ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ច្រានចោលការចោទប្រកាន់របស់ភាគីថៃ ដែលថា ពួកគេពង្រឹងរបងលួសបន្លានិងដាក់ពង្រាយរថពាសដែកនៅតំបន់ច្រកអូរស្មាច់ ក្នុងទឹកដីកម្ពុជា ដែលយោធាថៃ កំពុងកាន់កាប់ដោយខុសច្បាប់ ដោយអះអាងថាមានសកម្មភាពញុះញង់ពីភាគីកម្ពុជា។

សេចក្តីប្រកាសព័ត៌មាន របស់លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃព្រហស្បតិ៍ ១៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ មានខ្លឹមសារទាំងស្រុងថា «សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាបថា ៖ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ផេកហ្វេសប៊ុកផ្លូវការរបស់ Royal Thai Army បានផ្សព្វផ្សាយព័ត៌មានអំពីការពង្រឹងរបងលួសបន្លានិងដាក់ពង្រាយរថពាសដែក នៅតំបន់ច្រកអូរស្មាច់ ក្នុងទឹកដីកម្ពុជាដែលយោធាថៃ កំពុងកាន់កាប់ដោយខុសច្បាប់ ដោយអះអាងថា មានសកម្មភាពញុះញង់ពីភាគីកម្ពុជា។ ចំពោះការលើកឡើងនេះ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់ថា «មិនមែនជាការពិត និងគ្មានមូលដ្ឋាន»។ កងកម្លាំងកម្ពុជា តែងអនុវត្តភារកិច្ច ដោយគោរពវិន័យយោធា បទបញ្ជារបស់ថ្នាក់ដឹកនាំ និងគោលការណ៍វិជ្ជាជីវៈ យ៉ាងតឹងរ៉ឹង។ កងកម្លាំងកម្ពុជា បន្តប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់ ការទទួល ខុសត្រូវ និងការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារអធិបតេយ្យនិងបូរណភាពទឹកដីជាតិ ខណៈពេលជាមួយគ្នានេះ ក៏បានខិតខំរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងការចៀសវាងភាពតានតឹងនៅតាមតំបន់ព្រំដែនផងដែរ។
គួរឱ្យកត់សម្គាល់ផងដែរថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទើបចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់និងរាយ ការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់ច្រកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ស្រាប់តែនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៦:២០នាទីព្រឹក កងកម្លាំងយោធាថៃ បានធ្វើសកម្មភាពចល័តរថពាសដែក ចំនួន ២គ្រឿង និងកម្លាំងប្រមាណ ៧០នាក់ ចូលមកទីតាំងក្នុងភូមិសាស្រ្តច្រកព្រំដែនអន្តរជាតិ អូរស្មាច់ ខេត្តឧត្តរមានជ័យ និងបានរាយលួសបន្លាបន្ថែមលើលួសបន្លាចាស់ដែលភាគីថៃ បានហ៊ុមព័ទ្ធកាន់កាប់យកដោយខុសច្បាប់ និងធ្វើសកម្មភាពយោធា ដោយមិនមានការជូនដំណឹងជាមុន ដល់ក្រុមទំនាក់ទំនងរបស់យោធភូមិភាគទី៤ កម្ពុជា ឡើយ។ ភ្លាមៗបន្ទាប់ពីយោធាថៃ ធ្វើសកម្មភាព ក្រុមទំនាក់ទំនងរបស់យោធភូមិភាគទី៤ កម្ពុជា បានធ្វើការទាក់ទងទៅកាន់កងទ័ពភូមិភាគទី២ ថៃ ឱ្យធ្វើការបញ្ឈប់សកម្មភាពជាបន្ទាន់ និងអំពាវនាវឱ្យយោធាថៃ ត្រឡប់មកគោរពនូវរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា។
សូមគូសបញ្ជាក់ផងដែរថា ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក រាជរដ្ឋាភិបាល និងកង កម្លាំងរបស់កម្ពុជា តែងតែប្រកាន់យ៉ាងម៉ឺងម៉ាត់ ច្បាស់លាស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួន និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ចំពោះសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈ កម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត។ ក្នុងន័យនេះ ក្រសួងការពារជាតិអំពាវនាវឱ្យភាគីថៃ គោរពឱ្យបានខ្ជាប់ខ្ជួន ប្រកបដោយសុច្ឆន្ទៈ ភាពថ្លៃថ្នូរ និងភាពស្មោះត្រង់ដូចកម្ពុជា ដែរ ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន»៕ ខៀវទុំ