ខេត្តកណ្តាល ៖ ក្មេងទំនើងឈាមរាវ ១ក្រុម តែងប្រមូលផ្តុំគ្នារាំលេងនៅលើដងផ្លូវសាធារណៈ ដែលបង្កការរំខាន និងប៉ះពាល់ដល់ការធ្វើដំណើរ និងការរស់នៅរបស់ប្រជាពលរដ្ឋ រហូតដល់ប្រជាពលរដ្ឋទ្រាំលែងបាន ក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍ ឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះ យកមករាំនៅមុខប៉ុស្តិ៍នគរបាល។

តាមប្រភពអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឱ្យដឹងនៅយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ថា បន្ទាប់ពីមានសំណូមពរដល់សមត្ថកិច្ច ឱ្យជួយណែនាំដល់ក្រុមយុវជនដែលចូលចិត្តឡូឡា រាំរែកនៅតាមដងផ្លូវសាធារណៈ នៅសង្កាត់ព្រែកហូរ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានចាត់មន្ត្រី ចុះទៅឃាត់ខ្លួនក្មេងទំនើងទាំងនោះ យកមកសាកសួរ ណែនាំ និងធ្វើកិច្ចសន្យា ឱ្យបញ្ឈប់សកម្មភាពទាំងនេះទៀត។

លោកអធិការ ក៏បានឱ្យពួកគេ រាំមួយបទផងដែរ នៅមុខសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រែកហូរ ដើម្បីឱ្យពួកគេចងចាំថា “បើរាំនៅតាមផ្លូវសារធារណៈ គឺត្រូវតែមករាំនៅប៉ុស្តិ៍”។
ក្រោយមក សមត្ថកិច្ចបានអញ្ជើញអាណាព្យាបាលក្មេងទំនើងទាំងនោះ មកធានាយកកូនៗរបស់ពួកគាត់ ឱ្យត្រទ្បប់ទៅផ្ទះវិញ នៅយប់ថ្ងៃដដែលនោះ ដើម្បីអប់រំបន្ត៕
