Thursday, November 27, 2025
Homeព័ត៌មានជាតិក្រុមបំបែករដ្ឋ មេបក្ស២ ហៅក្រុមរដ្ឋាភិបាលកម្ពុជាឯករាជ្យសម រង្ស៊ី

ក្រុមបំបែករដ្ឋ មេបក្ស២ ហៅក្រុមរដ្ឋាភិបាលកម្ពុជាឯករាជ្យសម រង្ស៊ី

ភ្នំពេញ ៖ ប្រធានគណបក្សយុវជនកម្ពុជា លោកបណ្ឌិត ពេជ្រ ស្រស់ និងប្រធានគណបក្សសន្តិភាពជាតិ  លោក រស់ សារ៉ុម បានហៅក្រុមរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា របស់លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សង្គ្រោះជាតិ) ថាជាក្រុមបំបែករដ្ឋ ព្រោះជាការរំលោភច្បាប់ ផ្ទុយនឹងរដ្ឋធម្មនុញ្ញ ។

លោកបណ្ឌិត ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ឋានៈស្មើទេសរដ្ឋមន្រ្តី បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា “ការបង្កើតរដ្ឋាភិបាលកម្ពុជា នៅក្រៅប្រទេសដោយផ្ទុយនឹងរដ្ឋធម្មនុញ្ញកម្ពុជា គឺជាការរំលោភច្បាប់យ៉ាងធ្ងន់ធ្ងរ ហើយក្រុមមនុស្សទាំងនោះ គឺជាក្រុមបំបែករដ្ឋ ដែលរដ្ឋធម្មនុញ្ញកម្ពុជា បានហាមឃាត់ជាដាច់ខាត។ ដូច្នេះសូមបងប្អូនដែលនៅក្នុងស្រុក ចូរប្រយ័ត្នសកម្មភាពឱ្យមែនទែន កុំឱ្យពាក់ព័ន្ធជាមួយនឹងពួកក្រុមបំបែករដ្ឋខ្មែរ ទាំងនោះ គឺចៀសវាងជាប់គុក ដោយឥតន័យ“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកបណ្ឌិតពេជ្រ ស្រស់ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ប្រទេសកម្ពុជា មិនអាចមានរដ្ឋក្រៅប្រទេសផង រដ្ឋក្នុងប្រទេសផងនោះទេ ប្រទេសកម្ពុជា មានរដ្ឋាភិបាលតែមួយគត់ គឺរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត និងស្របតាមរដ្ឋធម្មនុញ្ញ ដែលហៅថា រដ្ឋាភិបាលស្របច្បាប់ ។ រីឯរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា របស់លោក សម រង្ស៊ី ជារដ្ឋាភិបាលដែលមនុស្សមួយក្រុមបង្កើតឡើងខុសច្បាប់ មានចេតនាធ្វើការជំនួសរដ្ឋាភិបាលស្របច្បាប់ ដែលហៅថា បំបែករដ្ឋហើយ ។

លោកបណ្ឌិត ពេជ្រ ស្រស់ បានមានប្រសាសន៍ថា “ពាក្យថា បំបែករដ្ឋ មានន័យថា មនុស្សមួយក្រុម បង្កើតនូវស្ថាប័នមួយ ដែលច្បាប់មិនទទួលស្គាល់ ហើយមានរចនាសម្ព័ន្ធ និងឈ្មោះ ដូចទៅនឹងរដ្ឋាភិបាលកម្ពុជា ដែលរដ្ឋធម្មនុញ្ញ បានគាំទ្រអ៊ីចឹងដែរ ។ អ៊ីចឹងខ្ញុំមើលទៅក្រុមលោក សម រង្ស៊ី គាត់បានតាំងខ្លួនគាត់ជារដ្ឋាភិបាលឯករាជ្យ២៣តុលា ដែលគាត់សំដៅលើធ្វើកិច្ចការជំនួស ឬក៏ប្រកួតប្រជែងជាមួយរដ្ឋាភិបាលកម្ពុជា ដែលមានទីតាំងស្ថិតនៅប្រទេសកម្ពុជា ។ អ៊ីចឹងក្នុងរដ្ឋធម្មនុញ្ញ បានចែងច្បាស់ហើយ នៅក្នុងមាត្រា៣ ប្រទេសកម្ពុជា មិនអាចបំបែកបាន ។ អ៊ីចឹងដល់ពេលក្រុមលោក សម រង្ស៊ី ទៅបង្កើតក្រុម ចងក្រងក្រុម ក៏ដូចជាបង្កើតរចនាសម្ព័ន្ធមានរដ្ឋមន្រ្តីនេះ មានរដ្ឋមន្រ្តីនោះ ជារដ្ឋាភិបាលដែលតំណាងឲ្យប្រជាជាតិខ្មែរ អាហ្នឹងគឺក្នុងន័យបំបែករដ្ឋហើយ ។ បើទោះបីគាត់មិនបានឈរទីតាំងនៅក្នុងប្រទេសកម្ពុជា ឬក្នុងផ្នែកដីណាមួយនៅប្រទេសកម្ពុជា ក៏ដោយ ប៉ុន្តែគាត់បានចងក្រងមនុស្សនិងឈ្មោះស្ថាប័នដែលច្បាប់ មិនទទួលស្គាល់នោះ ទៅជារដ្ឋាភិបាលកម្ពុជា រួចទៅហើយ ។ អាហ្នឹងគេហៅថា បំបែករដ្ឋ ហើយបំបែករដ្ឋហ្នឹង គឺវាមានទោសធ្ងន់ធ្ងរណាស់ ដោយសារតែរដ្ឋធម្មនុញ្ញយើង បានហាមហើយ កាលណាតែបំបែករដ្ឋ វាធ្វើឲ្យប្រទេសជាតិ បែកបាក់ហើយ គឺធ្វើមានក្រុមបក្ស ពួកអីផ្សេងៗហ្នឹង ចងគំនុំគ្នា អ៊ីចឹងអាចមានសង្រ្គាមស៊ីវិលកើតឡើងទៅទៀត“ ។

លោកបណ្ឌិត ពេជ្រ ស្រស់ បានមានប្រសាសន៍បន្តថា “ចំពោះថា តើបំបែករដ្ឋដូចម្ដេចខ្លះទៅ? យើងមានជាក់ស្ដែង សកម្មភាពលោក សម រង្ស៊ី ដើរតួជំនួសរដ្ឋាភិបាលស្របច្បាប់ទៅហើយហ្នឹង គឺគាត់មានរដ្ឋាភិបាលគាត់មួយ ដែលប្រសិទ្ធនាមថា រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា អីអ៊ីចឹងទៅ ហើយគាត់មានក្រុមការងារដោះស្រាយព្រំដែន ក្រុមការងារនេះ ក្រុមការងារនោះ ហើយខ្លួនគាត់ជានាយករដ្ឋមន្រ្តី អ៊ីចឹងទៅ អាហ្នឹងហើយជាការបំបែករដ្ឋហ្នឹង ។ អ៊ីចឹងប្រទេសកម្ពុជា មិនអាចមានរដ្ឋក្រៅប្រទេសផង មិនអាចមានរដ្ឋក្នុងប្រទេសផងទេ ប្រទេសកម្ពុជា មានរដ្ឋាភិបាលតែមួយគត់ គឺរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត និងស្របតាមរដ្ឋធម្មនុញ្ញដែលមានចែង ។ អាហ្នឹងហើយគេហៅថា រដ្ឋាភិបាលស្របច្បាប់ រីឯរដ្ឋាភិបាលរបស់លោក សម រង្ស៊ី អាហ្នឹងគេហៅថា មនុស្សមួយក្រុម បង្កើតរដ្ឋាភិបាលខុសច្បាប់ មានចេតនាធ្វើការជំនួសរដ្ឋាភិបាលស្របច្បាប់ អាហ្នឹងគេហៅថា បំបែករដ្ឋហើយ“ ។

ស្របគ្នានេះដែរ លោក រស់ សារ៉ុម ប្រធានគណបក្សសន្តិភាពជាតិ និងជាប្រធានប្រតិភូឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ឋានៈស្មើទេសរដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា សកម្មភាពរបស់រដ្ឋាភិបាលក្រៅប្រទេស ដឹកនាំដោយលោកសម រង្ស៊ី គឺជាសកម្មភាពបំបែករដ្ឋហើយ ។ ដូច្នេះលោកអំពាវនាវដល់ក្រសួងមហាផ្ទៃ ដែលជាអ្នកមើលការអនុវត្តច្បាប់សញ្ជាតិ របស់រាជរដ្ឋាភិបាល ពិនិត្យឡើងវិញ ចំពោះវិធាននៃការដកសញ្ជាតិ ចំពោះបុគ្គលទាំងអស់នោះ ពីព្រោះវាគ្រោះថ្នាក់សម្រាប់ជាតិ ។

លោក រស់ សារ៉ុម បានមានប្រសាសន៍ថា “តាមពិតទៅ ការបង្កើតរដ្ឋាភិបាលនិរទេសនេះ គឺជាធ្វើវិទ្ធង្សនាយ៉ាងពេញទីទៅហើយ ប្រឆាំងរដ្ឋនោះ ។ អ៊ីចឹងសកម្មភាពបង្កើតរដ្ឋាភិបាលក្រៅប្រទេស របស់សម រង្ស៊ី ហើយនិងបក្ខពួកនោះ គឺជាសកម្មភាពបំបែករដ្ឋហើយ គ្រាន់តែរកផ្លូវចូល ដើម្បីធ្វើយ៉ាងណាមានទីតាំងកាន់កាប់ជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជាយើង តាមរយៈសង្រ្គាមជាមួយសៀម បើសិនជាមានការគាំទ្រពីសៀម នោះពួកនេះមិនខ្លាចនៅក្នុងការទទួលជំនួយ ដើម្បីបង្កើតតំបន់អបគមន៍ ដើម្បីធ្វើសង្រ្គាមផ្ដួលរំលំរដ្ឋាភិបាលទេ ។ អ៊ីចឹងសកម្មភាពនេះ គឺជាសកម្មភាពបំបែករដ្ឋហើយ ។ ដូច្នេះខ្ញុំអំពាវនាវដល់ក្រសួងមហាផ្ទៃ ដែលជាអ្នកមើលការអនុវត្តច្បាប់សញ្ជាតិ របស់រាជរដ្ឋាភិបាល ពិនិត្យឡើងវិញ ចំពោះវិធាននៃការដកសញ្ជាតិ ចំពោះបុគ្គលទាំងអស់នោះ ពីព្រោះសកម្មភាពរបស់ពួកគេ គឺជាសកម្មភាពបំបែករដ្ឋហើយ ដើរលើសពីបន្ទាត់ក្រហមហើយ ។ អ៊ីចឹងកុំខ្លាចនៅក្នុងការពង្រីកសកម្មភាព ។ អ៊ីចឹងពង្រីកសកម្មភាពប្រឆាំងជាមួយពួកឧទ្ទាមជ្រុលនិយម ខ្ញុំបើពាក្យឧទ្ទាមហើយ ពីព្រោះកាលណាបង្កើតរដ្ឋាភិបាលនេះ គឺជាការបង្កើតក្រុមបំបែករដ្ឋហើយ ។ អ៊ីចឹងវាគ្រោះថ្នាក់ណាស់ដល់ប្រទេសជាតិ ។ អ៊ីចឹងបទពិសោធន៍របស់ប្រទេសរបស់យើង ដែលមានស្រាប់ ហើយនិងពិភពលោកថ្មីៗ ទាក់ទងជាមួយចលនាចិនស៊ី អីក្ដីនេះ គឺវិធានការទប់ទល់ មិនអាចទន់ខ្លួនបានទេ ត្រូវតែម៉ឺងម៉ាត់ដាច់ខាត ទើបអាចរក្សាសន្តិភាព ស្ថិរភាពនយោបាយ ធានាការផ្លាស់ប្ដូរតាមរយៈការបោះឆ្នោតបាន“ ។

គួរបញ្ជាក់ថា ការលើកឡើងរបស់អ្នកនយោបាយ មកពីគណបក្សសម្ព័ន្ធភាពគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ដែលបង្កើតឡើងដោយលោក សម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) កាលពីថ្ងៃព្រហស្បតិ៍ ១៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញសេចក្តីសម្រេចស្តីពីការរៀបចំបង្កើតគណៈកម្មការចំពោះកិច្ច ទទួលបន្ទុករៀបចំបណ្ដឹងអំពីជម្លោះព្រំដែនជាមួយថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងអន្តរាគមន៍ទៅហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយថាដោយសារតែរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនបានយកសំណុំរឿងជម្លោះព្រំដែនកម្ពុជា-ថៃ និងការរងគ្រោះរបស់យុទ្ធជន-ប្រជាពលរដ្ឋខ្មែរ ពីអំពើឈ្លានពានរបស់កងទ័ពថៃ មកលើទឹកដីនៃប្រទេសកម្ពុជា ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ។

សេចក្ដីសម្រេចរបស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ស្តីពីការរៀបចំបង្កើតគណៈកម្មការចំពោះកិច្ច ទទួលបន្ទុករៀបចំបណ្ដឹងអំពីជម្លោះព្រំដែនជាមួយថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងអន្តរាគមន៍ទៅហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានសម្រេចរៀបចំគណៈកម្មការចំពោះកិច្ច ដែលមានសមាសភាពចំនួន ៦រូប រួមមាន  ៖ ១. លោក គឹម សុខ ប្រធានស្ថាប័នយុទ្ធសាស្ត្រនិងការរៀបចំប្រទេសឡើងវិញ ជាទីប្រឹក្សា, ២. លោកស្រី ធិត គឹមហ៊ុន ប្រធានស្ថាប័នការបរទេសនិងអនុវត្តន៍កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាសមាជិក ទទួលបន្ទុកអន្តរាគមន៍ទៅហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស, ៣.លោក អ៊ុំ សំអាន ប្រធានស្ថាប័នអធិបតេយ្យជាតិ ព្រំដែននិងអន្តោប្រវេសន៍ ជាសមាជិក ទទួលបន្ទុកដាក់បណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ, ៤. លោក អ៊ូ សាមឌី ប្រធានស្ថាប័នប្រជាធិបតេយ្យ យុត្តិធម៌សង្គមនិងសិទ្ធិមនុស្ស ជាសមាជិក, ៥. លោក ឆាំ ឆានី ប្រធានស្ថាប័នព័ត៌មាននិងទំនាក់ទំនងសាធាណៈ ជាសមាជិក, ៦. លោក ទេព មនោរម្យ អនុប្រធានស្ថាប័នព័ត៌មាននិងទំនាក់ទំនងសាធាណៈ ជាលេខាធិការ និង៧. លោក អ៊ឹង ជុងលាង ប្រធានក្រុមជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា ជាលេខាធិការ ។

គណៈកម្មការចំពោះកិច្ចនេះ មានភារកិច្ចរៀបចំឯកសារបណ្ដឹង ស្តីពីជម្លោះព្រំដែនកម្ពុជា ជាមួយប្រទេសថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICI) និងធ្វើអន្តរាគមន៍ទៅកាន់បណ្តាប្រទេសដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្តីពីកម្ពុជា ដើម្បីដោះស្រាយបញ្ហាព្រំដែននិងវិបត្តិជាតិកម្ពុជា ដែលកំពុងវិវត្តផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ។ ប៉ុន្តែគណៈកម្មការចំពោះកិច្ចនេះ ក៏ត្រូវសួរយោបល់របស់ប្រធានក្រុមបេសកកម្មនៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា គឺលោក សម រង្ស៊ី នូវរាល់ការសម្រេចចិត្តចាំបាច់នានា ។

ក្រោយទទួលបានការតែងតាំងជាសមាជិក ទទួលបន្ទុកដាក់បណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ នៅក្នុងគណៈកម្មការចំពោះកិច្ច លោក អ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប និងអតីតគណបក្សសង្រ្គោះជាតិ ដែលជាប្រធានស្ថាប័នអធិបតេយ្យជាតិ ព្រំដែននិងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា បានធ្វើដំណើរទៅកាន់នៅបណ្ណាល័យសភាអាមេរិក នៅរដ្ឋធានីវ៉ាស៊ីងតោន សហរដ្ឋអាមេរិក និងបន្តដំណើរទៅកាន់ទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ដើម្បីទៅចម្លងផែនទីឧបសម្ព័ន្ធភ្ជាប់សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ដើម្បីដាក់ភ្ជាប់ផែនទីទាំងនោះ ទៅនឹងពាក្យបណ្តឹង ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។

ជុំវិញករណីនេះ លោកបណ្ឌិត ពេជ្រ ស្រស់ បានលើកឡើងថា ការដែលក្រុមលោកសម រង្ស៊ី ដើរតួប្ដឹងថៃ ទៅតុលាការអន្តរជាតិក្ដី ទៅថតចម្លងផែនទីនៅបណ្ណាល័យសហរដ្ឋអាមេរិកក្ដី និងទៅស្នាក់ការអង្គការសហប្រជាជាតិក្ដី វាជាសកម្មភាពបំបែករដ្ឋ ព្រោះមានន័យថា ធ្វើការជំនួសរដ្ឋាភិបាលដែលកំពុងតែទទួលស្គាល់ដោយការបោះឆ្នោត និងប្រទេសទាំងអស់លើពិភពលោក មានការទំនាក់ទំនងរវាងការទូត ។ ដូច្នេះគេមិនអាចទទួលបណ្ដឹងពីបុគ្គលដែលពុំមានការទទួលស្គាល់ពីការបោះឆ្នោត មិនទទួលស្គាល់ដោយផ្លូវទូត និងមិនទទួលស្គាល់ដោយច្បាប់ដែលប្រទេសមួយបានតាក់តែងឡើងនោះទេ ។

លោកបណ្ឌិត ពេជ្រ ស្រស់ បានមានប្រសាសន៍បន្តទៀតថា “ការដែលក្រុមលោក សម រង្ស៊ី ដើរតួប្ដឹងថៃ ទៅតុលាការអន្តរជាតិក្ដី ទៅថតចម្លងផែនទីនៅបណ្ណាល័យសហរដ្ឋអាមេរិកក្ដី និងដាក់ទៅស្នាក់ការអង្គការសហប្រជាជាតិអីផងនោះ ខ្ញុំគិតថា អាហ្នឹងហើយជាសកម្មភាពបំបែករដ្ឋហ្នឹង ។ បំបែករដ្ឋហ្នឹង មានន័យថា ធ្វើការជំនួសរដ្ឋាភិបាល ដែលរដ្ឋាភិបាល កំពុងតែទទួលស្គាល់ដោយការបោះឆ្នោត និងប្រទេសទាំងអស់លើពិភពលោក មានការទំនាក់ទំនងរវាងការទូត តែក្រុមពួកគាត់អត់មានទូត អត់មានដែនដី អត់មានស្អីផងហ្នឹង ហើយទៅធ្វើការជំនួសរដ្ឋាភិបាល ម៉េចកើត? រឿងដែនដីនេះមួយ មិនមែនជារឿងលេងសើចបាយឡុកបាយឡទេ គឺជារឿងកិច្ចការងាររដ្ឋនិងរដ្ឋ ហើយពិភពលោកនិងរដ្ឋ វាមានអនុស្សរណៈ វាមានអនុសញ្ញា វាមានច្បាប់អន្តរជាតិ វាមានច្បាប់ជាតិ វាមិនអាចលេងសើចបានទេ ហើយការទៅកូពីផែនទី ពីនេះ ពីនោះមក រឹតតែមិនត្រូវទៅទៀត ព្រោះផែនទីយើង ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា អង្គព្រះមហាក្សត្រ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ បានតម្កល់នៅអង្គការសហប្រជាជាតិ យើងយកអាហ្នឹងមកផ្អៀងផ្ទាត់ មកធ្វើការ ដែលអន្តរជាតិ ទទួលស្គាល់ ហើយយើងត្រូវតម្កល់ត្រឹមត្រូវ មិនមែនចេះតែកូពី តាមហាងនេះ ហាងនោះ មកធ្វើការបានទេ ។ អាហ្នឹងជាកិច្ចការមួយ ដែលរំលោភបូជនីយកិច្ចរបស់ព្រះមហាក្សត្រផង និងរំលោភរដ្ឋធម្មនុញ្ញខ្លួនឯងផង ដែលហៅរដ្ឋធម្មនុញ្ញកម្ពុជា ។ អាហ្នឹងហើយ គឺជាការងារដែលដើរតួជំនួសរដ្ឋាភិបាលស្របច្បាប់ គឺជាក្រុមដែលហៅថា ក្រុមបះបោរ ឬក៏ក្រុមបំបែករដ្ឋាភិបាលហ្នឹងឯង បំបែករដ្ឋហ្នឹងឯង“ ។

លោកបណ្ឌិត ពេជ្រ ស្រស់ បានមានប្រសាសន៍បន្ថែមថា “ហើយបើនិយាយពីរឿងលទ្ធផលក្រុមហ្នឹងវិញ គឺសូន្យតែម្ដង មិនបាច់និយាយថា យ៉ាងណាទេ គឺសូន្យ មានន័យថា គេមិនអាចទទួលបណ្ដឹងពីបុគ្គលដែលពុំមានការទទួលស្គាល់ពីការបោះឆ្នោត មិនទទួលស្គាល់ដោយផ្លូវទូត និងមិនទទួលស្គាល់ដោយច្បាប់ដែលប្រទេសមួយបានតាក់តែងឡើងនោះទេ ។ បើសិនជាក្រុមមនុស្សមួយក្រុម ទៅប្ដឹងអង្គការអន្តរជាតិ ហើយមានប្រសិទ្ធភាព ម្ល៉េះក្នុងពិភពលោកនេះ ពុំមានសណ្ដាប់ធ្នាប់ឡើយ ហើយច្បាប់នៅលើពិភពលោកនេះ មិនមានន័យសម្រាប់ការអនុវត្តសម្រាប់មនុស្សទូទៅឡើយ ។ អ៊ីចឹងការប្ដឹងរបស់គាត់ វាគ្រាន់តែជាឆាកល្ខោនគ្នាគាត់ ដើម្បីថែរក្សាឈ្មោះអ្នកស្នេហាជាតិផ្កាប់មុខតែប៉ុណ្ណឹងទេ ហើយជាការឆ្លៀតឱកាសប្រមូលលុយកាក់ពីអ្នកជឿជាក់លើក្រុមគាត់ ដើម្បីដាក់ហោប៉ៅរៀងៗខ្លួនទេ បើឲ្យប្រសិទ្ធភាពការងាររបស់ពួកគាត់ គឺហ្សេរ៉ូតែម្ដង តាមផ្លូវច្បាប់ក្ដី តាមផ្លូវទូតក្ដី តាមផ្លូវសិទ្ធិណាក៏ដោយ គឺមិនទទួលបានលទ្ធផលឡើយ ពីព្រោះពួកគាត់មិនមែនជាក្រុមតំណាងឲ្យរដ្ឋាភិបាលដែលកើតឡើងចេញពីការបោះឆ្នោតនោះទេ“ ។

ភ្ជាប់ជាមួយចំណុចនេះ លោកបណ្ឌិត ពេជ្រ ស្រស់ បញ្ជាក់ថា លោកនៅតែអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ សូមប្រយ័ត្នប្រយែងសកម្មភាព កុំចេះតែដើរគាំទ្រតែផ្ដេសតែផ្ដាស នាំឲ្យអន្តរាយដល់ខ្លួនឯង គ្រួសារ និងជាតិ ។

លោកបណ្ឌិត ពេជ្រ ស្រស់ បានមានប្រសាសន៍បន្ថែមទៀតថា “អារឿងខ្ញុំអំពាវនាវទៅប្រជាពលរដ្ឋនេះ គឺខ្ញុំនៅតែទទូចដដែល បើទោះគាត់ស្ដាប់ខ្ញុំមិនចូលក្ដី ស្ដាប់ចូលក្ដី សូមឲ្យបងប្អូនធ្វើកិច្ចការងារតាមផ្លូវច្បាប់ ហើយបងប្អូនត្រូវគាំទ្រស្ថាប័នដែលមានច្បាប់គាំពារ បងប្អូនត្រូវគាំទ្រស្ថាប័នស្របច្បាប់ ។ បើបងប្អូនទៅគាំទ្រក្រុមមនុស្សខុសច្បាប់ ស្ថាប័នខុសច្បាប់ បងប្អូននឹងខុសច្បាប់ ។ ពេលដែលបងប្អូនខុសច្បាប់ បងប្អូននឹងត្រូវបានច្បាប់ដាក់ទណ្ឌកម្ម ។ ពេលដែលច្បាប់ដាក់ទណ្ឌកម្ម បងប្អូននឹងរងទុក្ខវេទនាទាំងខ្លួនឯង ទាំងគ្រួសារ ខូចប្រយោជន៍ដល់ជាតិ ព្រោះបាត់បង់ធនធានមនុស្ស ។ អ៊ីចឹងសូមអំពាវនាវ សូមប្រយ័ត្នប្រយែងសកម្មភាព កុំចេះតែដើរគាំទ្រតែផ្ដេសតែផ្ដាស នាំឲ្យអន្តរាយដល់ខ្លួនឯង គ្រួសារ និងជាតិ“ ។

ទោះបីយ៉ាងណា លោកអ៊ុំ សំអាន ប្រធានស្ថាប័នអធិបតេយ្យជាតិ ព្រំដែននិងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ទទួលបន្ទុកដាក់បណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ការទៅទីស្នាក់ការអង្គការសហប្រជាជាតិ គឺដើម្បីរកផែនទី យកមកបង្ហាញខ្មែរយើង ឲ្យបានដឹង ហើយនិងប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ផងដែរ ។ ដូច្នេះមិនមែនជាសកម្មភាពបំបែករដ្ឋ ហើយធ្វើការជំនួសរដ្ឋាភិបាលដែលថាទទួលស្គាល់តាមរយៈការបោះឆ្នោតនោះទេ ។

លោក អ៊ុំ សំអាន បានមានប្រសាសន៍ថា “បាទ! ការបង្កើតរដ្ឋាភិបាលក្រៅប្រទេស មិនមែនជាការបំបែកបំបាក់រដ្ឋនោះទេ ហើយក៏មិនរំលោភទៅលើរដ្ឋធម្មនុញ្ញនោះដែរ តែដោយសារគណបក្សប្រជាជន គាត់បោះឆ្នោតក្លែងក្លាយ បោះឆ្នោតបង្រ្គប់កិច្ចហ្នឹងហើយ ទើបយើងបង្កើតរដ្ឋាភិបាលក្រៅប្រទេស ឬរដ្ឋាភិបាលឯករាជ្យ២៣តុលា ។ ហើយការដែលយើងចង់ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយសាររដ្ឋាភិបាល មិនប្ដឹង អ៊ីចឹងយើងប្ដឹងទៅ ហើយទៅចម្លងផែនទី ដើម្បីយកទៅប្ដឹង ដើម្បីផ្សព្វផ្សាយឲ្យកូនខ្មែរបានដឹង រួមទាំងអ្នកគាំទ្រគណបក្សប្រជាជន ផង រឿងអីទៅរិះគន់ពួកខ្ញុំដែលធ្វើដើម្បីជាតិនោះ? ហើយយើងទៅទីស្នាក់ការអង្គការសហប្រជាជាតិ ក៏ទៅដើម្បីរកផែនទី យកមកបង្ហាញខ្មែរយើង ឲ្យបានដឹង ហើយនិងប្ដឹងទៅ ICJ ផងដែរ ។ ដូច្នេះមិនមែនជាសកម្មភាពបំបែករដ្ឋនោះទេ ហើយធ្វើការជំនួសរដ្ឋាភិបាលដែលថាទទួលស្គាល់តាមរយៈការបោះឆ្នោតនោះ តាមពិតមិនមែនបោះឆ្នោតដោយសេរីនិងយុត្តិធម៌ឯណា បោះឆ្នោតតែម្នាក់ឯងហ្នឹង ហើយប្រទេសទាំងអស់លើពិភពលោក មានទំនាក់ទំនងការទូត ក៏មានទៅ អាហ្នឹងជារឿងដែលរបបក្រុងភ្នំពេញ គាត់ធ្វើ អ្វីដែលយើងធ្វើបាន យើងធ្វើនៅក្រៅប្រទេស ដើម្បីធ្វើម៉េច ជួយខ្មែរយើងដូចគ្នានោះទេ“ ៕ កុលបុត្រ

RELATED ARTICLES