Friday, August 22, 2025
Homeព័ត៌មានជាតិមេបក្សជំនាន់ថ្មី ថាកម្ពុជា ត្រូវតែពង្រឹងសមត្ថភាពកងទ័ព សព្វាវុធទំនើប ការពារអធិបតេយ្យ

មេបក្សជំនាន់ថ្មី ថាកម្ពុជា ត្រូវតែពង្រឹងសមត្ថភាពកងទ័ព សព្វាវុធទំនើប ការពារអធិបតេយ្យ

ភ្នំពេញ ៖ មេបក្សជំនាន់ថ្មី លោកមាជ សុវណ្ណារ៉ា បានលើកឡើងថា មេរៀនសង្គ្រាមថៃឈ្លានពាន ៥ថ្ងៃ កម្ពុជា ត្រូវតែពង្រឹងសមត្ថភាពកងទ័ព សព្វាវុធទំនើប ដើម្បីទុកការពារធិបតេយ្យ ពីបរទេសឈ្លានពាន និងជាពិសេស បើស្រឡាញ់ជាតិ ជាងអំណាច ត្រូវលះបង់អំណាច ឬកាត់បន្ថយអំណាច ដើម្បីបម្រើប្រទេសជាតិ និងប្រជារាស្រ្ត ចៀសវាងការចំណាយថវិកាជាតិខ្ចះខ្ជាយ និងកាត់បន្ថយពុករលួយ តាមក្រសួងស្ថាប័ននានា ក្រសួងខ្លះអាចបញ្ជូលទៅជាមួយក្រសួងអត្ថិភាព ជាសេនាធិការចំណុះ ដើម្បីសន្សំថវិកាជាតិ និងពង្រឹងខឿនសេដ្ឋកិច្ច ដើម្បីកសាង អភិវឌ្ឍជាតិ ។

លោកមាជ សុវណ្ណរ៉ា បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុករបស់លោកថា “តើកម្ពុជា គួរតែឬត្រូវតែពង្រឹងសមត្ថភាពកងទ័ព និងទិញសព្វាវុធទំនើបៗ ដើម្បីទុកការពារអធិបតេយ្យខ្លួន ដូចប្រទេសតូច សិង្ហបុរី ពីការឈ្លានពានពីប្រទេសជិតខាងទេ?“ ។

លោកមាជ សុវណ្ណារ៉ា បានសរសេរបន្ថែមថា “ពេលនេះ កម្ពុជា ត្រូវខ្លាំងក្លា ការទូតដ៏ឈ្លាសវៃបំផុត ខណៈសង្រ្គាម ៥ថ្ងៃ ជាមេរៀនដែលកម្ពុជា ត្រូវបង្កើនទំនើបកម្ម និងប្រសិទ្ធភាពវិស័យកងទ័ព ទ្វេដង“ ។

លោកមាជ សុវណ្ណារ៉ា បានសរសេរបន្ថែមថា “មេរៀនពីសង្រ្គាម ៥ថ្ងៃ រវាងកម្ពុជា-ថៃ តើទំនើបកម្មវិស័យយោធា និងខឿនសេដ្ឋកិច្ចកម្ពុជា ត្រូវតែខ្លាំងក្លា គួរត្រូវកំណែទម្រង់ ក្នុងការបង្រួមក្រសួង ដើម្បីប្រសិទ្ធភាពដឹកនាំរដ្ឋ ចៀសវាងចំណាយធំ និងអំពើពុករលួយ?“ ។

លោកមាជ សុវណ្ណារ៉ា បានសរសេរបន្ថែមទៀត នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ថា “ទស្សនៈទានខ្ញុំ,មាជ សុវណ្ណារ៉ា ៖ «គោលនយោបាយនៃចក្ខុវិស័យថ្មី ទៅនឹងកំណែទម្រង់រដ្ឋបាលសាធារណៈ និងអភិបាលកិច្ចល្អ» !

បើស្រឡាញ់ជាតិ ជាងអំណាច ហើយលះបង់អំណាច ឬកាត់បន្ថយអំណាច ដើម្បីបម្រើប្រទេសជាតិ និងប្រជារាស្រ្ត ចៀសវាងការមិនចំណាយថវិកាជាតិខ្ចះខ្ជាយធំ និងកាត់បន្ថយពុករលួយ តាមក្រសួង ស្ថាប័ននានា ក្រសួងខ្លះ អាចបញ្ជូលទៅជាមួយក្រសួងអត្ថិភាព ជាសេនាធិការចំណុះ ដើម្បីសន្សំថវិកាជាតិ និងពង្រឹងខឿនសេដ្ឋកិច្ច ដើម្បីកសាងនិងអភិវឌ្ឍកម្ពុជា ។

ក្រសួងរដ្ឋ ២៨ និងរដ្ឋលេខាដ្ឋាន២ គឺចំនួន៣០ នឹងអាចកាត់បន្ថយមកនៅត្រឹមជាង១០ក្រសួង ដើម្បីកំណែទម្រង់រដ្ឋបាលសាធារណៈ និងអភិបាលកិច្ចការងារប្រសិទ្ធភាព ដោយចែកគ្នាឱ្យដាច់រវាងមន្រ្តីកិច្ចការនយោបាយ និងមន្រ្តីកិច្ចការឯកទេសជំនាញ ដើម្បីរក្សាមន្រ្តីស្អាតស្អំ មានសណ្តាប់ធ្នាប់ វិន័យ កិច្ចការងាររបៀប ដោយគ្មានការិយាធបិតេយ្យ បក្ខពួក ឬនិន្នាការបក្សទៅនឹងការគ្របដណ្តប់ស្ថាប័នជាតិ ជាដើម ។

មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ត្រូវតែមានប្រាក់បៀវត្ស គ្រប់ល្មមរស់នៅក្នុងជីវភាពសមស្រប មិនប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវៈ ទៅនឹងការទទួលខុសត្រូវចំពោះមុខច្បាប់ប្រទេស ហើយអ្វីដែលសំខាន់បំផុត គឺអ្នកដឹកនាំ អ្នកនយោបាយ និងមន្រ្តីរាជការ ត្រូវដាក់បេះដូងក្នុងស្មារតីជាតិនិយម លះបង់ដោយឆន្ទៈ ភាពស្មោះត្រង់ និងប្តេជ្ញាចិត្តបម្រើជាតិ និងប្រជារាស្រ្ត ប្រកបដោយតម្លាភាព និងគណនេយ្យភាព ដែលមិនធ្លាក់ទៅក្នុងអន្លង់វិនាសកម្មសង្គម និងមនុស្សជាតិ «គេចផុតពីការជិះជាន់ និងពុករលួយ» តាមរយៈយកការលោភៈ ទោសៈ មោហៈ បាំងមុខ ដែលបាត់បង់នូវសីលធម៌ និងគុណធម៌ ដើរប្រាសចាកពី សច្ចៈភាព ខន្តី និងកតញ្ញូ ក្នុងសង្គមសង្គហធម៌មួយ ដែលគ្មានមេត្តា និងករុណាដល់គ្នា ហើយនៅទីបំផុតបានត្រឹមតែបំផ្លាញជាតិមាតុភូមិ និងពូជសាសន៍ខ្លួនឯង?

ជាការសង្ខេប លើកយកក្រសួងនានា ដែលត្រូវបង្រួម ដើម្បីជាការមើលឃើញរបស់មហាជន ជាការគួរឬមិនគួរ ខាតឬចំណេញ ប្រសិទ្ធភាព ឬគ្មាន (មិនជាន់ការងារគ្នា មិនប្រចាំគ្នា ឬក៏ចោទទម្លាក់កំហុសដាក់គ្នា សង្វាក់ករងារយឺតយ៉ាវ និងទំនាក់ទំនងការងរស្មុគស្មាញច្រើនគ្រប់ជាន់ថ្នាក់) មិនថាទាំងកិច្ចការងារបម្រើជាតិ និងអាចកាត់បន្ថយសកម្មភាពពុករលួយ ឬយ៉ាងណា?

នេះគឺជាកាលើកឡើងនូវក្រសួងដែលត្រូវបង្រួមចូលគ្នា ៖

១. ក្រសួងកសិកម្ម ត្រូវយកក្រសួង ៣ផ្សេងទៀត មកបញ្ចូលជាស្ថាប័នសេនាធិការរបស់ខ្លួន ក្លាយជាអគ្គនាយកដ្ឋានចំណុះ គឺក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងបរិស្ថាន ក្រសួងឧតុនិយមនិងធនធានទឹក (រៀបចំរចនាសម្ព័ន្ធផ្ទៃក្នុង) ។

២. ក្រសួងរ៉ែ ថាមពល និងក្រសួងឧស្សាហកម្ម និងសិប្បកម្ម ច្របាច់បញ្ជញលរួមតែមួយមកវិញ (រៀបចំរចនាសម្ព័ន្ធផ្ទៃក្នុង)។

៣.ក្រសួងព័ត៌មាន ក្រសួងទេសចរណ៍ និងរដ្ឋលេខាដ្ឋានអាកាសចរស៊ីវិល រួមតែមួយ (រៀបចំរចនាសម្ព័ន្ធផ្ទៃក្នុង) ។

៤. ក្រសួងវប្បធម៌ វិចិត្រសិល្បៈ និងក្រសួងធម្មការ សាសនា រួមតែមួយ (រៀបចំរចនាសម្ព័ន្ធផ្ទៃក្នុង) ។

៥. ក្រសួងផែនការ និងក្រសួងមុខងារសាធារណៈ រួមតែមួយ (រៀបចំរចនាសម្ព័ន្ធផ្ទៃក្នុង) ។

៦.ក្រសួងការបរទេស និងក្រសួងពាណិជ្ជកម្ម រួមតែមួយ (រៀបចំរចនាសម្ព័ន្ធផ្ទៃក្នុង) ។

៧. ក្រសួងការងារ ក្រសួងកិច្ចការនារី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន រួមតែមួយ (រៀបចំរចនាសម្ព័ន្ធផ្ទៃក្នុង) ។

៨. ក្រសួងទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងអធិការកិច្ច រដ្ឋលេខាធិការកិច្ចការព្រំដែន និងខុទ្ទកាល័យនាយករដ្ឋមន្រ្តី រួមតែមួយ (រៀបចំរចនាសម្ព័ន្ធផ្ទៃក្នុង) ។ល។ និង។ល។

នេះជាក្រសួង/ស្ថាប័នទាំង៣០ របស់រដ្ឋាភិបាលកម្ពុជា មាន ៖ ទីស្ដីការគណ:រដ្ឋមន្ត្រី, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជននិងកីឡា, ក្រសួងមុខងារសាធារណ:, ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់, ក្រសួងការពារជាតិ, ក្រសួងយុត្តិធម៌, ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងមហាផ្ទៃ, ក្រសួងពាណិជ្ជកម្ម, ក្រសួងកិច្ចការនារី, ក្រសួងវប្បធម៌និងវិចិត្រសិល្ប:, ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងធនធានទឹកនិងឧតុនិយម, ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រនិងនវានុវត្តន៍, ក្រសួងរ៉ែនិងថាមពល, ក្រសួងបរិស្ថាន, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, ក្រសួងសុខាភិបាល, ក្រសួងព័ត៌មាន, ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវ:, ក្រសួងសាធារណការនិងដឹកជញ្ជូន, ក្រសួងផែនការ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទា, ក្រសួងធម្មការនិងសាសនា, ក្រសួងអធិការកិច្ច, ក្រសួងទេសចរណ៍ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ។

ដូច្នេះកំណែទម្រង់រដ្ឋបាលសាធារណៈ ទៅនឹងអភិបាលកិច្ចល្អ គឺជាយន្តការមួយ ឆ្ពោះទៅរកការកសាងរដ្ឋមួយឱ្យខ្លាំង និងរឹងមាំ ជាមួយការសន្សំចំណូលថវិកាជាតិ ក្នុងខឿនសេដ្ឋកិច្ច ដើម្បីបង្កើត និងបង្កើនទំនើបកម្មក្រសួងដែលជាអត្ថិភាពនានា ក្នុងកិត្យានុភាពដ៏រុងរឿងមួយ នៅលើឆាកអន្តរជាតិ“។

បន្ថែមលើសំណេរតាមបណ្តាញសង្គម ខាងលើ លោកមាជ សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ថា ទំនើបកម្មវិស័យកងទ័ព គឺត្រូវធ្វើយ៉ាងម៉េចឲ្យកងទ័ពមានសម្ភារៈការពារខ្លួន មានគ្រឿងសព្វាវុធសម្រាប់ទប់ទល់នៅពេលដែលកើតសង្រ្គាមក្នុងយថាហេតុណាមួយដែលយើងមិនឃើញ ព្រោះទោះបីយើងថា ពិភពលោកពោរពេញទៅដោយសន្តិភាព ប៉ុន្តែប្រទេសជិតខាងដែលគេចង់បំពានយើង គេនៅតែបង្កសង្រ្គាមមកលើយើង ដោយអាងថាគេមានលុយ មានអាវុធទំនើប ទាំងទ័ពអាកាស ជើងគោក ជើងទឹក ជាដើម ។ ដូច្នេះកំណែទម្រង់កងទ័ព គឺជារឿងសំខាន់ ហើយការកែសម្រួលក្រសួងស្ថាប័នរដ្ឋ ក៏ចាំបាច់ត្រូវធ្វើដែរ ព្រោះលោកមើលឃើញថា ប្រទេសកម្ពុជា មានក្រសួង ស្ថាប័នដល់ទៅ៣០ រហូតដល់ពេលខ្លះមានធ្វើការជាន់គ្នា ប្រចាំគ្នា ចោទដាក់គ្នា មើលបំណាំគ្នា ធ្វើឲ្យការអភិវឌ្ឍមិនរីកចម្រើន ច្រើនតែមនុស្ស អស់តែប្រាក់ខែ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “បាទ! យើងពង្រឹងទំនើបកម្មនិងប្រសិទ្ធភាពនៃវិស័យយោធាហ្នឹង មិនមែនយើងទិញសម្ភារៈ យុទ្ធភណ្ឌយោធាហ្នឹង ដើម្បីយកមកសម្រាប់ការធ្វើសង្រ្គាម វាមិនមែនអ៊ីចឹងទេ គឺថាប្រទេសមួយដែលខ្លាំង គឺកងទ័ព ប្រទេសមួយដែលថ្លៃថ្នូរ គឺកងទ័ពហ្នឹងហើយ ជាអ្នកការពារព្រំដែន ហើយជាអ្នករក្សានូវភាពស្វាហាប់ រឹងមាំ នៃវិន័យ សណ្ដាប់ធ្នាប់ ទាហានដែលពោរពេញទៅដោយវិជ្ជាជីវៈ ក្រមសីលធម៌អីហ្នឹង ។ អ៊ីចឹងហើយទាហានទាំងអស់ហ្នឹងហើយ ដែលតំណាងឲ្យជាតិ ហើយអ្វីដែលខ្ញុំនិយាយថា យើងត្រូវធ្វើទំនើបកម្មវិស័យកងទ័ពហ្នឹង គឺថាយើងត្រូវធ្វើយ៉ាងម៉េចឲ្យកងទ័ពហ្នឹង មានសម្ភារៈ ស្លៀកពាក់ហ្នឹងមើលទៅសមរម្យ វិន័យ ហើយជាសម្ភារៈការពារខ្លួន ការពារអីទាំងអស់ហ្នឹង ហើយជាទាហានដែលមានអ្វីជាគ្រឿងសព្វាវុធសម្រាប់ទប់ទល់នៅពេលដែលយើងកើតសង្រ្គាមក្នុងយថាហេតុណាមួយដែលយើងមិនឃើញ ។ យើងថាពិភពលោក ពោរពេញទៅដោយសន្តិភាព ប៉ុន្តែប្រទេសជិតខាងដែលគេចង់បំពានយើង គឺបំពានផ្នែកសេដ្ឋកិច្ចរឹងមាំរបស់គេ មានន័យថា គេមានលុយ ហើយគេមានអាវុធទំនើប ទាំងទ័ពអាកាស ជើងគោក ជើងទឹក អីជាដើម ។ អ៊ីចឹងហើយ អា៥ថ្ងៃ នៃសង្រ្គាមរាំងជល ដែលឈ្លានពានដោយប្រទេសសៀមនេះ កងទ័ពសៀមជ្រុលនិយមហ្នឹងហើយ ដែលធ្វើឲ្យយើងឃើញជាមេរៀន ថាតើយើងត្រូវពង្រឹងវិស័យកងទ័ពបែបណា ទំនើបកម្ម និងប្រសិទ្ធភាព កងទ័ពមួយដែលមានវិជ្ជាជីវៈ មានវិន័យ ក្រមសីលធម៌? អ៊ីចឹងការទិញសម្ភារយកមកដើម្បីពង្រឹងសន្តិសុខ ការពារជាតិរបស់ខ្លួន មិនមែនយើងទៅកំញើញ ឬក៏ទៅគំរាមប្រទេសជិតខាងណាទេ គឺថាយើងធ្វើដើម្បីទប់ទល់ពេលដែលមានសង្រ្គាមកើតឡើង គឺថាយើងមិនមានភាពទន់ខ្សោយ មិនមានភាពចាញ់ប្រៀបទៅនឹងប្រទេសដែលគេប៉ុនប៉ងរំលោភបំពានឈ្លានពានអធិបតេយ្យ បូរណភាពទឹកដី ។ អាហ្នឹងហើយជារឿងមួយដែលសំខាន់ ហើយអារឿងបច្ចេកទេស អារឿងលទ្ធភាពទិញសម្ភារទប់ជាមួយនឹងប្រទេសជិតខាង ក៏ដូចជាបរទេស គឺថាយើងមើលទៅតាមសមត្ថភាពយើងទៅ ហើយខ្ញុំមើលឃើញថា ក្រសួង ស្ថាប័ន មានដល់ទៅ ៣០ក្រសួង ស្ថាប័ន រហូតដល់ពេលខ្លះមានធ្វើការជាន់គ្នាទៅទៀត ហើយប្រចាំគ្នា ចោទដាក់គ្នា មើលបំណាំគ្នា ការអភិវឌ្ឍមិនរីកចម្រើនទេ វាច្រើនតែមនុស្ស អស់តែប្រាក់ខែ ធំតែក្បាល ។ អាហ្នឹងហើយដែលត្រូវមានបទពិសោធន៍ជាមេរៀន ហើយខ្ញុំថា ក្រសួងជាច្រើន ដែលខ្ញុំបានសរសេរនៅលើយន្តហោះហ្នឹង គឺថាក្រសួងដែលយើងអាចបង្រួមបាន ហើយយើងនៅសល់លុយសម្រាប់អាចយកទៅពង្រឹងវិស័យយោធា វិស័យអប់រំ វិស័យសុខាភិបាល ចំណុចទាំង៣ហ្នឹងហើយ ដែលដើរទន្ទឹមគ្នាសម្រាប់ភាពខ្លាំងនៅកម្ពុជា“ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “បើតាមការសិក្សាស្រាវជ្រាវរបស់ខ្ញុំមុនហើយនិងក្រោយសង្រ្គាម៥ថ្ងៃ នៅតាមព្រំដែនហ្នឹង ខ្ញុំឃើញការខ្វះខាតសម្រាប់កងទ័ពជាច្រើន ។ ទី១ Uniform (ឯកសណ្ឋាន) សម្រាប់ពាក់ក្នុងខ្លួនហ្នឹង គឺថា ក្បាល ត្រូវមានមួកដែកថែប ខ្លួនត្រូវមានអាវក្រោះ ហើយទ្រនាប់ជើងនេះ ត្រូវមានប៊ូ ។ ប៊ូហ្នឹង គឺនៅក្បាលនិងចុងជើង គឺជាដែក ហើយនិងរាងស្វិតនៃក្រណាត់ ដើម្បីចៀសវាងផ្ទុះមីន ឬក៏អំបែងអីវាខ្ទាតមក គឺថាវាអាចទប់ ហើយខោអាវ គឺគេមានខោអាវរបៀបស្វិត បើទោះអំបែងអី បើគ្រាន់ថាវាមុត តែវាអត់រហែក ប៉ុន្តែយើងមិនដល់ថ្នាក់ដូចកងទ័ពអាមេរិក ក្នុង១ឈុត ជាង២ម៉ឺនដុល្លារ ក៏ដោយ ក៏យើងអាចឲ្យវាសមរម្យ ដែលធានាសុវត្ថិភាពបាន បើសិនជាគ្រោះថ្នាក់ធ្ងន់ដោយសារអំបែង ដោយសារគ្រាប់ផ្លោងអី វាអាចមកស្រាល ហើយបើស្រាល វាអាចទៅអត់ តែយើងឃើញថា កងទ័ពគាត់មានឆន្ទៈ មានទឹកចិត្ត តែពាក់ទ្រនាប់ជើងផ្ទាត់ ទ្រនាប់ជើងអី អាហ្នឹងវាជាយុទ្ធសាស្រ្តទ័ពព្រៃអីក៏ដោយ ប៉ុន្តែបើយើងបានប្រុងប្រយ័ត្ន ហើយនិងឲ្យគុណតម្លៃនៃជីវិត ឲ្យគុណតម្លៃនៃកងទ័ព វីរភាពរបស់កងទ័ពកម្ពុជាយើង យើងត្រូវតែដាក់វិន័យ ហើយមានវិជ្ជាជីវៈ ក្រមសីលធម៌ នៃចំណេះ ជំនាញរបស់គាត់ជាកងទ័ពហ្នឹង ឈរជើងតាមព្រំដែន ត្រូវតែឲ្យគុណតម្លៃជីវិតគាត់ ព្រោះជីវិតមិនមែនទិញបានដូចសត្វធាតុនៅតាមផ្សារលក់ដូរ ដូចសាច់គោ សាច់ក្របី ត្រីងៀតអីនោះទេ ហើយចំពោះគ្រួសារយោធា យើងឃើញថា ទី១ ប្រាក់ខែគាត់តិចតួច ដែលយើងត្រូវមើលកំណែទម្រង់ ខ្លាចលោវាមានករណី វាមិនមានទូទៅ ប៉ុន្តែវាមានករណីមេរបស់ខ្លួនហ្នឹងពុករលួយ កាត់ប្រាក់ខែ កាត់អី ហើយគាត់នៅឯព្រៃ តាមព្រៃភ្នំ ការពារក្រវាត់ព្រំដែន បែរជាជីវភាពគ្រួសារគាត់ ផ្ទះសម្បែងហ្នឹងក៏មិនមាននិរន្តរភាពឲ្យគ្រប់គ្នា ហើយជំពាក់បំណុលធនាគារ ជួនកាលហ្នឹង ដីគាត់ត្រូវបានគេរំលោភបំពានយកទៀត យើងឃើញហើយ ប៉ុន្មានថ្ងៃនេះ ឃើញថាវីរកងទ័ពយើងការពារនៅព្រំដែន ត្រូវបានគេរំលោភដីធ្លីទៀត“ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តទៀតថា “អ៊ីចឹងយើងត្រូវមើល រក្សាឲ្យគុណតម្លៃទៅដល់គ្រួសារ ជីវភាពរបស់វីរកងទ័ពដែលនៅឯសមរភូមិក្រោយ ដូចជាបញ្ហាការរៀនសូត្ររបស់កូន បញ្ហាទៅពេទ្យអីហ្នឹង គឺជីវភាពក្រីក្រ គាត់អាចជួបការលំបាក រៀនសូត្រមិនបានខ្ពង់ខ្ពស់ ទៅពេទ្យ ពេទ្យយកលុយ ទាំងពេទ្យឯកជន ពេទ្យរដ្ឋអីជាដើម ។ យើងមើលអាគោលនយោបាយហ្នឹងឲ្យបានដិតដល់ ឲ្យដឹងថា គ្រួសារទាហានក្នុងកម្រិតណា? ផ្កាយ៣ ផ្កាយ៤ ផ្កាយ៥ ស័ក្ដិ៥ ស័ក្ដិ៤កន្លះ ស័ក្ដិ៤ ស័ក្ដិ៣ ស័ក្ដិ២ ស័ក្ដិ១ ឬក៏ព្រិន្ទបាលឯក អីទៅតាមហ្នឹងទៅ ហើយយើងមើលកត្តាជីវភាព ទៅនឹងមេភូមិ មេឃុំអីហ្នឹង គេមានប័ណ្ណក្រីក្រ ឬក៏ប័ណ្ណសមធម៌បែបណាៗ គឺថាយើងយកអាទិភាពនៃគ្រួសារកងទ័ព ចៀសវាងសតិអារម្មណ៍ ប្ដីមើលឃើញគ្រួសារឯណេះ អត់មានការហូបចុក កូនមិនបានរៀន ជំពាក់បំណុល ជំពាក់ស្អីៗទៀត អ៊ីចឹងហើយអាស្មារតីតស៊ូហ្នឹងវាបាត់បង់ស្មារតី វាធ្វើឲ្យមួយប៉ប្រិចភ្នែកហ្នឹង ជួបការលំបាកក្នុងការប្រយុទ្ធអីអ៊ីចឹងទៅ បើមានសង្រ្គាម មានអី គឺថាយើងមើលគ្រប់ តាំងពីសតិអារម្មណ៍គ្រួសារកងទ័ព តាំងពីប្រាក់ខែ តាំងពីឲ្យគុណតម្លៃ ការដំឡើងបុណ្យស័ក្ដិអីហ្នឹង សុទ្ធតែយើងត្រូវធ្វើយ៉ាងម៉េចឲ្យមានតម្លាភាព គណនេយ្យភាព ចៀសវាងបាក់ទឹកចិត្ត ចៀសវាងទាហានរត់ចោលជួរ ចៀសវាងទាហានគ្មានស្មារតីជាតិនិយមក្នុងការតស៊ូច្បាំងជាមួយនឹងសត្រូវឈ្លានពានអីជាដើម ។ អាចំណុចទាំងអស់ហ្នឹងហើយ ដែលរដ្ឋាភិបាល និងក្រសួងការពារជាតិ ក៏ដូចជាអគ្គមេបញ្ជាការដ្ឋានអីហ្នឹង ត្រូវតែយកចិត្តទុកដាក់បំផុត ។ អាហ្នឹងហើយដែលថា ប្រទេសជាតិមួយរឹងមាំ នៅលើកងទ័ពការពារព្រំដែន កងទ័ពជាសេចក្ដីថ្លៃថ្នូរ កងទ័ពមានវិន័យ សណ្ដាប់ធ្នាប់ ដើម្បីនូវកិត្យានុភាព ភាពរឹងមាំរបស់ជាតិ ហើយបើតាមរយៈកងទ័ព មើលទៅខោអាវស្លៀកពាក់ ជីវភាពក្រីក្រ មធ្យោបាយធ្វើដំណើរហ្នឹងខ្វះខាតគ្រប់សព្វ យើងតែងតែមានការរិះគន់ស្ថាបនា យើងអត់មានទៅវ៉ៃតម្លៃនូវទឹកចិត្តវីរកងទ័ពកម្ពុជា គឺថាការច្បាំងរយៈពេល៥ថ្ងៃ បើសិនជាកងទ័ពខ្មែរយើង ដំឡូងមូល មិនអាចទៅទប់បាន រហូតដល់ពេលខ្លះ យើងយកកន្លែងដែលឈ្លានពានទៅទៀត ។ អ៊ីចឹងយើងឲ្យគុណតម្លៃគាត់ អត់អាចទៅមើលស្រាលគាត់បានទេ ក្នុងរបៀបទ័ពជើងគោក ប្រយុទ្ធអ៊ីចឹង គឺថា ៥ថ្ងៃនេះ យើងឃើញហើយ ប្រទេសសៀម គេប្រើ F-16 គេប្រើកាំភ្លើងយន្តទំនើបៗ ទម្លាក់គ្រាប់បែកចង្កោមយ៉ាងម៉េចៗ ទាហានយើងនៅតែតស៊ូស្វិតស្វាញក្រាញននៀលបាន ។ អាទាំងអស់ហ្នឹងហើយ ដែលយើងត្រូវធ្វើកំណែទម្រង់ទំនើបកម្មយោធា និងប្រសិទ្ធភាពកងទ័ពហ្នឹង ឲ្យវាមានអ្វីដែលជាភាពរឹងមាំ ភាពក្លាហាន ទាហានដែលមានវិន័យ អង់អាចក្លាហាន ការពារប្រទេសជាតិ“ ៕ កុលបុត្រ

RELATED ARTICLES