ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាប្រើប្រាស់ប្រេងឥន្ធនៈ ដោយសន្សំសំចៃ ខណៈតម្លៃប្រេងចាប់ផ្តើមកើនឡើង ដោយ សារការផ្ទុះសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បណ្តាលឱ្យកាត់ផ្តាច់នូវការផ្គត់ផ្គង់ប្រេង។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ប្រាប់កាលពីព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ថា ក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការកើនឡើងនៃតម្លៃប្រេង និងស្តុក ប្រេង របស់ក្រុមហ៊ុននាំចូល ដើម្បីធានាដល់ការផ្គត់ផ្គង់ប្រេងក្នុងប្រទេសកម្ពុជា។
លោកបន្ថែមថា ក្នុងករណីតម្លៃប្រេងកើនឡើង ដើម្បីបន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល នឹងធ្វើការឧបត្ថម្ភធនដើម្បីបញ្ចុះថ្លៃប្រេង ដល់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ ក្រសួង ស្ថាប័នពាក់ព័ន្ធ នឹងបន្តប្រឹង ប្រែងស្វែងរកប្រភពផ្គត់ផ្គង់ប្រេង ដើម្បីធានាឱ្យស្តុកប្រេង សម្រាប់រយៈពេល ១ខែ ដូចពេលមុនៗ។

យ៉ាងណា ក្រសួងពាណិជ្ជកម្ម ក៏រំពឹងថា សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា នឹងបញ្ចប់ក្នុងពេលឆាប់ៗ ដែលនឹងធ្វើឱ្យតម្លៃនិងការផ្គត់ផ្គង់ប្រេង ត្រឡប់មករកប្រក្រតីភាពឡើងវិញ ហើយប្រសិនសង្គ្រាមអូសបន្លាយយូរ សង្ឃឹមថា អាមេរិក នឹងបញ្ចេញស្តុកប្រេង ដើម្បីបន្ថយសម្ពាធជាអន្តរជាតិមួយនេះ៕