Monday, August 11, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដុតធូបសែនឃ្លាំង ភ្លើងឆេះហ្មត់

ដុតធូបសែនឃ្លាំង ភ្លើងឆេះហ្មត់

ខេត្តបាត់ដំបង ៖ ឃ្លាំងស្តុកសម្ភារៈកសិកម្ម ដ៏ធំមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយមូលហេតុផ្តើមចេញពី ងទៀន និងធូប ដែលដុតសែន បង្កឱ្យខាតបង់គិតជាទឹកប្រាក់ប្រមាណ១៥០០០ដុល្លារ។ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ នៅចំណុចភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល។

ឃ្លាំងស្តុកគ្រឿងកសិកម្មកើតហេតុ សាងសង់ពីដែកប្រក់ស័ង្កសី មានទំហំ៩ម៉ែត្រ គុណនឹង ១២ម៉ែត្រ ជាកម្ម សិទ្ធិរបស់ជនរងគ្រោះ ឈ្មោះពុធ ផាត ភេទប្រុស អាយុ៦៦ឆ្នាំ រស់នៅចំណុចកើតហេតុ។   ឃ្លាំងដ៏ធំនោះ មានសម្ភារកសិកម្ម គ្រឿងម៉ាស៊ីនកសិកម្ម និងរបស់របរជាច្រើនសន្ធឹកសន្ធាប់ទៀត ត្រូវបានម្ចាស់ឃ្លាំងរក្សាទុកនៅក្នុងនោះ ហើយត្រូវអគ្គិភ័យឆេះអស់ទាំងស្រុងតែម្តង។

យោងតាមរបាយការណ៍ពីមន្ត្រីមូលដ្ឋាន បានឱ្យដឹងថា គ្រឿងកសិកម្ម និងសម្ភារកសិកម្មដែលរងការខូចខាតរួមមាន ១-ឌីណាម៉ូកម្លាំង ៥គីឡូវ៉ាត់ ចំនួន១គ្រឿង។ ២-ក្បាលគោយន្តកន្ត្រៃ ១គ្រឿង។ ៣-រទេះបាញ់ថ្នាំ ១ គ្រឿង។  ៤-ម៉ាស៊ីនព្រោះស្រូវ ១គ្រឿង។ ៥-ម៉ាស៊ីនបូមទឹក ១គ្រឿង។ ៦-ម៉ាស៊ីបោកខោអាវ ១គ្រឿង។ ៧-គ្រែឈើ ចំនួន៤។ ៨-ស្រូវ ចំនួន៧បាវ។ ៩-ជី ចំនួន៤ការ៉ុង។  រីឯឃ្លាំងទាំងមូលក៏រងការខូចខាតដែរ ដែលខាតបង់នេះ គិតជាទឹកប្រាក់ប្រមាណ ១ម៉ឺន៥ពាន់ដុល្លារ។

តាមប្រភពជនរងគ្រោះ បានឱ្យដឹងថា  អគ្គិភ័យនេះ អាចបណ្តាលមកពីភ្លើងទៀនធូប ដែលកូនគាត់ដុតសែននៅក្នុងឃ្លាំង ភ្លេចមើល ក៏បង្កជាអគ្គិភ័យឆាបឆេះឡើងតែម្តង។

បន្ទាប់ពីកើតមានហេតុការណ៍អគ្គិភ័យខាងលើ រថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ចបានចេញជួយអន្តរាគមន៍ភ្លាមៗដែរ តែមិនអាចសង្គ្រោះបាន  ដោយសារតែនៅក្នុងឃ្លាំងមានប្រេង និងមានសម្ភារៈមួយចំនួនជាប្រភេទជ័រ  ជាហេតុធ្វើឱ្យអគ្គិភ័យបង្កើនល្បឿនកាន់តែខ្លាំង ហេតុនេះ សមត្ថកិច្ចបានត្រឹមបាញ់ទឹកទប់ស្កាត់ ការពារមិនឱ្យភ្លើងឆេះរាលដាលតែប៉ុណ្ណោះ៕

RELATED ARTICLES