ខេត្តបាត់ដំបង ៖ ក្រុមជនសង្ស័យប្រុសស្រី ១ក្រុម បានធ្វើសកម្មភាពគាស់ដំបូលតូបលក់ទូរស័ព្ទ ១កន្លែង ក្នុងផ្សារ ភូពុយ លួចទូរស័ព្ទ ចំនួន៤គ្រឿង ព្រមទាំងសម្ភារៈមួយចំនួនទៀត រួចបាននាំគ្នារត់គេចខ្លួនបាន ១យប់ ក៏ត្រូវកម្លាំងកងរាជអាវុធហត្ថស្រាវជ្រាវ ឃាត់ខ្លួនបាន សរុបចំនួន៥នាក់ (ស្រី១) នាំយកទៅចាត់ការតាមច្បាប់។ករណីនេះ បានកើតឡើងយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នៅចំណុចតូបទិញ-លក់ និងជួសជុលទូរស័ព្ទដៃ ១កន្លែង នៅចំណុចផ្សារភូពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង។ លុះមកដល់ រសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ទើបកម្លាំងអាវុធហត្ថបានស្រាវជ្រាវឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ សរុបចំនួន៥នាក់។

ជនសង្ស័យទាំង៥នាក់ ដែលត្រូវចាប់ខ្លួនរួមមាន ទី១-ឈ្មោះឃុត ប្រុសម៉ឺន ហៅតុក អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។ ទី២-ឈ្មោះឆើន មករា ហៅក្តាម ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ (មានសារធាតុញៀន)។ ទី៣-ឈ្មោះនី សុភ័ក្រ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករ (មានសារធាតុញៀន)។ ទី៤-ឈ្មោះគឹម សុខហេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករ (មានសារធាតុញៀន) និងទី៥-ឈ្មោះ គឹម ស្រីណុច ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។
យោងតាមបណ្តឹងជនរងគ្រោះឈ្មោះមាច សុខលី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរទិញលក់ និងជួសជុលទូរស័ព្ទ មានលំនៅ ភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ដែលបានប្តឹងសុំឱ្យកម្លាំងកងរាជអាវុធហត្ថជួយអន្តរាគមន៍ ក្រោយកើតហេតុ បានឱ្យដឹងថា ក្រុមជនសង្ស័យ បានធ្វើសកម្មភាពគាស់ដំបូលតូបទិញ-លក់និងជួសជុលទូរស័ព្ទដៃ របស់ខ្លួន នៅចំណុចផ្សារភូពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង កាលពីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។

ជនរងគ្រោះ បានបន្តថា ក្រុមចោរ បានឡើងគាស់ដំបូលតូប រួចចូលលួចទូរស័ព្ទ ចំនួន៤គ្រឿង រួមនិងសម្ភារៈមួយចំនួនទៀត។
ដោយឡែក តាមរបាយការណ៍ការិយាល័យជំនាញ បានបញ្ជាក់ថា ជាមួយនឹងការឃាត់ខ្លួន ជនដៃដល់ ទាំង៥នាក់ខាងលើ កម្លាំងជំនាញដកហូតបានទូរស័ព្ទ ចំនួន៨គ្រឿង។ ឆ្នាំងសាកទូរស័ព្ទ ចំនួន៣។ ឧបករណ៍ប្រើ ប្រាស់គ្រឿងញៀន និងសម្ភារប្រើប្រាស់ មួយចំនួនទៀត។
តាមមន្ត្រីការិយាល័យជំនាញ បានបញ្ជាក់ថា ក្រុមជនសង្ស័យទាំង៥នាក់នេះ មិនត្រឹមតែសកម្មក្នុងការប្រព្រឹត្តអំពើចោរកម្មប៉ុណ្ណឹងទេ តែក្រុមនេះ ក៏សកម្មខ្លាំងណាស់ដែរ ក្នុងការប្រព្រឹត្តបទល្មើសគ្រឿងញៀន។

ជនសង្ស័យទាំង៥នាក់ខាងលើ ត្រូវបានមន្ត្រីការិយាល័យជំនាញ កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ដើម្បីចាត់ការបន្តតាមនីតិវិធី៕