Wednesday, December 17, 2025
Homeព័ត៌មានអន្តរជាតិទីប្រឹក្សា បង្ហាញរូបប្រធានាធិបតី ត្រាំ ជនជាតិថៃ ប្រមាថ ធាក់១ជើង

ទីប្រឹក្សា បង្ហាញរូបប្រធានាធិបតី ត្រាំ ជនជាតិថៃ ប្រមាថ ធាក់១ជើង

សហរដ្ឋអាមេរិក ៖ លោក ម៉ៃឃើល អាល់ហ្វារ៉ូ (Michael B Alfaro) ទីប្រឹក្សាលោកដូណាល់ ត្រាំ ប្រធានាធិ បតីសហរដ្ឋអាមេរិក និងជាអ្នករាយការណ៍ព័ត៌មានប្រចាំសេតវិមាន បានប្រតិកម្មនឹងជនជាតិថៃ ម្នាក់ ដែលបានបង្ហោះរូបភាពប្រមាថលោកប្រធានាធិបតី ត្រាំ ដោយបានកាត់ត បង្កើតរូបភាព AI ជាទាហានថៃ ប្រើជើងធាក់មុខលោកប្រធានាធិបតីដូណាល់ ត្រាំ  ១ជើង  ដោយសារខឹងលោកប្រធានាធិបតី និយាយការពិតថា ករណីទាហានថៃ ផ្ទុះមីននៅព្រំដែនថៃ-កម្ពុជា គ្រាន់តែជាឧបទ្ទវហេតុ តែថៃ បានសងសឹកដោយវាយប្រហារមកលើកម្ពុជា យ៉ាងខ្លាំងទាំងកំរោល។

  រូបភាពបង្ហោះដោយជនមានឥទ្ធិពលលើបណ្តាញសង្គម ឈ្មោះ ម៉ាណាសាទៀន លូប្រាសឺត (Manassatian Luprasert) បានទទួលចំនួនអ្នកចុច Likes និង Comments ចំនួន122,000នាក់ ដែលភាគច្រើនជាជនជាតិថៃ ក្នុងចេតនាមិនចង់ឲ្យលោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក លូកដៃចូលអន្តរាគមន៍បញ្ចប់សង្រ្គាមរវាងថៃ និងកម្ពុជា ដោយចោទថា អាមេរិក លម្អៀងទៅខាងកម្ពុជា ។ ជាពិសេស រូបភាពប្រមាថនេះ ជនជាតិថៃ ខាងលើ ចង់ឌឺចំអកចំពោះសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលថា ករណីទាហានថៃ ផ្ទុះមីននៅព្រំដែនថៃ-កម្ពុជា គ្រាន់តែជាឧបទ្ទវហេតុ តែថៃ បែរជាសងសឹកដោយវាយប្រហារមកលើកម្ពុជា យ៉ាងខ្លាំង ទាំងកំរោល  ។

ខណៈដែលមិនទាន់មានប្រភពណាមួយបញ្ជាក់ប្រតិកម្មពីខាងសេតវិមាន សម្រាប់លោក ម៉ៃឃើល អាល់ហ្វារ៉ូ គិតថា នេះមិនមែនជារឿងលេងសើច ឬដៀលត្មះធម្មតាទេ ប៉ុន្តែវាជាការបង្កើនហិង្សានយោបាយ ប្រឆាំងលោកប្រធានាធិបតីសហរដ្ឋអាមេរិក ខណៈដែលសហរដ្ឋអាមេរិក និងថៃ មានជញ្ជីងពាណិជ្ជកម្ម ជាង៨៨ពាន់លានដុល្លារ ប្រចាំឆ្នាំ ជាមួយទំនាក់ទំនងវិស័យសន្តិសុខ និងការពារជាតិ យូរអង្វែង។ ដូច្នេះទង្វើនេះ វានឹងបំផ្លាញទំនាក់ទំនងទ្វេភាគី ដែលលោក ម៉ៃឃើល អាល់ហ្វារ៉ូ យល់ថា បើទោះជារូបភាពនេះ មិនតំណាងប្រជាជនថៃ ទាំងអស់ ប៉ុន្តែវាឆ្លុះបញ្ចាំងពីកំហុសខាងសីលធម៌ធ្ងន់មួយ របស់ជនជាតិថៃជ្រុលនិយម ។

លោកអាល់ហ្វារ៉ូ បានស្នើសុំភ្នាក់ងារសម្ងាត់អាមេរិក (FBI) និងក្រសួងសន្តិសុខជាតិសហរដ្ឋអាមេរិក គួរតែពិនិត្យនិងស៊ើបអង្កេតថា តើវាជាចេតនាគំរាមកំហែង អុជអាល ឬបង្កើតព័ត៌មានក្លែងក្លាយ គោលដៅវាយ ប្រហារប្រធានាធិបតីសហរដ្ឋអាមេរិក ព្រោះភាពស្ងប់ស្ងាត់នឹងបង្កើតឲ្យមានការយល់ឍើញខុស គឺត្រូវតែបដិ សេធអំពើហិង្សានយោបាយ។ សម្ព័ន្ធមិត្តត្រូវតែមានការទទួលខុសត្រូវ និងការគោរពគ្នាជាសំខាន់ ។

  លោកម៉ៃឃើល អាល់ហ្វារ៉ូ បានសរសេរពីប្រតិកម្ម ភ្ជាប់ជាមួយរូបភាពប្រមាថលោកប្រធានាធិបតីដូណាល់ ត្រាំ ពីសំណាក់ជនជាតិថៃ ខាងលើនេះ នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ថា “អ្នកមានឥទ្ធិពលថៃ Manassatian Luprasert បានចុះផ្សាយរូបភាពដែលបង្ហាញពីប្រធានាធិ បតី Donald J Trump ត្រូវទាហានថៃម្នាក់ ប្រើហិង្សា។ សារបង្ហោះនេះ បានទទួលប្រតិកម្មវិជ្ជមាន ជាង 122,000។ នេះមិនមែនជាការកំប្លែង ឬជាការសើចចំអកទេ។ វាជាការផ្សព្វផ្សាយអំពើហិង្សានយោបាយ ប្រឆាំងនឹងប្រធានាធិបតីអាមេរិក។ សហរដ្ឋអាមេរិក និងថៃ ពាណិជ្ជកម្មប្រមាណ ៨៨ពាន់លានដុល្លារប្រចាំឆ្នាំ និងរក្សាកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ បានយូរអង្វែង។ ការលើកតម្កើងអំពើហិង្សាជាសា ធារណៈចំពោះមេដឹកនាំនៃដៃគូយុទ្ធសាស្ត្រ គឺគ្មានការប្រុងប្រយ័ត្ននិងប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី។ នេះមិនតំណាងឱ្យប្រជាជនថៃ ទាំងអស់ទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីការបរាជ័យធ្ងន់ធ្ងរក្នុងការថ្កោលទោសខ្លឹមសារជ្រុលនិយម ពីសំឡេងដែលមានឥទ្ធិពល។ ក្រសួងការបរទេសអាមេរិក និង FBI គួរតែពិនិត្យនិងស៊ើបអង្កេតលើរឿងនេះ ដើម្បីកំណត់ថា តើវាបង្កការគំរាមកំហែង ការញុះញង់ ឬសម្របសម្រួលការកំណត់គោលដៅលើប្រធានាធិបតីសហរដ្ឋអាមេរិក ដែរឬទេ? ត្រូវតែបដិសេធអំពើហិង្សានយោបាយ។ សម្ព័ន្ធមិត្តត្រូវតែមានការទទួលខុសត្រូវ។ ការគោរពរវាងប្រទេសជាតិ គឺសំខាន់…” ។

ក្រៅមានប្រតិកម្មលើកឡើងពីលោក ម៉ៃឃើល អាល់ហ្វារ៉ូ អ្នកមានឥទ្ធិពលរបស់ថៃ រូបនោះ ក៏បានធ្វើឱ្យក្រុមអ្នកសាធារណរដ្ឋ និងមន្ត្រីអនុវត្តច្បាប់អាមេរិក ខឹងសម្បា ចំពោះការបង្ហោះរូបភាពនៃទាហានថៃ ទាត់ធាក់លោកប្រធានាធិបតី Donald Trump នៅក្នុងសារនយោបាយដែលបានបង្ហោះនៅលើទំព័រ Facebook របស់ខ្លួន កាលពីថ្ងៃសៅរ៍ ទី១៣ ខែធ្នូ ឆ្នាំ២០២៥ ។ រូបភាពដែលពណ៌នាអំពីទាហានថៃ ទាត់ធាក់លោក ដូណាល់ ត្រាំ នេះ បានធ្វើឡើង បន្ទាប់ពីការថ្លែងរបស់លោកប្រធានាធិបតី ត្រាំ កាលពីយប់ថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីបទឈប់បាញ់កម្ពុជា-ថៃ ។

 គួរកត់សម្គាល់ថា ការការបង្ហោះខាងលើនេះ ក៏បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ រាប់ពាន់នាក់ខឹងសម្បាផងដែរ នៅ ពេលឃើញរូបភាពនេះ ជាការកែច្នៃដោយ AI នៅពីមុខរូបភាពប្រាសាទអង្គរវត្ត ដែលជាកន្លែងសក្ការៈរបស់កម្ពុជា បន្ទាប់ពីការវាយប្រហារជាថ្មី ដោយយោធាថៃ ឈ្លានពានមកលើកម្ពុជា កាលពីពេលថ្មីៗនេះ ។

សូមរំលឹកថា កាលពីថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០២៥ លោកប្រធានាធិបតី ដូណាល់ ត្រាំ  បានប្រកាសនៅលើបណ្តាញសង្គម Truth Social របស់លោកថា លោកបាននិយាយជាមួយមេដឹកនាំទាំងពីរ នៃប្រទេសកម្ពុជា និងប្រទេសថៃ ដែលបានធានាចំពោះលោកថា បទឈប់បាញ់ ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ កាលពីខែតុលា គឺនៅតែមាន។ ការហៅទូរស័ព្ទរបស់លោកដូណាល់ ត្រាំ ទៅមេដឹកនាំប្រទេសទាំងពីរនេះ បានធ្វើឡើង ក្នុងអំឡុងរយៈពេល ៥ថ្ងៃ នៃការវាយប្រហារផ្លូវអាកាស ដោយយន្តហោះ F-16 ឈ្លានពានមកលើប្រទេសកម្ពុជា ដោយទាហានថៃ ដែលបានសម្លាប់មនុស្សរាប់សិបនាក់ ។

យ៉ាងណាក៏ដោយ ប្រភពរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា នៅព្រឹកថ្ងៃសៅរ៍ ការវាយប្រហារផ្លូវអាកាសជាថ្មី ពីយន្តហោះ F-16 របស់ថៃ បានវាយប្រហារលើស្ពានជ័យជម្នះ (ស្ពានមេទឹក) ក្នុងខេត្តពោធិ៍សាត់ ភាគខាង ត្បូងប្រទេសកម្ពុជា។ ក្រៅពីនេះ ទាហានថៃ បានវាយប្រហារតាមផ្លូវអាកាស ទម្លាក់គ្រាប់បែកលើលំនៅ ឋានប្រជាជនស៊ីវិល វត្តអារាម សាលារៀន ផ្សារ អគារសណ្ឋាគារ និងកាស៊ីណូ បណ្តាលឲ្យខូចខាតយ៉ាងច្រើន និងមានមនុស្សស្លាប់និងរបួសច្រើននាក់។

  អ្វីជាការកត់សម្គាល់ ផ្ទុយពីសេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ   ក៏ដូចជាលោក នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ថា នាយករដ្ឋមន្ត្រីថៃ និងកម្ពុជា ព្រមទទួលយកបទឈប់បាញ់ មានប្រសិទ្ធភាពនៅវេលាម៉ោង ១០យប់ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ នោះ នាយករដ្ឋមន្ត្រីថៃ អនុធិន ឆានវីរគូន បានបដិសេធថា គ្មានបទឈប់បាញ់ជាមួយកម្ពុជា នោះទេ ហើយជាមួយគ្នាននោះ ទាហានថៃ ក៏បានបន្តការវាយប្រហារតាមផ្លូវអាកាស ឈ្លានពានចូលកាន់តែជ្រៅ មកលើដែនអធិបតេយ្យរបស់កម្ពុជា ដោយមិនរើសគោលដៅ។

ដោយសំដៅលើអន្តរាគមន៍របស់ប្រធានាធិបតី ត្រាំ លោកអនុធិន បាននិយាយនៅយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ថា “ប្រសិនបើកម្ពុជា ចង់បានបទឈប់បាញ់ ត្រូវតែសួរប្រទេសថៃ ដោយផ្ទាល់ មិនមែនរត់ទៅរកមេដឹកនាំប្រទេសដទៃ ដើម្បីចរចា… យើងមិនគួរមានអ្នកខាងក្រៅ ប្រាប់យើងអំពីរឿងនេះទេ។ ស្រាប់តែមាននរណាម្នាក់មកនិយាយថា គួរតែមានបទឈប់បាញ់ នៅម៉ោងដប់យប់នេះ។ និយាយឱ្យចំទៅ វាមិនអាចទៅរួចនោះទេ”។

  ជុំវិញភាពគឃ្លើន និងការប្រមាថរបស់ជនជាតិថៃ ក៏ដូចជានាយករដ្ឋមន្ត្រី និងមេយោធាថៃ មកលើលោកប្រធានាធិបតី ដូណាល់ ត្រាំ និងការទាត់ចោលអន្តរាគមន៍សន្តិភាពរបស់លោក ខាងលើនេះ បណ្តាញព័ត៌មានអន្តរជាតិនានា កំពុងរង់ចាំប្រតិកម្មពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ថា តើលោកប្រធានាធិបតីនៃប្រទេសមហាអំណាចលេខ១ នៃពិភពលោករូបនេះ នឹងមានវិធានការយ៉ាងណា? … ៕ កុលបុត្រ

RELATED ARTICLES