Sunday, September 7, 2025
Homeព័ត៌មានជាតិសម្តេចម៉ែ ព្រះរាជទាន២ម៉ឺនដុល្លារ ជូនស៊ីម៉ាក់ សម្អាតមីនតាមព្រំដែនកម្ពុជា-ថៃ

សម្តេចម៉ែ ព្រះរាជទាន២ម៉ឺនដុល្លារ ជូនស៊ីម៉ាក់ សម្អាតមីនតាមព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ ៖ ព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំនួន២ម៉ឺនដុល្លារ ត្រូវបានសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រគល់ជូនលោកហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួល បន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់-CMAC) កាលពីរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅព្រះបរមរាជវាំង ដើម្បីប្រើប្រាស់ក្នុងបុព្វហេតុបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាម នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

នាឱកាសនោះ លោក ហេង រតនា បានព្រះបរមរាជានុញ្ញាតលំឱនកាយថ្វាយនូវសេចក្តីថ្លែងអំណរព្រះ មហាករុណាទិគុណ និងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសប្រទានព្រះរាជទ្រព្យដ៏ថ្លៃថ្លាបំផុត ជូនមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ដើម្បីប្រើប្រាស់ក្នុងបុព្វហេតុបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាម នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលជាមរតកនៃសង្គ្រាមសៀមឈ្លានពានបូរណភាពទឹកដីកម្ពុជា កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ ព្រមជាមួយនឹងការផ្តល់ការអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម ដែលបង្កដោយសង្គ្រាមឈ្លានពានរបស់ទាហានសៀម ប្រយោជន៍ធានាបាននូវសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋស្លូតត្រង់ភៀសសឹក វិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ។

ព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាពេលនេះ ក៏ដូចជាពេលកន្លងមក ទាំងព្រះរាជអំណាយជាថវិកា និងជាសម្ភារៈ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន រំដោះផ្ទៃដីសុវត្ថិភាពជូនប្រជាពលរដ្ឋ សម្រាប់បង្កបង្កើនផល លើកកម្ពស់ជីវភាពរស់នៅ និងគាំទ្រការអភិវឌ្ឍសហគមន៍មូលដ្ឋាន ជាពិសេស គាំទ្រដល់ការងារបន្ទាន់ចំពោះមុខ រួមមាន  ការផ្តល់ការអប់រំយល់ដឹងពីមីន គ្រាប់មិនទាន់ផ្ទុះ ជូនប្រជាពលរដ្ឋភៀសសឹក និងគាំទ្រកិច្ចប្រតិបត្តិការបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាម ដែលកំពុងស្នាក់នៅជំរំភៀសសឹក អាចវិល ត្រឡប់ទៅកាន់លំនៅឋានវិញបានឆាប់រហ័ស និងប្រកបដោយសុវត្ថិភាព។

លោកហេង រតនា បានបន្ថែមថា ព្រះរាជអំណោយដ៏ថ្លៃថ្លានេះ ក៏បានបង្ហាញពីព្រះរាជហឫទ័យទុកដាក់ខ្ពស់បំផុត ដល់កងកម្លាំងឯកទេសបោសសម្អាតមីន ទាំងអស់ នៃអង្គភាពស៊ីម៉ាក់ ដែលកំពុងបំពេញកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម។

លោកហេង រតនា សូមលំឱនកាយលើកអញ្ជលីប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ និងព្រះបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយបីបាច់តាមថែរក្សា និង ប្រោះព្រំព្រះសព្ទសាធុការពរបវរមហាប្រសើរ ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទ្រង់មានព្រះ កាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះរាជបញ្ញាញាណវាងវៃ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពី ព្រះរោគាព្យាធិនានា ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំរបស់ប្រជានុរាស្ត្រខ្មែរ ជាកូន ជាចៅ រស់នៅប្រកបដោយសុខសន្តិភាព និងវឌ្ឍនភាពជានិរន្តរ៍តរៀងទៅ៕

RELATED ARTICLES