Friday, September 19, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានដឹកកម្មករបុកគេ ក្រឡាប់ខ្លួនឯង របួស១២នាក់

ឡានដឹកកម្មករបុកគេ ក្រឡាប់ខ្លួនឯង របួស១២នាក់

ភ្នំពេញ ៖ រថយន្តដឹកកម្មកររោងចក្រ ១គ្រឿង អ្នកបើកបរខ្វះការប្រុងប្រយ័ត្ន បំពានភ្លើងស្តុប ជ្រុលទៅបុករថ យន្ត ១គ្រឿងទៀត ដែលបើកបត់ឆ្លងផ្លូវ ធ្វើឱ្យរថយន្តដឹកកម្មកររោងចក្រក្រឡាប់បះជើង បណ្តាលឱ្យកម្មករប្រុសស្រី១២នាក់ រងរបួសធ្ងន់ស្រាល។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅចំ ណុចផ្លូវបេតុង កែងផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បានបើក រថយន្តម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BE-5628 ធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រ ទិសដៅពីកើត ទៅលិច លុះមកដល់ចំណុចកើតហេតុ ដែលជាផ្លូវបំបែកជាបួន ហើយភ្លើងស្តុបអាទិភាពបត់ឆ្វេង រថយន្តបានបត់ឆ្វេងឆ្លងផ្លូវ ឡើងចូលទៅផ្លូវបេតុង ABC ស្រាប់តែមានរថយន្តកូរ៉េ ដឹកកម្មកររោងចក្រ ម៉ាកហ៊ីយុនដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-0931 មានដឹកកម្មករប្រុសស្រី ចំនួន១២នាក់ (ប្រុស២នាក់ ទាំងអ្នកបើកបរ) បានបើកធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រ ទិសដៅពីលិច ទៅកើត ល្បឿនលឿន ហើយបំពានភ្លើងស្តុប បានបួងចង្កូតទៅបុកនិងកៀររថយន្តស្តារិច ចំផ្នែកខាងមុខ បណ្តាលឱ្យរថយន្តកូរ៉េដឹកកម្មករ ក្រឡាប់បះជើង និងបណ្តាលឱ្យកម្មករ រងរបួសធ្ងន់-ស្រាល ចំនួន១២នាក់ និងត្រូវបានដឹកបញ្ជូនតាមរថយន្តសាមុយ របស់មន្ទីរពេទ្យបង្អែកដង្កោ យកទៅសង្គ្រោះភ្លាមៗ។ ចំណែកអ្នកបើកបររថយន្តដឹកកម្មករ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅសាកសួរ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចចរាចរណ៍រជធានី ចុះធ្វើការវាស់វែង និងស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES