Friday, September 19, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមម៉ែឪនិងកូនស្រី ជិះទូករកត្រី លិចទូក ស្លាប់ទាំង៣នាក់

ម៉ែឪនិងកូនស្រី ជិះទូករកត្រី លិចទូក ស្លាប់ទាំង៣នាក់

ខេត្តសៀមរាប ៖ ក្រុមគ្រួសារមួយ មានសមាជិក ៣នាក់ (ឪពុកម្តាយ និងកូនស្រី) បាននាំគ្នាជិះទូក ចេញទៅរកត្រី ស្រាប់តែជួបគ្រោះអកុសល ត្រូវទឹកកួចលិចទូក បណ្តាលឱ្យលង់ទឹកស្លាប់ទាំង៣នាក់។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៧យប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅត្រង់ចំណុចទ្វារទឹកស្ទឹងព្រះស្រុក ស្ថិតក្នុងភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។

ជនរងគ្រោះទាំង៣នាក់ ដែលបាត់បង់ជីវិត រួមមាន ទី១-ឈ្មោះឌិត ឌា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរធ្វើស្រែ (ត្រូវជាប្តី)។ ទី២-ឈ្មោះតែម សាលិត ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរធ្វើស្រែ (ត្រូវជាប្រពន្ធ) និងទី៣-ឈ្មោះឌិត សិរី អាយុ១៣ឆ្នាំ មុខរបរសិស្ស (ត្រូវជាកូន)។ ក្រុមគ្រួសារជនរងគ្រោះ មានលំនៅក្នុងភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់ (ម៉ែឪ និងកូនស្រី) បាននាំគ្នាបើកទូកស្មាច់ ចេញទៅរកចាប់នុយកូនក្អាត់ (សត្វ) ដើម្បីរាយសន្ទូច រកត្រី យកមកធ្វើម្ហូប និងទុកលក់ ដូចសព្វដង។ លុះពេលជិះទូកមកដល់ផ្នែកខាងលើទ្វារទឹក ស្ទឹងព្រះស្រុក ស្រាប់តែទឹកបានហូរកួចលិចទូក បណ្តាលឱ្យលិចទឹកបាត់ខ្លួនទាំង៣នាក់ តែម្តង។

ប្រភពដដែល បន្តថា ឧបទ្ទវហេតុនេះ កើតឡើងដោយសារខណៈដែលទូករបស់ជនរងគ្រោះបើកមកដល់ចំណុចខាងលើទ្វារទឹកនោះ ក៏មានទឹកហូរកួចយ៉ាងខ្លាំង ធ្វើឱ្យលិចចូលទឹក  បណ្តាលឲ្យជនរងគ្រោះ ទាំង៣នាក់ ឪពុកម្តាយនិងកូនស្រី លិចចូលទឹក ហើយភ្លាមៗនោះ អ្នកភូមិដែលនៅក្បែរនោះ បានឃើញក៏ស្ទុះទៅជួយសង្គ្រោះជនរងគ្រោះដែរ តែជួយមិនទាន់។

បន្ទាប់ពីកើតហេតុភ្លាម មានប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ព្រមទាំងអាជ្ញាធរមូលដ្ឋាន ដែលដឹកនាំផ្ទាល់ដោយលោកស៊ីន ចាន់ថុល អភិបាលស្រុកពួក បានចុះមកអន្តរាគមន៍ រាវរកជនរងគ្រោះភ្លាមៗដែរ តែរកមិន ឃើញ។ រហូតមកដល់វេលាម៉ោង ១០និង១៥នាទីយប់ ទើបរាវរកឃើញសពបុរសជាឪពុក និងបន្តរកឃើញសពកូនស្រី នៅចំណុចអូរកែង ស្ថិតនៅខាងក្រោមទីតាំងកើតហេតុ ចម្ងាយប្រមាណជាង ១២០០ម៉ែត្រ ខណៈដែលសពស្ត្រីជាប្រពន្ធ នៅមិនទាន់រកឃើញ (គិតត្រឹមវេលាម៉ោង ១០ព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥)។

លោកស៊ីន ចាន់ថុល អភិបាលស្រុកពួក ដែលដឹកនាំប្រតិបត្តិការរាវរកជនរងគ្រោះ ដោយផ្ទាល់ បានបញ្ជាក់ប្រាប់ថា ក្រោយទទួលបានព័ត៌មានភ្លាម លោកបានដឹកនាំកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ចុះមកដល់ទីតាំងកើតហេតុ ដើម្បីរាវរកជនរងគ្រោះ រហូតដល់វេលា ម៉ោង ១០និង១៥នាទីយប់ ថ្ងៃដដែល ទើបរាវរកឃើញសពបុរសជាឪពុក និងបន្តរកឃើញសពកូនស្រីទៀត នៅសល់តែសពស្ត្រីជាម្តាយ នៅមិនទាន់រកឃើញនៅ ឡើយ។

លោកអភិបាលស្រុកពួក បានបញ្ជាក់ថា តាមការសាកសួរ ជនរងគ្រោះជាឪពុក គឺចេះហែលទឹក ចំណែកប្រពន្ធនិងកូនស្រី មិនចេះហែលទឹកទេ ហេតុនេះតាមការសន្និដ្ឋានរបស់លោក បុរសជាឪពុក នៅពេលដែលកើតហេតុភ្លាមៗ ទំនងជាព្យាយាមជួយសង្គ្រោះប្រពន្ធនិងកូនស្រី តែដោយសារកម្លាំងទឹកហូរខ្លាំង ទើបមិនអាចសង្គ្រោះប្រពន្ធកូនបាន និងថែមទាំងបាត់បង់ជីវិតទាំងខ្លួនឯងទៀត។

សពជនរងគ្រោះទាំង២នាក់ ឪពុកនិងកូនស្រី ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។ ជាមួយនេះ កម្លាំងសមត្ថកិច្ចចម្រុះ និងបងប្អូនប្រជាពលរដ្ឋ ក៏បន្តរាវរកសពស្ត្រីរងគ្រោះជាប្រពន្ធម្នាក់ទៀត៕

RELATED ARTICLES