Saturday, January 24, 2026
Homeនយោបាយថៃឈ្លានពានបំផ្លាញផ្ទះខ្មែរ អ្នកវិភាគថា កម្ពុជា រក្សាភាពស្ងាត់ស្ងៀម មិនមែនជម្រើសល្អ

ថៃឈ្លានពានបំផ្លាញផ្ទះខ្មែរ អ្នកវិភាគថា កម្ពុជា រក្សាភាពស្ងាត់ស្ងៀម មិនមែនជម្រើសល្អ

ភ្នំពេញ ៖ អ្នកវិភាគ បានលើកឡើងថា អំពើឈ្លានពានពីសំណាក់ប្រទេសថៃ ដែលបាននិងកំពុងបំផ្លាញលំនៅឋាន (ផ្ទះ) និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ គឺជាបញ្ហាធ្ងន់ណាស់ ដែលរដ្ឋាភិបាលកម្ពុជា មិនអាចមើលរំលង ព្រោះការរក្សាភាពស្ងាត់ស្ងៀម មិនមែនជាជម្រើសល្អសម្រាប់ការពារជាតិនិងប្រជាពលរដ្ឋឡើយ ព្រោះភាពអសកម្ម អាចនាំឲ្យមេដឹកនាំ រងការរិះគន់យ៉ាងខ្លាំង និងត្រូវចោទប្រកាន់ថា ខ្វះសមត្ថភាពក្នុងការការពារផលប្រយោជន៍ជាតិ ។ ដូច្នេះរាជរដ្ឋាភិបាល គួរពន្លឿននីតិវិធីនិងដំណើរការប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរ ជាតិ(ICJ) ឲ្យបានឆាប់និងមានប្រសិទ្ធភាពបំផុត។ អ្នកវិភាគរូបនេះ បានសង្កត់ធ្ងន់ថា ទោះបីជាស្ថិតក្នុងស្ថាន ភាពលំបាកយ៉ាងណាក៏ដោយ កម្ពុជា គួរចាប់យកសាមគ្គីជាតិ ជាគោល និងបញ្ចប់វប្បធម៌ចងកំហឹង គុំកួនសងសឹកចំពោះខ្មែរគ្នាឯង ដើម្បីអនាគតសន្តិភាព និងស្ថិរភាពរបស់ប្រទេសជាតិ ។

 លោក សេក សុជាតិ ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត និងជាអ្នកវិភាគនយោបាយ-សង្គម បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ថា “អំពើឈ្លានពានពីសំណាក់បរទេស (ថៃ ឬសៀម) ដែលកំពុងបំផ្លាញលំនៅឋាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ គឺជាបញ្ហាធ្ងន់ធ្ងរដែលរដ្ឋាភិបាលកម្ពុជា មិនអាចមើលរំលងបានឡើយ។ ដូច្នេះរដ្ឋាភិបាល គួរពន្លឿននីតិវិធី និងដំណើរការ ប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិឲ្យបានឆាប់ និងមានប្រសិទ្ធភាពបំផុត។ ការរក្សាភាពស្ងប់ស្ងៀម មិនមែនជាជម្រើសល្អសម្រាប់ការការពារជាតិ និងប្រជាពលរដ្ឋឡើយ ព្រោះការអសកម្ម អាចនាំឲ្យមេដឹកនាំ រងការរិះគន់យ៉ាងខ្លាំង និងត្រូវចោទប្រកាន់ថា ខ្វះសមត្ថភាពក្នុងការការពារផលប្រយោជន៍ជាតិ“ ។

 លោក សេក សុជាតិ បានសរសេរបន្តថា “មានការលើកឡើងមួយចំនួនថា ភាពស្ងប់ស្ងៀម អាចជាយុទ្ធ សាស្ត្រកម្រិតខ្ពស់។ ទោះជាយ៉ាងណា ភាពស្ងប់ស្ងៀម មិនគួរមានន័យថា ការអសកម្ម ឬការមិនឆ្លើយតបចំពោះអំពើឈ្លានពាននោះទេ។ បញ្ហាជាតិ គឺជាបញ្ហារួមរបស់ខ្មែរគ្រប់រូប ដូច្នេះគ្រប់ភាគី គួរចូលរួមបញ្ចប់វប្បធម៌ហិង្សា និងការចោទប្រកាន់គ្នាផ្ទៃក្នុង ដើម្បីផ្ដោតលើការការពារជាតិជាធំ។ ការរួបរួមជាតិ គឺជាយុទ្ធ សាស្ត្រសំខាន់មួយក្នុងការទប់ស្កាត់អំពើឈ្លានពានពីបរទេស“ ។

 លោក សេក សុជាតិ បានសរសេរបន្តទៀតថា “ការរៀបចំឯកសារ ភ័ស្តុតាង និងការសិក្សាច្បាប់អន្តរជាតិ គួរត្រូវបានពន្លឿនឲ្យបានឆាប់និងមានប្រព័ន្ធ។ ខណៈដែលអំពើឈ្លានពានកំពុងបង្កសម្ពាធផ្លូវចិត្តដល់ប្រជាជាតិខ្មែរ គ្រប់ទីកន្លែង មេដឹកនាំជាតិ គួរបង្ហាញផែនទីបង្ហាញផ្លូវច្បាស់លាស់ ប្រកបដោយការប្ដេជ្ញាចិត្តនិងទំនួលខុសត្រូវខ្ពស់។ ការបន្តស្ងៀមស្ងាត់ នឹងធ្វើឲ្យកម្ពុជា រងសម្ពាធកាន់តែខ្លាំង ទាំងផ្ទៃក្នុង និងអន្តរជាតិ។ ការបើកលំហូរប្រជាធិបតេយ្យសេរី ការផ្សះផ្សារជាតិ និងការបង្រួបបង្រួមនយោបាយផ្ទៃក្នុង គឺជាគន្លឹះសំខាន់ក្នុងការការពារជាតិ។ ការរួបរួមគ្នា ប្រសើរជាងការប្រឆាំងគ្នាផ្ទៃក្នុង។ ទោះស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ កម្ពុជា គួរចាប់យកសាមគ្គីជាតិ ជាគោល និងបញ្ចប់វប្បធម៌ចងកំហឹង ដើម្បីអនាគតសន្តិភាព និងស្ថិរភាពរបស់ប្រទេសជាតិ។ មិត្តភាពល្អ ជាដំណើរផ្លូវក្រាលមាស“ ។

 បន្ថែមលើសំណេរតាមបណ្តាញសង្គម ខាងលើនេះ លោក សេក សុជាតិ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ថា ការស្ងៀមស្ងាត់ មិនមែនជាយុទ្ធសាស្រ្តឆ្លាតវៃនោះទេ តែអ្វីដែលគួរតែធ្វើ នៅក្នុងស្ថានភាពនេះ គឺគួរតែប្រមូលភ័ស្តុតាង ឲ្យបានគ្រប់់គ្រាន់ រៀបចំបទដ្ឋានគតិយុត្ត ប្ដឹងទៅតុលាការយុត្តិធម៌អន្តរ ជាតិ ដោយប្រើប្រាស់ច្បាប់អន្តរជាតិ ជាមូលដ្ឋាន និងបង្ហាញរូបភាពនៅក្នុងនាមសំឡេងខ្មែរតែមួយ ទៅកាន់សហគមន៍អន្តរជាតិ ។ ការធ្វើនេះ គឺជាវិធីសាស្រ្តមួយ ដែលមានប្រសិទ្ធភាព និងស្របច្បាប់បំផុត ហើយកាល ណាធ្វើបែបនេះបាន គ្រប់យ៉ាងទាំងអស់ នឹងមានភាពល្អប្រសើរជាងនេះ អាចនឹងធ្វើឲ្យពួកបរទេស លែងមានអំនួត ឬក៏ត្រូវដោះស្រាយជាមួយគ្នានៅក្នុងផ្លូវច្បាប់ ជំនួសឲ្យការដោះស្រាយដោយការប្រើប្រាស់កម្លាំងប្រ ដាប់អាវុធ ដូចពេលមុនៗ។

លោក សេក សុជាតិ បានមានប្រសាសន៍ថា “បាទ! នៅក្នុងចំណុចនេះ ខ្ញុំចង់និយាយពីភាពស្ងៀមស្ងាត់ រយៈពេលយូរហ្នឹង អាចនឹងមានការបកស្រាយខុសគ្នា ហើយជាទូទៅ យើងអាចដឹងហើយថា ពេលខ្លះ វាជារឿងល្អ ពេលខ្លះ វាជារឿងមិនល្អ ហើយបើសិនជាយើងស្ងាត់ស្ងៀម ដោយសារតែផ្លូវច្បាប់ គេតម្រូវឲ្យប្រើប្រាស់ពេលវេលា ដោយអនុលោមទៅតាមគោលការណ៍ ថាពេលដែលយើងដាក់ទៅ ប្រើប្រាស់ពេលប៉ុណ្ណេះ ឬក៏មានលក្ខខណ្ឌអី អាហ្នឹងយើងគួរតែស្ងៀមស្ងាត់បាន ។ ក៏ប៉ុន្តែអ្វីដែលយើងមើលពាក់ព័ន្ធនឹងការឈ្លានពានរបស់ថៃ មកលើកម្ពុជា ហើយយើងអត់មានសកម្មភាពអីច្បាស់លាស់ អ៊ីចឹងវាធ្វើឲ្យមានការយល់ច្រឡំ ហើយយើងឃើញហើយ នៅពេលដែលបងប្អូនប្រជាពលរដ្ឋជាច្រើន ត្រូវបានគេបំផ្លាញផ្ទះ ឬទ្រព្យសម្បត្តិរបស់គាត់ ត្រូវបានគេរឹបអូសអីអ៊ីចឹង ហើយគាត់ក្លាយទៅជាមនុស្សដែលគ្មានផ្ទះសម្បែង អ៊ីចឹងគាត់មានការភ័យខ្លាចណាស់ ។ ដូច្នេះរដ្ឋ មានកាតព្វកិច្ចត្រូវធ្វើកិច្ចការនេះ ដោយធ្វើទៅតាមច្បាប់អន្តរជាតិ ជារឿងល្អបំផុត ទាមទារឲ្យប្រជាពលរដ្ឋ ការពារប្រជាពលរដ្ឋ ហើយនិងដាក់សេចក្ដីចម្លងជាផ្លូវការ ទៅអង្គការសហប្រជាជាតិ ទៅស្ថាប័នកំពូលធំៗ ហើយនិងធ្វើសន្និសីទ ក៏ដូចជារៀបចំផ្សព្វផ្សាយសារព័ត៌មាន ឲ្យបានទូលំទូលាយ នៅជុំវិញពិភព លោក ព្រោះកាលណាតែយើងស្ងប់ស្ងៀម វាធ្វើឲ្យគេយល់ច្រឡំថា យើងអត់ធ្វើអី ហើយវាប៉ះពាល់ទៅដល់អារម្មណ៍របស់ប្រជាពលរដ្ឋរបស់យើង អីអ៊ីចឹងជាដើម ។ ចំពោះការដែលយើងត្រូវរៀបចំឯកសារនិងភ័ស្តុតាង ឲ្យបានលឿននេះ គឺដោយសារតុលាការអន្តរជាតិ មិនសម្រេចទៅលើអារម្មណ៍ ឬក៏ព័ត៌មានដែលគេផ្សព្វផ្សាយថា វាយ៉ាងម៉េចៗទេ គឺគេសំអាងទៅលើភ័ស្តុតាងដែលយើងដាក់ទៅ“ ។

 លោក សេក សុជាតិ បានមានប្រសាសន៍បន្តថា “ដូច្នេះយើងត្រូវរៀបចំឲ្យលឿន ហើយធ្វើកំណត់ត្រា ឬក៏របាយការណ៍ជាផ្លូវការ ហើយដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ ជំទាស់ទៅតាមនីតិវិធី ឬក៏ប្ដឹងទៅតាមនីតិវិធី ។ ដូច្នេះកម្ពុជា ត្រូវពន្លឿនទៅលើការប្រមូលភ័ស្តុតាង ដូចជា មានរូបថត មានវីដេអូ មានសក្ខីកម្ម ជាមនុស្សណាដែលសំខាន់ៗ ដូចជាប្រជាពលរដ្ឋយើង អ្នកណាដែលរងគ្រោះពិតប្រាកដ នៅក្នុងហ្នឹង យើងគួរតែធ្វើឲ្យបានច្បាស់លាស់ ហើយយើងត្រូវមើលទៅលើច្បាប់អន្តរជាតិ ដោយធ្វើការជាមួយនឹងអ្នកជំនាញជាតិ និងអន្តរជាតិ វិភាគទៅលើមតិអន្តរជាតិហ្នឹងមើល តើបញ្ហាទាំងអស់ហ្នឹង វាពាក់ព័ន្ធនៅក្រោមសិទ្ធិ និងអធិបតេយ្យរបស់ប្រជាពលរដ្ឋ ឬអត់? ហើយវាជាវិធីអាចការពារប្រជាពលរដ្ឋបានឬអត់? ពីព្រោះយើងដឹងហើយថា ពេលវេលាតែកន្លងទៅកាន់តែយូរ ភ័ស្តុតាងត្រូវបានគេបំផ្លាញចោលអស់ ដូចក្នុងករណីគេកំពុងរុះរើផ្ទះ រុះរើអី គេធ្វើអីស្អីថ្មីៗទាំងអស់ ។ អ៊ីចឹងគេប្ដូរទៅជាទិដ្ឋភាព ជាវប្បធម៌របស់គេ អ៊ីចឹងយើងបាត់បង់ភ័ស្តុតាងហ្នឹងហើយ ហើយការដែលយើងធ្វើយឺតពេក អ៊ីចឹងឱកាសដែលយើងយកឈ្នះនៅក្នុងផ្លូវច្បាប់ហ្នឹង ក៏វាថមថយទៅតាមហ្នឹងដែរ ។ ចំពោះការបង្រួបបង្រួម ការផ្សះផ្សាជាតិ ត្រូវបានចាត់ទុកថា ជាយុទ្ធសាស្រ្តមួយដែលសំខាន់ហ្នឹង ព្រោះយើងដឹងហើយថា ការបែកបាក់ផ្ទៃក្នុង បង្ហាញពីភាពទន់ខ្សោយ អ៊ីចឹងយើងប្រយុទ្ធទាំងបញ្ហាផ្ទៃក្នុងផង ហើយជាមួយបរទេសឈ្លានពានផង ។ អ៊ីចឹងសួរថា យើងអាចយកឈ្នះបរទេសម៉េច បើយើងអត់មានការឯកភាពគ្នាផងហ្នឹង? ហើយបរទេស គេរង់ចាំតែយើងបែកបាក់ផ្ទៃក្នុងទេ គេនឹងឆក់យកឱកាសហ្នឹង ដើម្បីរំលោភបំពានលើដែនអធិបតេយ្យនៃប្រទេសយើង ហើយបើសិនជាយើងរួបរួមគ្នាវិញ មានន័យថា យើងអត់មានផ្ទៃក្នុងដែលនាំឲ្យមានបញ្ហាទៅដល់សង្គមរបស់យើងទេ ក៏ប៉ុន្តែយើងមានសត្រូវរួមតែមួយ“ ។

លោក សេក សុជាតិ បានមានប្រសាសន៍បន្តទៀតថា “ អ៊ីចឹងយើងអាចផ្ដោតអារម្មណ៍រួមគ្នា ហើយចែកគ្នាធ្វើការនៅក្នុងសំឡេងតែមួយ នៅលើឆាកអន្តរជាតិ ហើយក៏ជាវិធីសាស្រ្តមួយដើម្បីបង្កើតឬក៏ទាញយកការជឿជាក់និងទុកចិត្ត ពីសហគមន៍អន្តរជាតិ មកលើប្រទេសរបស់យើង ដោយសារតែអ្នកនយោបាយដែលប្រកួតប្រជែងគ្នា មានលក្ខណៈខ្លាំងក្លាពីមុនហ្នឹង គឺឥឡូវនេះក្លាយទៅជាជាតិសាសន៍រួមតែមួយ ហើយពួកគេមានបេះដូងនិងឆន្ទៈនៅក្នុងការទប់ស្កាត់ការប្រយុទ្ធប្រឆាំងជាមួយនឹងការឈ្លានពាន ហើយវាគឺជាសញ្ញាមួយដែលឲ្យអន្តរជាតិ បានមើលឃើញអំពីលទ្ធផលនៃការបង្រួបបង្រួម ដែលមិនធ្វើឲ្យប្រទេស មានការបាក់បែក ឬក៏ប្រទេសរងសម្ពាធ ដោយសារតែស្ថានភាពនយោបាយ ឬក៏ស្ថានភាពនៃនិន្នាការរបស់អ្នកនយោបាយ អីអ៊ីចឹងជាដើម ។ សរុបមកខ្លី យើងអាចនិយាយបានថា នៅពេលដែលប្រទេសថៃ កាន់តែគឃ្លើនឈ្លានពាន ហើយនិងបំផ្លាញទ្រព្យសម្បត្តិនិងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ យើងនៅស្ងាត់ស្ងៀម យើងនឹងរងគ្រោះ ហើយខ្ញុំចាត់ទុកថា ការស្ងៀម មិនមែនជាយុទ្ធសាស្រ្តឆ្លាតវៃនោះទេ ហើយអ្វីដែលគួរតែធ្វើហ្នឹង នៅក្នុងស្ថានភាពនេះ គឺគួរតែប្រមូលភ័ស្តុតាង ឲ្យបានគ្រប់់គ្រាន់ រៀបចំបទដ្ឋានគតិយុត្ត ហើយប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ដោយប្រើ ប្រាស់ច្បាប់អន្តរជាតិ ជាមូលដ្ឋាន ហើយនិងបង្ហាញរូបភាពនៅក្នុងនាមសំឡេងខ្មែរតែមួយ ទៅកាន់សហគមន៍អន្តរជាតិ ហើយការធ្វើនេះគឺជាវិធីសាស្រ្តមួយ ដែលមានប្រសិទ្ធភាព ហើយនិងស្របច្បាប់បំផុតហើយ ហើយកាលណាយើងធ្វើបែបនេះបាន គ្រប់យ៉ាងទាំងអស់ នឹងមានភាពល្អប្រសើរជាងនេះ ហើយក៏អាចនឹងធ្វើឲ្យពួក បរទេសហ្នឹង វាលែងមានអំនួត ឬក៏ត្រូវដោះស្រាយជាមួយគ្នានៅក្នុងផ្លូវច្បាប់ ជំនួសឲ្យការដោះស្រាយដោយ ការប្រើប្រាស់កម្លាំង ហើយនិងប្រដាប់អាវុធ ដូចពេលមុនៗហ្នឹង“៕ កុលបុត្រ

RELATED ARTICLES