Thursday, August 14, 2025
Homeសេដ្ឋកិច្ចជាតិក្រុម MMO ស្នើនាយករដ្ឋមន្ត្រី សម្របសម្រួលក្រុមហ៊ុនហ្វេសប៊ុក បើកឲ្យកម្ពុជា រកលុយបាន

ក្រុម MMO ស្នើនាយករដ្ឋមន្ត្រី សម្របសម្រួលក្រុមហ៊ុនហ្វេសប៊ុក បើកឲ្យកម្ពុជា រកលុយបាន

ភ្នំពេញ ៖ ក្រុមអ្នករកលុយតាមអនឡាញ (MMO) បានស្នើនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រប សម្រួលក្រុមហ៊ុនហ្វេសប៊ុក បើកឲ្យកម្ពុជា រកលុយពីបានបណ្ដាញសង្គមនេះបាន ព្រោះប្រទេសថៃ ដែលជាប្រទេសជិតខាង ត្រូវក្រុមហ៊ុនហ្វេសប៊ុក ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បើកឲ្យរកលុយបានតាមអនឡាញបាន ។

តំណាងឲ្យក្រុម MMO កម្ពុជា លោកទី រ៉ូណិក បានលើកឡើងថា ប្រសិនបើបទឈប់បាញ់ និងការវិលត្រលប់រកសន្តិភាពបានពេញលេញវិញហើយនោះ និងដើម្បីលើកកម្ពស់សេដ្ឋកិច្ចឌីជីថល និងផ្តល់ឱកាសដល់ប្រជា ជនកម្ពុជា ក្នុងការរកចំណូលតាមរយៈបណ្ដាញសង្គម ពួកលោកសូមគោរពស្នើសុំសម្តេចហ៊ុន ម៉ាណែត នាយ ករដ្ឋមន្រ្តីកម្ពុជា មេត្តាជួយសម្របសម្រួលនិងពិភាក្សាជាមួយក្រុមហ៊ុន Meta (ហ្វេសប៊ុក) ដែលមានលោក ម៉ាក ហ្ស៊ូកខឺរបឺក (Mark Zuckerberg) ជាប្រធាន ដើម្បីឱ្យហ្វេសប៊ុក ទទួលស្គាល់ប្រទេសកម្ពុជា និងបើក សិទ្ធិឱ្យអ្នកប្រើប្រាស់នៅកម្ពុជា អាចរកប្រាក់ចំណូលបានដូចប្រទេសជិតខាង ។

 លោកទី រ៉ូណិក បានបញ្ជាក់នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក កាលពីពេលថ្មីៗនេះថា “សំណើជូនចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាទីគោរព ជំនួសមុខឱ្យក្រុមការងារដែលប្រកបរបររកចំណូលតាមអនឡាញ (MMO) ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា យើងខ្ញុំសូមជម្រាបជូនថា ការចូលរួមចំណែករបស់ក្រុមការងារផ្នែក MMO ទាំងអស់ គឺចេញពីចិត្តដោយគ្មានគោលបំណងយកមុខមាត់ ឬផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ។ អ្វីៗទាំងអស់ដែលបងៗក្រុមការងារ MMO ទាំងអស់ បានរួម ចំណែក គឺដើម្បីផលប្រយោជន៍ប្រទេសជាតិយើងតែមួយគត់“ ។

 លោកទី រ៉ូណិក បន្តថា “ដោយសារតែការវិលត្រលប់មកសភាពធម្មតាវិញ បទឈប់បាញ់ រវាងប្រទេសថៃ និងប្រទេសកម្ពុជា បានចូលជាធរមាននៅម៉ោង ១២ៈ០០ យប់ ប៉ុន្តែពួកយើងក៏មិនទាន់ដឹងដែរថា គេនឹងបំពានក្នុងពេលវេលាណាមួយនោះទេ ជាហេតុផលដែលបងៗ MMO ខ្លះនៅតែបន្តធ្វើការងារនោះដដែល ខ្លះក៏យកពេលសម្រាក ខ្លះក៏គេងយកកម្លាំងមកវិញ។ ប្រសិនបើបទឈប់បាញ់ និងការវិលត្រលប់រកសន្តិភាព ត្រូវបានត្រលប់មកពេញលេញវិញហើយនោះ និងដើម្បីលើកកម្ពស់សេដ្ឋកិច្ចឌីជីថល និងផ្តល់ឱកាសដល់ប្រជាជនកម្ពុជាក្នុងការរកចំណូលតាមរយៈបណ្ដាញសង្គម ខ្ញុំ រួមទាំងបងប្អូនក្រុមការងាររកចំណូលតាមអនឡាញ (MMO) ទាំង អស់ សូមគោរពស្នើសុំសម្តេចធិបតី ហ៊ុន ម៉ាណែត មេត្តាជួយសម្របសម្រួល និងពិភាក្សាជាមួយក្រុមហ៊ុន Meta (ហ្វេសប៊ុក) ដែលមានលោក ម៉ាក ហ្សុកឃឺបឺក (Mark Zuckerberg) ជាប្រធាន ដើម្បីឱ្យហ្វេសប៊ុកទទួលស្គាល់ប្រទេសកម្ពុជា និងបើកសិទ្ធិឱ្យអ្នកប្រើប្រាស់នៅកម្ពុជាអាចរកប្រាក់ចំណូលបានដូចទៅនឹងប្រទេសជិតខាង“ ។

 លោកទី រ៉ូណិក បន្តទៀតថា “យើងខ្ញុំដឹងថាចំណុចនេះគឺស្មុគ្រស្មាញ និងមានផលលំបាកខ្លាំងណាស់ក្នុងការសម្រេចបាន ប៉ុន្តែខ្ញុំ និងបងប្អូនក្រុមការងារ MMO ទាំងអស់ មានការជឿជាក់យ៉ាងមុតមាំលើសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហានេះ។ ប្រសិនបើការសរសេរមួយនេះមានប្រយោគ ពាក្យពេចន៍ខុស ឆ្គង ឬមានកំហុសដោយអចេតនាណាមួយ ក៏សូមសម្តេចធិបតី មេត្តាធ្វើការយោគយល់ និងអភ័យទោសទុក ជាមុន។ សូមអរគុណ“ ។

 គួរបញ្ជាក់ថា ការផលិតវីដេអូ រកលុយនៅលើ Facebook គឺជាផ្លូវរកចំណូលដ៏ពេញនិយមបំផុតមួយរបស់អ្នកលេងអ៊ីនធឺរណិតភាគច្រើន ខណៈមានអ្នកខ្លះអាចរកចំណូលបានដល់ខ្ទង់ពាន់ ខ្ទង់ម៉ឺនដុល្លារ ក្នុងមួយខែៗ ក៏មានដែរ អាស្រ័យទៅលើប្រភេទវីដេអូ ភាសា ចំនួនអ្នកទស្សនា និងជាពិសេសប្រទេសដែលបានបើកសិទ្ធិ ។ ប៉ុន្តែក្នុងចំណោម ៥២ប្រទេស ដែលក្រុមហ៊ុន Meta បើកសិទ្ធិឱ្យរកលុយបាននោះ សម្រាប់កម្ពុជា ដែលជាប្រទេសនៅក្នុងតំបន់អាស៊ាន មិនទាន់ត្រូវបានក្រុមហ្វេសប៊ុក បើកឲ្យអ្នកប្រកបរបរនេះ រកលុយបាននៅឡើយទេ ។

យោងតាមប្រភពពី Meta Center បានឱ្យដឹងថា ប្រទេសចំនួន៥២ (គិតត្រឹមឆ្នាំ២០២៣) ដែល Facebook បើកសិទ្ធិឱ្យពេញលេញ អាចរកលុយបានតាមរយៈការបើកពាណិជ្ជកម្មនៅលើមាតិកាវីដេអូនោះ រួមមាន ១. អូទ្រីស ២. បែលហ្សិក ៣. បូលីវី ៤. ដាណឺម៉ាក ៥. ចក្រភពអង់គ្លេស ៦. បារាំង ៧. អាឡឺម៉ង់ ៨. អេស្ប៉ាញ ៩. ស៊ុយអែត ១០. ស្វីស ១១. អេក្វាឌ័រ ១២. អ៊ុយក្រែន ១៣. ន័រវយ៍ ១៤. ប៉េរូ ១៥. ប៉ូឡូញ ១៦. ព័រតូរីកូ ១៧. អេហ្ស៊ីប ១៨. អ៊ីតាលី ១៩. អៀរឡង់ ២០. រូម៉ានី ២១. ហូឡង់ ២២. ទួរគី ២៣. អាហ្សង់ទីន ២៤. ប្រេស៊ីល ២៥. កាណាដា ២៦. ឈីលី ២៧. កូឡុំប៊ី ២៨. សហរដ្ឋអាមេរិក ២៩. ម៉ិកស៊ិក ៣០. ម៉ារ៉ុក ៣១. អូស្ត្រាលី ៣២. នូវែលសេឡង់ ៣៣. បង់ក្លាដែស ៣៤. សាធារណរដ្ឋដូមីនិក ៣៥. អែលសាល់វ៉ាឌ័រ ៣៦. ហ្គាតេម៉ាឡា ៣៧. ហុងឌុយរ៉ាស ៣៨. ហុងកុង ៣៩. អ៊ីរ៉ាក់ ៤០. អ៊ីស្រាអែល ៤១. ជប៉ុន ៤២. ហ្សកដានី. ៤៣. កូរ៉េខាងត្បូង ៤៤. អារ៉ាប៊ីសាអូឌីត ៤៥. តៃវ៉ាន់ ៤៦. ឥណ្ឌា ៤៧. ឥណ្ឌូនេស៊ី ៤៨. ម៉ាឡេស៊ី ៤៩. សិង្ហបុរី ៥០. ថៃ ៥១. ហ្វីលីពីន ៥២. អាហ្រ្វិកខាងត្បូង ៕

RELATED ARTICLES