ភ្នំពេញ ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ឱ្យដឹងថា មានមនុស្ស ២នាក់ បានស្លាប់ និងប៉ះពាល់ដល់ប្រជាពលដ្ឋ ប្រមាណ៦០០០គ្រួសារ ស្មើនឹង ២៣ ០០០នាក់ ក្នុងខេត្តចំនួន១៤ ដោយសារគ្រោះទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង។ គ្រោះធម្មជាតិនេះ ក៏បានបង្កឱ្យមានផ្ទះលិចទឹក ជិត១០០ខ្នង ប៉ះពាល់ដល់ដំណាំស្រូវ និងដំណាំរួមផ្សំជាង១ម៉ឺនហិកតារ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។

លោកសុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ថា គ្រោះទឹកជំនន់នេះ ដោយសារភ្លៀងរដូវវស្សាបានធ្លាក់រាយប៉ាយនៅទូទាំងប្រទេស ព្រោះទទួលរងឥទ្ធិពលពីខ្យល់មូសុងនិរតី ហើយក្នុងនោះបណ្តាខេត្តមួយចំនួន នៅភាគពាយ័ព្យ បានទទួលរងនូវលំហូរទឹកពីតំបន់ខ្ពង់រាប និងពីប្រទេសជិតខាងតាមទន្លេ ព្រែក និងអូរ ធ្វើឱ្យជន់ហៀរលិចដីស្រែចម្ការ និងហេដ្ឋារចនាសម្ព័ន្ធជនបទមួយចំនួន។
លោកបានបន្តថា ទឹកទន្លេមេគង្គ បានទទួលទឹកដែលហូរធ្លាក់តាមដៃទន្លេ ក្នុងភូមិសាស្ត្រ និងទឹកដែលហូរធ្លាក់ពីអាងទន្លេមេគង្គលើ ធ្វើឱ្យមានការជន់ឡើងលឿន និងបង្កការលិចលង់បឋម នៅតាមទីទំនាបតាមដងទន្លេ ក្នុងខេត្តក្រចេះ ស្ទឹងត្រែង កំពង់ចាម និងខេត្តត្បូងឃ្មុំ។

បើតាមលោក សុទ្ធ គឹមកុលមុនី គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ខេត្តចំនួន១៤ ដែលរងផលប៉ះពាល់ពីគ្រោះធម្មជាតិ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ ប៉ៃលិន កំពង់ធំ សៀមរាប កំពង់ចាម ព្រៃវែង កណ្តាល តាកែវ ក្រចេះ ស្ទឹងត្រែង កោះកុង និងខេត្តព្រះសីហនុ។
គ្រោះទឹកជំនន់នេះ បានបង្កផលប៉ះពាល់ដល់ពលរដ្ឋ ៥៩៨១គ្រួសារ ស្មើនឹង ២៣ ៩២៤នាក់ ផ្ទះលិចទឹក ៩៨ខ្នង សាលារៀន ២កន្លែង វត្តអារាម ចំនួន២ ដំណាំស្រូវ ប៉ះពាល់ ១៣ ៨៨៧ហិកតារ និងខូចខាត ៣ ១៦១ហិកតារ ដំណាំរួមផ្សំ ប៉ះពាល់៦២ហិកតារ។ ក្នុងនោះធ្វើឱ្យខូច ខាតហេដ្ឋារចនាសម្ព័ន្ធជនបទមួយចំនួន ដូចជាលិចផ្លូវលំច្រើនខ្សែ ក្នុងរយៈពេលខ្លី និងដាច់ផ្លូវ ២កន្លែង ក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ ខូចខាតស្ពានឈើ ៣កន្លែង ផ្ទះរលំ ១ខ្នង និងប្រជាជនរងគ្រោះ ស្លាប់ ២នាក់ (ស្រី១)។

ពាក់ព័ន្ធការដាំដុះវិញ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ល្បឿននៃការងារបង្កបង្កើនផល គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ អនុវត្តបានចំនួន ២ ៤៣៥ ៣៥៣ហិកតារ ស្មើនឹង ៨១,៣៣ភាគរយ នៃផែនការដាំដុះ និងលឿនជាងឆ្នាំមុន ១៤៤ ៧៥៨ ហិកតារ៕