Tuesday, August 19, 2025
Homeព័ត៌មានជាតិសម រង្ស៊ី ព្រមានបង្កើតរដ្ឋាភិបាលក្រៅប្រទេស បើកម្ពុជា មិនអនុវត្តកិច្ចព្រមព្រៀងប៉ារីស

សម រង្ស៊ី ព្រមានបង្កើតរដ្ឋាភិបាលក្រៅប្រទេស បើកម្ពុជា មិនអនុវត្តកិច្ចព្រមព្រៀងប៉ារីស

ភ្នំពេញ ៖ អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាប្រធានក្រុមប្រឹក្សាជាតិតស៊ូ លោកសម រង្ស៊ី ដែលកំពុងរស់និរទេសនៅប្រទេសបារាំង បានប្រកាសបង្កើតរដ្ឋាភិបាលក្រៅប្រទេស ដើម្បីអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដោយលោកបានអះអាងថា ការសម្រេចចិត្តបង្កើតរដ្ឋាភិបាលក្រៅប្រទេសនេះ ដោយសារសម្តេចហ៊ុន សែន មិនអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស ។

ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនជនរួមជាតិខ្មែរ នៅតំបន់ PACA ប្រទេសបារាំង កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ លោកសម រង្ស៊ី បានបញ្ជាក់ថា លោកទុកពេលឲ្យរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយត្រកូលសម្ដេចហ៊ុន សែន រយៈពេល ៣ខែ ក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស ទាក់ទងនឹងការរំលោភឈ្លានពានរបស់ប្រទេសថៃ មកលើកម្ពុជា ។

លោក សម រង្ស៊ី បានថ្លែងថា “យើងត្រូវយល់! ដើម្បីអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលមានផលប្រយោជន៍ពីរសំខាន់ គឺទី១ ការពារទឹកដីប្រទេសកម្ពុជា ឲ្យបានគង់វង្ស ដូចយើងបានស្ដាប់ការពន្យល់រំលឹកអម្បាញ់មិញ មិនងាយទៅលើកទ័ពទៅច្បាំងជាមួយប្រទេសជិតខាងណាមួយទេ ស្រុកយើងតូច ស្រុកយើងក្រ ស្រុកយើងខ្វះខាតគ្រប់សព្វគ្រប់បែប ដំណោះស្រាយមិនមែនយោធាទេ ដំណោះស្រាយគឺនយោបាយសុទ្ធសាធ ឈរលើច្បាប់អន្តរជាតិសុទ្ធសាធ និងជាឱសថទិព្វ គឺដំណោះស្រាយមានតែមួយគត់ កិច្ចព្រមព្រៀងទីក្រុងប៉ារីស តែគ្រាន់តែសួរថា ទៅរួច ឬទៅមិនរួច ដរាបណាហ៊ុន សែន នៅកាន់អំណាច មិនអាចទៅរួចទេ ពីព្រោះដូចខ្ញុំនិយាយមិញ គឺហ៊ុន សែន គាត់មិនអាចបោះបង់អំណាចផ្ដាច់ការរបស់គាត់ ។ អ៊ីចឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ទី១ ការពារទឹកដីយើងឲ្យបានគង់វង្ស ទី២ ធានាឲ្យប្រទេសកម្ពុជា មានលទ្ធិប្រជាធិបតេយ្យ ឲ្យខ្មែរឈប់ធ្វើបាបខ្មែរ ឲ្យខ្មែរចេះគោរពជីវិត គោរពភាពថ្លៃថ្នូរ គោរពសិទ្ធិសេរីភាពរបស់ខ្មែរគ្រប់រូប ឲ្យខ្មែរបានសុខគ្រប់រូប ហ្នឹងជាមូលដ្ឋាន ជាគោលការណ៍នៃសង្គមប្រជាធិបតេយ្យហើយ ប៉ុន្តែហ៊ុន សែន គាត់មិនអាចធ្វើអ៊ីចឹងកើតទេ ។ អ៊ីចឹងយើងទឹកដីក៏បាត់បង់ សេរីភាពក៏បាត់បង់ ដោយសារហ៊ុន សែន មិនព្រមអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស យើងខាតធំណាស់ ដែលយើងមិនព្រមអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដោយសារហ៊ុន សែន គាត់មិនអាចធ្វើទៅរួច ។ សន្និដ្ឋាន ចង់អនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស ចង់ការពារទឹកដីខ្មែរឲ្យបានគង់វង្ស ចង់ឲ្យប្រជារាស្រ្តខ្មែរ មានសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យពិតប្រាកដ ត្រូវតែដូរហ៊ុន សែន ចេញ… “ ។

លោក សម រង្ស៊ី បានបន្តថា “អ្នកដែលមានសិទ្ធិទាមទារឲ្យអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស ទាល់តែរដ្ឋាភិបាល រដ្ឋាភិបាលប្រទេសណាមួយក្នុងចំណោមប្រទេស១៨ ស្នើសុំឲ្យអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស ។ ចំពោះប្រទេសកម្ពុជា គឺត្រូវរដ្ឋាភិបាលទីក្រុងភ្នំពេញ ហើយ រដ្ឋាភិបាលដឹកនាំដោយត្រកូលហ៊ុន សែន ហ្នឹង តែខ្ញុំសុំប្រកាស ខ្ញុំឲ្យ៣ខែទៀត បើរដ្ឋាភិបាលទីក្រុងភ្នំពេញ ដឹកនាំដោយត្រកូលហ៊ុន សែន មិនព្រមស្នើក្នុងនាមប្រជារាស្រ្តខ្មែរ ឲ្យអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស យើងនឹងបង្កើតរដ្ឋាភិបាលក្រៅប្រទេសមួយ ដើម្បីទាមទារឲ្យអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស“ ។

គាំទ្រការលើកឡើងរបស់លោកសម រង្ស៊ី ខាងលើនេះ ថ្លែងនៅក្នុងពិធីសំណេះសំណាលនោះដែរ លោកគឹម សុខ អ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូ បានបញ្ជាក់ថា បើរដ្ឋាភិបាលក្រុងភ្នំពេញ នៅតែព្រងើយកន្តើយ យើងប្រជាពលរដ្ឋខ្មែរ គួរតែមូលមតិ បដិសេធរដ្ឋាភិបាលហ្នឹងចោល ហើយគួរតែមានរដ្ឋាភិបាលថ្មីមួយ ដែលមានស្មារតី ឆន្ទៈក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ។

លោកគឹម សុខ បានថ្លែងថា “យើងមានសិទ្ធិក្នុងនាមជាម្ចាស់ ប៉ុន្តែយើងជាប្រជាពលរដ្ឋ ១៧លាននាក់ មិនអាចទៅដឹកដៃមកស៊ីញ៉េ ទាំង១៧លាននាក់ ទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទឹកក្រុងប៉ារីស ទេ អ៊ីចឹងយើងធ្វើម៉េច? ខ្ញុំផ្ដល់ជម្រើស៣ ។ ជម្រើសទី១ ដូចដែលអ្នកសិក្សាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ខំប្រមូលហត្ថលេខានានាធ្វើ នេះជាជម្រើស១ ប៉ុន្តែខ្ញុំគិតថា ជម្រើសនេះ មិនទាន់មានឥទ្ធិពលគ្រប់គ្រាន់ទេ នៅទាបណាស់ ព្រោះជម្រើសនេះ យើងប្រមូលហត្ថលេខាមិនបានច្រើនប៉ុន្មានទេ ពីព្រោះបងប្អូនយើងខ្លះខ្លាច ជម្រើសនេះ វាជាជម្រើសមួយមែន ប៉ុន្តែមិនទាន់មានឥទ្ធិពលទេ ។ ជម្រើសទី២ ដែលមានឥទ្ធិពលជាងហ្នឹង លោកប្រធានមានប្រសាសន៍ហើយ បងប្អូនក៏យល់ដែរ អ្នកសិក្សាកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថាមានតែរដ្ឋាភិបាលទេ ដែលមានឥទ្ធិពលក្នុងការកោះប្រជុំ ឬអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ។ អ៊ីចឹងបងប្អូនធ្វើម៉េច? ចំណុចសំខាន់របស់ប្អូននៅត្រង់ណា? យើងជាប្រជាពលរដ្ឋ យើងជាម្ចាស់? ដូច្នេះយើងធ្វើបាតុកម្មចាប់ពីពេលនេះទៅ ដើម្បីអាចការពារទឹកដីកម្ពុជា របស់យើងបាន ទាល់តែមានរដ្ឋាភិបាលមួយ ដែលអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស យើងដឹងច្បាស់ណាស់ ។ ដូច្នេះយើងប្រើសិទ្ធិរបស់យើង ក្នុងនាមជាប្រជាពលរដ្ឋ ធ្វើបាតុកម្មទូទាំងប្រទេស ជំរុញហើយជំរុញទៀត ថារដ្ឋាភិបាលភ្នំពេញបច្ចុប្បន្ន ត្រូវតែសរសេរលិខិតទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីកោះប្រជុំកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឡើងវិញ ដោះស្រាយបញ្ហាកម្ពុជា ទាំងអស់ នេះជាជម្រើសទី២ ធ្វើបាតុកម្មទូទាំងពិភពលោក យើងជាប្រជាពលរដ្ឋ ដាក់ការគាបសង្កត់ដល់រដ្ឋាភិបាលក្រុងភ្នំពេញ ថាត្រូវតែស្នើទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កោះប្រជុំសន្និសីទទីក្រុងប៉ារីស ឡើងវិញ ។ បងប្អូនយល់ស្របថា អាហ្នឹងមានឥទ្ធិពលជាងទេ? នេះជាជម្រើសទី២ ។ ជម្រើសទី៣ ប្រសិនបើរដ្ឋាភិបាលក្រុងភ្នំពេញ នៅតែព្រងើយកន្តើយចំពោះសេចក្ដីស្នើរបស់យើងក្នុងនាមជាម្ចាស់ ពីព្រោះនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និយាយច្បាស់ណាស់ថា ប្រជាពលរដ្ឋ ជាម្ចាស់ ហើយយកមកចែងនៅក្នុងរដ្ឋធម្មនៃព្រះរាជាណាចក្រកម្ពុជា ។ បើរដ្ឋាភិបាលក្រុងភ្នំពេញ នៅតែបន្តឲ្យគេឈ្លានពានទឹកដីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាលក្រុងភ្នំពេញ ខ្លួនឯងនៅតែបន្តឈ្លានពានគាបសង្កត់សិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ ហើយមិនព្រមកោះប្រជុំសន្និសីទទីក្រុងប៉ារីស មិនព្រមអនុវត្តនូវខ្លឹមសារនិងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បើរដ្ឋាភិបាលក្រុងភ្នំពេញ នៅតែព្រងើយកន្តើយ យើងប្រជាពលរដ្ឋខ្មែរ គួរតែមូលមតិថា យើងបដិសេធរដ្ឋាភិបាលហ្នឹងចោល គួរតែមានរដ្ឋាភិបាលថ្មីមួយ ដែលមានស្មារតី ឆន្ទៈក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស“ ។

លោកគឹម សុខ បន្តថា “មែនទែនទៅ យើងគិតហើយគិតទៀត យើងចង់បានការប្រកួតប្រជែងមួយត្រឹមត្រូវ យុត្តិធម៌ អ្នកណាឈ្នះក៏បានដែរ ក្រុមប្រឹក្សាជាតិតស៊ូ លោកប្រធាន សម រង្ស៊ី បានបញ្ជាក់ហើយ អ្វីដែលយើងចង់បាន គឺការប្រកួតប្រជែងមួយដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ឲ្យមានរដ្ឋាភិបាលតំណាងជាតិខ្មែរ តំណាងជាតិកម្ពុជា ក្នុងអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ធ្វើឲ្យចម្រុងចម្រើនប្រជាពលរដ្ឋ ហើយនិងការពារបូរណភាពទឹកដីនៃប្រទេសកម្ពុជា ប៉ុន្តែរដ្ឋាភិបាលក្រុងភ្នំពេញ ដែលដឹកនាំដោយក្រុមគ្រួសារហ៊ុន មិនបានធ្វើទេ យើងនិយាយយ៉ាងម៉េចក៏មិនធ្វើ រហូតទៅដល់លោកសម រង្ស៊ី ថា ឥឡូវហ្នឹងឲ្យតែមានការបោះឆ្នោតទៅ គាត់ឈប់និយាយអីទាំងអស់ក៏បានដែរ នៅតែមិនព្រមធ្វើ ហើយបែរទៅជាមួលបង្កាច់ឯណាផ្ដេសផ្ដាសទៅវិញ អត់ព្រមធ្វើ! បើអត់ព្រមធ្វើ យើងដែលជាប្រជាពលរដ្ឋខ្មែរ ពិចារណាឡើងវិញ ថាយើងបណ្ដែតបណ្ដោយឲ្យរដ្ឋាភិបាលមួយ ដែលបណ្ដោយឲ្យបរទេសឈ្លានពាន រដ្ឋាភិបាលមួយដែលឈ្លានពានសិទ្ធិសេរីភាពរបស់យើងទាំងអស់គ្នា មិនឲ្យយើងមានសិទ្ធិចូលរួមក្នុងការកសាងជាតិ តើយើងនៅបន្តរំពឹងលើរដ្ឋាភិបាលហ្នឹងទេ? ដូច្នេះជម្រើសទី៣ ខ្ញុំគិតថា ប្រជាពលរដ្ឋខ្មែរ នៅទូទាំងពិភពលោក នៅអូស្រ្តាលី នៅណូវ៉ែលហ្សេឡង់ នៅអឺរ៉ុប កាណាដា អង់គ្លេស នៅអាមេរិក ជប៉ុន កូរ៉េខាងត្បូង គ្រប់គ្នាគួរពិចារណាថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាជីវិតយើង រដ្ឋាភិបាលក្រុងភ្នំពេញ អត់អនុវត្តទេ ដូច្នេះយើងអត់មានជីវិតទេ យើងស្លាប់ ម៉្លោះហើយយើងមិនអាចបណ្ដោយឲ្យរដ្ឋាភិបាលមួយ សម្លាប់ជាតិខ្មែរយើងបានទេ យើងត្រូវមានរដ្ឋាភិបាលមួយទៀត ដែលតំណាងឲ្យឆន្ទៈប្រជាពលរដ្ឋខ្មែរ ក្នុងការការពារទឹកដីជាតិកម្ពុជា តាមរយៈការជំរុញទៅសហគមន៍អន្តរជាតិ ឲ្យសើរើនិងអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ និងការពារប្រទេសកម្ពុជា…” ។

ចំណែកលោកសុភ័ណ្ឌ ឡារី ប្រធានបណ្ដាញយុវជនកម្ពុជាសកល បានលើកឡើងតាមបណ្ដាញសង្គមថា “៣ខែទៀត រាជរដ្ឋាភិបាលក្រៅប្រទេស នឹងចេញដំណើរការហើយ ក្រោយលោក ហ៊ុន សែន មិនជ្រើសយកកិច្ចព្រមព្រៀងទីក្រុងប៉ារីសមកអនុវត្ត“ ៕ កុលបុត្រ

RELATED ARTICLES