Wednesday, September 10, 2025
Homeព័ត៌មានជាតិខ្មែរក្រៅប្រទេស អាចធ្វើអ្វីជួយឱ្យថៃ ដោះលែងកងទ័ព១៨នាក់ បញ្ចប់ជម្លោះព្រំដែន?

ខ្មែរក្រៅប្រទេស អាចធ្វើអ្វីជួយឱ្យថៃ ដោះលែងកងទ័ព១៨នាក់ បញ្ចប់ជម្លោះព្រំដែន?

ភ្នំពេញៈ ប្រធានគណបក្សជំនាន់ថ្មី លោកមាជ សុវណ្ណារ៉ា ដែលជាពលរដ្ឋខ្មែរអាមេរិកាំង និងកំពុងស្ថិតនៅសហរដ្ឋអាមេរិក បានលើកឡើងថា តើខ្មែរក្រៅប្រទេស អាចធ្វើអ្វីជួយឲ្យថៃ ដោះលែងកងទ័ពកម្ពុជា ១៨រូបបានត្រលប់មកជួបជុំក្រុមគ្រួសារវិញ និងដើម្បីបញ្ចប់ជម្លោះព្រំដែន?

ថ្លែងទៅកាន់បងប្អូនខ្មែរ-អាមេរិកាំង នៅក្នុងពិធីជូនពានរង្វាន់ដល់លោក ម៉ៃឃើល អាល់ហ្វារ៉ូ (Michael Alfaro) និងលោក ហ្គារី ហ្វ្រែនឈី (Gary Franchi) ពីសំណាក់សហគមន៍ខ្មែរ២រដ្ឋ គឺ រដ្ឋ North Carolina និងរដ្ឋ South Carolina នៅបរិវេណវត្តព្រះអង្គធំ នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ លោកមាជ សុវណ្ណារ៉ា បានបញ្ជាក់ថា ពេលនេះ តើខ្មែរក្រៅប្រទេសអាចធ្វើអ្វីដោយផ្ទាល់ ឬជាប្រយោល ដើម្បីអាចជួយឱ្យថៃដោះលែងទាហានទាំង១៨នាក់ និងដោះស្រាយបញ្ហាព្រំដែនឱ្យបានដាច់ស្រេច កុំឱ្យមានបញ្ហាជម្លោះពេលក្រោយៗទៀត?

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ បាទ! ជាបឋមសូវថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ! ម៉ៃឃើល និងហ្គារី! ហើយបងប្អូនស្គាល់ខ្ញុំហើយ មាជ សុវណ្ណារ៉ា ឧត្ដមគតិ អាហារបីពេល អត់ថោកទាប គឺដើម្បីជាតិ មនសិការជាតិ អ្វីដែលខ្ញុំធ្វើបាន ក្នុងនាមជាប្រជាពលរដ្ឋខ្មែរអាមេរិកាំង។ មុនសង្រ្គាម និងសង្រ្គាម ក្រោយសង្រ្គាម គឺខ្ញុំនៅសមរភូមិ ដីចម្ងាយជាង២០០គីឡូម៉ែត្រ ពីខេត្តបន្ទាយមានជ័យ ក្រុងប៉ោយប៉ែត រហូតទៅដល់មុំបី ជាំក្សាន្ត ហើយខ្ញុំជាអតីតសាក្សីរស់ ជាមួយម្ដាយខ្ញុំ ដែលគេត្រូវចាក់ចោលនៅថ្ងៃទី០៩ មិថុនា ឆ្នាំ១៩៧៩ នៅលើខ្នងភ្នំដងរែក ដែលខ្មែរពេលនោះ បងប្អូនធ្លាប់ជាអតីតជនភៀសខ្លួននៅទីនេះ គឺថា ៨៤០០០នាក់ដែលត្រូវបានស្លាប់បាត់បង់ជីវិតដោយសារតែស្នាដៃនៃកងទ័ពសៀម ហើយក្នុងនោះក៏មានខ្មែរសុរិន្រ្ទ បុរីរ៉ាំ ស៊ីសាកេត ឧប៊ុន ។ អ៊ីចឹងខ្ញុំចង់បង្ហាញថា ខ្ញុំមកពេលនេះ គឺខ្ញុំមកក្នុងនាមជាពលរដ្ឋខ្មែរអាមេរិកាំង ហើយខ្ញុំបានធ្វើកិច្ចការកាលពីថ្ងៃពុធ លិខិតខ្ញុំបានចូលទៅដល់ដៃប្រធានាធិបតីដូណាល់ ត្រាំ ជាពិសេសភរិយា ស្រ្តីទី១ ហើយថ្ងៃទី១១នេះ ខ្ញុំត្រូវបានអង្គការសហប្រជាជាតិអញ្ជើញខ្ញុំចូលក្នុងអង្គការសហប្រជាជាតិ នៅថ្ងៃខែកញ្ញា នេះ ព្រោះប្រជុំនៃប្រទេសប្រមុខរដ្ឋ និងរាជរដ្ឋាភិបាល ១៩២ប្រទេស គេប្រជុំថ្ងៃ១៩ ២០ ២១ តែពួកយើងខ្ញុំជាអង្គការក្រៅរដ្ឋាភិបាល ជាគណបក្សនយោបាយ ជាប្រធានគណបក្សជំនាន់ថ្មី នៃបក្សក្រៅរដ្ឋាភិបាល គឺខ្ញុំមាជ សុវណ្ណារ៉ា យើងដោះអាវបក្សចេញ យកពាក់អាវជាតិ ។ ពេលនេះមិនមែនជាពេលដែលខ្មែរឈ្លោះគ្នាដោយនិន្នាការនយោបាយទៀតទេ ហើយខ្ញុំធ្វើកិច្ចការជាមួយនឹងសារព័ត៌មានអន្តរជាតិ ជាមួយនឹងហ្គារី ជាមួយនឹងម៉ៃឃើល លោកតាំង សារ៉ាដា ខាំបូឌាដេលី ។ ប៉ុន្តែយើងមានរបៀបធ្វើការនៃនយោបាយអន្តរការី សូមឲ្យយល់អំពីអន្តរការី ក្រៅឆាកនៃសេតវិមាន ហើយមានបងអតីតអង្គរក្សរបស់ប្រធានាធិបតី អញ្ជើញមកពីវ៉ាស៊ីនតោន ឌីស៊ី ដែរ នៅខាងណោះ គ្រាន់តែគាត់ចូលនិវត្តន៍ហើយ ជាកូនខ្មែរមួយ ដែលធ្វើកិច្ចការនៅក្នុង white house ៤០ឆ្នាំជាងហើយ គាត់អញ្ជើញមកដែរ នៅទីនោះ ហើយអ្វីដែលខ្ញុំចង់បង្ហាញថាពេលនេះ ជាពេលដែលយើងខ្មែរនៅក្រៅប្រទេស  បើយើងបាត់ទឹក បាត់ដី តើយើងសមទទួលជាខ្មែរអាមេរិកាំង ខ្មែរបារាំង ខ្មែរអូស្រ្តាលី ញូវហ្សេឡែន កាណាដា អីទេ? ព្រោះយើងមិនមែនជាស្បែក ជាឈាមនៃជនជាតិបរទេសទេ ។ បើយើងបាត់ទឹក បាត់ដី យើងនៅតែហែកហួគ្នា ក្នុងនាមជាខ្មែរ គឺថា បរទេសគេវ៉ៃតម្លៃហើយ  ។ យើងគួរតែឲ្យតម្លៃ គេធ្វើបានអី យើងចែកបំពេញឲ្យគ្នា កុំច្រណែនឈ្នានីសគ្នា ។ អានេះជាបំណងប្រាថ្នារបស់ខ្ញុំ ។ ខ្ញុំអតីតអ្នកទោសនយោបាយពីរដង ជិត៤ឆ្នាំ…” ។

លោកមាជ សុវណ្ណា បន្តថា “ អាងសាលានេះ គឺជាទឹកដីខ្ញុំហើយ ជាមួយមេទ័ពឡាយ វីរៈ ជា រិទ្ធីឈុត ឆាយ គឹមហួ ដែលទៅពីស្រុកបារាំង គឺព្រំដែនហ្នឹង ខ្ញុំនឹងត្រៀមចេញសៀវភៅដែលខ្ញុំសរសេរប៉ុន្មាននេះ នៅក្នុងសភាពការណ៍បែបនេះ ។ អ៊ីចឹងទី៣ គឺយើងឃើញថា កិច្ចព្រមព្រៀងសន្ធិសញ្ញាទ្វេភាគី MOU ឆ្នាំ២០០០ សៀមមិនចង់គោរពអាហ្នឹងទៅទៀត អាហ្នឹងទី៣ ។ ទី៤ គឺថា គំនិតសៀម កងទ័ពជ្រុលនិយមនេះ គេអត់ចង់ឲ្យកងទ័ពនៅក្បែរនឹងប្រាសាទតាមាន់ ប្រាសាទតាក្របី អូរស្មាច់ អន្លង់វែង តំបន់ត្រពាំងប្រាសាទ ភ្នំទ្រព្យ ច្រកអូរតាថាវ ភ្នំខ្មោច គឺយើងមាន១១ចំណុច តែបងប្អូនឆ្ងល់ថាហេតុអីភ្នំទ្រព្យយ៉ាងម៉េចអីយ៉ាងម៉េច វាជាកិច្ចការរដ្ឋាភិបាល យើងត្រូវធ្វើនយោបាយបែបណា យកវីរជន១៨នាក់មកសិន ហើយគេស្ទាក់ព័ទ្ធបិទតំបន់សាអែម ហ្នឹង បងប្អូនឃើញរង្វង់មូលហ្នឹង គឺខ្ញុំដេកនៅហ្នឹង អាថ្ងៃវ៉ៃតបយកភ្នំទ្រព្យ ប៉ុន្តែខ្ញុំមិននិយាយទេ តួនាទីកងទ័ព អ្នកនាំពាក្យ គឺថា យើងត្រូវការឲ្យអ្នកសង្កេតការណ៍ហ្នឹងគេមកសិក្សាសិន នៅលើតំបន់ប្រាសាទព្រះវិហារ នៅលើតំបន់ភ្នំទ្រព្យអីហ្នឹង វាលឥន្រ្ទី ជាដើម ។ អ៊ីចឹងទី៥ គឺបញ្ហាមីន ហើយបងប្អូនដឹងហើយ ខ្ញុំនៅស្រុកខ្មែរច្រើនជាងនៅអាមេរិក ហើយខ្ញុំអ្នកដើរ ព្រោះខ្ញុំអ្នកសរសេរសៀវភៅប្រវត្តិសាស្រ្តនៅពេលវេលាមួយសមស្រប ។ អ៊ីចឹងបញ្ហាមីន នៅឆ្នាំ១៩៧៩ ពីជំរំណងចាន់ ដែលកំពុងតែរាយលួសបន្លានេះ ទៅដល់ទំនប់សៀម គឺ៥-៦គីឡូ ប៉ុន្តែឥឡូវហ្នឹង វាអស់អាទំនប់សៀមការពារសម័យយួនដែលវាយឆ្នាំក៥ហ្នឹង គឺ១៩៨៥ គឺថា មកដល់ជំរំចាស់ បងប្អូនណាឆ្លងកាត់ជំរំចាស់ ភ្នំឆត្រ គោកធ្យូង អី គឺដឹងហើយ ឆ្លងចូលខាវអ៊ីដាង យ៉ាងម៉េចៗ តាមគោកព្រិច នៅកាប់ព្យ៉ា ឥឡូវគេកាត់ខាវអ៊ីដាង ហ្នឹង មកចូលជាស្រុកគោកធ្យូង ។ អ៊ីចឹងតំបន់ហ្នឹង គឺថា ដីរបស់ខ្មែរយើង ៥-៦គីឡូហ្នឹង គឺថា សៀមគេគ្រប់គ្រងប្រាសាទ ព័ទ្ធប្រសាទសិរីស្ដុកកក់ ដែលមានលោកឪពិន សែម ចៅអធិការវត្តនៅទីនោះ ហើយឥឡូវលោកឪពិន សែម ក៏បានក្លាយជាសម្ដេចសង្ឃ នៅវត្តរាជបូណ៌ របស់ខេត្តសៀមរាម គឺសាក្សីនៅរស់ ជាពិសេសខ្លួនខ្ញុំផ្ទាល់ ខ្ញុំបានសរសេរសៀវភៅជាង៣០០ទំព័រហើយ ទាក់ទងអំពីអតីតជនភៀសខ្លួនខ្មែរយើងឆ្លងកាត់យ៉ាងម៉េចៗ ហើយអ្នកខ្លះនៅច្រឡំថា ជំរំជាយដែនណងចាន់ ហ្នឹងគឺជាជំរំនៅលើទឹកដីថៃ អត់ទេ! ខ្ញុំច្បាស់ ៧៩ មានតែជំរំខាវអ៊ីដាងមួយទេ ដែលនៅលើទឹកដីថៃ ហើយអត់មានក្រោមការគ្រប់គ្រងអតីតចលនារណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដឹកនាំដោយសឺន​ សាន សក់ ស៊ុតសាខន…១៧០០នាក់មេទ័ព ប៉ុន្តែនៅរស់តែ៥០នាក់ជាងទេ អាយុកាលរបស់គាត់ កើតចាស់ឈឺស្លាប់ ។ អ៊ីចឹងសរុបមកវិញ សូមបងប្អូនប្រកាន់នូវគោលជំហរខ្មែរជាតិនិយម ស្មារតីជាតិនិយម ហើយខ្ញុំរីករាយដែរ នៅពេលដែលឃើញផលិតផលខ្មែរ ខ្ញុំទៅយូថា ២ថ្ងៃមុន ឃើញមានស្វាយខ្មែរ Product of Cambodia ហើយថ្ងៃទី១១ ១៣ ខែកញ្ញា ខាងមុខនេះ គឺក្រុមហ៊ុនវេចខ្ចប់ចង្វាក់ផលិតកម្មដែលចេញពីខ្មែរ ជាងមួយរយមុខ ត្រូវបានគេបង្ហាញនៅកោះពេជ្រ ។ អាហ្នឹងជារឿងរបស់រដ្ឋាភិបាលទេ ប៉ុន្តែយើងជាខ្មែរ និន្នាការ ជារឿងមួយផ្សេងនៅបក្សនយោបាយ តែរឿងជាតិ គឺខ្មែរយើងនៅក្រៅប្រទេស យើងឆ្លងកាត់ភាពជូរចត់នៃអតីតជនភៀសខ្លួនយ៉ាងណា ដែលយើងស្លាប់ យើងវេទនា ថៃធ្វើបាបយ៉ាងម៉េចៗ ខ្ញុំថា បងប្អូនមិនអាចភេ្លចកំណើតជាតិយើងបានទេ បើទោះបីយើងជាប្រជាពលរដ្ឋអាមេរិកាំងក៏ដោយ បើយើងបាត់ប្រទេស បាត់ជាតិ គេថា យើងនេះចោលម្សៀតហើយ ។ អាហ្នឹងគឺឲ្យយល់ ។ ខ្ញុំមិនមានអីវែងឆ្ងាយទេ ខ្ញុំអរគុណបងប្អូនមកពីតាមបណ្ដារដ្ឋផ្សេងៗ ដែលបានរួមក្នុងនាមឈាមជ័រតែមួយ ខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរការពារខ្មែរ ។ ដរាបណាខ្ញុំនៅមានជីវិត គឺខ្ញុំអត់យកនិន្នាការខ្មែរឯងជាសត្រូវស៊ីសាច់ហុតឈាមទេ ។ ពេលនេះខ្មែរគាំទ្រជាតិខ្មែរ មិនមែនខ្មែរគាំទ្របក្សកាន់អំណាចណាដែលដើរខុសនៃគោលការណ៍ឆន្ទៈជាតិ “ ។

លោកមាជ សុវណ្ណារ៉ា បន្តថា “ អ៊ីចឹងសុំបងប្អូនជំរុញឲ្យសហរដ្ឋអាមេរិក ព្រោះយើងដឹងហើយ មហាអំណាចពិភពលោក ៥ថ្ងៃ ខ្ញុំនៅសមរភូមិ បើគ្មានប្រធានាធិបតីដូណាល់ ត្រាំ ទេ យើងមិនដឹងទៅជាយ៉ាងណា យើងអត់ចង់និយាយ ប៉ុន្តែខ្ញុំឲ្យវីរភាព ដែលជាកងទ័ពកម្ពុជា ទាំងអតីតកងទ័ពខ្មែរក្រហម ទាំងអតីតកងទ័ពសឺន សាន ទាំងអតីតកងទ័ពសីហនុនិយម និងកងទ័ពលោកហ៊ុន សែន នៅក្នុងអតីតរបបកម្ពុជាប្រជាធិបតេយ្យ មុនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ បងប្អូនពីក្រៅប្រទេសត្រូវជំរុញធ្វើម៉េចឲ្យកម្ពុជា និងពាក្យបណ្ដឹង យើងអត់អាចទ្វេភាគីទៀតទេ ព្រោះប្រវត្តិសាស្រ្ត យើងដឹងហើយ សង្រ្គាមប៉ុន្មានលើកប៉ុន្មានសា ។ នេះយើងមិនទាន់គិតអំពីអយុធ្យា គិតអំពីអ្វីដែលយើងបែកបាក់ជិត៧០០ឆ្នាំមក តែពេលនេះ បើយើងនៅតែនិយាយទ្វេភាគីទៀត គឺយើងដដែលៗទេ ២០០៨ក៏ឈ្លោះគ្នា បាញ់គ្នា ២០១១អី ។ អ៊ីចឹងជាពេលវេលាដែលយើងត្រូវប្រឹងរួមគ្នា ធ្វើម៉េចឲ្យបានទៅដល់តុលាការយុត្តិធម៌អន្តរជាតិ ហើយប៉ុន្មានថ្ងៃខាងមុខនេះទៀត គឺថា ប្រមុខរដ្ឋ ប្រមុខប្រទេស គេមកប្រជុំ បើតាមខ្ញុំដឹង គេទុកពេលឲ្យកម្ពុជា ២ម៉ោង សម្រាប់និយាយឲ្យពិភពលោកដឹងអំពីសង្រ្គាមជាមួយស្រុកសៀម ។ អ៊ីចឹងហើយ ខ្ញុំដូចមិនមានអីទៀតទេ ហើយខ្ញុំនឹងឲ្យដំណឹង នៅពេលដែលខ្ញុំចូលប្រជុំអង្គការសហប្រជាជាតិ ក្នុងនាមខ្ញុំជាអតីតអ្នកទោសនយោបាយ ខ្ញុំអត់ចង់និយាយពាក្យថានយោបាយ ប៉ុន្តែជាអតីតអ្នកទោសនយោបាយ ជារៀងរាល់ឆ្នាំ ខែកញ្ញា សប្ដាហ៍ទី២ គឺខ្ញុំត្រូវតែចូលអង្គការសហប្រជាជាតិ ដើម្បីគេចង់ដឹងថា តើស្ថានការណ៍នៅប្រទេសកម្ពុជាបែបណា? ជាពិសេសសង្រ្គាម៥ថ្ងៃ គឺខ្ញុំបានធ្វើឯកសារ១៥ទំព័រ ដាក់ចូលទៅប្រធានាធិបតីត្រាំ តាមរយៈជំទាវទី១ ដែលពួកយើងខ្ញុំធ្វើកិច្ចការ ខ្ញុំមិនមែនក្បត់ជាតិខ្ញុំទេ ទោះបីខ្ញុំជាពលរដ្ឋអាមេរិកាំង តែខ្ញុំធ្វើដើម្បីជាតិខ្ញុំ ហើយថ្ងៃទី១១ ខ្ញុំមានឯកសារ២ទំព័រចូលអង្គការសហប្រជាជាតិ ទាក់ទងអំពីអ្វីដែលសៀមរំលោភ ហើយការរងគ្រោះបែបណាៗ ព្រោះ៦០០សាលារៀន ក្មេងអត់បានរៀន ១៣០០នាក់ ហើយជនភៀសខ្លួន ដូចម៉ៃឃើល និយាយអ៊ីចឹង គឺ៣សែន៥ម៉ឺននាក់ នៅខេត្តទាំង៣ហ្នឹង រួមទាំងខេត្តពោធិ៍សាត់ផង នៅច្រកថ្មដា “ ។

គួរបញ្ជាក់ថា ការថ្លែងរបស់លោកមាជ សុវណ្ណារ៉ា បានធ្វើឡើងស្របពេលដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ បានចេញសេចក្តីថ្លែងការណ៍ បង្ហាញពីកិច្ចប្រឹងប្រែងក្នុងការជួយទាហានខ្មែរទាំង១៨រូប ដែលកងទ័ពថៃប្រើល្បិចចាប់ខ្លួន ដោយបានគូសបញ្ជាក់ថា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្ដល់អាទិភាពខ្ពស់បំផុត លើការធានាឱ្យមានការដោះលែង និងធ្វើមាតុភូមិនិវត្តន៍ របស់កងទ័ពកម្ពុជាទាំង១៨រូប ដែលកងកម្លាំងថៃបានឃុំខ្លួន បន្ទាប់ពីបទឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។ សម្តេចនាយករដ្ឋមន្រ្តី បានណែនាំដោយផ្ទាល់ដល់ស្ថាប័នរបស់រាជរដ្ឋាភិបាល ក្នុងការរិះរកគ្រប់មធ្យោបាយដែលអាចធ្វើទៅបានតាមទ្វេភាគី តំបន់ និងអន្តរជាតិ ដើម្បីធានានូវការវិលត្រឡប់មកវិញយ៉ាងឆាប់រហ័ស នៃកងទ័ពទាំងនោះ ដោយសង្កត់ធ្ងន់ថា សុខុមាលភាពរបស់កងទ័ពដែលត្រូវបានឃុំខ្លួន គឺជាបញ្ហានៃសេចក្ដីថ្លៃថ្នូររបស់ជាតិ និងជាកង្វល់ផ្នែកមនុស្សធម៌ជាបន្ទាន់។ ការចូលរួមដោយផ្ទាល់របស់សម្ដេចនាយករដ្ឋមន្រ្តី ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការការពារប្រជាជនរបស់ខ្លួន រក្សាអធិបតេយ្យជាតិ និងដោះស្រាយបញ្ហាដោយសន្តិវិធីក្នុងស្មារតីភាពជាអ្នកជិតខាងល្អ និងការជឿទុកចិត្តគ្នាទៅវិញទៅមក…៕

RELATED ARTICLES