Tuesday, September 16, 2025
Homeព័ត៌មានអន្តរជាតិលោក Musk អំពាវនាវឱ្យមានការបោះឆ្នោតឡើងវិញនៅចក្រភពអង់គ្លេស

លោក Musk អំពាវនាវឱ្យមានការបោះឆ្នោតឡើងវិញនៅចក្រភពអង់គ្លេស

វ៉ាស៊ីនតោន ៖ មហាសេដ្ឋីអាមេរិក លោក អេឡុន ម៉ាសក៍ (Elon Musk) ថ្មីៗនេះបានបង្ហាញខ្លួនដោយមិននឹកស្មានដល់” នៅឯការប្រមូលផ្តុំតវ៉ាប្រឆាំងនឹងអន្តោប្រវេសន៍នៅទីក្រុងឡុងដ៍ ដែលមានអ្នកចូលរួមជាង ១០ ម៉ឺននាក់ តាមរយៈតំណភ្ជាប់វីដេអូ។ លោក Musk  បាន សន្ទនា ជាមួយ សកម្មជន ស្តាំ និយម អង់គ្លេស Tommy Robinson នៅ ចំពោះ មុខ អ្នក មើល រាប់ ម៉ឺន នាក់។ លោក Musk បានអះអាងថា “អំពើហឹង្សាជិតមកដល់ហើយ”, “ពួកអ្នកមានតែជម្រើសវាយតបវិញ ឬស្លាប់បាត់បង់ជីវិតតែប៉ុណ្ណោះ។”

លោក Musk បាននិយាយថា “ក្នុងនាមជាជនជាតិអង់គ្លេស គឺមានរឿងរ៉ាវដ៏ស្រស់ស្អាតមួយចំនួន ប៉ុន្តែអ្វីដែលខ្ញុំឃើញ គឺថាចក្រភពអង់គ្លេសកំពុងត្រូវបានបំផ្លាញ — ដោយដំបូងឡើយវាត្រូវបានបំផ្លាញបន្តិចម្តងៗ ហើយឥឡូវនេះ វាកាន់តែធ្ងន់ធ្ងរទៅៗដោយការធ្វើអន្តោប្រវេសន៍ទ្រង់ទ្រាយធំ ដែលមិនអាចគ្រប់គ្រងបាន។”

“ក្រឡេកមើលជុំវិញខ្លួន ហើយសួរខ្លួនឯងថា តើអ្នកនឹងរស់នៅក្នុងពិភពលោកបែបណា ប្រសិនបើស្ថានភាពនេះនៅតែបន្តកើតមាន?” លោក Musk បាននិយាយ។

លោក Musk ក៏បានអំពាវនាវឱ្យមានការបោះឆ្នោតឡើងវិញនៅចក្រភពអង់គ្លេសដោយនិយាយថា “ខ្ញុំពិតជាយល់ឃើញថា ចក្រភពអង់គ្លេសត្រូវតែផ្លាស់ប្តូររដ្ឋាភិបាលរបស់ខ្លួន។ យើងមិនអាចរង់ចាំបួនឆ្នាំទៀតទេ មិនថាការបោះឆ្នោតលើកក្រោយនឹងប្រព្រឹត្តទៅនៅពេលណានោះទេ គឺវាយូរពេកហើយ។”

“ចាំបាច់ត្រូវតែចាត់វិធានការ ត្រូវតែរំលាយសភា ហើយត្រូវតែធ្វើការបោះឆ្នោតឡើងវិញ” លោក Musk បាននិយាយ។

សារព័ត៌មានរ៉យទ័រ (Reuters) បានរាយការណ៍ថា បច្ចុប្បន្ន អន្តោប្រវេសន៍បានក្លាយជាបញ្ហានយោបាយសំខាន់បំផុតនៅចក្រភពអង់គ្លេស ដែលមានសារៈសំខាន់ជាងក្តីបារម្ភអំពីវិបត្តិសេដ្ឋកិច្ច។ បច្ចុប្បន្ន ចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងការបំបែកកំណត់ត្រា នៃចំនួនពាក្យសុំសិទ្ធិជ្រកកោន។ ចាប់តាំងពីដើមឆ្នាំនេះ ជនអន្តោប្រវេសន៍ជាង ២ម៉ឺន៨ពាន់នាក់បានជិះទូកតូចៗ ឆ្លងកាត់ច្រកសមុទ្រ English Channel ហើយបានមកដល់ចក្រភពអង់គ្លេស។

ចាប់តាំងពីលោក Musk និងលោកប្រធានាធិបតីអាមេរិក ត្រាំ (Trump) បានឈ្លោះគ្នាដោយសារសេចក្តីព្រាងច្បាប់  «One Big Beautiful Bill Act», លោក Musk បានចេញសេចក្តីថ្លែងការណ៍នយោបាយជាញឹកញាប់ ដែលបង្កឱ្យមានការមិនពេញចិត្តក្នុងចំណោមអ្នកនយោបាយនៅក្នុងប្រទេសជាច្រើន។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Hill ៖ លោក Elon Musk បានសារភាពកាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ ថា គាត់ជឿថា រដ្ឋាភិបាលសហព័ន្ធអាមេរិកមានជំងឺធ្ងន់ធ្ងរហើយ និងគ្មានថ្នាំព្យាបាលជាសះស្បើយនោះទេ។ ការបង្ហាញពីជំហរនេះ បានធ្វើឡើងបន្ទាប់ពីគាត់បានចូលកាន់តំណែងជាប្រធាននាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) នៅសេតវិមានក្នុងឆ្នាំនេះ។

«រដ្ឋាភិបាល គឺគ្មានថ្នាំព្យាបាលជាសះស្បើយនោះទេ»។ លោក Musk បាននិយាយក្នុងអំឡុងពេលបង្ហាញខ្លួនតាមប្រព័ន្ធអ៊ីនធឺណិតរបស់គាត់នៅឯកិច្ចប្រជុំកំពូល All-In Summit ។

គាត់បាននិយាយថា “ប្រសិនបើបញ្ញាសិប្បនិម្មិត (AI) និងមនុស្សយន្តមិនអាចដោះស្រាយបញ្ហាបំណុលរតនាគារបានទេ យើងនឹងត្រូវចប់ហើយ។”

រហូត មក ដល់ ពេល បច្ចុប្បន្ននេះ លោក Elon Musk ត្រូវ បាន គេ ទទួល ស្គាល់ យ៉ាង ទូលំទូលាយ ថា ជា សហគ្រិន ជោគជ័យ បំផុត មួយ រូប ដោយ មាន សមិទ្ធិផលច្នៃប្រឌិតបង្កើតថ្មី ដ៏ អស្ចារ្យ  រួមមាន៖  ការ បង្កើត វេទិកា ទូទាត់ តាម អ៊ីនធឺណិត PayPal ការគ្រប់គ្រង ក្រុមហ៊ុន ផលិត រថយន្ត អគ្គិសនី Tesla និងក្រុមហ៊ុន SpaceX ។ ទន្ទឹមនឹងនេះដែរ គាត់ក៏ជាបុគ្គលដែលមានភាពចម្រូងចម្រាសខ្លាំង រួមមាន៖ ប្រព័ន្ធទូរគមនាគមន៍ផ្កាយរណប “Starlink” របស់ក្រុមហ៊ុនបច្ចេកវិទ្យារុករកអវកាស SpaceX ដែលត្រូវបានបង្កើតឡើងដោយខ្លួនគាត់ផ្ទាល់។ ប្រព័ន្ធ នេះ  ត្រូវ បាន គេ ចោទ ថា មាន ជាប់ ពាក់ព័ន្ធ ក្នុង វិស័យ យោធា  ដូចជា៖  ជម្លោះ រវាងប្រទេសរុស្ស៊ី  និង អ៊ុយក្រែន។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបរទេស “កងទ័ពអ៊ុយក្រែនបានពឹងផ្អែកយ៉ាងខ្លាំងលើឧបករណ៍ប្រព័ន្ធ Starlink របស់ក្រុមហ៊ុន SpacX ដែលមានចំនួនរាប់ពាន់គ្រឿងសម្រាប់ទំនាក់ទំនងក្នុងសមរភូមិ និងប្រតិបត្តិការដ្រូន (Drone)មួយចំនួន។ ក្នុងរយៈពេល ៣ ឆ្នាំកន្លះ កន្លងផុតទៅនេះ ការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ប្រទេសរុស្ស៊ី ប្រព័ន្ធ Starlink ត្រូវបានបង្ហាញថា អាចទប់ទល់នឹងសកម្មភាពចារកម្ម និងការរំខាត នៃរលកសញ្ញា (Signal interference) ។

នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំនេះ ប្រព័ន្ធ Starlink បានជួបប្រទះនូវបញ្ហាដាច់បណ្តាញជាសកលដ៏ធំបំផុតដោយ សារតែបញ្ហាសុសវែរ (Software) ផ្ទៃក្នុង។

មេបញ្ជាការដ្រូន (Drone) របស់ប្រទេសអ៊ុយក្រែន លោក Robert Brovdi បានសរសេរនៅលើបណ្តាញ Telegram នៅល្ងាចនោះថា “កងទ័ពជួរមុខទាំងមូលជួបប្រទះនូវបញ្ហាដាច់បណ្តាញប្រព័ន្ធ Starlink ។”

ប្រព័ន្ធ Starlink ដែលមានអ្នកប្រើប្រាស់ជាង ៦ លាននាក់នៅក្នុងប្រទេស និងតំបន់ជាង ១៤០ ជុំវិញពិភព លោក ក្រោយមកបានទទួលស្គាល់បញ្ហាដាច់អ៊ីនធឺណិតទូទាំងពិភពលោកនេះ នៅលើវេទិកាបណ្តាញ X ។លោក Brovdi បានធ្វើបច្ចុប្បន្នភាពតាមរយៈសារលើបណ្តាញសង្គមនៅម៉ោង ០១ និង ០៥ នាទី ព្រឹកថ្ងៃសុក្រ ដោយបញ្ជាក់ថា បញ្ហាត្រូវបានដោះស្រាយហើយ។ លោក បាន បញ្ជាក់ ថា ឧប្បត្តិហេតុ នេះ  បង្ហាញ ពី ហានិភ័យ នៃ ការ ពឹង ផ្អែក លើ ប្រព័ន្ធ តែ មួយ ព្រមទាំង អំពាវនាវ ឱ្យ មាន ការ ធ្វើ ពិពិធកម្មវិធីសាស្រ្តទូរគមនាគមន៍ និង បណ្តាញអ៊ីនធឺណិត។

ប្រព័ន្ធ Starlink ក៏ត្រូវបានគេចោទប្រកាន់ផងដែរ ពីការជួយជ្រោមជ្រែង”បដិវត្តន៍ ពណ៌” នៅក្នុងប្រទេសផ្សេង ៗ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Fast Tech នៅថ្ងៃទី ២១ខែឧសភា ឆ្នាំ ២០២៤, កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន SpaceX បានប្រកាសពីការដំឡើងថ្លៃ ១00% នៃតម្លៃសេវាកម្មប្រចាំខែរបស់ប្រព័ន្ធ Starlink ។យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការ ថ្លៃសេវាប្រព័ន្ធ Starlink របស់អ្នកប្រើប្រាស់បានកើនឡើងពី ២00 ដុល្លារក្នុងមួយខែដល់ ៤00 ដុល្លារ (ជាមួយនឹងតម្លៃសេវាប្រចាំខែនៅអឺរ៉ុបកើនឡើងដល់ ៤៥០ អ៊ឺរ៉ូ) ។ ប្រសិនបើលុបចោលការទិញក្នុងរយៈពេល ៣០ ថ្ងៃបន្ទាប់ពីការទិញ អាចទទួលបានការបង្វិលសងប្រាក់ពេញថ្លៃសម្រាប់ថ្លៃហាដវែរ (Hardware) និងសេវាកម្ម។ ប្រសិនបើទិញហាដវែរ (Hardware) កាលពីឆ្នាំមុន អ្នកអាចទទួលបានការបង្វិលសងប្រាក់ចំនួន ៥0% ។

មុនពេលប្រើប្រាស់ជាផ្លូវការនូវសេវាទូរគមនាគមន៍ផ្កាយរណបប្រព័ន្ធStarlink អ្នកប្រើប្រាស់ទាំងអស់ត្រូវទិញឧបករណ៍ទទួលរលកសញ្ញា។ ឧបករណ៍ស្ដង់ដារមានតម្លៃ ៥៩៩ ដុល្លារ ខណៈពេលដែលឧបករណ៍ប្រតិបត្តិខ្ពស់ (High-performance) មានតម្លៃ ២៥០០ ដុល្លារ។ ការចំណាយដ៏ខ្ពស់នេះ ធ្វើឱ្យមនុស្សសាមញ្ញមានអា រម្មណ៍ភ្ញាក់ ផ្អើល និង ស្ទាក់ ស្ទើរ ក្នុង ការ ឈាន ទៅ មុខ។

លើសពីនេះទៀត ដោយសារតែការផ្លាស់ប្តូរពីមិត្តភាពទៅជាអរិភាពជាមួយលោកប្រធានាធិបតីអាមេរិក Trump ប្រទេសមួយចំនួនដែលរៀបចំទិញប្រព័ន្ធ Starlink ក៏មានការប្រុងប្រយ័ត្នខ្លាំងផងដែរ ហើយហេតុផលតែមួយគត់នោះគឺ ពួកគេខ្លាចធ្វើអោយលោកប្រធានាធិបតីអាមេរិក Trumpទាស់ចិត្ត ហើយប្រឈមមុខនឹងការសងសឹក៕

ប្រភព ៖ Daily Mail និង Reuters

RELATED ARTICLES