
ភ្នំពេញ ៖ សហមេធាវី បានលើកឡើងថា រឿងលោក កឹម សុខា អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងអ្នកផ្សេងៗទៀតដែលកំពុងស្រែករកយុត្តិធម៌ គួរត្រូវបានដោះស្រាយជាអាទិភាព ហើយយុត្តិធម៌សង្គម និងឯកភាពជាតិ សំខាន់លើសអ្វីៗទាំងអស់ ។ ជាពិសេសក្នុងស្ថានភាពប្រទេសជាតិ កំពុងទទួលរងនូវអំពើឈ្លានពានពីបរទេសនេះ ប្រជាពលរដ្ឋខ្មែរ ទូទៅ គ្រប់និន្នាការ បាននិងកំពុងផុសផុលនូវចរន្តចង់ឲ្យមេដឹកនាំ អ្នកនយោបាយខ្មែរ ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ ឲ្យមានសាមគ្គីជាតិរួម និងឯកភាពជាតិ ។
លោក ផែង ហេង សហមេធាវីមួយរូប របស់លោកកឹម សុខា បានសរសេរក្នុងគណនី និងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ខ្ញុំនៅតែយល់ថា យុត្តិធម៌សង្គម និងឯកភាពជាតិ សំខាន់លើសអ្វីៗទាំងអស់។ យើងជាប្រជាពលរដ្ឋខ្មែរ មានកាតព្វកិច្ចលើរឿង ២នេះ។ សូមកុំតែៗ ស្ករៗ កុំរេតាមអ្នកឱកាសនិយម ជាតិយើងសំខាន់ បាត់យុត្តិធម៌ បាត់ឯកភាពជាតិ នាំឲ្យបាត់សណ្តាប់ធ្នាប់សង្គម បាត់សន្តិភាព។ អ្នកតូច អ្នកទន់ខ្សោយ ត្រូវការច្បាប់ការពារ។ រឿងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ (CNRP) និងអ្នកផ្សេងៗទៀត កំពុងស្រែករកយុត្តិធម៌ គួរត្រូវបានដោះស្រាយជាអាទិភាព ស្របតាមលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លើកឡើង គួរតែធ្វើឲ្យបាន ពិតណាស់ នោះជាទ្រឹស្តី។ ឆន្ទៈច្បាប់ និងឆន្ទៈចៅក្រម ពិតជាអាចខុសគ្នា ប៉ុន្តែកាន់តែខុសគ្នានោះ គឺឆន្ទៈអ្នកនយោបាយ។ គ្រាន់តែស្រង់មកភ្ជាប់ខ្លះ ដើម្បីបង្ហាញឲ្យឃើញថា សង្គម FB សូមអធ្យាស្រ័យ ការយល់ផ្សេងៗគ្នា ជាសិទ្ធិយល់ឃើញរបស់បងប្អូន ប៉ុន្តែខ្ញុំមិនបានវាយតម្លៃ ឬចាត់ទុកថា ការយល់នោះខុសឬត្រូវទេ“ ។

ស្របគ្នានេះដែរ លោកស្រី ម៉េង សុភារី សហមេធាវីមួយរូបទៀត របស់លោកកឹម សុខា បានបញ្ជាក់ថា ទាក់ទងនឹងករណីលោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំង ដែលកំពុងតែរស់នៅជាប់ឃុំក្នុងផ្ទះ នៅកម្ពុជា មកដល់ពេលនេះ សហគមន៍អន្តរជាតិ ដូចជា សហភាពអឺរ៉ុប កាណាដា អូស្ត្រាលី និងសហរដ្ឋអាមេរិក ជាដើម នៅតែលើកឡើង និងតាមដានចង់ឃើញមានដំណោះស្រាយ ជាពិសេស ចង់ឲ្យមានការផ្សះផ្សាជាតិ ដើម្បីបានជាប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ ។
លោកស្រី ម៉េង សុភារី បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកស្រីថា “ស្ថិតក្នុងស្ថានភាពប្រទេសជាតិ កំពុងទទួលរងនូវអំពើឈ្លានពានពីបរទេស ប្រជាពលរដ្ឋខ្មែរ កំពុងតែមានការឈឺចាប់ រស់នៅដោយមានការភ័យព្រួយ នៅកម្ពុជា បច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរ ទូទៅ គ្រប់និន្នាការ បាននិងកំពុងផុសផុលនូវចរន្តចង់ឲ្យមេដឹកនាំ អ្នកនយោបាយខ្មែរ ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ សាមគ្គីជាតិ និងឯកភាពជាតិ។ ជាក់ស្តែងយើងសង្កេតឃើញទាំងប្រជាពលរដ្ឋសាមញ្ញ ទាំងអ្នកដឹកនាំ អ្នកនយោបាយ ជាទូទៅ បានសម្តែងប្រាថ្នាចង់បានការផ្សះផ្សា រួបរួម សាមគ្គីជាតិ ហើយ។ ក៏ប៉ុន្តែ សាធារណជនបានឃើញ នៅមានបុគ្គលហៃអើ ខុសចង្វាក់ម្នាក់ បាននិងកំពុងបំបែកបំបាក់ ចាក់ឆ្កឹះមិនឲ្យខ្មែរផ្សះផ្សា រួមរួបសាមគ្គីជាតិបាន ដោយលើកឡើងបដិសេធចំពោះបុគ្គលនេះ បុគ្គលនោះ ជាមួយឥស្សរជនខ្មែរ ដែលមានប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស គាំទ្ររាប់លាននាក់ ហើយដែលកន្លងមក និងរហូតដល់ពេលនេះ សហគមន៍អន្តរជាតិ នៅតែមានការចាប់អារម្មណ៍ ដូចករណីឯកឧត្តម កឹម សុខា ប្រធានគណបក្សប្រឆាំង កំពុងតែរស់នៅជាប់ឃុំក្នុងផ្ទះ នៅកម្ពុជា ដែលសហភាពអឺរ៉ុប កាណាដា អូស្ត្រាលី និងសហរដ្ឋអាមេរិក ជាដើម ថ្មីៗនេះ នៅតែលើកឡើង និងតាមដាន ចង់ឃើញមានដំណោះស្រាយ ជាពិសេសចង់ឲ្យមានការផ្សះផ្សាជាតិ ដើម្បីបានជាប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ“ ។
បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកស្រី ម៉េង សុភារី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ថា ដោយសារតែលោក កឹម សុខា ជាមេដឹកនាំអតីតបក្សប្រឆាំង ដូច្នេះការដោះស្រាយបញ្ហារបស់គាត់ គឺដោះស្រាយបញ្ហាទាំងអស់ ដូចដែលកន្លងមក គាត់តែងតែបង្ហាញឆន្ទៈ ប្រកាន់ខ្ជាប់នូវគោលនយោបាយបង្រួបបង្រួមជាតិ ហើយទោះស្ថានភាពណាក៏ដោយ ក៏គាត់មិនដែលរត់ចោលប្រទេសជាតិ ក៏ដូចជាការចូលរួមរំលែកទុក្ខ ទាំងក្រុមគ្រួសារសម្តេច ហ៊ុន សែន ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) និងក្រុមគ្រួសារវីរកងទ័ព ។

លោកស្រី ម៉េង សុភារី បានមានប្រសាសន៍ថា “នៅក្នុងប្រទេសមួយដែលមិនមានសង្រ្គាម មិនមែនមានន័យថា ប្រទេសនោះមានសន្តិភាពពេញលេញនោះទេ បើគ្មានយុត្តិធម៌។ ហើយស្ថានភាពប្រទេសកម្ពុជា បច្ចុប្បន្នដែលកំពុងរងការឈ្លានពានពីប្រទេសថៃ យុត្តិធម៌សង្គម និងឯកភាពជាតិ គឺរឹតតែសំខាន់ បើគ្មានយុត្តិធម៌សង្គម គ្មានឯកភាពជាតិ គ្មានប្រជាធិបតេយ្យពិតប្រាកដ ធ្វើឲ្យខ្មែរបែកបាក់ ខ្មែរបែកបាក់ ធ្វើឲ្យខ្មែរ ចុះខ្សោយ។ កន្លងមក ឯកឧត្តម កឹម សុខា តែងតែបង្ហាញឆន្ទៈបង្រួបបង្រួមជាតិ ជាក់ស្តែង ចាប់តាំងពីប្រឡូកចូលឆាកនយោបាយ ឯកឧត្តម កឹម សុខា តែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយបង្រួបបង្រួមជាតិ ហើយទោះស្ថានភាពណាក៏ដោយ ក៏គាត់មិនដែលរត់ចោលប្រទេសជាតិទេ ក៏ដូចជាការចូលរួមរំលែកទុក្ខ ទាំងក្រុមគ្រួសារសម្តេច ហ៊ុន សែន និងក្រុមគ្រួសារវីរកងទ័ព។ ចំពោះខ្ញុំ យល់ថា ដោយសារឯកឧត្តម កឹម សុខា ជាមេដឹកនាំ ដូច្នេះដោះស្រាយបញ្ហារបស់គាត់ គឺដោះស្រាយបញ្ហាទាំងអស់“ ។
គាំទ្រនឹងការលើកឡើងរបស់សហមេធាវីលោក កឹម សុខា ខាងលើនេះ លោក ហ៊ីង សុខសាន្ត អតីតប្រធានយុវជន នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាសហការីជំនិតលោកកឹម សុខា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា រាល់ថ្ងៃ កម្ពុជាយើង មានការបែកបាក់ ដោយសារតែបញ្ហាយុត្តិធម៌សង្គម ដូច្នេះរឿងយុត្តិធម៌សង្គម ឯកភាពជាតិ គឺពិតជាសំខាន់លើសអ្វីទាំងអស់ សម្រាប់ស្ថានភាពកម្ពុជា បច្ចុប្បន្ន ហើយការដោះស្រាយសំណុំរឿងលោក កឹម សុខា គឺជារឿងអាទិភាពមួយ ដើម្បីបង្ហាញថា ត្រូវផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ ដែលជាបុគ្គលស្អាតស្អំ និងដើម្បីបញ្ចប់វិវាទនយោបាយ ព្រោះមជ្ឈដ្ឋានជាតិនិងអន្តរជាតិ អ្នកណាក៏ដឹងដែរថា សំណុំរឿងលោក កឹម សុខា គឺជាសំណុំរឿងនយោបាយ ដែលត្រូវដោះស្រាយដោយការផ្សះផ្សានយោបាយជាតិ ។
លោក ហ៊ីង សុខសាន្ត បានមានប្រសាសន៍ថា “សម្រាប់រូបខ្ញុំ ក៏ដូចជាសកម្មជន ឬក៏អ្នកគាំទ្រដទៃទៀត ជាពិសេសប្រជាពលរដ្ឋខ្មែរ ដែលគាំទ្រលោក កឹម សុខា ហើយនិងមជ្ឈដ្ឋានទូទៅ សុទ្ធតែមើលឃើញដូចៗគ្នាថា យុត្តិធម៌សង្គម និងឯកភាពជាតិហ្នឹង គឺវាជារឿងសំខាន់ណាស់សម្រាប់ស្រុកខ្មែរយើង នៅក្នុងកាលៈទេសៈនេះ មិនមែនថាចាំបាច់តែករណីរឿងលោក កឹម សុខា ទេ រឿងទូទៅទាំងអស់ ។ អ៊ីចឹងគឺជាកាលៈទេសៈមួយ ដែលបង្ហាញថា ខ្មែរហ្នឹង គឺត្រូវតែមានការឯកភាពជាតិ នៅខណៈពេលដែលយើងកំពុងរងការរំលោភបំពាន ឈ្លានពានពីបរទេស ហើយមួយទៀតនោះ គឺរឿងយុត្តិធម៌សង្គមនោះ គឺរឿងចាំបាច់ណាស់ ដើម្បីឲ្យឈានទៅដល់ការឯកភាពជាតិ ។ ពួកយើងរាល់ថ្ងៃ មានការបែកបាក់ ដោយសារតែបញ្ហាយុត្តិធម៌សង្គម បញ្ហាច្បាប់ទម្លាប់ហ្នឹងឯង អ៊ីចឹងសរុបមកវិញ រឿងយុត្តិធម៌សង្គម ឯកភាពជាតិ គឺពិតជាសំខាន់លើសអ្វីទាំងអស់ សម្រាប់ស្ថានភាពកម្ពុជា បច្ចុប្បន្ន ដែលខ្ញុំគាំទ្រនូវអ្វីដែលសហមេធាវីរបស់លោក កឹម សុខា បានលើកឡើង“ ។

លោក ហ៊ីង សុខសាន្ត បានមានប្រសាសន៍បន្តថា “ហើយទី២ បើយើងទាំងអស់គ្នា ពិនិត្យមើលពីដំណើររឿងក្ដីទាំងមូលរបស់លោកកឹម សុខា ហ្នឹង គឺយើងពិនិត្យមើលតាំងពីការចាប់ខ្លួន ការឃុំខ្លួន ទាំងនីតិវិធីបើកសវនាការ ការជំនុំជម្រះ គ្រប់ដំណាក់កាលទាំងអស់ យើងឃើញថា វារឿងអយុត្តិធម៌បាត់ទៅហើយ ។ ដូច្នេះការដោះស្រាយសំណុំរឿងលោកកឹម សុខា នេះ គឺជារឿងអាទិភាពមួយ ដើម្បីបង្ហាញថា ត្រូវផ្ដល់យុត្តិធម៌ជូនជនរងគ្រោះដែលស្អាតស្អំ ទី១ ។ ទី២ ត្រូវបង្ហាញថា ប្រព័ន្ធច្បាប់ស្រុកខ្មែរ ឬក៏បញ្ហាសេវាយុត្តិធម៌កម្ពុជា ហ្នឹងគឺត្រូវតែរឹងមាំ ល្អ ដែលគួរឲ្យទុកចិត្តបាន អនុវត្តច្បាប់ ឲ្យស្របតាមសង្គមមួយជានីតិរដ្ឋ ។ ទី៣ ការដោះស្រាយរឿងលោកកឹម សុខា នេះ គឺអាចបង្ហាញថា ខ្មែរ បានទុករឿងនិន្នាការនយោបាយ មួយឡែក ព្រោះរឿងលោកកឹម សុខា ជាសំណុំរឿងនយោបាយ អ្នកណាក៏គេដឹងដែរ មិនចាំបាច់យើងនិយាយទេ មិនថាគ្រប់មជ្ឈដ្ឋានជាតិនិងអន្តរជាតិ ។ ដូច្នេះការទម្លាក់ចោល ការដោះស្រាយរឿងលោកកឹម សុខា នេះ គឺការបញ្ចប់នូវវិវាទនយោបាយ ហើយដើម្បីបញ្ចប់វិវាទនយោបាយនេះហើយ វាឈានទៅដល់ការផ្សះផ្សាជាតិហ្នឹងឯង“។
គួររំលឹកថា លោក កឹម សុខា អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ប្រកាសសាលក្រមផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់រយៈពេល ២៧ឆ្នាំ ពីបទក្បត់ជាតិ «សន្ទិដ្ឋភាពជាមួយបរទេស» ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ២០១០ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ជាបទល្មើសព្រហ្មទណ្ឌ ដែលត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤៣៩ និងមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។
លោក កឹម សុខា ក៏ត្រូវបានផ្តន្ទាទោស នូវទោសបន្ថែម ដោយដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយ តាមបញ្ញត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ។ ទោះបីជាតុលាការមិនបានបង្គាប់ឲ្យឃុំខ្លួននៅពន្ធនាគារ តែបានដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយត្រូវបានហាមចាកចេញពីបរិវេណនៃលំនៅឋាន ផ្ទះលេខ៩៧ ផ្លូវលេខ៣១៣ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ លើកលែងតែមានការអនុញ្ញាតដោយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលការកំណត់បែបនេះ គឺស្មើនឹង «ឃុំខ្លួនក្នុងផ្ទះ»។ បន្ថែមពីលើនេះ លោក កឹម សុខា ត្រូវបានហាមជួបបុគ្គលណាម្នាក់ ទាំងសញ្ជាតិខ្មែរ និងបរទេស ដោយផ្ទាល់ ឬដោយប្រយោលតាមប្រព័ន្ធបច្ចេកវិទ្យា ក្រៅពីសមាជិកគ្រួសារ លើកលែងតែមានការ អនុញ្ញាតដោយព្រះរាជអាជ្ញា ណៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងលើតម្រូវការចាំបាច់តែប៉ុណ្ណោះ។ លោក កឹម សុខា បានប្តឹងឧទ្ធរណ៍ ជំទាស់ទៅនឹងសាលក្រមរបស់សាលាដំបូងរាជាធានីភ្នំពេញ ខាងលើនេះ តែគម្រោងសវនាការ ត្រូវបានលើកពេលជាបន្តបន្ទាប់ ក្រោមហេតុផលនៃស្ថានការណ៍ប្រទេសជាតិកំពុងប្រឈមនឹងការឈ្លានពានពីបរទេស៕ កុលបុត្រ