
ភ្នំពេញ ៖ នៅថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥ ក្រុមអង្គការសង្គមស៊ីវិលកម្ពុជា សរុបជាង១០០ស្ថាប័ន រួមមាន វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា និងអង្គការខុមហ្វ្រែល ជាដើម បានដាក់ញត្តិទៅកាន់ស្ថានទូតនៃប្រទេសដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដោយអំពាវនាវឱ្យប្រទេសហត្ថលេខីទាំងនេះ មានចំណាត់ការសម្របសម្រួលជាបន្ទាន់ ក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាព របស់កម្ពុជា។
ការដាក់ញត្តិសុំអន្តរាគមន៍នេះ ឆ្លើយតបទៅនឹងការប៉ះទង្គិចគ្នាដោយយោធា នាពេលថ្មីៗនេះ នៅតាមព្រំដែនកម្ពុជា-ថៃ ដែលបង្កឡើងដោយភាគីថៃ ដែលជាប្រទេសហត្ថលេខីមួយ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ បានបណ្តាលឱ្យមានមនុស្សជាច្រើនរងរបួសនិងបាត់បង់ជីវិត ជនភៀសសឹករាប់ម៉ឺននាក់ សាលារៀនជាច្រើនត្រូវបានបិទ ការខូចខាតទ្រព្យសម្បត្តិ និងតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា និងជាបេតិភណ្ឌពិភពលោក។ ក្រុមសង្គមស៊ីវិល មើលឃើញថា សកម្មភាពទាំងនេះ បំពានច្បាប់អន្តរជាតិ និងគំរាមកំហែងដល់ស្ថិរភាព សន្តិភាពក្នុងតំបន់។

មន្ត្រីសម្របសម្រួលកម្មវិធីអង្កេតនិងតស៊ូមតិ នៃអង្គការខុមហ្វ្រែល លោក កន សាវាង្ស ដែលចូលរួមដាក់ញត្តិនេះ បានបង្ហាញក្ដីរំពឹងថា ការដាក់ញត្តិនេះ នឹងជំរុញឱ្យប្រទេសហត្ថលេខីទាំងអស់ កោះប្រជុំពិគ្រោះយោបល់ជាបន្ទាន់ តាមមាត្រា៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីស្វែងរកការពិត និងបញ្ចប់សង្គ្រាមដែលបានបង្កឱ្យមានការស្លាប់ របួស និងខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនជាច្រើន នាពេលថ្មីៗនេះ។
លោក កន សាវាង្ស បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ថា “ការពិតទៅ យើងមានស្ថាប័នចំនួន ១០៣ស្ថាប័ន ដែលចូលរួមនៅក្នុងការគាំទ្រញត្តិដែលយើងបានដាក់ជូនទៅស្ថានទូត ប្រទេសដែលជាម្ចាស់ហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយយើងនឹងគ្រោងដាក់ទាំង ១៨ប្រទេស ដែលជាប្រទេសហត្ថលេខីហ្នឹង ហើយថ្ងៃនេះ យើងបានដាក់ទៅបរទេសមួយចំនួន ជាពិសេសប្រទេសបារាំង ដែលជាសហប្រធាន ទៅឥណ្ឌូនេស៊ី ដែលជាប្រទេសសហប្រធាន ហើយទៅសហរដ្ឋអាមេរិក ទូតអាមេរិក ហើយទៅអង់គ្លេស ទៅឥណ្ឌា ដែលយើងបានដាក់ជូនទៅហើយ ហើយល្ងាចនេះទៀត យើងកំពុងតែធ្វើកិច្ចការងារជាមួយនឹងប្រទេសទាំង ៤ទៀតដែរ ដូចជាប្រទេសចិន ប្រទេសអូស្រ្តាលី ហើយប្រទេសសិង្ហបុរី ហើយនិងស្អែក យើងនឹងគ្រោងបន្តទៀត នៅក្នុងការដាក់នេះ ហើយអ្វីដែលជាការដាក់នេះ ញត្តិនេះ គឺថាយើងអំពាវនាវឲ្យប្រទេសហត្ថលេខីហ្នឹង គឺថាពិនិត្យមើលការប្ដេជ្ញាចិត្ត និងការមានចំណាត់ការនៅក្នុងជម្លោះដែលបានកើតឡើងទៅលើអធិបតេយ្យរបស់កម្ពុជា ជម្លោះរវាងកម្ពុជា និងថៃ កន្លងមកនេះ ដែលវាអាចប៉ះពាល់ទៅដល់បូរណភាពទឹកដី ក៏ដូចជាបូរណភាពដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនៃទីក្រុងប៉ារីស ផងដែរ ។ អ៊ីចឹងយើងសូមអំពាវនាវឲ្យប្រទេសហត្ថលេខីទាំងអស់ហ្នឹង លោកមានការអន្តរាគមន៍ ដើម្បីពិនិត្យមើលការប្ដេជ្ញាចិត្តនូវចំណាត់ការរបស់ខ្លួន នៅក្នុងអ្វីដែលជាកិច្ចព្រមព្រៀងដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស កន្លងមកហ្នឹង ។ យើងមិនបានទទួលនូវការឆ្លើយតបយ៉ាងណា ថាគេនឹងមានចំណាត់ការយ៉ាងណាទេ យើងនឹងតាមដានបន្តទៅទៀត។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ប្រទេសដែលលោកបានចេញមកទទួលញត្តិ លោកថានឹងយកញត្តិដែលអង្គការសង្គមស៊ីវិល ដែលមាន ១០ស្ថាប័ន ដែលយើងអញ្ជើញទៅ គ្នាប្រហែលជា ៣០នាក់ ដែលតំណាងឲ្យ ១០០ជាងស្ថាប័នហ្នឹង គឺថាលោកនឹងផ្ញើទៅនាយករដ្ឋមន្រ្តី ឬក៏ប្រធានាធិបតី របស់គេ ដើម្បីលោកពិនិត្យមើល ហើយនិងមានចំណាត់ការ ឬចាត់ចែងបន្តយ៉ាងណានោះ អាហ្នឹងវាអាស្រ័យទៅលើប្រទេសមួយៗ ដែលជាប្រទេសហត្ថលេខីហ្នឹង” ។

លោក កន សាវាង្ស បានមានប្រសាសន៍បន្តថា “ក្នុងនាមជាតំណាងអង្គការសង្គមស៊ីវិល មួយរូបដែរ ហើយបានចូលរួមនៅក្នុងការដាក់ញត្តិហ្នឹងដែរ ខ្ញុំសង្ឃឹមថា ប្រទេសហត្ថលេខីហ្នឹង ដោយពឹងផ្អែកទៅលើកិច្ចព្រមព្រៀង ២៣ តុលា ឆ្នាំ១៩៩១ហ្នឹង លោកនឹងពិនិត្យមើលទៅលើកិច្ចព្រមព្រៀងហ្នឹងឡើងវិញ ហើយនិងអន្តរាគមន៍នៅក្នុងបញ្ហាជម្លោះដែលកើតឡើងតាមព្រំដែនរវាងខ្មែរ ជាមួយនឹងថៃ ហ្នឹង ពីព្រោះយើងដឹងទាំងអស់គ្នា ទាំងសហគមន៍ជាតិ អន្តរជាតិ ទាំងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងក្រៅស្រុក យើងឃើញថា វាមានកើតឡើងអំពីផលប៉ះពាល់ទៅដល់ប្រជាពលរដ្ឋដែលទាក់ទងបញ្ហាសិទ្ធិមនុស្ស ដែលរឿងសំខាន់ជាងគេ គឺបញ្ហាទាក់ទងរឿងសិទ្ធិមនុស្សហ្នឹង ហើយយើងឃើញហើយថា ប្រជាពលរដ្ឋទាំងសងខាងហ្នឹង មានការជម្លៀសខ្លួនចេញពីលំនៅ ដែលបាត់បង់លំនៅរបស់គេ ដោយសារតែមានការប៉ះទង្គិចគ្នារវាងបញ្ហាសង្រ្គាមហ្នឹង ហើយខ្ញុំមិនទាន់បានលើកខាងណាខុស ខាងណាត្រូវទេ ដែលជារឿងមួយទៀត។ ប៉ុន្តែទោះបីយ៉ាងណា យើងឃើញថា ប្រជាពលរដ្ឋទាំងពីរហ្នឹង លោកមានបញ្ហាភៀសខ្លួន ដោយសារតែសង្រ្គាម ដែលយើងទាំងអស់គ្នា ជាប្រជាពលរដ្ឋខ្មែរមិនចង់ឃើញទេ ហើយជាសង្គមស៊ីវិល យើងមិនចង់ឃើញបញ្ហាទាំងអស់ហ្នឹងកើតឡើងទេ ហើយក៏យើងឃើញថា មួយទៀតទាក់ទងជាមួយនឹងបញ្ហារឿងបេតិកភណ្ឌពិភពលោក ជាពិសេសពាក់ព័ន្ធនឹងបា្រសាទព្រះវិហារ អីជាដើមនេះ យើងឃើញថា វាមានការរងគ្រោះ មានផលប៉ះពាល់ដល់សង្រ្គាមហ្នឹង ។ អ៊ីចឹងវាមិនមានអីដែលជាចំណេញទេ ហើយយើងសុំឲ្យមានចំណាត់ការ ហើយស្ថានភាព យើងឃើញហើយ ថ្មីៗនេះ រឹតតែក្ដៅឡើងថែមទៀត ។ អ៊ីចឹងមានតែសហគមន៍អន្តរជាតិទេ ដើម្បីរក្សានូវស្ថិរភាព ទាំងតំបន់អាស៊ាន ទាំងអន្តរជាតិ ក៏ដូចជាបញ្ហាប្រទេសទាំងពីរហ្នឹង មានតែផ្លូវច្បាប់ ។ ផ្លូវច្បាប់ហ្នឹង គឺចង់សំដៅទៅលើប្រទេសដែលជាហត្ថលេខីហ្នឹង ដែលធ្លាប់ចុះអំពីបូរណភាពទឹកដី អំពីការយល់ព្រម ដែលមិនធ្វើការរំលោភគ្នាទៅវិញទៅមកហ្នឹង នៅក្នុងកិច្ចព្រមព្រៀងហ្នឹង គឺជារឿងមួយដែលសំខាន់ ដែលត្រូវពិនិត្យមើលឡើងវិញ“ ។
ប្រធានអង្គការសម្ព័ន្ធភាពការងារសិទ្ធិមនុស្សកម្ពុជា លោក រស់ សុថា បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ថា ការដាក់ញត្តិនេះ សង្ឃឹម១០០% ថានឹងទទួលបានការឆ្លើយតបជាវិជ្ជមាន ព្រោះអ្វីដែលសង្គមស៊ីវិល លើកឡើងនេះ គឺពញ្ញាក់អារម្មណ៍ឲ្យប្រទេសហត្ថលេខី ពិនិត្យមើលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ពីចំណុចសំខាន់ពាក់ព័ន្ធជាថ្មីឡើងវិញទាំងអស់គ្នា ។

លោក រស់ សុថា បានមានប្រសាសន៍ថា “បាទ! បញ្ហានេះ បរិយាកាសនៃការដាក់ញត្តិនេះ ឃើញថា គ្រប់ស្ថានទូតទាំងអស់ មានការសហការ ។ ឃើញសហប្រតិបត្តិការ មានន័យថា ពួកគាត់ចង់ឲ្យមានដំណោះស្រាយសម្រាប់កម្ពុជា គាត់អាចមានមនោសញ្ចេតនា ការយល់ឃើញអំពីស្ថានភាពលំបាកកំពុងកើតឡើង ។ អ៊ីចឹងគាត់ក៏ចង់ឲ្យមានដំណោះស្រាយ គ្មានទូតណាមួយចង់បានឲ្យកម្ពុជា យើងមានបញ្ហាសង្រ្គាម បញ្ហាអធិបតេយ្យ បញ្ហារងគ្រោះដោយសង្រ្គាម របស់ជនស៊ីវិលស្លូតត្រង់ទេ គឺពួកគាត់តែងតែឈរលើគោលការណ៍មួយ ចង់ឲ្យមានសុខសន្តិភាពសម្រាប់កម្ពុជា របស់យើង ទៅតាមលទ្ធភាពដែលគាត់អាចធ្វើបាន ក្នុងច្បាប់អន្តរជាតិ និងយន្តការអន្តរជាតិផងដែរ ហើយព្រឹត្តិការណ៍នេះ វាសំខាន់ ព្រោះអង្គការសង្គមស៊ីវិល គឺជាអង្គការវិជ្ជាជីវៈឯករាជ្យ ។ អ៊ីចឹងគឺថាព័ត៌មាន សង្គមស៊ីវិល មានសារសំខាន់ជាទំបំផុត ព្រោះថា គេចង់ឮថា តើតួអង្គឯករាជ្យហ្នឹង និយាយថាម៉េច? ហើយចង់បានយ៉ាងម៉េច? អាហ្នឹងគឺកន្លងមកភាគច្រើនគេស្ដាប់សង្គមស៊ីវិលច្រើន ។ បើជាភាគីរដ្ឋាភិបាល មានរបបវារៈនយោបាយ ឯអង្គការសង្គមស៊ីវិល គ្មានរបៀបវារៈនយោបាយ ។ ដូច្នេះក្រោមការសម្របសម្រួលរបស់ខ្ញុំ ខ្ញុំឈរទៅលើគោលការណ៍ ឈរទៅលើច្បាប់ ឈរទៅលើកម្មវត្ថុ បញ្ហាជាក់ស្ដែង គឺយើងអត់ប្រកាន់បក្ខពួកទេ រឿងពិត និយាយការពិត យើងហ៊ានប្រឈមមុខជាមួយការពិត“ ។

លោក រស់ សុថា បានមានប្រសាសន៍បន្តថា “ចំពោះការសង្ឃឹម គឺសង្ឃឹម ១០០% ថាយើងនឹងទទួលបាន ហើយឃើញថា កិច្ចខិតខំប្រឹងប្រែងកំពុងអនុវត្តហើយ ហើយអ្វីដែលសង្គមស៊ីវិលលើកឡើងនេះ គឺពញ្ញាក់អារម្មណ៍ឲ្យប្រទេសហត្ថលេខី ពិនិត្យមើលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ពីចំណុចសំខាន់ពាក់ព័ន្ធហ្នឹងថ្មីឡើងវិញទាំងអស់គ្នា ព្រោះមិនប្រាកដថា ប្រទេសហត្ថលេខីហ្នឹង គឺចងចាំលើគោលការណ៍ស្មារតីទាំងអស់ហ្នឹងប៉ុន្មានទេ តែងតែមានការភ្លេចភ្លាំង ហើយពេលខ្លះក៏មានការធ្វើយឺត ដោយសារពេលាផ្ដួចផ្ដើមនៅឆ្ងាយ ឱកាសក្នុងការកែលម្អ ។ ដូច្នេះចាំបាច់ណាស់ព័ត៌មាននេះ បង្ហាញនូវការព្រួយបារម្ភ ពីការយកចិត្តទុកដាក់របស់អង្គការសង្គមស៊ីវិល អាហ្នឹងធ្វើឲ្យមានការកក្រើកនៅក្នុងសង្គមលោករបស់យើង រវាងខ្មែរ និងថៃ ក៏ដូចជាពិភពលោកទាំងមូល ដែលកំពុងតែយកចិត្តទុកដាក់យ៉ាងច្រើនមកក្នុងបញ្ហាកម្ពុជា ហើយបញ្ហាកម្ពុជា នេះគឺជាបញ្ហាសោកនាដកម្មជាយូរមកហើយ ហើយតួនាទីរបស់សង្គមស៊ីវិល បានធ្វើឲ្យអន្តរជាតិ គិតគូរពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាបន្តទៀត“ ។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ចន្ទរឿន ដែលបានចូលរួមដឹកនាំការដាក់ញត្តិនេះដែរ បានបញ្ជាក់ថា ការដាក់ញត្តិនេះ នឹងជំរុញប្រទេសទាំងនោះ យកចិត្តទុកដាក់ និងចេញវិធានការបន្ទាន់ជុំវិញការឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យរបស់កម្ពុជា។ លោកជឿជាក់ថា ការដាក់ញត្តិសុំការអន្តរាគមន៍នេះ នឹងធ្វើឱ្យជម្លោះព្រំដែនធូរស្រាល ហើយវិលទៅរកសន្តិភាពវិញ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាកិច្ចព្រមព្រៀងមួយ ធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ កិច្ចព្រមព្រៀងនេះ មានការចូលរួមពីបណ្តាប្រទេសចំនួន១៨ រួមមាន សហរដ្ឋអាមេរិក បារាំង អូសាស្រ្ដាលី ចិន ជប៉ុន អង់គ្លេស កាណាដា សហភាពសូវៀត ឥណ្ឌា យូហ្គោស្លារី ឡាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ប្រ៊ុយណេ វៀតណាម ថៃ និងកម្ពុជា។
នៅក្នុងមាត្រា៥ នៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស បានចែងថា ក្នុងករណីមានការរំលោភបំពាន ឬការគំរាមកំហែងនៃការរំលោភលើអធិបតេយ្យ ឯករាជ្យ បូរណភាពទឹកដី និងភាពមិនអាចរំលោភបាន អព្យាក្រឹតភាព ឬឯកភាពជាតិរបស់កម្ពុជា ឬការប្តេជ្ញាចិត្តណាមួយផ្សេងទៀតនៅក្នុងកិច្ចព្រមព្រៀងនេះ ភាគីនៃកិច្ចព្រមព្រៀងនេះ ត្រូវធ្វើការពិគ្រោះយោបល់ភ្លាមៗ ក្នុងគោលបំណងអនុម័តគ្រប់ជំហានសមស្រប ដើម្បីធានាការគោរពចំពោះការប្តេជ្ញាចិត្តទាំងនេះ និងដោះស្រាយដោយសន្តិវិធី។
ជុំវិញដាក់ញត្តិរបស់ក្រុមអង្គការសង្គមស៊ីវិលនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ចាត់ទុកថា បានបង្ហាញនូវឆន្ទៈរួមសាមគ្គីគ្នាដ៏រឹងមាំ ដើម្បីបង្កើតកម្លាំងឯកភាពជាតិ ដែលលោកថា តាំងពីមានជម្លោះព្រំដែនជាមួយថៃ មក ពលរដ្ឋខ្មែរ រួមគ្នាចេញមុខជាមួយរដ្ឋាភិបាល ដើម្បីការពារបូរណភាពទឹកដី មិនឱ្យមានការឈ្លានពាន ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា ក៏បានដុតដៃដុតជើងស្វែងរកការអន្តរាគមន៍ពីសំណាក់អន្តរជាតិ ដើម្បីរកដំណោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធី តាមរយៈការស្វែងរកបទឈប់បាញ់ និងការស្នើឱ្យមានក្រុមអ្នកសង្កេតការណ៍អន្តរកាល ដើម្បីពិនិត្យតាមដានបទឈប់បាញ់ ដែលករណីនេះលោកថា កម្ពុជា មិនឯកាទេ ពោលគឺស្ថិតក្រោមការឃ្លាំមើលពីក្រសែភ្នែកអន្តរជាតិជានិច្ច ៕ កុលបុត្រ