Friday, August 15, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផ្សារដែកក្បែរប៊ីដុងប្រេង ឆាបឆេះឡាននិងម៉ាស៊ីនច្រូត ១គ្រឿង

ផ្សារដែកក្បែរប៊ីដុងប្រេង ឆាបឆេះឡាននិងម៉ាស៊ីនច្រូត ១គ្រឿង

ខេត្តបាត់ដំបង ៖ បុរសម្នាក់ បានផ្សារដែកនៅក្បែរប៊ីដុងប្រេងម៉ាស៊ូត ធ្វើឱ្យខ្ទាតកម្ទេចផ្កាភ្លើងឆាបឆេះ បង្កជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅ និងបានឆេះខូចខាតម៉ាស៊ីនច្រូតអស់ ១គ្រឿង ព្រមទាំងរថយន្តដឹកទំនិញ ចំណុះ៥តោន ១គ្រឿងទៀត។

ហេតុការណ៍អគ្គិភ័យនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅចំណុចភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង។

ករណីអគ្គិភ័យខាងលើ បានកើតឡើងនៅខាងមុខផ្ទះរបស់ឈ្មោះគី ផៃ ភេទប្រុស អាយុ៦៨ឆ្នាំ មានលំនៅ ភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមានការផ្សារដែកនៅចំណុចខាងលើ ខណៈដែលនៅក្បែរនោះ មានប៊ីដុងប្រេងម៉ាស៊ូត ទើបធ្វើឱ្យកម្ទេចភ្លើងផ្សារ បានខ្ទាតទៅប៉ះប៊ីដុងប្រេង ធ្វើឱ្យឆាបឆេះឡើងតែម្តង តែមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

ប្រភពដដែល បញ្ជាក់ថា នៅក្នុងហេតុការណ៍អគ្គិភ័យនេះ បានបណ្តាលឱ្យឆេះម៉ាស៊ីនច្រូតពោត ចំនួន១គ្រឿង (ខូចខាតទាំងស្រុង) និងរថយន្តសម្រាប់ដឹក ចំណុះ៥តោន ១គ្រឿង (ខូចខាតប្រមាណ៥០ភាគរយ) ដែលជារបស់ឈ្មោះដេត ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិផ្លូវប្រាំ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង៕

RELATED ARTICLES