ភ្នំពេញ ៖ កម្ពុជា បានឯកភាពតាមសំណើរបស់ភាគីថៃ ក្នុងការរៀបចំកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅក្នុងប្រទេសម៉ាឡេស៊ី។ ប៉ុន្តែកម្ពុជា ស្នើឱ្យមានអ្នកសង្កេតការណ៍អន្តរជាតិ ពីប្រធានអាស៊ាន គឺម៉ាឡេស៊ី រួមជាមួយតំណាងដោយសហរដ្ឋអាមេរិក និងប្រទេសចិន។
ការឯកភាពរបស់កម្ពុជា ដូច្នេះ ជាការឆ្លើយតបទៅនឹងលិខិតរបស់រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ លោក ណាត់ថាក់ផុន ណាកផានិច ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ទាក់ទងនឹងសំណើក្នុងការរៀបចំកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅក្នុងទីតាំង អព្យាក្រឹត ដែលស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ក្នុងអំឡុងថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតឆ្លើយតបទៅនាយឧត្តមសេនីយ៍ ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ ដែលមានខ្លឹមសារថា «ឯកឧត្តមនាយឧត្តម សេ នីយ៍ ជាទីរាប់អាន! ជាការឆ្លើយតបទៅនឹងលិខិតរបស់ឯកឧត្តម ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ទាក់ទងនឹងសំណូមពរក្នុងការរៀបចំកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅ General Border Committee (GBC) នៅក្នុងទីតាំងអព្យាក្រឹត ដែលស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ក្នុងអំឡុងថ្ងៃទី៤ ដល់ទី៧ ខែសីហា ឆ្នាំ២០២៥ ក្នុងន័យនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំខាងលើ តាមសំណូមពររបស់ឯកឧត្តម។
ទន្ទឹមនឹងនេះ ដោយប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន ជាតួអង្គសំខាន់ក្នុងការសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាយៃយ៉ា ប្រទេសម៉ាឡេស៊ី ដូច្នេះខ្ញុំសូមស្នើឱ្យមានតំណាងមកពីប្រទេសទាំងបីខាងលើ ចូលរួមជាអ្នកសង្កេតការណ៍ ក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅនេះ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះប្រទេសម៉ាឡេស៊ី ដែលដើរតួនាទីជាប្រធានប្តូរវេនអាស៊ាន និងជាប្រធានក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ព្រមទាំងសហរដ្ឋអាមេរិក និងសាធារ ណរដ្ឋប្រជាមានិតចិន ដែលបានដើរតួនាទីដ៏សំខាន់នេះ។
ខ្ញុំទន្ទឹងរង់ចាំឱភាសជួបជាមួយឯកឧត្តម និងចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយមិត្តភាព និងសហការ សំដៅសម្រេចបាននូវដំណោះស្រាយដោយសន្តិវិធី។
សូមឯកឧត្តមនាយឧត្តមសេនីយ៍ រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ ទទួលនូវការរាប់អានអំពីខ្ញុំ»។
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅក្នុងទីតាំងអព្យាក្រឹត ដែលស្ថិតនៅក្នុងប្រ ទេសម៉ាឡេស៊ី ក្នុងអំឡុងថ្ងៃទី៤ ដល់ទី៧ ខែសីហា ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅដោយផ្លែផ្កា ប៉ុន្តែកម្ពុជា ស្នើឱ្យសហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ី ចូលរួម និងជំរុញឱ្យបង្កើតនូវយន្តការតាមដានឱ្យឆាប់រហ័ស។
ការបង្ហាញក្តីសង្ឃឹមបែបនេះរបស់អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានសង្ខេបព័ត៌មានស្តីពី “លទ្ធផលនៃការអនុវត្តបទឈប់បាញ់ រវាងកម្ពុជា-ថៃ” កាលពីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។
អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា កម្ពុជា បានបញ្ជាក់ការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់ខ្លួនក្នុងការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព នូវបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ ហើយជំរុញឱ្យមានការបង្កើតឱ្យបានឆាប់រហ័សនូវយន្តការតាមដាន ដែលសម្របសម្រួលដោយប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន និងការចូលរួមដ៏សកម្មពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងដៃគូផ្សេងៗទៀត ដែលចាប់អារម្មណ៍ចង់ចូលជួយដល់ប្រទេសកម្ពុជា និងថៃ ដើម្បីតាមដានរាយការណ៍និងធានាការអនុវត្តបទឈប់បាញ់ ឱ្យបានជោគជ័យ។
អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា “កម្ពុជា បានឯកភាពសំណើររបស់ភាគីថៃ ក្នុងការរៀចំកិច្ចប្រជុំវិសាមញ្ញ គណៈកម្មការកិច្ចការព្រំដែនទូទៅ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ហើយក៏សូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅដល់ប្រទេសម៉ាឡេស៊ី ដែលបានសម្របសម្រួលនិងផ្តល់ទីតាំងសម្រាប់កិច្ចប្រជុំនេះ”។កម្ពុជា ក៏បានស្នើឱ្យប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន ចូលរួមកិច្ចប្រជុំក្នុងនាមជាអ្នកសង្កេតការណ៍ ដោយសារតែប្រទេសទាំង៣នេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ថ្មីៗនេះ។
អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា “យើងសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំខាងលើនេះ នឹងប្រព្រឹត្តទៅដោយស្ថាបនា និងប្រកបដោយផ្លែផ្កា”។

គួររំលឹកថា ក្នុងកិច្ចប្រជុំពិសេសរវាងនាយករដ្ឋមន្ត្រីនៃកម្ពុជា និងនាយករដ្ឋមន្ត្រីស្តីទីថៃ នៅប្រទេសម៉ាឡេស៊ី ក្រោមការសម្របសម្រួលដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន ហើយមានការចូលរួមពីតំណាងសហរដ្ឋអាមេរិក និងតំណាងចិន ក្រៅពីឯកភាពលើបទ ឈប់បាញ់បន្ទាន់ ដោយឥតលក្ខខណ្ឌ តាំងពីម៉ោង១២យប់ ថ្ងៃទី២៨ ខែកក្កដា គឺភាគីកម្ពុជា និងថៃ ក៏បានឯកភាពឱ្យរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ ផងដែរ ដែលជាការព្រមព្រៀង គឺគ្រោងធ្វើឡើងនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ។ ប៉ុន្តែពេលនេះ ភាគីថៃ បានស្នើផ្លាស់ប្តូរទីតាំងនៃកិច្ចប្រជុំនេះ ទៅប្រទេសម៉ាឡេស៊ីវិញ ហើយក៏បានទទួលការឯកភាពពីភាគីកម្ពុជា ផងដែរ៕