ភ្នំពេញ ៖ ក្រោយពីលោកស្រីឧកញ៉ា អ៊ាន សៀវម៉ី បង្ហោះវីដេអូមួយ បង្ហាញពីភាពផ្អែមល្ហែមរវាងប្តីប្រពន្ធរបស់ខ្លួន ដោយបង្ហាញពីសកម្មភាពបុរសជាប្តី គ្រឺតក្នាញ់ លើកជើងប្រពន្ធថើប មក ស្រាប់តែមានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បានរិះគន់ ដោយខ្លះលើកឡើងថា ទង្វើរបស់ប្តីបែបនេះ គឺមិនសមរម្យ នាំឱ្យអាប់រាសី និងនាំឲ្យថោកដល់បុរសទូទៅ។ ប៉ុន្តែឧកញ៉ា អ៊ាន សៀវម៉ី បានឆ្លើយតបថា ប្តីថើបជើងប្រពន្ធ អត់មានអីថោកទេ ហើយក៏គ្មានអាប់រាសីអ្វីដែរ កុំឱ្យតែប្តីមានស្រី លើកជើងស្រីកប់ក្បាល បម្រើគេគ្មានសល់កន្លុកកន្លៀត រួចយកលុយទៅឱ្យគេទៀត នោះទើបថោក អាប់រាសី។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ លោកស្រីឧកញ៉ា អ៊ាន សៀវម៉ី បានបង្ហោះវីដេអូមួយ បង្ហាញពីភាពផ្អែមល្ហែម ស្និទ្ធស្នាល ដែលប្តីថ្មី ធ្វើចំពោះខ្លួន ដោយប្តីបានលើកជើងប្រពន្ធថើបទាំងគ្រឺតក្នាញ់ ភ្ជាប់ជាមួយសំណេរថា “ក្តីសុខនិងស្នាមញញឹម មានរាល់ថ្ងៃ ពេល មានមនុស្សម្នាក់យល់ចិត្ត និងកូនៗល្អនៅក្បែរប៉ុណ្ណឹងគ្រប់គ្រាន់ មិនចាំបាច់ខ្វល់ខ្វាយច្រើនពីអ្នកដែលមិនចូលចិត្តយើងទេ…”។
បន្ទាប់ពីបានឃើញវីដេអូប្តីថើបជើងប្រពន្ធបែបនេះ មានអ្នកប្រើប្រាស់បណ្តាញសង្គម មួយចំនួន បានចូលទៅបញ្ចេញមតិយោបល់ (ខម្មិន) បង្ហាញនូវការសរសើរពីសុភមង្គល និងក្តីសុខក្នុងក្រុមគ្រួសារ ដែលស្វាមីផ្តល់ជូនភរិយាជាទីស្រលាញ់ តែក្នុងនោះ ក៏មានអ្នកខ្លះ បានរិះគន់ថា ទង្វើបែបនេះ មិនសមរម្យទេ នាំឱ្យអាប់រាសីប្តី ខណៈខ្លះទៀត នេះហើយ ព្រោះតែលុយ ទើបបុរសធ្វើថោកបែបនេះ។

ឆ្លើយតបចំពោះការរិះគន់ខាងលើ លោកស្រីឧកញ៉ា អ៊ាន សៀវម៉ី កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ បានបង្ហោះ វីដេអូមួយទៀត បង្ហាញពីសកម្មភាពប្រចាំថ្ងៃ ក្នុងគ្រួសាររបស់ខ្លួន ដែលកំពុងរស់នៅយ៉ាងមានសុភមង្គល ភ្ជាប់ជាមួយសំណេរថា “គ្រួសារ មិនមែនជាអ្វីល្អឥតខ្ចោះទេ… ប៉ុន្តែវាជាកន្លែងដែលមានក្តីស្រឡាញ់ពិតប្រាកដ ហើយសុភមង្គលពិតប្រាកដ ក៏ចាប់ផ្តើមពីគ្រួសាររបស់យើង…”។

លោកស្រីឧកញ៉ា អ៊ាន សៀវម៉ី បានរៀបរាប់ថា “គ្រាន់តែបង្ហាញរូបភាពប្តីខ្ញុំថើបជើងខ្ញុំ មានអ្នកខ្លះស៊ែរថា ថោក អ្នកខ្លះចូលខម្មិនថា ថោក អ្នកខ្លះជ្រេញ អ្នកខ្លះទៀតថា អាប់រាសី អ្នកខ្លះ ទៀតថា ព្រោះតែលុយ អ៊ីចឹងខ្ញុំសូមបកស្រាយនៅក្នុងវីដេអូនេះ ឱ្យបានដឹង ហើយបើកត្រចៀកស្តាប់ អ្នកដែលទើសខ្ញុំមួយចំនួនតូច ហើយរូបភាពថើបជើងនេះ មើលខោអាវខ្ញុំ មើលទីតាំងផ្សេងៗគ្នាទាំងអស់ ខ្ញុំចង់បញ្ជាក់ប្រាប់ប៉ុណ្ណឹង។ អ៊ីចឹងខ្ញុំចង់ប្រាប់ថាអ៊ីចេះ អត់មានអីថោករឿងប្តីថើបប្រពន្ធទេ ជីវិតខ្ញុំ រស់នៅបែបសាមញ្ញ ឃើញជីវិតខ្ញុំ ជីវិតពួកខ្ញុំ មានក្តីសុខទេ? អ៊ីចឹងកុំច្រណែនក្តីសុខខ្ញុំ ហើយហេតុអីបានត្រូវថោក? អត់មានអីថោកទេ ព្រោះប្តីប្រពន្ធយើង គាត់បម្រើយើង យើងបម្រើគាត់ ហើយមានរឿងអីត្រូវថោក? មួយទៀត ព្រោះតែលុយ ខ្ញុំចង់ប្រាប់ថា ស្គាល់គ្រួសារខ្ញុំ ប្តីខ្ញុំច្បាស់ទេ? ព្រោះតែលុយហ្នឹង? គាត់ជាអ្នកណា? គាត់ជាមនុស្សបែបម៉េច? មិនមែនគាត់មកដេកស៊ី រំពឹងលើខ្ញុំនោះទេ បើអត់ទាន់ស្គាល់ច្បាស់ទេ កុំចេះតែថា ព្រោះតែលុយ ហើយមួយទៀត មានអ្នកខ្លះថា មើលកូននោះ មុខអត់រីករាយទេ បងមើលក្នុងវីដេអូនេះ មើលក្នុងវីដេអូនេះ ឱ្យច្បាស់ថា គ្រួសារខ្ញុំមានសុភមង្គលបែបម៉េច? រូបភាពទាំងអស់នេះ រូបភាពខ្លះ ខ្ញុំមិនបង្ហាញនៅក្នុង Social Media ផង ខ្ញុំមិនបានបង្ហោះផង មើលស្នាមញញឹមកូនខ្ញុំ មើលស្នាមញញឹមខ្ញុំ តើខ្ញុំមានក្តីសុខអត់? មិនថានៅទីកន្លែងណាទេ គាត់ស្រលាញ់ខ្ញុំ គាត់ថើបខ្ញុំ ព្រោះប្តីប្រពន្ធយើង យើងអត់បានទៅលួចឆក់ប្លន់ពីណាមកទេ មិនអ៊ីចឹង? យើងអត់មានត្រូវការអាថ៌កំបាំង លួចលាក់អីទេ ហើយគាត់ជួយការងារផ្ទះ ឃើញទេ ថោកទៀតហើយមែនទេ? កំពុងបត់ខោអាវប្រពន្ធកូនហ្នឹង ថោកមែន? ប្តីខ្ញុំបោកអ៊ីចឹងទៅ បត់អ៊ីចឹងទៅ ហើយខ្ញុំរៀបចំដាក់ចូលក្នុងទូ អ៊ីចឹងទៅ ហើយមើលសេចក្តីសុខក្រុមគ្រួសារខ្ញុំ ស្នាមញញឹមពួកខ្ញុំ ម្ហូប ខ្ញុំក៏ធ្វើ គាត់ក៏ធ្វើ អ្វីដែលគាត់ចេះ គាត់ធ្វើ អ្វីដែលខ្ញុំចេះ ខ្ញុំធ្វើ ហើយការងារព្រលឹមឡើង ខ្ញុំងើបឡើង ខ្ញុំគិតពីការងារម្ហូបកូនខ្ញុំ ប្តីខ្ញុំ ញ៉ាំអីឆ្ងាញ់ ញ៉ាំអីគេ ឬក៏ធ្វើម្ហូបអីញ៉ាំនៅផ្ទះ ១០០មុខ ខ្ញុំចេះទាំងអស់ ហើយខ្ញុំបង្រៀនកូនខ្ញុំ ឱ្យចេះការងារផ្ទះ ហើយសួរថា ទាំងអស់នេះ ខ្ញុំខ្វះអ្នកដែលខ្ញុំត្រូវការប្រើពួកគាត់មែន? អត់ខ្វះទេ លុយខ្ញុំមានតើ ប៉ុន្តែខ្ញុំមករស់នៅក្រៅប្រទេស ខ្ញុំរស់នៅបែបសាមញ្ញ ខ្ញុំរស់នៅបែបឱ្យកូនខ្ញុំចេះការងារទាំងអស់ហ្នឹង ពីព្រោះខ្ញុំជាកូនអ្នកស្រែ កូនអ្នកព្រៃវែង ជីវិតខ្ញុំ មកដល់រាល់ថ្ងៃនេះ ប៉ាម៉ាក់ខ្ញុំ អ្នកបង្រៀនខ្ញុំដូចគ្នា ហើយវីដេអូ បងប្អូនឃើញទេ វីដេអូខ្លះ ខ្ញុំធ្វើម្ហូបឱ្យប្តីខ្ញុំញ៉ាំ ពាក្យថាប្តីប្រពន្ធ អត់មានអីថោកទេ យើងផ្តល់ស្នាមញញឹមឱ្យគ្រួសារយើងទេ ស្រីណាក៏ចង់បានស្នាមញញឹម ក្តីសុខ ក្តីស្រ លាញ់ ផ្តល់ភាពកក់ក្តៅឱ្យដែរ ខ្ញុំសួរថា ១ម៉ឺននាក់ ស្រីណាមិនចង់បានអ៊ីចឹង?»។

លោកស្រីឧកញ៉ា អ៊ាន សៀវម៉ី បន្តថា «យើងបម្រើប្តី ប្តីបម្រើយើងជាក្តីសុខណាស់ ជាក្តីសុខក្នុងគ្រួសារណាស់ ឃើញទេ ឃើញប្តីខ្ញុំធ្វើការ អត់រើសអើងទេ ខ្ញុំក៏អត់រើសអើងដែរ ខ្ញុំងារជាឧកញ៉ា ខ្ញុំងារជាជំទាវ ខ្ញុំមានលុយ ចុះហេតុអីខ្ញុំមកធ្វើម្ហូបឱ្យប្តីខ្ញុំញ៉ាំ ? ក្តីស្រលាញ់! ហើយកូនខ្ញុំ ជួយធ្វើការងារផ្ទះ ឃើញទេ ហើយមួយទៀត ខម្មិនថា អត់ខ្មាសកូនទេ? រឿងអីខ្ញុំត្រូវខ្មាសកូនខ្ញុំ? ខ្ញុំមានតែហៅកូនខ្ញុំ ប្រាប់ ហេតុអី? ព្រោះខ្ញុំចង់ឱ្យកូនខ្ញុំ ពេលវាមានប្រពន្ធ មានប្តី ឱ្យគ្រួសារកូនខ្ញុំ ដូចខ្ញុំអ៊ីចឹង ដូចយ៉ាងម៉េច? មានស្នាមញញឹម មានក្តីសុខ ប្រពន្ធណាដែលមិនចង់ឱ្យប្តី Sweet ជាមួយ? ប្រពន្ធណាដែលមិនចង់ឱ្យប្តីថ្នមថ្នាក់? រកលុយឱ្យហើយ ការងារផ្ទះ ជួយហើយ ហើយផ្តល់ស្នាមញញឹមឱ្យខ្លួនទៀត អ្នកណាមិនចង់បាន? ខ្ញុំបង្រៀនកូនប្រុសខ្ញុំថា កូនឯង ពេលដែលមានប្រពន្ធ ត្រូវតែចេះស្រលាញ់ប្រពន្ធ ត្រូវតែបម្រើប្រពន្ធ ខ្ញុំនិយាយកូនខ្ញុំអ៊ីចឹង ខ្ញុំអត់មានឱ្យកូនខ្ញុំយកប្រពន្ធមក ឱ្យប្រពន្ធបម្រើទេ ត្រូវតែចេះជួយការងារគ្នា អ្វីដែលកូនឯងចេះ កូនឯងធ្វើ ឃើញកូនខ្ញុំទេ សប្បាយបែបម៉េច? មើលជីវិតខ្ញុំរាល់ថ្ងៃទៅ រីករាយប៉ុនណា? មើលតែវីដេអូហ្នឹងទៅ កុំចូលមកច្រណែន កុំចូលមកទើសគេ ហើយ បងស្រីមួយទៀត គាត់ថាចេះ ឱ្យប្តីធ្វើអ៊ីចឹង អាប់រាសីប្តី ហ្នឹងហើយ ប្តីប្រពន្ធឯង ខ្លាចអាប់រាសី ដល់ពេលប្តីមានស្រី លើកជើងស្រី កប់ក្បាលប្តី បម្រើគ្មានសល់កន្លុកកន្លៀតណា យកលុយទៅឱ្យគេទៀត អ៊ីចឹងត្រូវគិតបង បើសិនជាខ្ញុំជាបងឯង បើប្តីខ្ញុំប្រើភាសាមួយថា ខ្លាចអាប់រាសី ខ្ញុំអត់យកទេបង ខ្ញុំនិយាយត្រង់ហ្មង ព្រោះអី ប្តីប្រពន្ធខ្លួនឯង គ្មានអាប់រាសីទេ ប្តីខ្ញុំណា ថើបខ្ញុំគ្មានសល់កន្លុកកន្លៀតទេបង ខ្ញុំនិយាយត្រង់ ហើយសួរថា រាសីម៉េច? រាសីកាន់តែរីកចម្រើន ព្រោះសប្បាយចិត្ត ពេលណាសប្បាយចិត្តរកស៊ី គិតអីក៏លះដែរ ពេល ណាអួអាប់ អង្គុយចងចិញ្ចើម មួយលិច មួយកើត យូរៗទៅ វាលែងមានអារម្មណ៍ល្អជាមួយគ្នា ហើយកូនខ្ញុំ ខ្ញុំបង្រៀនកូនខ្ញុំ ឱ្យបត់ខោអាវ ខ្ញុំបង្រៀនកូនខ្ញុំ គ្រប់បែបយ៉ាងទាំងអស់ ឱ្យកូនខ្ញុំចេះ…”។

ដោយឡែក បុរសជាប្តីឧកញ៉ា អ៊ាន សៀវម៉ី ក៏បានធ្វើការបកស្រាយដែរថា “បងប្អូន នៅពេលដែលយើងជាគ្រួសារ ប្តីប្រពន្ធ កូន សកម្មភាពហ្នឹងក៏យើងចង់បង្កើតក្តីសុខឱ្យគ្រួសារ អារម្មណ៍រំភើបឱ្យប្រពន្ធ ប្រពន្ធខ្ញុំ គាត់អត់សូវស្រួលខ្លួន ប៉ុន្មានថ្ងៃហ្នឹង អ៊ីចឹងយើងថ្នាក់ថ្នម ប្រពន្ធ ស្រលាញ់ប្រពន្ធ ហើយថើបជើងប្រពន្ធ បើប្រពន្ធខ្ញុំស្អាតសឹងអីហ្នឹង ខ្ញុំក្នាញ់ មិនត្រូវថើប? កន្លែងដែលត្រូវថើបណា ដៃជើង ថ្ពាល់ មាត់អីហ្នឹង ប្រពន្ធយើងតើ កុំឱ្យតែយើងទៅថើបស្រីផ្សេង អាហ្នឹងក្តីសុខគ្រួសាររបស់ខ្ញុំតើ បងប្អូន តែខ្ញុំជឿថា មនុស្សស្រីភាគច្រើន ចង់ឱ្យប្តីថ្នាក់ថ្នម បងប្អូនត្រូវចាំថា ទោះបីមានលុយច្រើនក៏ដោយ មានមិនមានក៏ដោយ ប៉ុន្តែអារម្មណ៍ដែលយើងផ្តល់ឱ្យប្រពន្ធ ក្តីសុខផ្លូវចិត្ត អារម្មណ៍រំភើប ដែលយើងអាចធ្វើបាន ដោយមិនចំណាយលុយ អាហ្នឹងហើយជាសកម្មភាពតិចតួច ហើយប្រពន្ធខ្ញុំណា ពេលដែលគាត់ងើបពីគេងមក អីដែលគាត់គិតមុនគេ គឺអាហារប្តី ត្រូវរៀបចំចម្អិនម្អូបឱ្យកូន ឱ្យប្តី ញ៉ាំរាល់ថ្ងៃ ពីព្រឹក ដល់យប់ អ៊ីចឹងខ្ញុំគ្រាន់តែខ្ញុំថ្នាក់ថ្នមប្រពន្ធខ្ញុំហ្នឹង ធ្វើឱ្យគ្រួសារសប្បាយរីករាយ ព្រោះ ខ្ញុំនិងប្រពន្ធរវល់ណាស់បងប្អូន រវល់ការងាររកស៊ី អ៊ីចឹងអាពេលតិចតួចហ្នឹង យើងអត់ទៅណាមកណា យើងចំណាយពេលសប្បាយជាមួយគ្នាក្នុងផ្ទះហ្នឹងទៅ។ ខ្ញុំមានពាក្យមួយ រាសីឡើងមិនឡើង ឱ្យតែគ្រួសារយើងសប្បាយរីករាយ រាសីឡើងហើយ…”៕ ដារិទ្ធ