Friday, January 30, 2026
Homeនយោបាយកម្ពុជា-កូរ៉េខាងត្បូង នឹងដំឡើងទំនាក់ទំនង ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

កម្ពុជា-កូរ៉េខាងត្បូង នឹងដំឡើងទំនាក់ទំនង ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

ភ្នំពេញ ៖ ក្នុងជំនួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា លោក គីម ចាងយ៉ុង (Kim Changyong) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សាធារណរដ្ឋកូរ៉េ និងកម្ពុជា រំពឹងថា នឹងអាចដំឡើង កម្រិតពីទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយរូបលោកផ្ទាល់ នឹងខិតខំប្រឹងប្រែងធ្វើកិច្ចការងារដើម្បីដំឡើងកម្រិតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ។

លោកឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង បានថ្លើងបែបនេះ ឆ្លើយតបនឹងការលើកឡើងរបស់សម្ដេច  ហ៊ុន សែន ថានៅឆ្នាំក្រោយ ជាខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដូច្នេះភាគីទាំងពីរ គួរតែពង្រីកទំនាក់ទំនង ពីដៃគូយុទ្ធសាស្ត្រ ឱ្យក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ព្រោះបច្ចុប្បន្ននេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺមានភាពរីកចម្រើនស្ទើរគ្រប់វិស័យទៅហើយ។

សូមបញ្ជាក់ថា នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោក គីម ចាងយ៉ុង (Kim Changyong) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនេះ សម្ដេច ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរដែលលោកគីម ចាងយ៉ុង ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេច បានចាត់ទុកវត្តមានលោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា ពេលនេះ ជាការបង្ហាញយ៉ាងច្បាស់ថា កូរ៉េខាងត្បូង បានផ្ដល់តម្លៃយ៉ាងខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា-កូរ៉េ។ សម្ដេច បានមានប្រសាសន៍លើកឡើងបន្ថែមទៀតថា ទំនាក់ទំនងកម្ពុជា និងកូរ៉េខាងត្បូង គឺសម្ដេច បានខិតខំប្រឹងប្រែងពូនជ្រំ តាំងពីដើមរៀងមក ពោលគឺចាប់តាំងពីឆ្នាំ១៩៩៦ មក ហើយនៅក្នុងឆ្នាំ២០២៧ ខាងមុខនេះ គឺជាខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងឡើងវិញ រវាងសាធារណរដ្ឋកូរ៉េ និងកម្ពុជា។ សម្ដេច សង្ឃឹមថា ខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងរវាងប្រទេសទាំងពីរ យើងនឹងសហការគ្នារៀបចំជាព្រឹត្តិការណ៍ ដើម្បីអបអរសាទរ។

នៅក្នុងឱកាសនោះផងដែរ លោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការអរគុណចំពោះសម្ដេច ហ៊ុន សែន ដែលបានផ្ដល់ឱកាសឱ្យលោក និងសហការី បានជួបសម្ដែងការគួរសម នៅក្នុងឱកាសនេះ។ លោកបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន សែន កន្លងមក ទំនាក់ទំ នងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ មានការរីកចម្រើនជាលំដាប់ និងបន្តដោយការដឹកនាំរបស់សម្ដេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នាពេលបច្ចុប្បន្ន ទំនាក់ទំនងនេះ ត្រូវបានពូនជ្រំបន្ថែមទៀត រហូតដល់ក្លាយជាដៃគូយុទ្ធសាស្ត្រជាមួយគ្នា។ លោកបានចាត់ទុកតួអង្គសម្ដេច ហ៊ុន សែន គឺជាអ្នកពូនជ្រំ និងជាស្ថាបនិកនៃការ បង្កើតនិងពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ លោកបានបញ្ជាក់បន្ថែមថា នៅក្នុងអាណត្តិលោកជាឯកអគ្គរដ្ឋទូត លោកនឹងខិតខំប្រឹងប្រែងក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សម្ដេច ហ៊ុន សែន បានអរគុណចំពោះលោកឯកអគ្គរដ្ឋទូត ដែលបានលើកឡើងពីភាពរីកចម្រើននៃទំនាក់ ទំនងរវាងប្រទេសទាំងពីរ។ សម្ដេច បានកត់សម្គាល់ថា នៅឆ្នាំក្រោយ ខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ភាគីទាំងពីរ គួរតែពង្រីកទំនាក់ទំនង ពីដៃគូយុទ្ធសាស្ត្រ ឱ្យក្លាយទៅជាដៃគូយុទ្ធ សាស្ត្រគ្រប់ជ្រុងជ្រោយ ពីព្រោះថា បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ គឺមានភាពរីកចម្រើន ស្ទើរគ្រប់វិស័យទៅហើយ ដូច្នេះទំនាក់ទំនងនេះ គួរតែបន្ថែមទៀត ដោយលើកកម្រិតទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ជាការឆ្លើយតប ពាក់ព័ន្ធទៅនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ លោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ រំពឹងថា នឹងអាចដំឡើងកម្រិតពីទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយរូបលោកផ្ទាល់ នឹងខិតខំប្រឹងប្រែងធ្វើកិច្ចការងារជាច្រើន ដើម្បីដំឡើងកម្រិតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ។ជាចុងក្រោយ សម្ដេច ហ៊ុន សែន បានជូនពរលោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់៕ ខៀវទុំ

RELATED ARTICLES