ប្រទេសអ៊ីតាលី ៖ ប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសអ៊ីតាលី ជាច្រើននាក់ បានជួបជុំគ្នាធ្វើបាតុអហិង្សា នៅមុខស្ថានកុងស៊ុលថៃ ក្នុងក្រុងមីឡាណូ (Milano) ប្រទេសអ៊ីតាលី នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ស្រែកតវ៉ាទាមទារឲ្យថៃ បញ្ឈប់ជាបន្ទាន់ នូវការបង្កហេតុសង្រ្គាមឈា្លនពានមកលើបូរណភាពទឹកដីប្រទេសកម្ពុជា ដោយប្រើលេសនិងរូបភាពផ្សេងៗ ព្រមទាំងទាមទារឲ្យដោះលែងវីរកងទ័ពកម្ពុជា ទាំង១៨នាក់ ជាបន្ទាន់ ដោយឥតលក្ខខណ្ឌ។

ប្រជាពលរដ្ឋខ្មែរ ជាច្រើននាក់ រួមទាំងព្រះសង្ឃផង បានជួបជុំ លើកបដា ស្រែកទាមទារថា ប្រទេសកម្ពុជា និងប្រទេសថៃ សុទ្ធសឹងតែជាអ្នកកាន់ព្រះពុទ្ធសាសនា ដូចគ្នា ដូច្នេះយើងត្រូវគោរពនិងដើតាមគន្លងមាគ៌ារបស់ព្រះសម្មាសម្ពុទ្ធ រស់នៅដោយសេចក្តីស្ងប់សុខ ចៀសវាងបៀតបៀន បង្កសង្គ្រាមឈ្លានពានគ្នា ដើម្បីស្វែងរកសុខសន្តិភាពជូនប្រជាពលរដ្ឋគ្រប់រូប។ ដូច្នេះភាគីថៃ ត្រូវតែបញ្ឈប់មហិច្ឆតាចង់បានទឹកដីកម្ពុជា ឈប់ប៉ុនប៉ងបង្កសង្គ្រាមឈ្លានពានទឹកដីកម្ពុជា ហើយត្រូវតែដោះលែងកងទ័ពកម្ពុជា ទាំង១៨នាក់ ដែលកងទ័ពថៃ បានប្រើល្បិចកខ្វក់ ចាប់យកទៅឃុំឃាំង ក្រោយមានបទឈប់បាញ់ ចូលជាធរមាន កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នោះ ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ស្របតាមច្បាប់អន្តរជាតិនិងគោលការណ៍មនុស្សធម៌។

នៅក្នុងព្រឹត្តិការណ៍តវ៉ាអហិង្សានេះ ប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសអ៊ីតាលី បានស្នើឲ្យថ្នាក់ដឹកនាំប្រទេសកម្ពុជា និងថ្នាក់ដឹកនាំប្រទេសថៃ ដោះស្រាយបញ្ហាទៅតាមផ្លូវច្បាប់អន្តរជាតិ និងបង្ហាញឲ្យឃើញថា ប្រជា ពលរដ្ឋកម្ពុជា គ្រប់ស្រទាប់វណ្ណៈ ត្រូវការសន្តិភាព ដើម្បីរស់នៅដោយសុខសាន្ត ជួបជុំក្រុមគ្រួសារ មិនត្រូវការសង្គ្រាមឡើយ៕

