
ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់ពីទាហានថៃ បានបន្តឈ្លានពានទឹកដីកម្ពុជាបានយកស្បៃខ្មៅ មកបាំងមួយជាន់ទៀត បន្ថែមលើលួសបន្លា និងកង់ឡាន ដែលពួកទាហានចោរឈ្លានពាននេះ បានយកមកព័ទ្ធរំលោភយកដីផ្ទះប្រជាពលរដ្ឋខ្មែរ នៅចំណុចភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ នោះ អ្នកនយោបាយ មន្រ្តីរាជរដ្ឋាភិបាល និងមជ្ឈដ្ឋានជាច្រើន បានលើកឡើងថា ថៃ កំពុងព្យាយាមបិទបាំងភាពអាម៉ាស់របស់ខ្លួន បន្ទាប់ពីត្រូវបានអ្នករាយការណ៍ព័ត៌មានប្រចាំសេតវិមាន របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក បានមកពិនិត្យផ្ទាល់ និងផ្សាយផ្ទាល់ឲ្យពិភពលោកបានឃើញកាន់តែច្បាស់នូវអំពើឈ្លានពាន និងបង្កហេតុរបស់ពួកទាហានចោរសៀម ដែលមិនគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀង នៅតែបន្តចូលឈ្លានពានដែនអធិបតេយ្យកម្ពុជា យ៉ាងគឃ្លើន ខណៈពលរដ្ឋខ្មែរដែលរងគ្រោះត្រូវទាហានចោរសៀម ប្លន់យកដីផ្ទះ ត្រូវអត់លំនៅ បានបន្តយំស្រែកសុំឲ្យរាជរដ្ឋាភិបាល និងសហគមន៍អន្តរជាតិ ជាពិសេសលោកប្រធានាធិបតីនៃសន្តិភាព ដូណាល់ ត្រាំ ជួយអន្តរាគមន៍ បញ្ឈប់ការឈ្លានពានរបស់ពួកទាហានចោរសៀម ប្រគល់ដីផ្ទះជូនពួកគាត់បានរស់នៅវិញ ។
សូមបញ្ជាក់ថា នៅវេលាម៉ោង ២និង៣០នាទី រសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ទាហានឈុតខ្មៅ និងទាហានប៉ារ៉ាសៀម ប្រមាណ៣០នាក់ បានបន្តចល័តចូលឈ្លានពានទឹកដីកម្ពុជា នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលពួកវាបានយកលួសបន្លាមករាយព័ទ្ធយកដីផ្ទះប្រជាពលរដ្ឋខ្មែរនោះ ហើយពួកទាហានឈ្លានពាននេះ បានដើររាវមីន លើផ្លូវមុខផ្ទះពលរដ្ឋខ្មែរ និងបានបន្តយករបាំងស្បៃខ្មៅ និងបង្គោល មករាយបិទនៅផ្នែកខាងក្រោយបន្លាលួស និងកង់ឡាន ដែលពួកវាដាក់រាយបិទផ្លូវ តាំងពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ក្នុងដែនអធិបតេយ្យភាពកម្ពុជា។

ក្រោយបានឃើញភាពគឃ្លើនរបស់ទាហានថៃ បែបនេះ បានធ្វើឲ្យផ្ទុះប្រតិកម្មពីសំណាក់អ្នកនយោបាយ មន្រ្តីរាជរដ្ឋាភិបាល និងមជ្ឈដ្ឋានមហាជន ដោយបានលើកឡើងក្នុងន័យដូចគ្នាថា ការបន្តព័ទ្ធលួសបន្លា និងយកស្បៃខ្មៅបិទបាំងថែមលើទឹកដីកម្ពុជា បែបនេះ បង្ហាញពីមហិច្ឆតារបស់ពួកទាហានចោរសៀម ដែលនៅតែបន្តមហិច្ឆតាឈ្លានពានទឹកដីកម្ពុជា និងកំពុងព្យាយាមបិទបាំងភាពអាម៉ាស់របស់ខ្លួន ដែលអន្តរជាតិបានឃើញច្បាស់ហើយ ថា ពួកទាហានចោរសៀម ជាអ្នករំលោភបំពានមកលើកម្ពុជា ហើយបាននិងកំពុងបន្តឈ្លានពានកម្ពុជា ទោះបីជាមានកិច្ចព្រមព្រៀង បទឈប់បាញ់ហើយក៏ដោយ។
អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) លោកអ៊ុំ សំអាន ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ថា វាគឺជារឿងអាម៉ាស់បំផុត ដែលទាហានថៃ យកបន្លាលួស មកព័ទ្ធលើទឹកដីកម្ពុជា ហើយយកស្បៃ មកបាំងបន្ថែមទៀត គឺការបាំងស្បៃនេះ ពួកទាហានថៃ ខ្លាចខ្លួនឯងធ្វើសកម្មភាពមិនគប្បីណាមួយ នៅក្នុងទឹកដីដែលខ្លួនឯងឈ្លានពាន ជាពិសេសដាក់បង្កប់នូវសព្វាវុធអីផ្សេងៗ ដើម្បីកុំឲ្យខ្មែរឃើញ ដែលនេះជាទង្វើទុច្ចរិតមួយ របស់ពួកទាហានចោរសៀម ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “បាទ! ទាហានថៃ បានយកស្បៃខ្មៅ មកបាំងមុខបន្លាលួស ហើយបាំងមិនឲ្យប្រជាពលរដ្ឋចូលទៅក្នុងផ្ទះអីហ្នឹង ខ្ញុំយល់ថា គឺជារឿងអាម៉ាស់មុខមួយ ដែលទាហានថៃ យកបន្លាលួស មកព័ទ្ធមកលើទឹកដីកម្ពុជា ហើយយកស្បៃមកបាំងបន្ទាប់ពីបន្លាលួសហ្នឹងទៀត ។ ខ្ញុំយល់ថា ការបាំងស្បៃនេះ គឺយោធាថៃ ខ្លាចខ្លួនឯងធ្វើសកម្មភាពមិនគប្បីណាមួយ នៅក្នុងទឹកដីដែលខ្លួនឯងឈ្លានពានហ្នឹង ជាពិសេសដាក់បង្កប់នូវសព្វាវុធអីផ្សេងៗហ្នឹង ដើម្បីកុំឲ្យខ្មែរឃើញ ។ អាហ្នឹងគឺជាទង្វើទុច្ចរិតមួយ ទាហានថៃ បានរំលោភបំពានមកលើដីខ្មែរហើយ ព័ទ្ធបន្លាលួសហ្នឹង ហើយយកផ្ទះពលរដ្ឋខ្មែរ ហើយរំលោភយកដីខ្មែរទៀត ឥឡូវនេះ បែរជាដាក់ស្បៃ នៅក្នុងទឹកដីកម្ពុជា បាំងបន្ទាប់ពីបន្លាលួសហ្នឹង ដើម្បីខ្លួនឯងធ្វើសកម្មភាពណាមួយដែលខុសច្បាប់នៅក្នុងទឹកដីខ្មែរ មិនចង់ឲ្យខ្មែរឃើញ អ៊ីចឹងបាំងស្បៃហ្នឹង ដើម្បីធ្វើសកម្មភាពខុសច្បាប់ណាមួយក្នុងការចល័តទ័ព ក្នុងការដំឡើងសព្វាវុធនៅខាងក្រោយស្បៃហ្នឹងឯង“ ។
ប្រធានគណបក្សជំនាន់ថ្មី លោកមាជ សុវណ្ណារ៉ា ដែលបានចុះទៅដល់កន្លែងដែលទាហានថៃ រាយលួសបន្លា និងបាំងស្បៃខ្មៅបន្ថែមនោះ បានបញ្ជាក់ប្រាប់ ”នគរធំ” នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ថា វាជាភាពអាម៉ាស់មួយ នៅលើពិភពលោក ដែលសៀម ខ្លួនឯងហាក់បីដូចជាមានការអៀនខ្មាស ប៉ុន្តែនៅតែងងើលរំលោភអធិបតេយ្យរបស់កម្ពុជា ដូចជា បន្តស្រាស់លួសបន្លា មិនត្រឹមតែព្រំប្រទល់ខ្លួនទេ គឺរំលោភមកដល់បូរណភាពទឹកដី អធិបតេយ្យរបស់កម្ពុជា តាមរយៈការបន្តដាក់លួសបន្លា និងការបាំងស្បៃខ្មៅបន្ថែមនេះ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ខ្ញុំថា សៀម ជាពូជចោររំលោភអធិបតេយ្យនៃកម្ពុជា ការឈ្លានពានតាំងពីរាប់សតវត្សរ៍មក ហើយមកដល់ឥឡូវ ទោះប្រទេសនៅលើពិភពលោក គេគោរពច្បាប់អន្តរជាតិ ជាប្រទេសស្មើមុខស្មើមាត់គ្នានៅក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ និងអ្វីដែលយើងបានប្ដេជ្ញាដោយតម្លាភាព ដោយស្មោះត្រង់ ហើយហ៊ានទទួលស្គាល់ថា ព្រំដែនរវាងកម្ពុជា និងសៀម ហ្នឹង គឺថាតាំងពីតុលាការយុត្តិធម៌អន្តរជាតិ ឆ្នាំ១៩០៤ និង១៩០៧ នោះ យើងមើលឃើញថា តើថៃ មកដល់ឥឡូវ បានគោរពនូវកិច្ចព្រមព្រៀងសន្ធិសញ្ញាបារាំង-សៀម ហើយឬនៅ? រហូតដល់យើងមានសង្រ្គាម ជម្លោះគ្នា ទាំងនយោបាយការទូត ទាំងការធ្លាប់ប្រយុទ្ធគ្នានៅក្នុងរយៈពេលបួនដប់ឆ្នាំចុងក្រោយ តាំងពី២០០៨-២០១១ ហើយមកដល់២០២៥ នេះទៀត គឺថាយើងឃើញថា សៀម មិនដែលគោរពនូវសន្ធិសញ្ញាអន្តរជាតិ មិនថាទីក្រុងឡាអេ មិនថាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ធម្មនុញ្ញភាព មាត្រា៥១ នៃអង្គការសហប្រជាជាតិ ដូចជាយន្តការនៃធម្មនុញ្ញអាស៊ាន ។ អាហ្នឹងហើយដែលយើងមើលឃើញថា សៀម នៅតែគឃ្លើន ហើយអ្វីដែលសៀម ហាក់បីដូចជាមើលងាយមើលថោកនូវសហគមន៍អន្តរជាតិ ដែលជាអ្នកសង្កេតការណ៍ ដែលជាអ្នកផ្ដួចផ្ដើម ជាមហាអំណាចលើពិភពលោកទៅទៀត ផ្នែកយោធា និងសេដ្ឋកិច្ច គឺមានសហរដ្ឋអាមេរិក មានប្រទេសចិន ក៏ដូចជាប្រធានអាស៊ានប្ដូរវេន នៃប្រទេសម៉ាឡេស៊ី ហ្នឹង គឺនាយករដ្ឋមន្រ្តីអាន់វ៉ា អ៊ីប្រាហ៊ីម ហ្នឹង គឺថាបានឲ្យមានបទឈប់បាញ់គ្នា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់ចេញជាចំណុចនៃកិច្ចព្រមព្រៀង អនុវត្ត ១៣ចំណុចទៅទៀត តែយើងឃើញថា សៀមនៅតែចល័តទ័ព នៅតែបញ្ឈរនូវយុទ្ធភណ្ឌ អាវុធ មិនថារថក្រោះ មិនថាកាំភ្លើងធំ កាំភ្លើងអី គឺចល័តនៅតាមតំបន់ព្រំដែននៃជម្លោះ មិនថាប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ឬតំបន់អានសេះ ច្រកតាថាវ មុំបី អីជាដើមហ្នឹង គឺថាអាហ្នឹងហើយ ជាការផ្គើន គឃ្លើនទៅនឹងច្បាប់អន្តរជាតិ វាជាភាពអាម៉ាស់មួយនៅលើពិភពលោក ដែលសៀម ខ្លួនឯងហាក់បីដូចជាមានការអៀនខ្មាស ប៉ុន្តែនៅតែងងើលចង់បាន រំលោភអធិបតេយ្យ ដូចជាបន្តស្រាស់លួសបន្លា មិនត្រឹមតែព្រំប្រទល់ខ្លួនទេ គឺថារំលោភមកដល់បូរណភាពទឹកដី លើទឹកដីអធិបតេយ្យរបស់កម្ពុជា ទៅទៀត តែដោយសារកម្ពុជា យើងអត់ធ្មត់ ទុកឲ្យអ្វីដែលសហគមន៍អន្តរជាតិមើលឃើញពីការរំលោភបំពាននៃការឈ្លានពាននៃបទឈប់បាញ់គ្នា នៅថ្ងៃទី២៨ ខែកក្កដា ។ អ៊ីចឹងសរុបមកវិញ គឺថាប្រទេសសៀម ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់អន្តរជាតិ នូវអ្វីដែលគេបានធ្វើជាកំហុសខុសឆ្គងប្រវត្តិសាស្រ្ត រំលោភបំពានដោយគឃ្លើន មកលើកម្ពុជា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ” ។
លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ្វីៗយើងរំពឹងទៅនឹងអ្នកសង្កេតការណ៍អន្តរជាតិ ជាពិសេសអនុព័ន្ធយោធានៃប្រទេសដែលដាក់ទូត មិនថានៅប្រទេសកម្ពុជា មិនថានៅប្រទេសថៃ គឺថាគេបានឃើញអ្វីដែលក្រោយពីបទឈប់បាញ់គ្នាមក ក្រោយពីសៀមមិនអនុវត្តនៅចំណុចលក្ខខណ្ឌទាំង១៣ ហើយយើងឃើញថា សៀម ចាត់ទុកវីរកងទ័ពកម្ពុជា១៨នាក់ ជាចំណាប់ខ្មាំង ប៉ុន្តែជាចំណាប់ខ្មាំង ក្នុងការដោះដូរអ្វី បើកិច្ចព្រមព្រៀងបទឈប់បាញ់គ្នា មានហើយ? គឺថានៅក្នុងច្បាប់ឈ្លើយសឹក គឺត្រូវផ្ទេរ ដោះដូរឲ្យគ្នាភ្លាមៗ ដែលគ្មានធ្វើជាចំណាប់ខ្មាំងអីទេ ហើយមកដល់ពេលនេះ គឺ២០ថ្ងៃ ទៅហើយ គឺថាវីរកងទ័ព ទាំង១៨នាក់ មិនទាន់ត្រូវបានដោះលែងពីខាងភាគីកងទ័ពសៀមទេ ក្រៅតែពីធ្វើសកម្មភាពជីកលេណដ្ឋាន រាយលួសបន្លា រហូតដល់ដាក់ស្បៃបាំង ហើយយកកាមេរ៉ា យក GPS មកដាក់ មកអី ក្នុងន័យគំរាមកំហែង រំលោភដល់អធិបតេយ្យ ហ៊ុមព័ទ្ធផ្ទះប្រជាពលរដ្ឋ ជនស៊ីវិលស្លូតត្រង់ ហើយយើងមិនទាន់និយាយពីអតីតកាលក្រោយពីសង្រ្គាម ៥ថ្ងៃ តើសៀម បានបង្កនូវបទឧក្រិដ្ឋកម្មអីខ្លះ? ឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សធម៌អន្តរជាតិ ដូចជាការទម្លាក់គ្រាប់ទៅលើសាលារៀន មន្ទីរពេទ្យ កន្លែងទីវត្តអារាម ក៏ដូចជាកន្លែងបេតិកភណ្ឌពិភពលោក ដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិ ទទួលបន្ទុកបេតិកភណ្ឌហ្នឹង គឺអង្គការយូណេស្កូ នៅប្រាសាទព្រះវិហារ មានជាច្រើន ដែលជាតឹកតាង និងផ្ទះប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ រាប់រយខ្នង នៅខេត្តឧត្ដរមានជ័យ ក៏ដូចជាខេត្តព្រះវិហារ ជាដើម ហើយនិងនៅថ្ងៃទី១៣-១៤-១៥អីហ្នឹង គឺថាវានៅតែបន្តមកហ៊ុមព័ទ្ធនៅខេត្តបន្ទាយមានជ័យ ទៅទៀត នៃព្រំដែនជាប់នឹងខេត្តស្រះកែវ គឺខេត្តបន្ទាយមានជ័យ ក្នុងស្រុកអូរជ្រៅ ភូមិព្រៃចាន់ ណងចាន់ ភូមិជោគជ័យ ជាដើមហ្នឹង គឺថាយើងឃើញទិដ្ឋភាពជាក់ស្ដែងនៅចំពោះមុខអ្នកសង្កេតការណ៍អន្តរជាតិ ក៏ដូចជាអនុព័ន្ធយោធា អមអគ្គរដ្ឋទូតប្រចាំនៅប្រទេសខ្មែរ ក៏ដូចជាប្រទេសៀម គឺសុទ្ធតែគេបានដឹងអំពីថា តើជាការរំលោភបំពាន គឃ្លើនរបស់ប្រទេសសៀម ទៅនឹងអ្វីជាសន្ធិសញ្ញាអន្តរជាតិ ទៅនឹងការមិនអនុវត្តតាមក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយជាពិសេសគឺប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ដែលលោកឲ្យមានការឈប់បាញ់គ្នាដោយពេញលេញ មិនមានសន្តិភាព ស្លាប់ដល់មនុស្សជាតិ ពលរដ្ឋ ក្មេង និងទ្រព្យសម្បត្តិ វិនាសកម្មនៃជាតិសាសន៍ទាំងពីរ គឺថាមកដល់ពេលនេះ បើទោះបីជាមិនមានសង្រ្គាមអីកើតជាថ្មី ក៏វាមានការបំភ័យ និងការចល័តទ័ព ក៏ដូចជារំលោភបំពានអធិបតេយ្យ តាមរយៈរាយលួសបន្លា និងហ៊ុមស្បៃ ព័ទ្ធផ្ទះខ្មែរយើង នៅលើទឹកដីខ្មែរយើង ជាដើមហ្នឹង“ ។
រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានវេទិកាសន្តិភាពកម្ពុជា លោកបណ្ឌិតសួន សេរីរដ្ឋា បានបង្ហោះវីដេអូដែលទាហានសៀម រាយលួសបន្លា បាំងស្បៃខ្មៅ និងដើររាវមីន ក្នុងដែនអធិបតេយ្យកម្ពុជា នៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ភ្ជាប់ជាមួយសំណេរថា “នេះជាសកម្មភាពពួកទាហានចោរសៀមឈ្លានពាន បន្ទាប់ពីរំលោភយកដីខ្មែរ រាយបន្លាលួសព័ទ្ធប្លន់ផ្ទះសម្បែងទ្រព្យសម្បត្តិប្រជាជនខ្មែរហើយ ថ្ងៃនេះពួកទាហានចោរឈ្លានពាននេះ ធ្វើជាដើររាវមីន និងដំឡើងស្បៃបិទបាំងមុខមាត់ចោររបស់ពួកវា“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកបណ្ឌិត សួន សេរីរដ្ឋា បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ថា គឺជានយោបាយឈ្លានពានដ៏អាម៉ាស់មុខបំផុតរបស់ប្រទេសថៃ ដែលរំលោភនូវបទឈប់បាញ់ ហើយនៅតែបំពារបំពានលើអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា ។ យ៉ាងណា អ្វីដែលថៃ បាននិងកំពុងធ្វើនេះ មិនអាចលាក់បាំងក្រសែភ្នែកទីបី ក្រសែភ្នែកអន្តរជាតិ ដែលកំពុងតែឃ្លាំមើលបានទេ ពីព្រោះម៉ាឡេស៊ី ក៏បានប្រកាសហើយថា ដាក់ផ្កាយរណប តាមដានមើល ហើយបញ្ជាការយោធាអាមេរិក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ប្រកាសដូចគ្នា ។
លោកបណ្ឌិត សួន សេរីរដ្ឋា បានមានប្រសាសន៍ថា “បាទ! ចំណុចនេះ គឺខាងកម្ពុជា រាជរដ្ឋាភិបាល បាននាំអនុព័ន្ធយោធា ក្រុមអង្កេតការណ៍អន្តរកាល ៧ប្រទេស ដឹកនាំដោយអនុព័ន្ធយោធារបស់ប្រទេសម៉ាឡេស៊ី គឺបានទៅដល់ទីកន្លែងឃើញជាក់ស្ដែង មិនមែនត្រឹមតែក្នុងខេត្តបន្ទាយមានជ័យទេ សូម្បីតែនៅក្នុងខេត្តដែលមានសមរភូមិក្ដៅ ឧត្ដរមានជ័យ និងព្រះវិហារ ក៏បានឃើញផ្ទាល់ភ្នែក ។ អ៊ីចឹងគឺការពិតណាស់ ដែលទាហានថៃ បានប្រើប្រាស់នូវលួសបន្លា ឈ្លានពាននេះ មកព័ទ្ធចូលក្នុងទឹកដីអធិបតេយ្យរបស់ប្រទេសកម្ពុជា ដូចអ្វីដែលអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសជារៀងរាល់ថ្ងៃ ។ អ៊ីចឹងនេះគឺជានយោបាយឈ្លានពានដ៏អាម៉ាស់មុខបំផុតរបស់ប្រទេសថៃ ដែលរំលោភនូវបទឈប់បាញ់ ហើយនៅតែបំពារបំពានលើអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា ជាពិសេសគឺភ្នែកស្រស់តែម្ដង ដែលនៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ ក្នុងឃុំអូរបីជាន់ នេះ គឺយើងឃើញផ្ទះរបស់ប្រជាជនកម្ពុជា ដែលរស់នៅលើទឹកដីកម្ពុជា នៅព្រំដែន ត្រូវបានទាហានថៃ ព័ទ្ធបន្លាលួសមិនឲ្យចូល ហើយបានវ៉ៃកម្ទេច និងបានបណ្ដេញម្ចាស់ផ្ទះ ជាប្រជាពលរដ្ឋកម្ពុជា ចេញពីផ្ទះ ដែលជារឿងមួយ គឺអមនុស្សធម៌ ហើយគឺជារឿងមួយរំលោភទៅលើច្បាប់អន្តរជាតិ ។ មិនតែប៉ុណ្ណោះ គឺការបំភ្លៃព័ត៌មានរបស់ភាគិថៃ នៅពេលដែលកុមារកម្ពុជា ស្រ្តីនិងប្រជាជនជាម្ចាស់ផ្ទះ បាតុកម្មនៅមុខរបងលួសដែលយោធាថៃ បានមកឈ្លានពានដាក់ចូលក្នុងដីខ្មែរនោះ បែរទៅជាបកស្រាយថា រដ្ឋាភិបាលកម្ពុជា ប្រើប្រាស់ជនស៊ីវិលទៅរងខែលការពារគ្រាប់កាំភ្លើងជំនួសទាហានទៅវិញ ។ នេះជារឿងមួយ ដែលយើងមិនអាចទទួលយកបាន ហើយនិងបង្ហាញអំពីមហិច្ឆតាឈ្លានពាន មហិច្ឆតាលោភលន់ ហើយនិងការរំលោភច្បាប់អន្តរជាតិ រំលោភបទឈប់បាញ់គ្នា ដែលប្រទេសថៃ ភាគីថៃ បានបង្កសង្រ្គាមឈ្លានពាននេះ ហើយមិនដែលគោរពឲ្យបានពេញលេញនូវកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលសម្របសម្រួលដោយប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងប្រទេសចិន នោះទេ“ ។
លោកបណ្ឌិត សួន សេរីរដ្ឋា បានមានប្រសាសន៍បន្តថា “វាជាការពិត គឺការពិតបិទបាំងរបស់ប្រទេសថៃ និងការខិតខំប្រឹងប្រែងផលិតព័ត៌មានក្លែងក្លាយ ដើម្បីលាងសម្អាតយ៉ាងសម្អាតយ៉ាងម៉េច ក៏វាមិនអាចបិទបាំងបានដែរ នូវការឈ្លានពានដ៏កំរោលរបស់ប្រទេសថៃ ដែលយើងឃើញស្រាប់ តាំងពីមុនពេលសង្រ្គាមកើតឡើង គឺរបងលួសឈ្លានពាននេះហើយ ដែលបង្កឲ្យមានសង្រ្គាម ចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃយប់រំលងអាធ្រាត្រថ្ងៃទី២៨ កក្កដា នោះ ពីព្រោះយោធាថៃ ក្រុមឈ្លានពានប្រទេសថៃ បានប្រើប្រាស់របងលួសឈ្លានពាននេះ ទៅព័ទ្ធបិទចូលតំបន់ប្រាសាទតាមាន់ធំ ដែលជាទឹកដីអធិបតេយ្យរបស់កម្ពុជា ហើយកម្ពុជាបានទៅរើចេញ បានផ្ទុះសង្រ្គាម ភាគីថៃ បាញ់ប្រហារមុន នៅថ្ងៃទី២៤ កក្កដា។ អ៊ីចឹងនយោបាយឈ្លានពានដោយការប្រើប្រាស់លួសបន្លាឈ្លានពាននេះ គឺនៅតែបន្ត ហើយជាការញុះញង់ ចេតនាចង់ឲ្យមានសង្រ្គាមប្រដាប់អាវុធសាជាថ្មីឡើងវិញ ដើម្បីខ្លួនប្រើប្រាស់នូវសព្វាវុធទំនើប និងយោធាឈ្លានពានរបស់ខ្លួន រំលោភកំរោលមកលើអធិបតេយ្យរបស់កម្ពុជា ។ តែយ៉ាងណាក៏ដោយ គឺកម្ពុជា ឈរលើច្បាប់អន្តរជាតិ ឈរលើភ្នែករបស់អន្តរជាតិ ដើម្បីបង្ហាញឲ្យឃើញមហិច្ឆតាទុច្ចរិតរបស់ប្រទេសថៃ ដែលកំពុងតែរំលោភទឹកដីរបស់កម្ពុជា និងទាមទារឲ្យអន្តរជាតិ អន្តរាគមន៍ជាបន្ទាន់ សម្រាប់ការគោរពឲ្យបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់គ្នា និងគោរពអធិបតេយ្យកម្ពុជា ជាពិសេសគឺដីរបស់អ្នកណា ឈរជើងនៅត្រង់ហ្នឹង គឺកុំឲ្យរំលោភមកកម្ពុជា ។ កម្ពុជា អត់ត្រូវការចង់បានរបស់អ្នកណាមួយមិល្លីម៉ែត្រទេ ប៉ុន្តែកម្ពុជា ក៏ត្រូវប្រាប់ទៅអន្តរជាតិវិញថា កម្ពុជា ត្រូវការពារទឹកដីរបស់ខ្លួនវិញដែរ ។ អ៊ីចឹងខ្ញុំអាចនិយាយបានថា អំពើឈ្លានពានដ៏កំរោល ដ៏សាហាវព្រៃផ្សៃរបស់កងទ័ពថៃ ក្រោមបញ្ជារបស់ស្ដេចថៃ តែម្ដង ដែលបានកំពុងធ្វើនេះ គឺមិនអាចលាក់បាំងក្រសែភ្នែកទីបី ក្រសែភ្នែកអន្តរជាតិ ដែលគេកំពុងតែឃ្លាំមើលបានទេ ពីព្រោះម៉ាឡេស៊ី ក៏បានប្រកាសហើយថា ដាក់ផ្កាយរណប តាមដានមើល ហើយបញ្ជាការយោធាអាមេរិក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ប្រកាសដូចគ្នា ។ អ៊ីចឹងអ្វីៗវានៅក្នុងទិន្នន័យរបស់ក្រុមអ្នកសង្កេតការណ៍រួចទៅហើយ ប៉ុន្តែគ្រាន់តែពេលនេះ គេត្រូវការបញ្ចេញ ឬគេត្រូវការប្រើប្រាស់យ៉ាងម៉េច អាហ្នឹងគឺថា យូរនិងឆាប់ទេ យើងនឹងឃើញហើយ។ កម្ពុជា ត្រូវការសន្តិភាព និងយុត្តិធម៌សម្រាប់ប្រជាជន និងប្រទេសជាតិ“ ។
គួរបញ្ជាក់ដែរថា បើគិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ គឺជាថ្ងៃទី៤ ហើយ ដែលទាហានថៃ បានយកលួសបន្លា មករាយព័ទ្ធដីផ្ទះប្រជាពលរដ្ឋកម្ពុជា នៅចំណុចខាងលើ និងបានបណ្តេញពលរដ្ឋខ្មែរ ចេញពីលំនៅឋាន ដែលសកម្មភាពគឃ្លើននេះ បានរំលោភបទឈប់បាញ់ទាំងស្រុង ។ ហេតុការណ៍នេះ បើទោះជាពលរដ្ឋជាច្រើន ស្រែកយំ ហាមឃាត់មិនឲ្យធ្វើសកម្មភាព តែទាហានសៀម មិនអើពើឡើយ ដោយពួកគេបានបង្ហាញនូវសារជាតិចោរឈ្លានពានដ៏ឃោរឃៅ ។

អ្វីជាការកត់សម្គាល់ផងដែរ ស្របពេលដែលទាហានសៀម បន្តឈ្លានពានទឹកដីកម្ពុជា រាយលួសបន្លាព័ទ្ធផ្ទះប្រជាពលរដ្ឋខ្មែរនោះ លោក ម៉ៃឃើល ប៊ី អាល់ហ្វារ៉ូ ( Michael B Alfaro) អ្នករាយការណ៍ព័ត៌មានប្រចាំសេតវិមាន របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៃសហរដ្ឋអាមេរិក បានចុះមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ជួបជាមួយបណ្តាមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងចុះទៅជួបប្រជាពលរដ្ឋដោយផ្ទាល់ នៅជំរំជនភៀសសឹក និងតំបន់តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ពិសេសនៅកន្លែងដែលទាហានថៃ បានឈ្លានពានចូលទឹកដីកម្ពុជា រាយលួសបន្លា ព័ទ្ធដីផ្ទះប្រជាពលរដ្ឋកម្ពុជា នៅចំណុចភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយលោកបានធ្វើវីដេអូផ្សាយផ្ទាល់ បង្ហាញពីទុក្ខសោករបស់ពលរដ្ឋកម្ពុជា ដែលរងការទន្រ្ទានលំនៅឋាន ពីសំណាក់ទាហានថៃ ឈ្លានពាន ហើយពលរដ្ឋខ្មែរ បានស្នើសុំឲ្យអន្តរជាតិ ពិសេសលោកប្រធានាធិបតី ដូណាល់ ត្រាំ បានឃើញកាន់តែច្បាស់នូវការរំលោភបំពានរបស់ទាហនាថៃ មកលើទឹកដីនិងប្រជាពលរដ្ឋកម្ពុជា។
ក្រោយពីលោកម៉ៃឃើល អាល់ហ្វារ៉ូ ចុះធ្វើសេចក្ដីរាយការណ៍ដូចខាងលើនេះ លោកហ្គារី ហ្រ្វែនឈី (Gary Franchi) ប្រធានឆ្លើយឆ្លងព័ត៌មានប្រចាំសេតវិមាន បានប្រកាសតាមបណ្ដាញសង្គម ពីសហរដ្ឋអាមេរិក ថាសេចក្ដីរាយការណ៍ផ្ទាល់ពីព្រំដែនកម្ពុជា-ថៃ របស់លោកម៉ៃឃើល អាល់ហ្វារ៉ូ អំពីកងកម្លាំងថៃ បានសង់របងខ្សែលួសបន្លា មានមុខងារជាការពារ បង្ខំឱ្យគ្រួសារពលរដ្ឋខ្មែរ ចាកចេញពីផ្ទះ និងភ្ជង់អាវុធទៅលើប្រជាពលរដ្ឋសុចរិត រួមទាំងកុមារនោះ បានជ្រាបទៅដល់លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ហើយ ហើយលោកដូណាល់ ត្រាំ បានអំពាវនាវឱ្យថៃ គោរពបទឈប់បាញ់ និងដោះលែងយោធាកម្ពុជា ចំនួន ១៨រូប ដែលភាគីថៃ ចាប់ទៅ ប្រគល់មកឲ្យកម្ពុជា វិញ ។

លោកហ្គារី ហ្រ្វែនឈី បានសរសេរនៅក្នុងទំព័រហ្វេសប៊ុក ផ្លូវការ របស់លោកថា “ ព័ត៌មានបន្ទាន់ ៖ Michael Alfaro រាយការណ៍ផ្ទាល់ពីព្រំដែនកម្ពុជា-ថៃ ដែលកងកម្លាំងថៃ បានសង់របងលួសបន្លា មានមុខងារជាការពារ បង្ខំឱ្យគ្រួសារពលរដ្ឋខ្មែរ ចាកចេញពីផ្ទះ និងភ្ជង់អាវុធទៅលើប្រជាពលរដ្ឋសុចរិត រួមទាំងកុមារ។ សហគមន៍ជាច្រើន ត្រូវបានបំផ្លាញ វិទ្យាល័យ និងវត្តអារាម ត្រូវបានបំផ្លាញ និងមនុស្សពាន់នាក់ ត្រូវរស់នៅក្នុងភាពភ័យខ្លាច។
បន្ទាប់ពីប្រធានាធិបតី Donald J. Trump បានអំពាវនាវឱ្យមានការឈប់បាញ់ ទាហានថៃ បានអញ្ជើញយោធាកម្ពុជា ចំនួន ២០នាក់ ទៅព្រំដែន ក្រោមការអះអាងថា ដើម្បីសន្តិភាព។ ប៉ុន្តែជាការពិត គេបានចាប់ជំរិត។ មានតែ ២នាក់ប៉ុណ្ណោះ ត្រូវបានលើកលែង។ ១៨នាក់ នៅតែជាប់ឃុំ។ យើងកំពុងអំពាវនាវឲ្យប្រទេសថៃ ដោះលែងពួកគេទាំងអស់ភ្លាមៗ។
ឥឡូវនេះ ព័ត៌មានបានទៅដល់ប្រធានាធិបតី Trump ដោយផ្ទាល់។ លោកបានបញ្ជាឲ្យកម្ពុជា និងថៃ អង្គុយជួបពិភាក្សាបន្ទាន់ ដោយព្រមានថា ប្រសិនបើពួកគេបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀង សហរដ្ឋអាមេរិក នឹងដកខ្លួនចេញពីទាំងពីរប្រទេស។
ប៉ុន្មានម៉ោងមុន កម្ពុជា បានបញ្ជាក់ថា កិច្ចចរចារដំបូងរវាងកម្ពុជានិងថៃ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើង ១៧ថ្ងៃមុន ត្រូវបានប្រព្រឹត្តទៅរួចហើយ។
ប្រជាពលរដ្ឋកម្ពុជា គួរត្រូវបានទទួលសន្តិភាព កិត្តិយសនិងការគោរព។ កសិករ និងគ្រួសារដែលចង់រស់នៅក្នុងសុវត្ថិភាព មិនគួរត្រូវបានគេបំភ័យដោយអំពើឈ្លានពានឡើយ” ។
លោក Gary Franchi បានសរសេរបន្ថែមថា “ព័ត៌មានបន្ទាន់ ៖ លោក Michael Alfaro អ្នកប្រឹក្សារបស់ប្រធានាធិបតី Trump និងជាអ្នកទូតភ្ជាប់ កំពុងរាយការណ៍ពីព្រំដែនកម្ពុជា ដែលត្រូវបានវាយប្រហារដោយការប្រកាសប្រឆាំងពីប្រទេសថៃ។ ពួកគេកំពុងព្យាយាមបិទមាត់គាត់ ព្រោះវីដេអូរបស់គាត់ បានបង្ហាញការឈឺចាប់របស់គ្រួសារកម្ពុជា និងការចាប់ខ្លួនយោធាកម្ពុជា ចំនួន 18នាក់។ តែការពិត មិនអាចត្រូវបានរំលងទេ ៖ ប្រជាជនកម្ពុជា គួរតែទទួលបានសន្តិភាព»។
លោកហ្គារី ហ្វ្រែនឈី បានសរសេរបញ្ជាក់បន្ថែម នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ថា «បច្ចុប្បន្នភាព ៖ ខ្ញុំបានបញ្ជាក់ថា ៖ លោក Michael Alfaro មិនមែនជាអ្នកបញ្ចុះបញ្ចូលកម្ពុជាទេ។
គាត់មិនបានទទួលប្រាក់សំណងណាមួយពីរដ្ឋាភិបាលកម្ពុជា ទេ។ ម៉ៃឃើល បានចំណាយលើការធ្វើដំណើរផ្ទាល់ខ្លួនរបស់គាត់ បន្ទាប់ពីសារព័ត៌មាន One America News – ដែលកាន់ព័ត៌មានសម្ងាត់របស់សេតវិមាន – ត្រូវបានគាំទ្រពីបេសកកម្ម ដោយសារតែហានិភ័យសុវត្ថិភាព។
ម៉ៃឃើល ត្រូវបានចុះបញ្ជីយ៉ាងសាមញ្ញថា ជា “មេដឹកនាំ” នៃគណៈប្រតិភូ OANN ដើមរួមជាមួយអ្នកថតរូប និងអ្នកកាសែតរបស់ពួកគេ។ ពេល OANN ដកខ្លួន គាត់បានដើរទៅមុខដោយខ្លួនឯងដើម្បីលាតត្រដាងការពិតពីព្រំដែនកម្ពុជា-ថៃ។
ចូរកត់សម្គាល់ ៖ Michael Alfaro មិនមែនសម្រាប់លក់ទេ មិនមែននៅលើបញ្ជីប្រាក់ខែរបស់នរណាម្នាក់ទេ និងមិនដើរតួជាភ្នាក់ងារបរទេស។ គាត់គឺជាទីប្រឹក្សាលោ Trump ជាអ្នកទំនាក់ទំនងការទូត និងជាអ្នកយុទ្ធសាស្រ្ត ដែលខ្លួនគាត់មកកម្ពុជា ដើម្បីបំភ្លឺពីទុក្ខលំបាករបស់ប្រជាជនកម្ពុជា នៅពេលដែលគ្មាននរណាម្នាក់ចង់បាន។
ប្រជាជនកម្ពុជា និងពិភពលោក សមនឹងទទួលបានសន្តិភាព។ ការពិតមិនអាចនៅស្ងៀមបានទេ»៕ កុលបុត្រ