ខេត្តបាត់ដំបង ៖ បុរសម្នាក់ ក្រោយពីប្រើប្រាស់ថ្នាំញៀន វង្វេងស្មារតី (បែកថ្នាំ) បានកាន់កាំបិតដើរទៅសុំបារីអ្នកភូមិម្នាក់ ដើម្បីជក់ លុះពេលបានបារីជក់ហើយ ស្រាប់តែទាញកាំបិតកាប់ម្ចាស់បារី ចំនួន២កាំបិត ឃើញបែបនេះ អ្នកភូមិ២នាក់ទៀត ដែលនៅក្បែរនោះ បានស្ទុះមកឃាត់ ស្រាប់តែត្រូវជនដៃដល់កាប់ បណ្តាលឱ្យរងរបួសទាំង២នាក់ថែមទៀត ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ទាំង៣នាក់។ ចំណែកជនដៃដល់ ត្រូវបានកម្លាំងសមត្ថកិច្ចចុះចាប់ឃាត់ខ្លួនភ្លាមៗ។

ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៥០នាទីរសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចភូមិព្រៃព្រាល ឃុំឃ្លាំងមាស ស្រុកបវេល។
ជនដៃដល់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឡយ សុខុម ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិព្រៃព្រាល ឃុំឃ្លាំងមាស ស្រុកបវេល (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះ ទាំង៣នាក់ រួមមាន ទី១-ឈ្មោះយ៉េន វ៉ាន ភេទប្រុស អាយុ៦៦ឆ្នាំ មានលំនៅ ភូមិកើតហេតុខាងលើ (រងរបួសក្បាល និងស្មាខាងឆ្វេង)។ ទី២-ឈ្មោះសិន សារិន្ធ ភេទប្រុស អាយុ៥០ឆ្នាំ មានលំនៅ ភូមិកើតហេតុខាងលើ (រងរបួសដៃស្តាំ) និងទី៣-ឈ្មោះតឹក ម៉ុន ភេទប្រុស អាយុ៥០ឆ្នាំ មានលំនៅ ភូមិកើតហេតុខាងលើ (រងរបួសខ្នងខាងឆ្វេង)។
លោកទឹង ស៊ីនឿន នាយប៉ុស្តិ៍រដ្ឋបាលឃ្លាំងមាស បានបញ្ជាក់ប្រាប់ថា ជនដៃដល់ហាក់បាត់បង់សតិ ព្រោះកន្លងមកជននេះមានប្រវត្តិប្រើប្រាស់ថ្នាំញៀនយ៉ាងសកម្ម។
លោកនាយប៉ុស្តិ៍ បានបន្តថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះឡយ សុខុម បានដើរចូលទៅសុំបារីអ្នកភូមិម្នាក់ ឈ្មោះយ៉េន វ៉ាន យកមកជក់ លុះពេលបានបារីជក់ហើយ ស្រាប់តែជននេះ ទាញកាំបិតប៉័ងតោ កាប់ទៅលើម្ចាស់បារីនោះ ចំនួន២កាំបិត បណ្តាលឱ្យរងរបួស។ នៅពេលឃើញបែបនេះ អ្នកភូមិ ២នាក់ ឈ្មោះ សិន សារិន្ទ និងឈ្មោះតឹក ម៉ុន ដែលនៅក្បែរនោះ បានស្ទុះចូលទៅជួយឃាត់ ស្រាប់តែត្រូវជនដៃដល់កាប់ទៅលើអ្នកទាំង២ បណ្តាលឱ្យរងរបួសថែមទៀត។
លោកសុខ សារិន អធិការនគរបាលស្រុកបវេល បានបញ្ជាក់ប្រាប់ថា ក្រោយកើតហេតុ ជនរងគ្រោះទាំង៣នាក់ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកបវេល ដើម្បីព្យាបាលភ្លាមៗ។ ចំណែកជនដៃដល់ ត្រូវបានកម្លាំងសមត្ថកិច្ចចុះឃាត់ខ្លួន នាំយកមកសាក សួរ និងចាត់ការតាមនីតិវិធី៕