Wednesday, January 21, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបុរសជេរមេប៉ុស្តិ៍បឹងសាឡាង ចូលខ្លួនសុំទោស

បុរសជេរមេប៉ុស្តិ៍បឹងសាឡាង ចូលខ្លួនសុំទោស

ភ្នំពេញ ៖ បុរសម្នាក់ ដែលបានជេរប្រមាថនិងចោទប្រកាន់ទៅលើនាយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង ខណ្ឌទួលគោក ថាមិនបានបំពេញការងារ មិនខ្វល់ខ្វាយសុខទុកប្រជាពលរដ្ឋ ខណៈដែលមានជនអនាថា បានដុតសំរាមក្នុងដីឡូត៍ទុកចោលមួយកន្លែង ក្បែរផ្ទះរបស់ខ្លួន កាលពីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ត្រូវបានសមត្ថកិច្ចកោះហៅបំភ្លឺ និងត្រូវបានបុរសនោះ អះអាងថា ខ្លួនស្រវឹងស្រា ហើយភ័យខ្លាចអគ្គិភ័យឆេះរាលដាលឆ្លងដល់ផ្ទះខ្លួន ទើបនិយាយទាំងកំហឹង និងជេរប្រមាថលោកនាយប៉ុស្តិ៍បឹងសាឡាង នៅចំពោះមុខអ្នកសារព័ត៌មាន កំពុងផ្សាយផ្ទាល់។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ថា ករណីភ្លើងឆេះសំរាម បង្កដោយជនអនាថា ២នាក់ប្តីប្រពន្ធ ដេកស្នាក់នៅក្នុងដីឡូត៍កើតហេតុ បានឈ្លោះគ្នា ហើយក៏ដុតសំរាម បង្កជាអគ្គិភ័យ ត្រូវបានរថយន្តពន្លត់អគ្គិភ័យ និងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន ចេញអន្តរាគមន៍ ដោយអគ្គិភ័យនោះ មិនបង្កឱ្យរាលដាលឆាបឆេះខូចខាតទ្រព្យសម្បត្តិ ឬអាយុជីវិតប្រជាពលរដ្ឋណានោះទេ។

ប្រភពដដែល បន្តថា នៅវេលាម៉ោង៤រសៀល ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានអញ្ជើញបុរសឈ្មោះ លាង ផឹង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅផ្ទះលេខ២១ ផ្លូវលេខ៦៥៦ ក្រុមទី៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក មកសួរនាំបំភ្លឺ ចំពោះការចោទប្រកាន់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង ដើម្បីជាមូលដ្ឋានធ្វើរបាយការណ៍រាយការណ៍ជូនថ្នាក់ដឹកនាំ។

ក្រោយពីការសាកសួររួចហើយ បុរសខាងលើ បានរៀបរាប់ថា ខ្លួនស្រវឹងស្រា ហើយភ័យខ្លាចអគ្គិភ័យឆេះរាលដាលឆ្លងទៅដល់ផ្ទះរបស់ខ្លួន ទើបនិយាយទាំងកំហឹង និងជេរប្រមាថមកលើលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង ចំពោះមុខអ្នកសារព័ត៌មានកំពុងផ្សាយផ្ទាល់ ករណីអគ្គិភ័យឆេះសំរាម ស្ថិតនៅដីឡូត៍លេខ៧២ ផ្លូវលេខ៦៥៦ ក្រុមទី១ ភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ទន្ទឹមនឹងនេះ បុរសខាងលើ បានយល់ព្រមទទួលស្គាល់នូវកំហុសឆ្គងរបស់ខ្លួន និងសុំទោសជាសាធារណៈចំពោះកំហុសឆ្គង ដោយជេរប្រមាថនិងចោទប្រកាន់មកលើលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង គ្មានមូលដ្ឋានច្បាស់លាស់ ដែលបង្កប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូរមន្ត្រីសមត្ថកិច្ច ដែលតែងខិតខំបំពេញភារ កិច្ចការពារសន្តិសុខរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងមូលដ្ឋាន។ សមត្ថកិច្ច ក៏បានធ្វើការអប់រំណែនាំនិងធ្វើកិច្ចសន្យា ហើយអនុញ្ញាតឱ្យគាត់ត្រឡប់ទៅផ្ទះវិញ៕

RELATED ARTICLES