ភ្នំពេញ ៖ តារាចម្រៀង ឃីន ស្រីនាថ ហៅអ៊ីវ៉ា បានបង្ហូរទឹកភ្នែកអាណិតកងទ័ពកម្ពុជាដែលយកជីវិតទៅប្ដូរ ការពារទឹកដី ប្រឆាំងចោរសៀមឈ្លានពាន ហើយនាងបានច្រៀង Cover បទរបស់លោកស្រី ម៉ៅ សារ៉េត «ឧត្តរមានជ័យ» ។ អ៊ីវ៉ា បាននិយាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ថាមូលហេតុដែលនាងច្រៀងចម្រៀងមួយបទនេះ ដោយសាតែនាងគិតថា បទនេះបង្កប់ទៅដោយអត្ថន័យឈឺចាប់ ត្រូវនឹងសាច់រឿងដែលកំពុងតែកើតឡើង នាពេលបច្ចុប្បន្ន ហើយនាងច្រៀងបណ្ដើរ យំបណ្ដើរ ព្រោះតែស្រមៃឃើញភាពឈឺផ្សារបស់បងៗស្រីៗ ដែលទន្ទឹងចាំមើលផ្លូវប្ដី ត្រឡប់មកពីសមរភូមិវិញ។ នាងថា ចម្រៀងនេះ នាងច្រៀងដើម្បីផ្ញើជូនបងៗកងទ័ព ជនភៀសសឹក និងពុកម៉ែ បងប្អូនទាំងអស់ ព្រោះបទនេះ ត្រូវនឹងបរិបទបច្ចុប្បន្ន ទើបធ្វើឲ្យនាងមិនអាចទប់ទឹកភ្នែកបានឡើយ ។

Fan ពិសេសស្រីៗដែលស្ដាប់បទរបស់អ៊ីវ៉ា នេះហើយ ពួកគេខ្លះថា ចង់យំតាមស្រីនាថ ពិសេស ឃ្លាត្រង់ថា «ប្ដីគេទៅជួញ គេទួញអាណិត ប្ដីខ្ញុំប្ដូរជីវិត ឋិតនៅក្នុងដងព្រៃ…»។

គួរបញ្ជាក់ថា ការបង្ហូរទឹកភ្នែករបស់តារាចម្រៀងអ៊ីវ៉ា ព្រោះតែឈឺចាប់ដោយសារតែសៀមឈ្លានពានខ្មែរ នា ពេលនេះ គឺដូចគ្នាទៅនឹងអ្នកស្រី អ៊ុន សុភឿន ហៅ គ្រត ដែលអះអាងថា តាំងពីសៀម ឈ្លានពានតាមព្រំដែនកម្ពុជា មក អ្នកស្រីដេកយំរាល់ថ្ងៃ ព្រោះខ្លោចផ្សា អាណិតកងទ័ពខ្មែរពេក ។ សម្រាប់ស្រីនាថ ក្រៅពីចេញ ច្រៀង Cover បទរបស់លោកស្រីម៉ៅ សារ៉េត តាមរយៈបទ «ឧត្តរមានជ័យ» នេះនាងក៏បានអំពាវនាវឲ្យពល រដ្ឋកម្ពុជា បញ្ឈប់ការប្រើប្រាស់ទំនិញរបស់ថៃ គ្រប់ប្រភេទ ខណៈដែលថ្មីៗនេះ នាងក៏បានយកអំណោយមួយចំនួន ទៅចែកជូនដល់កងទ័ព និងជនភៀសសឹកតាមតំបន់ព្រំដែនខ្មែរ-ថៃ ផងដែរ ។

លោកលី សេងហួរ គូស្នេហ៍របស់អ៊ីវ៉ា និងជាម្ចាស់ក្លឹបបាល់ទាត់ សៀមរាប យូណាយធីត បានគាំទ្រចំពោះអនាគតភរិយារបស់លោក នាងអ៊ីវ៉ា ច្រៀង Cover បទ «ឧត្តរមានជ័យ»ដោយលោកថ្លែងសារថា «ស្ដាប់ហើយ ស្រមៃឃើញរូបភាពបងៗកងទ័ព អម្បាញ់មិញ» ។

អ៊ីវ៉ា ជាតារាម្នាក់ ដែលតែងតែសកម្មក្នុងការតាមដាននិងចែកចាយរាល់ព័តមានទាក់ទងបញ្ហាព្រំដែនកម្ពុជា-ថៃ តាំងពីភាគីទាំងពីរ ផ្ទុះសង្រ្គាម រហូតឯកភាពគ្នាលើបទឈប់បាញ់ ។ នាងក៏មិនបង្ហាញការពីការច្រៀងសម្ដែង តាម Concerts ធំៗ និងឆាកតន្ត្រីមួយចំនួនទៀតដែរ ពោលគឺដូចគ្នាទៅនឹងពេជ្រ សោភា, សុខ ពិសី, ពេជ្រ សូលីកា និងយក់ ថិតរដ្ឋា ជាដើម។ ប្រភពបានឲ្យដឹងថា ឪពុករបស់អ៊ីវ៉ា គឺលោកអ៊ូ វ៉ាវ ក៏ជាមន្រ្ដីយោធាមួយរូបផងដែរ ហេតុនេះហើយបានជានាងយល់ច្បាស់ពីជីវិតកងទ័ព ហើយពេលច្រៀង Cover បទ «ឧត្តរមានជ័យ» រឹតតែធ្វើឲ្យនាងឆាប់ដាក់អារម្មណ៍បានល្អ ត្រូវទៅនឹងជីវិតកងទ័ព នាពេលបច្ចុប្បន្ន ។

គេកត់សម្គាល់ផងដែរថា ការច្រៀងបទ «ឧត្តរមានជ័យ» របស់អ៊ីវ៉ា នេះដែរ ក្រោយតែមួយថ្ងៃប៉ុណ្ណោះ ដែល ល្អហួស បានចេញបទ «ចោរសៀម ឈ្លានពាន», ខេមរៈ សិរីមន្ដ ច្រៀងកំដរសពយោធិនពលី «តាមាន់ ស្នេហ៍ខ្ញុំ» និងសុគន្ធ និសា ចេញបទ «ប្រាសាទព្រះវិហារខ្មែរ»ដែលតារាទាំង៤ដួង មានការគាំទ្រមិនធម្មតាឡើយ ៕