សុបិន្តអាក្រក់ (Living Through a Nightmare), ភូមិផងរបងជាមួយវត្ត (Living Beside the Pagoda), ការបាត់បង់ ដែលរកមិនឃើញមកវិញ ជារៀងរហូតម្ដងទៀត (Another Definitive Loss), រោងជាងគ្រួសារ (Family Workshop), ពុលទឹកមាត់ (Rhetoric), របត់ថ្មីនៃជីវិតការងារ (Pivoting My Career), អំណាច និងឥទ្ធិពល (Power and Influence), ការតាំងចិត្ត កសាងទឹកចិត្តថ្មីជាមួយភារកិច្ចថ្មីបន្ថែម (Finding the Resolve for a New Responsibility), ត្រលប់ទៅកាន់អតីតកាល៥០ឆ្នាំមុន (50 Years Ago Today), ស្រណោះជាប់ចិត្ត ខ្លោចចិត្ត និងកាត់ចិត្ត (Despair and Numbness), ភូមិឧបសម្ព័ន្ធ (Annexed Villages), រមែងរែងនឹកគ្រាដើមកន្លងទៅ (Always Remembering the Past), បេសកកម្មនាំសារដំបូង (The First Mission as a Messenger), រូបមន្ត ៤+៣ ធានាភាពប្រក្រតីនៃការងារប្រចាំសប្ដាហ៍ (4+3 Formula to Maintain Weekly Agendas), កន្លែងធ្វើការ គឺជាផ្ទះរបស់យើង (Our Office Our Home), អភិរក្សរបស់ចាស់ដែលនៅមានតម្លៃ (Conserving Valuable Mementos), តម្លៃសាធារណៈ (Public Value), ភ្ជុំបិណ្ឌ បុណ្យដូនតា ខណៈពេលកូវីដ(Ancestors’ Festival Amidst Covid), កែសម្រួលក្បាលម៉ាស៊ីនកែទម្រង់រដ្ឋបាលសាធារណៈ (Adjusting the Committee of The Public Administration Reform), ការត្រួតពិនិត្យការងារជាការដឹកនាំ (Leadership is in the Details), សំណើសុំបង្កើតភូមិថ្មី (A Petition to Create New Villages), រឿងរ៉ាវដែលមិនធ្លាប់បានរ៉ាយរ៉ាប់ (Untold Story), ចុះមូលដ្ឋាន បានរៀនសូត្របន្តទៀត (Learning Through Grassroots Interaction), ចុះមូលដ្ឋាន បានជួយកុមារក្រីក្រ (Helping Underprivileged Children at the Grassroots), កូវីដ១៩ រុកកួន រំខានការងារឥតល្ហែ (Ongoing Work Disruptions from Covid-19) ទោះបីប្រឈមកូវីដ ការរើសបុគ្គលិកត្រូវធ្វើតាមការប្រលងប្រជែង (Competitive Recruitment Resumes Despite Covid), សាកល្បងយុទ្ធវិធី ម៉ាខឺវិលី (Trying to Adapt a Machiavellian Approach), សហគមន៍កូវីដ ២៨ វិច្ឆិកា(The Covid Society of November 28), បុរេសកម្ម បង្កើនកងទ័ពអាវស (Proactively Building a White-Coat Army), ជោគជ័យដំបូងនៃការគ្រប់គ្រងកូវីដ១៩ (The Initial Success in Containing Covid-19), វត្ថុដែលមានតម្លៃបំផុតលើលោក (The Most Valuable Thing in the World), អំណោយបេះដូង (Philanthropic Heart), ឆ្នាំថ្មី សំលៀងជាថ្មីនូវទឹកចិត្តប្រយុទ្ធសាជាថ្មី (A New Year, A New Resolution to Strive Anew), កែសម្រួល វិធីសាស្ត្រផ្សារភ្ជាប់ជាមួយប្រជាជន (Adapting our Methods to Engage the Community), មិនអស់ចិត្តសោះ ពេលមិនទាន់សម្រេចការងារជាអាទិភាព (Unsatisfied with Unfinished Business), កូវីដ១៩ រុញច្រានកម្ពុជា មកដល់មាត់ជ្រោះមរណៈ (When the Nation Almost Stopped Breathing During Covid-19), តួនាទីនយោបាយរបស់ប្រធានស្ថាប័ន (Role of a Political Appointee), ព្យុះព្យោមាជាសកលកូវីដ១៩វាយលុកផ្ទួនៗឥតឈប់ឈរ (The Unstoppable Pandemic), វ៉ាក់សាំងសង្រ្គោះមនុស្សជាតិ (The Life-Saving Vaccine), បង្កើនវិធានការត្រៀមប្រឈមហេតុការណ៍អាក្រក់បំផុត (Preparing for the Worst), កាន់តែប្រឈម កាន់តែស្រួចស្រាល់ និងបុរេសកម្ម (Challenge Demands Proactive Focus), សហគមន៍កូវីដ ដែលតា ២០កុម្ភៈ (February 20: Living Under the Delta Variant), សកម្ម និងបុរេសកម្ម ប្រើប្រាស់ពេលវេលាឱ្យមានតម្លៃជានិច្ច (Always Using Time Proactively), ចុះមូលដ្ឋាន ដើម្បីទទួលបានព័ត៌មានពិតមិនក្លែងក្លាយ (Going to the Grassroots for the Truth – Not Fake News), ដំណោះស្រាយទន់ភ្លន់ បត់បែន តែម៉ឺងម៉ាត់Flexible, but Firm), ចុះមូលដ្ឋាន បានធ្វើអំពើល្អ ធ្វើបុណ្យក្នុងពេលកូវី (Doing Good at the Grassroots During Covid), គំនិតច្នៃប្រឌិត ជានវានុវត្តន៍ជាក់ស្ដែង (From a Creative Idea to a Concrete Innovation), សិទ្ធិ អំណាច កំណត់ដោយច្បាប់ (Authority and Rights Under the Law), អ្នករាជើង ពេលយើងស្រុះដៃគ្នា អុំនាវាកម្ពុជា ឆ្លងកាត់ព្យុះកូវីដ (Those Who Tried to lock Our Unity in the Covid-19 Storm), កូវីដ១៩ បិទខ្ទប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិម្ដងទៀត (Another Khmer New Year Lost to Covid-19), បត់បែនតាមស្ថានការណ៍(Adapting to Circumstances), ដើរមួយជំហាន គិតមួយជំហាន ឆ្ពោះទៅមុខជានិច្ច (Walk One Step, Think One Step, Stay Ahead), រាជធានីភ្នំពេញ ត្រូវបិទខ្ទប់ដោយកូវីដ (Covid-19 Lockdown in Phnom Penh), កសាងភាពស៊ាំក្នុងសហគមន៍(Building Herd Immunity), យុទ្ធសាស្ត្រ “ផ្ការីក” ជាយុទ្ធនាការចាក់វ៉ាក់សាំងចេញពីបេះដូងជាតិ (Launching the “Blossoming Flower” Strategy: Vaccinating from Nation’s Heart), ស្ថិរភាពការងារ ក្នុងស្ថានភាពប្រក្រតីភាពថ្មី(Finding Stability at Work in the New Normal), ល្គឹកណាគ្មានការអារកាត់របស់នាយករដ្ឋមន្ត្រី (If the Prime Minister Does Not Engage), ការបោះឆ្នោតប្រជាធិបតេយ្យមូលដ្ឋាន ខណៈពេលកូវីដ(Local Elections in the Covid-19 Era), ចូលប្រឡូកកាន់តែជោកជាំក្នុងសមរភូមិនយោបាយ សេដ្ឋកិច្ច សង្គមនៅមូលដ្ឋាន (Immersed in Local Political, Economic, and Social Battles), កសាងស្រទាប់អ្នកគ្រប់គ្រងវ័យក្មេង (Building the Next Layer of Young Managers), ពេលដែលកូវីដ១៩ វាយលុកប្រហារយ៉ាងសាហាវបំផុត (The Deadliest Stretch of Covid-19), ទីក្រុងឆ្លាត (Smart City / Ville Intelligente),ហេតុភេទរើសមន្ត្រី បង្កក្តីល្អក់កករដល់សេវាសាធារណៈ (A Recruitment Incident that Clouded Public Service), កំណែទម្រង់រដ្ឋបាលសាធារណៈ ខណៈពេលកូវីដ១៩ (Public Administration Reform Amidst Covid-19), ក្រាលផ្លូវតម្រូវការកសាងទំនាក់ទំនងអន្តរជាតិ (Paving Way for International Relation’s Sake), ទឹកថ្លាតម្លាភាពក្រោយពេលកកូរល្អក់, (Clarity in the Murky Water), ស្មៀនឃុំរលួសមានជ័យ, (Roluos Mean Chey Commune’s Clerk), ភាពធន់នៃសេដ្ឋកិច្ចជាតិ ផ្អែកលើអាជីវកម្មក្នុងស្រុក (Building National Economic Resilience Through Local Business), ការអប់រំសិក្សានៅជនបទ ខណៈពេលកូវីដ១៩ (Education in Rural Areas During Covid-19) ខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុល(30th Anniversary of the Paris Peace Agreement, October 23), គុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ (Pursuing Meritocracy in Public Administration), អ្វីទៅជាគុណាធិបតេយ្យ? (What Does Meritocracy Really Mean?), ការរើសអើង អ្នករងគ្រោះដោយកូវីដ១៩ (Discrimination Against Covid-19 Victims), ក្រូចថ្លុងកោះទ្រង់ (Grapefruit of Koh Trung), ហែអង្គកឋិនទានជួយវត្តទាំង១៧៧ នៅខេត្តក្រចេះ (Kathina Festival Brings Aid to 177 Pagodas in Kratie),សម្បទានដីសេដ្ឋកិច្ច នៅតំបន់កោះទន្លេមេគង្គ (Economic Land Concessions on the Mekong’s Islands), បរិវត្តកម្ម បច្ចេកវិទ្យាព័ត៌មាន – ឌីជីថលកម្ម (Pushing Digital Transformation), គាំទ្រនាយករដ្ឋមន្ត្រីថ្មី វ័យក្មេង (Backing a New, Young Prime Minister), ជោគជ័យជួយលើកទឹកចិត្តការងារ (Finding New Drive in My Successes), ការអភិវឌ្ឍប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (Democratic Development at the Sub-National Level), ការកែទម្រង់ផ្ទៃក្នុងស្ថាប័ននៃក្រសួងមុខងារសាធារណៈ (Reforming the Ministry of Civil Service from Within), ការតាក់តែងព្រះរាជក្រឹត្យស្តីពីការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិល (Drafting the Royal Decree on Civil Service Recruitment) ។

នៅក្នុងវាចាអ្នកនិពន្ធ បានបញ្ជាក់ថា ភាគទី១ ជាសេចក្តីផ្តើមនៃកម្រងសំណេរកំណត់ត្រាសៀវភៅ“រដ្ឋមន្ត្រីកូវីដ” បានបង្កលក្ខណៈងាយស្រួលដល់ការអាន ការតាមដាននិងការស្វែងយល់ពីគោលដៅ អត្ថន័យ ខ្លឹមសារ ទៅតាមដំណើរសាច់រឿងក្នុងភាគទី២។ ហេតុនេះ ភាគទី២ជាភាគសំខាន់ដែលស្មើរមានបំណងបកស្រាយឱ្យបានក្បោះក្បាយ ទូលំទូលាយ ដើម្បីជាអត្ថប្រយោជន៍សម្រាប់មិត្តអ្នកអានទាំងអស់។ភាគទី២ នៃសៀវភៅ “រដ្ឋមន្ត្រីកូវីដ” សរសេររៀបរាប់ពិពណ៌នាលំអិតជាក់ស្តែងទៅតាមលំដាប់លំដោយកាលប្បវត្តិ (Chronology / Chronologie) នៃពេលវេលា ពីជីវិតនិងការងាររយៈពេល៣ឆ្នាំរបស់អ្នកនិពន្ធ។ ម្ល៉ោះហើយ សំណេរខ្លឹមសារអត្ថបទទាមទារពេលវេលា និងការបកស្រាយ អភិប្រាយវែងឆ្ងាយបន្តិច ដែលតម្រូវឱ្យសៀវភៅមានច្រើនទំព័រ ទើបអាចឆ្លុះបញ្ចាំងបានពីការពិត រៀបរាប់ឱ្យបានអស់សេចក្តី ដើម្បីមិត្តអ្នកអានងាយស្រួលយល់និងចងចាំ។

ដើម្បីកុំឱ្យសៀវភៅ “រដ្ឋមន្ត្រីកូវីដ” នេះវែងហួសហេតុ ដែលលោកបានសម្រេចរៀបចំការបោះពុម្ពផ្សាយភាគទី២នេះ ជា៣ជំពូក គឺជំពូក១ ចាប់តាំងពីដើមរឿងរហូតដល់ដំណាច់ឆ្នាំ២០២១។ ជំពូក២ ចាប់ពីដើមឆ្នាំរហូតដល់ដំណាច់ឆ្នាំ២០២២។ ជំពូក៣ ចាប់ពីដើមឆ្នាំ២០២៣ រហូតដល់ការបញ្ចប់បេសកកម្មរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា។ ទន្ទឹមនោះ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការអានការតាមដាន និងការស្វែងយល់ទៅតាមលំអាន លំដាប់លំដោយ នៃសាច់រឿងដ៏វែង អ្នកនិពន្ធរៀបចំឱ្យមាន ចំណងជើងរង (Subtitles /Sous Titres) ដើម្បីសម្រួលរកឱ្យឃើញភ្លាមនូវទំព័រនៃអត្ថបទដែលមានខ្លឹមសារប្រមូលផ្តុំ ខ្លីនិងសំខាន់ ឬផ្នែកណាមួយដែលអ្នកអានចាប់អារម្មណ៍។ លើសពីនេះទៀត ក្នុងអត្ថបទតំណែងនិពន្ធមានរំលេចទៅដោយរូបភាព រូបថត រួមទាំងឯកសារកម្រនានា ដែលជាតឹកតាងបន្ថែមកាន់តែជាក់ស្ដែងនិងរស់រវើកសម្រាប់អំណានជាទូទៅ។

ទោះបីស្ថិតក្នុងស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ននិងទៅអនាគតដែលពោរពេញដោយទុទ្ទិដ្ឋិនិយមយ៉ាងនេះក្តី ស្មេរនៅតែប្រកាន់ជំហរ ស្មារតី និងក្តីសង្ឃឹមជាប់ជានិច្ចសម្រាប់ធ្វើជាត្រីវិស័យជាប់ជាប្រចាំដល់ការសរសេរកំណត់ត្រានេះ។ ហេតុនេះ សំណេរកំណត់ត្រារបស់អ្នកនិពន្ធ មានលក្ខណៈចម្រុះ ឆ្លុះបញ្ចាំងតាមរយៈរដ្ឋបាលសាធារណៈនូវបញ្ហាសង្គម នយោបាយ សេដ្ឋកិច្ច ផ្សារភ្ជាប់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិ ជាអាទិ៍ សង្គ្រាម របបប្រល័យពូជសាសន៍និងយុទ្ធភូមិសាស្ត្រ (Geostrategy) ក៏ដូចជាភូមិសាស្ត្រនយោបាយ។ល។ ចំណែកលំនាំនៃការនិពន្ធទៀតសោត ត្រូវបានស្មើររៀបចំតាមរបៀបនៃការតាក់តែងបែបបុរាណផងបែបសម័យផង ដោយគួបផ្សំតាមបែបបរទេសផង ប៉ុន្ដែខំរក្សាអត្ថរូបអត្ថរស អត្ថន័យ និងខ្លឹមសារជាអក្សរសិល្ប៍ខ្មែរ។ មានឃ្លាឃ្លោង ពាក្យទំនៀមបុរាណ និងពាក្យពេចន៍ខ្មែរជាច្រើនដែលស្មេរ ខំស្រាវជ្រាវ គាស់កកាយយកមកប្រើប្រាស់ឡើងវិញ ដោយផ្ទៀងផ្ទាត់ប្រាកដប្រជា តាមវចនានុក្រមខ្មែរជាផ្លូវការនិងបានពិគ្រោះយោបល់ជាមួយអ្នកជំនាញ ដើម្បីអភិរក្សកេរដំណែល វប្បធម៌សម្បូរបែបរបស់បុព្វបុរស ដូនតាសម័យដើម និងមនុស្សជំនាន់មុន។

សរុបមកវិញ ខ្លឹមសារនៃសៀវភៅ “រដ្ឋមន្ត្រីកូវីដ” ឧទ្ទិសរួមសម្រាប់គោលដៅតែមួយគត់គឺ ជាគតិសម្រាប់ជនានុជន មន្ត្រីរាជការ ពលរដ្ឋរួមជាតិទូទៅ ពិសេសយុវវ័យជំនាន់នេះនិងជំនាន់ក្រោយ។ បំណងប្រាថ្នាតែមួយគត់របស់អ្នកនិពន្ធ គឺការចែករំលែកនូវមេរៀនពិសោធផ្ទាល់នៃជីវិតការងាររបស់មន្ត្រីសាធារណៈ ដែលជាឧត្តមានុវត្តន៍ (Best Practices) កើតចេញពីការអនុវត្តសាកល្បងជាក់ស្ដែងនូវទស្សនៈ (Concept) ទ្រឹស្តី (Academics) និងសិក្ខាបទ (Precepts) សំខាន់ៗក្នុងការងាររយៈពេលជាង៤៥ឆ្នាំកន្លងមក។ ពិសោធន៍ការងារដឹកនាំគ្រប់គ្រងជាទូទៅរយៈពេលជាង៤៥ឆ្នាំ ត្រូវបានចម្រាញ់ ប្រមូលស្រង់យកមកចែករំលែកដោយផ្តើមចេញពីវិញ្ញាសាសាកល្បងនិងការអនុវត្តផ្ទាល់ជាក់ស្ដែងអំឡុងពេល៣ឆ្នាំក្នុងបរិបទនៃប្រក្រតីភាពថ្មីឆ្លងកាត់ព្យុះព្យោមាកូវីដ១៩។ មេរៀនពិសោធជាអភិក្រមជាប់លាប់ គឺការរៀនសូត្រដ៏ទៀងទាត់ ជារៀងដរាបមិនចេះចប់។ នោះគឺរៀនសូត្រពីការងាររៀនសូត្រពីសភាពការណ៍ ស្ថានការណ៍ជាក់ស្ដែងរបស់មនុស្សដែលសម្រេចសម្រេចជាចុងក្រោយ គឺរៀនសូត្រពីការដឹកនាំជីវិត។ ការដឹកនាំ គឺជាសិល្បៈនៃការគិតនិងការសម្រេចចិត្តដោយចេះប្រើប្រាស់យ៉ាងឈ្លាសវៃនូវរបៀននៃការប្រមូលចងក្រង រួមបញ្ចូលគ្នា និងចេះផ្សារភ្ជាប់ដ៏ប៉ិនប្រសប់រវាងអំណាចនិងឥទ្ធិពលក្នុងការប្រឈម ពុះពារដោះស្រាយរាល់បញ្ហាទៅតាមពាក្យស្លោកទាំង ៣ ដូចខាងក្រោម៖

មួយគឺ ចងចាំនិងរៀនសូត្រមេរៀនពិសោធពីអតីតកាលដើម្បីកសាងអនាគតភ្លឺស្វាង។

ពីរគឺ ប្រើប្រាស់ប្រកបដោយវិចារណញ្ញាណពេញលេញនូវបច្ចេកទេសព័ត៌មានវិទ្យាទំនើប សម្រាប់លើកកម្ពស់គុណភាពជីវិត ពិសេសគឺត្រូវចេះប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីជាគុណប្រយោជន៍របស់មនុស្សជាតិ។

បីគឺ“ ទាំងអស់គឺដើម្បីចូលរួមកសាងសុខដុមនីយកម្មសង្គមជាតិ និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ។

ដោយឡែក នៅក្នុងសន្និដ្ឋាន ​​នាពាក់កណ្ដាលផ្លូវនៃជីវិតនិងការងារ “៣ឆ្នាំចាំមិនភ្លេច” របស់រដ្ឋមន្រ្តីកូវីដ បានស្រង់តុល្យការ ធ្វើការសន្និដ្ឋាន៣ចំណុចសំខាន់ ដូចតទៅ៖

១. ផ្តើមជីវិតការងារជារដ្ឋមន្ត្រី ក្រោយរយៈពេល៣០ឆ្នាំបំពេញការងារជាអនុរដ្ឋមន្ត្រីនិងជារដ្ឋលេខាធិការ កិច្ចការចម្បងដែលលោកប៉ងប្រាថ្នានិងតាំងសច្ចា ខិតខំតស៊ូសម្រេចឱ្យបាន គឺត្រូវរៀនសូតឱ្យចេះធ្វើជារដ្ឋមន្ត្រីល្អបម្រើប្រជាជន។​​ ជាងមួយឆ្នាំកន្លះមកនេះ លោកបានស៊ូទ្រាំ អត់ធ្មត់លត់ដំ​​ ខំរៀនសូត្រជានិច្ច រៀនសូត្រពីការងារ រៀនសូត្រពីសភាពការណ៍ និងរៀនសូត្រពីការដឹកនាំ។ រៀនសូត្រពីការងារ ដូចឃ្លានៃពាក្យសម្ដីដ៏ខ្លីតែថ្លៃថ្លាយ៉ាងសាមញ្ញរបស់លោកឪពុកដែលបានប្រៀនប្រដៅរូបលោកតាំងពីតូចក្រូចឆ្មារមកថា “ការងារវាបង្រៀនយើងទេកូន!” ឬដូចអ្វីដែលពេលឥឡូវនេះគេហៅថា “រៀនសូត្រក្នុងការងារ” (Learning by Doing Apprentissage par la Pratique) ។ មកដល់ថ្ងៃនេះ អ្វីដែលលោកបានតាំងសច្ចាជាគំនិត លោកពិតជាអាចប្រែក្លាយទៅជាទង្វើប្រព្រឹត្តជាក់ស្ដែង ដោយលោកមានឱកាសម្ចាស់ការខ្លួនឯង (Self-Ownership Opportunity) ក្នុងការចាត់ចែងអនុវត្ត ធ្វើឱ្យប្រាកដជាក់ស្ដែងនូវពិសោធន៍ចំណេះដឹង (Academics) គួបផ្សំជាមួយពិសោធន៍ចំណេះធ្វើជាឧត្តមានុវត្តន៍ (Best Practices) ដើម្បីសម្រេចសាច់ការជាស្នាដៃការងារគួរឱ្យកត់សម្គាល់។ លោកអាចធ្វើជារដ្ឋមន្ត្រីបានក្នុងពេលកូវីដ១៩។ អ្វីដែលភរិយាលោក បានប្រសិទ្ធិនាមឱ្យលោកថាជា “រដ្ឋមន្ត្រីកូវីដ” គឺពិតជាត្រឹមត្រូវមែន ប៉ុន្តែលោកមិនតាំងខ្លួនធ្វើជារដ្ឋមន្ត្រីដែលមានតែឈ្មោះនោះទេ (I am a Real Minister, Not a Pseudo Minister) ។ ពិតមែនតែបេសកកម្មការងារដ៏ធ្ងន់ធ្ងរជាប្រវត្តិសាស្ត្រនេះកំពុងស្ថិតនៅលើផ្លូវដ៏លំបាកសាកល្បងវែងឆ្ងាយបន្តទៀត ប៉ុន្តែលោកមានជំនឿជាក់ថា លោកអាចធ្វើជារដ្ឋមន្ត្រីបាន ទោះបីស្ថានការណ៍ កាលៈទេសៈ និងបរិយាកាសដ៏សែនលំបាកសាកល្បងធ្ងន់ធ្ងរ ប្រែប្រួល បត់បែនម្តេចម្តាយ៉ាងណាក្តី។

២. ភាពជាអ្នកដឹកនាំឬការដឹកនាំ (Leadership) និយាយឱ្យចំដើម្បីងាយស្រួលយល់តាមនិយមន័យផ្ទាល់របស់លោក គឺជា“ សិល្បៈនៃការគិតនិងការសម្រេចចិត្តដើម្បីដោះស្រាយបន្ត (The Art of Thinking and Decision Making to Solve Problems)” ។ នេះជាសិល្ប៍វិធីនៃការចេះចងក្រង រួមបញ្ចូលគ្នាធ្វើឱ្យមានការផ្សារភ្ជាប់ជាក់ស្តែង រវាងអំណាចនិងឥទ្ធិពល ក្នុងការដោះស្រាយរាល់បញ្ហា។ បញ្ហា គឺជាអ្វីដែលទស្សនវិជ្ជាព្រះពុទ្ធសាសនា បានកំណត់ថាជាទុក្ខលំបាក ឬ ទុក្ខំ (Suffering) ជាសច្ចភាពដែលកើតមានឡើងជាធម្មតា សម្រាប់សត្វលោកជាទូទៅ។ នេះគឺជាអរិយសច្ចទីមួយក្នុងចំណោមអរិយសច្ចទាំងបួន (The Four Noble Truths) នៅក្នុងក្បួនតម្រាព្រះពុទ្ធសាសនាដ៏ឧត្តុង្គឧត្តមនៃយើង។ ហេតុនេះ បញ្ហា គឺជាស្រមោលអន្ទោលតាមប្រាណមនុស្សគ្រប់រូបដោយគ្មានលើកលែងអ្នកណាម្នាក់សោះឡើយ។ ការប្រឈមមុខទល់នឹងបញ្ហា ដើម្បីដោះស្រាយបញ្ហា គឺជាការដឹកនាំពិតប្រាកដ។​ ធ្វើជាអ្នកដឹកនាំ ជាអ្នកគ្រប់គ្រង ធ្វើជារដ្ឋមន្ត្រី ត្រូវចងចាំជាប់ជានិច្ចនៅក្នុងបេះដូងថា លើលោកសន្និវាសនេះ គ្មានអ្វីដែលសម្រេចបានយ៉ាងងាយស្រួល ដោយគ្មានការបាត់បង់និងគ្មានការលះបង់អ្វីនោះសោះឡើយ។ ឃ្លាភាសាអង់គ្លេសនិងភាសាបារាំង គេនិយាយថា “No Pain No Gain ų On N’a Rien Sans Rien ques” ប្រែមកមានន័យស្មើនឹងឃ្លាថា “បើគ្មានការឈឺចាប់ នឹងពុំទទួលបានអ្វីមកវិញសោះឡើយ”។ ក្នុងរយៈពេល៦៣៦ថ្ងៃកន្លងមក គ្មានថ្ងៃណាដែលខ្ញុំមិនជួបប្រទះមិនឆ្លងកាត់ មិនវះកាត់ដោះស្រាយរាល់បញ្ហាប្រឈមដែលចោទឡើងជាប្រចាំ ជាបន្តបន្ទាប់ និងជាញឹកញាប់ជាប់សូរមិនដាច់នោះសោះឡើយ។ រីឯលទ្ធផលសម្រេចបាន គឺពិតជាតុរង្វាន់ (Reward) ជាសុភមង្គល (Happiness) តូចមួយសម្រាប់ជីវិតនិងការងាររបស់យើង។

៣. ទោះបីខ្លួនលោកបានឡើងធ្វើជារដ្ឋមន្ត្រីក្នុងរយៈពេលមួយដ៏ខ្លីបំផុត ស្ទើរមិនបានយូរប៉ុន្មាន នៅក្នុងទេសៈកាលៈមួយដ៏សែនលំបាក ខុសប្លែកពីធម្មតា ដោយសារកូវីដ១៩ ដែលបង្កើតឡើងនូវបរិយាកាសមួយដ៏សែនស្មុគស្មាញអស្ចារ្យ ជាស្ថានការណ៍ប្រថុយប្រថានមិនអាចទស្សន៍ទាយប៉ាន់ស្មានបានយ៉ាងណាក៏ដោយ ក៏លោកខ្ញុំនៅតែពុះពារជម្នះ ខិតខំរែកពុនភារកិច្ច លុះត្រាតែសម្រេចបានលទ្ធផលក្នុងជំហានដំបូង។ ប្រសិនបើមើលមួយភ្លែតពីក្រៅដោយមិនបានចូលជ្រៅទៅក្នុងអ្វីដែលជាសកម្មភាពជាក់ស្ដែងប្រកបដោយផ្លែផ្កា ប្រាកដជាមានការយល់យ៉ាងសាមញ្ញថា ធ្វើជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងសម័យកូវីដគ្មានអ្វីធ្វើក្រៅពីចុះហត្ថលេខាលើតារាងបៀវត្សមន្ត្រីរាជការតែប៉ុណ្ណោះ។ កិច្ចការនេះទៀតសោតអាចធ្វើតាមមធ្យោបាយអនឡាញ (Online) ពីចម្ងាយ ពីផ្ទះក៏បាន ប៉ុន្តែដូចការរៀបរាប់បរិយាយក្នុងដំណើររឿងវែងឆ្ងាយពីខាងដើមស្រាប់ គឺលោកនិងសហការីរួមគ្នាតស៊ូខាំស្មៅ ក្រាញននៀលដោយសុទ្ធចិត្តទៀងត្រង់ ធ្វើផ្ទាល់ដោយខ្លួនឯង នៅនឹងកន្លែង ស្ទើរគ្មានចំបែងរអែងពីអ្វីជាហានិភ័យនៃកូដ១៩ ឬពីការរអៀសចិត្ត រអៀសខ្លួនពីអ្នកដទៃនោះសោះឡើយ។ ទោះបីនៅពេលខ្លះ ក្នុងករណីខ្លះ មានអ្នកខ្លះពិសេសគឺពួកអ្នកឱកាសនិយម “កន្ទេលធំ បន្លំដេក” យល់ច្រឡំស្មានខុសស្រឡះទាំងស្រុងមកលើទង្វើជាបំណងល្អដោយស្មោះសរនិងទៀងត្រង់របស់លោក ដែលម្តងម្កាលបង្កជាការប្រឈមស្រួចស្រាល់ស្ទើរនឹកស្មានមិនដល់យ៉ាងណាក្តី លោកនៅតែខំអប់រំបន្ទុំចិត្ត រម្ងាប់ក្តីចំបែងដោយខ្លួនឯងតាមពាក្យរំលឹកប្រៀនប្រដៅជាញឹកញាប់របស់អ្នកម្តាយ “ចាញ់បានជាព្រះ ឈ្នះបានជាមារណាកូនម្តាយ!” ដោយតាំងចិត្តឱ្យបានស្ងប់ដើម្បីបន្តដំណើរទៅមុខទៀតលើជំហាននៃក្ដីសង្ឃឹម។ ពេលដែលយើងសម្លឹងមើលទៅព្រះអាទិត្យនៅឰដ៏ជើងមេឃ ឯនាយដ៏សែនឆ្ងាយ ប្រសិនបើយើងមិនបានគិតពិចារណាឱ្យបានល្អិតល្អន់ដោយវិចារណញាណពេញលេញ (Mindfulness) យើងប្រាកដជាពិបាកសន្និដ្ឋានបានថាជាថ្ងៃរះឬថ្ងៃលិចនោះណាស់។ សម្រាប់រូបលោកជារដ្ឋមន្ត្រីកូវីដ ទោះបីថ្ងៃលិចក៏ដោយ ថ្ងៃរះក៏ដោយ នោះគ្រាន់តែជាក្រឹត្យក្រមធម្មជាតិជាធម្មតារបស់សត្វលោកលើភពផែនដីនេះតែប៉ុណ្ណោះ ឱ្យតែមានកែវភ្នែកមើលឃើញពន្លឺថ្ងៃបាន នោះគឺពិតជាមានជីវិត មានការត្រិះរិះគិត និងមានក្តីសង្ឃឹមជាដរាប គ្មានទីអវសាន។ ម្ល៉ោះហើយ បើទោះបីត្រូវប្រឈមមុខទល់ស្ថានការណ៍ប្រែប្រួលមិនទៀង ជួនកាលបណ្តាលឱ្យកើតហេតុការណ៍ប្រែក្រឡាប់ចាក់យ៉ាងណាក៏ដោយ លោកនិងក្រុមការងារខាំស្មៅនៅតែឈរជង្រឹ្គងនិងបានបោះជំហានទៅមុខជាដរាបដោយជំនឿចិត្តរឹងមាំ។ សរុបមក ឱកាសការងារនិងពេលវេលាដ៏មានតម្លៃ ព្រមទាំងផ្លែផ្កាជាមនុញ្ញផលផ្តល់មក ជាមួយការទទួលស្គាល់ពីថ្នាក់ដឹកនាំពិ សេសសម្តេចតេជោ នាយករដ្ឋមន្តី គឺជាក្តីប្រាថ្នានិងជាការលើកទឹកចិត្តតែមួយគត់សម្រាប់រដ្ឋមន្ត្រីកូវីដ លើដំណើរផ្លូវជីវិតនិងការងាររបស់ខ្លួនបន្តទៅមុខទៀត ៕

RELATED ARTICLES